០៩ មេសា ២០២៦

Written on 20/01/2026
Mary Siya Khim

ថ្ងៃព្រហស្បតិ៍ សប្តាហ៍បុណ្យចម្លង

(ពេលថ្ងៃ)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល

ទំនុកតម្កើងលេខ ១១៩,១៧-២៤

ពេលព្រឹក (ម៉ោង៩)

បន្ទរ៖ ព្រះ‌គ្រីស្ដដែល​រស់​ឡើង​វិញ​នោះ ព្រះ‌អង្គ​លែង​សោយ​ទិវង្គត​ហើយ អាលេលូយ៉ា !

ពេលថ្ងៃត្រង់ (ម៉ោង១២)

បន្ទរ៖ ព្រះ‌យេស៊ូ​ត្រូវ​គេ​បញ្ជូន​ទៅ​សម្លាប់ ព្រោះ​តែ​កំហុស​របស់​យើង ហើយ​ព្រះ‌ជាម្ចាស់​ប្រោស​ព្រះ‌អង្គ​ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ដើម្បី​ឲ្យ​យើង​សុចរិត អាលេលូយ៉ា !

ពេលរសៀល (ម៉ោង ៣)

បន្ទរ៖ ប្រសិន​បើ​បង‌ប្អូន​បាន​រស់​ឡើង​វិញ​រួម​ជា​មួយ​ព្រះ‌គ្រីស្ត​មែន ចូរ​ស្វែង​រក​អ្វីៗ​នៅ​ស្ថាន​លើ អាលេលូយ៉ា !

១៧ សូម​ប្រណី​សន្ដោស​ទូល‌បង្គំ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ
ដើម្បី​ឲ្យ​ទូល‌បង្គំមាន​ជីវិត ហើយ​ប្រតិបត្តិតាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ។
១៨
សូម​បើក​ភ្នែក​ទូល‌បង្គំ
ដើម្បី​ឲ្យ​ទូល‌បង្គំមើល​ឃើញ​ភាព​ថ្លៃ‌ថ្នូរដ៏​អស្ចារ្យ​នៃ​វិន័យ​របស់​ព្រះ‌អង្គ។
១៩
ទូល‌បង្គំ​គ្រាន់​តែ​ស្នាក់​នៅ​ជា​បណ្តោះ‌អាសន្នលើ​ផែន‌ដី​នេះ​ប៉ុណ្ណោះ
សូម​កុំ​លាក់​វិន័យ​របស់​ព្រះ‌អង្គនឹង​ទូល‌បង្គំឡើយ។
២០
ចិត្ត​ទូល‌បង្គំ​តែង‌តែ​ផ្តោត​ទៅ​រក​ព្រះ‌បន្ទូលដែល​ព្រះ‌អង្គ​បង្គាប់​មក​ជា‌និច្ច។
២១
ព្រះ‌អង្គ​គំរាម​កំហែង​មនុស្ស​អួត‌បំប៉ោង
ដែល​ជា​ជន​ត្រូវ​បណ្ដាសា វង្វេង​ចេញ​ឆ្ងាយ​ពី​វិន័យ​របស់​ព្រះ‌អង្គ។
២២
សូម​ដក​យក​ការ​អាម៉ាស់​ចេញ​ពី​ទូល‌បង្គំ
កុំ​ឲ្យ​មាន​នរណា​មើល‌ងាយ​ទូល‌បង្គំឡើយ
ដ្បិត​ទូល‌បង្គំកាន់​តាម​ដំបូន្មានរបស់​ព្រះ‌អង្គ​ហើយ។
២៣
ទោះ​បី​ពួក​មេ​ដឹក​នាំ​ឃុប‌ឃិត​គ្នាប្រឆាំង​នឹង​ទូល‌បង្គំ​ក៏​ដោយ
ទូល‌បង្គំដែល​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ
នៅ​តែ​សញ្ជឹង​គិត​ពី​វិន័យ​របស់​ព្រះ‌អង្គ​ជា‌និច្ច។
២៤
ទូល‌បង្គំពេញ​ចិត្ត​នឹង​ដំបូន្មាន​របស់​ព្រះ‌អង្គ​ណាស់
ដំបូន្មាន​ព្រះ‌អង្គ​ជួយ​ជា​គំនិត​ដល់​ទូល‌បង្គំ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

ទំនុកតម្កើងលេខ ៣០

ព្រះ‌អង្គ​បាន​រំដោះ​ទូល‌បង្គំឱ្យរួច​ពី​ស្លាប់

ព្រះគ្រីស្តអរព្រះគុណព្រះបិតា ក្រោយពីព្រះអង្គមានព្រះជន្មរស់ឡើងវិញដ៏រុងរឿង (Cassian)។

(ក)

(បទពាក្យ៧)

២- បពិត្រព្រះម្ចាស់ដ៏ឧត្តម ទូលបង្គំសូមលើកតម្កើង  
  ព្រោះព្រះអង្គបានស្រង់ខ្ញុំឡើង មិនឲ្យពួកខ្មាំងលេងសើចបាន
៣- ឱព្រះអម្ចាស់ដែលជាព្រះ ប្រសើរពេកណាស់ខ្ពស់ថ្កើងថ្កាន  
  ខ្ញុំអង្វរសុំក្តីសុខសាន្ត ហើយទ្រង់ប្រោសប្រាណឲ្យបានជា
៤- បពិត្រព្រះម្ចាស់ដ៏ឧត្តម ស្រង់ទូលបង្គំផុតវេទនា  
  ចេញពីរណ្តៅជនមរណា ប្រទានជីវ៉ារស់ជាថ្មី
៥- ឱអ្នករាល់គ្នាដែលជារាស្រ្ត របស់ព្រះម្ចាស់ដ៏ប្រពៃ  
  ចូរច្រៀងតម្កើងនាមម្ចាស់ថ្លៃ វិសុទ្ធពេកក្រៃនៃព្រះអង្គ
៦- ព្រះអង្គខ្ញាល់តែមួយភ្លែតសោះ ប្រណីសន្តោសមនុស្សទាំងពួង  
  ពេលល្ងាចគេយំចិត្តមួរហ្មង ព្រលឹមស្រាងឡើងអរសប្បាយ
  សូមកោតសរសើរព្រះបិតា ព្រះបុត្រានិងព្រះវិញ្ញាណ  
  ដែលគង់ស្ថិតស្ថេរឥតសៅហ្មង យូរលង់កន្លងតរៀងទៅ

(ខ)

នៅពេលទូលបង្គំបានសុខសាន្ត ទូលបង្គំពោលថា
“ទូលបង្គំនឹងមិនត្រូវរលំឡើយ!” ។

បពិត្រព្រះអម្ចាស់ ! ព្រះអង្គបានប្រោសឱ្យទូលបង្គំរឹងប៉ឹងដូចភ្នំ
តែព្រះអង្គបានលាក់ព្រះភក្រ្តពីទូលបង្គំ នោះទូលបង្គំតក់ស្លុតក្រៃលែង។

ឱព្រះអម្ចាស់អើយ ! ទូលបង្គំបានស្រែកដង្ហោយអង្វរព្រះអង្គ
ទូលបង្គំទទូចអង្វរព្រះអម្ចាស់ថា ៖
១០
“បើព្រះអង្គទុកឱ្យទូលបង្គំស្លាប់ តើបានប្រយោជន៍អ្វី ?
បើព្រះអង្គឱ្យទូលបង្គំធ្លាក់ទៅក្នុងរណ្តៅមច្ចុរាជ្យ តើបានប្រយោជន៍អ្វី ?
តើមនុស្សស្លាប់អាចសរសើរព្រះអង្គកើតឬ ?
តើគេអាចថ្លែងពីព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គកើតឬ ?
១១
ឱព្រះអម្ចាស់អើយ! សូមអាណិតមេត្តាស្តាប់ពាក្យទូលបង្គំ !
ឱព្រះអម្ចាស់អើយ! សូមយាងមកសង្គ្រោះទូលបង្គំផង!” ។
១២
ព្រះអង្គបានធ្វើឱ្យទុក្ខសោករបស់ទូលបង្គំ ប្រែទៅជាអំណរសប្បាយវិញ
ព្រះអង្គបានយកសម្លៀកបំពាក់កាន់ទុក្ខចេញ
ហើយប្រទានសម្លៀកបំពាក់សម្រាប់ពិធីបុណ្យឱ្យទូលបង្គំវិញ។
១៣
ដូច្នេះ ទូលបង្គំនៅស្ងៀមមិនបានឡើយ ទូលបង្គំស្មូតទំនុកតម្កើង
បពិត្រព្រះអម្ចាស់ជាព្រះនៃទូលបង្គំ !
ទូលបង្គំសរសើរតម្កើងព្រះអង្គរហូតតទៅ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

ពេលព្រឹក (ម៉ោង៩)

បន្ទរ៖ ព្រះ‌គ្រីស្ដដែល​រស់​ឡើង​វិញ​នោះ ព្រះ‌អង្គ​លែង​សោយ​ទិវង្គត​ហើយ អាលេលូយ៉ា !

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១ករ ១២,១៣)

យើង​ទាំង​អស់​គ្នា ទោះ​បី​ជា​សាសន៍​យូដា​ក្តី សាសន៍​ក្រិក​ក្តី អ្នក​ងារ​ក្តី អ្នក​ជា​ក្តី ក៏​យើង​បាន​ទទួល​ពិធី​ជ្រមុជក្នុង​ព្រះ‌វិញ្ញាណ​តែ​មួយ ដើម្បី​ផ្សំ​គ្នា​ឡើង​ជា​ព្រះ‌កាយ​តែ​មួយ ហើយ​យើង​ទាំង​អស់​គ្នា​សុទ្ធ​តែ​បាន​ទទួល​ព្រះ‌វិញ្ញាណតែ​មួយ​ដែរ។

បន្ទរ៖ នេះជាថ្ងៃដែលព្រះអម្ចាស់បានបង្កើតមក អាលេលូយ៉ា !
—ចូរយើងត្រេកអរសប្បាយ និងរីករាយឡើង អាលេលូយ៉ា !

ពេលថ្ងៃត្រង់ (ម៉ោង១២)

បន្ទរ៖ ព្រះ‌យេស៊ូ​ត្រូវ​គេ​បញ្ជូន​ទៅ​សម្លាប់ ព្រោះ​តែ​កំហុស​របស់​យើង ហើយ​ព្រះ‌ជាម្ចាស់​ប្រោស​ព្រះ‌អង្គ​ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ដើម្បី​ឲ្យ​យើង​សុចរិត អាលេលូយ៉ា !

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (ទត ៣,៥ខ-៧)

ព្រះ‌អង្គ​សង្គ្រោះ​យើង ដោយ​លាង​ជម្រះ​យើង​ឲ្យ​បាន​កើត​ជា​ថ្មី និង​ប្រទាន​ឲ្យ​យើង​មាន​ជីវិត​ថ្មី ដោយ‌សារ​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ។ ព្រះ‌អង្គចាក់​បង្ហូរ​ព្រះ‌វិញ្ញាណ​នេះ​មក​លើ​យើង​យ៉ាង​បរិបូណ៌ តាម‌រយៈ​ព្រះ‌យេស៊ូ‌គ្រីស្ត ជា​ព្រះ‌សង្គ្រោះ​របស់​យើង ដើម្បី​ឲ្យ​យើង​បាន​សុចរិត​ដោយ‌សារ​ព្រះ‌ហឫទ័យ​ប្រណី‌សន្ដោស​របស់​ព្រះ‌អង្គ និង​ឲ្យ​យើង​បាន​ទទួល​ជីវិត​អស់​កល្ប‌ជានិច្ច​ជា​មត៌ក តាម​សេចក្ដីសង្ឃឹម​របស់​យើង។

បន្ទរ៖ នេះជាថ្ងៃដែលព្រះអម្ចាស់បានបង្កើតមក អាលេលូយ៉ា !
—ចូរយើងត្រេកអរសប្បាយ និងរីករាយឡើង អាលេលូយ៉ា !

ពេលរសៀល (ម៉ោង ៣)

បន្ទរ៖ ប្រសិន​បើ​បង‌ប្អូន​បាន​រស់​ឡើង​វិញ​រួម​ជា​មួយ​ព្រះ‌គ្រីស្ត​មែន ចូរ​ស្វែង​រក​អ្វីៗ​នៅ​ស្ថាន​លើ អាលេលូយ៉ា !

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (កូឡ ១,១២-១៤)

ចូរ​អរ​ព្រះ‌គុណ​ព្រះ‌បិតា ដោយ​ចិត្ត​រីករាយ ព្រោះ​ព្រះ‌អង្គ​បាន​ប្រោស​ប្រទាន​ឲ្យ​បង‌ប្អូន មាន​សមត្ថ‌ភាព​អាច​ទទួល​ចំណែក​មត៌ក រួម​ជា​មួយ​ប្រជាជន​ដ៏‌វិសុទ្ធនៅ​ក្នុង​ពន្លឺ។ ព្រះ‌អង្គ​បាន​រំដោះ​យើង​ឲ្យ​រួច​ផុត​ពី​អំណាច​នៃ​សេចក្ដី​ងងឹត ហើយ​ចម្លង​យើង​ចូល​ទៅ​ក្នុង​ព្រះ‌រាជ្យនៃ​ព្រះ‌បុត្រា​ដ៏​ជា​ទី​ស្រឡាញ់​របស់​ព្រះ‌អង្គ។ ដោយ​យើង​រួម​ក្នុង​អង្គ​ព្រះ‌បុត្រា ព្រះ‌អង្គ​បាន​លោះ​យើង និង​លើក‌លែង​ទោស​យើង​ឲ្យ​រួច​ពី​បាប។

បន្ទរ៖ នេះជាថ្ងៃដែលព្រះអម្ចាស់បានបង្កើតមក អាលេលូយ៉ា !
—ចូរយើងត្រេកអរសប្បាយ និងរីករាយឡើង អាលេលូយ៉ា !

ពាក្យអធិដ្ឋាន

បពិត្រព្រះបិតាដ៏មានឫទ្ធានុភាពសព្វប្រការ ! ព្រះអង្គសព្វព្រះហឫទ័យប្រមែប្រមូលមនុស្សគ្រប់ជាតិសាសន៍ ឲ្យរួបរួមគ្នាក្នុងមហាគ្រួសារតែមួយ។ សូមព្រះអង្គមេត្តាប្រោសឲ្យអស់អ្នកដែលទទួលអគ្គសញ្ញាជ្រមុជទឹក មានចិត្តថ្លើមតែមួយ មានជំនឿតែមួយ និងសេចក្តីស្រឡាញ់តែមួយ។ យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

-សូមកោតសរសើរព្រះអម្ចាស់!
-សូមអរព្រះគុណព្រះជាម្ចាស់!