២០ មីនា ២០២៧

Written on 02/01/2026
Mary Siya Khim

រដូវសែសិបថ្ងៃ សប្តាហ៍ទី៥ ថ្ងៃសៅរ៍

 (ពេលថ្ងៃ)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)

ទំនុកតម្កើងលេខ ១១៩,៣៣-៤០

សូមបង្រៀនក្រិត្យវិន័យរបស់ព្រះអង្គឱ្យទូលបង្គំស្គាល់​

ពេលព្រឹក (ម៉ោង៩)

បន្ទរ៖ ពេលវេលានៃការប្រែចិត្តគំនិត ពេលវេលាដែលត្រូវលះបង់អំពើបាបចោល ហើយស្វែងរកការសង្រ្គោះ បានមកដល់ហើយ។

ពេលថ្ងៃត្រង់ (ម៉ោង១២)

បន្ទរ៖ យើង​ជា​ព្រះ​ដែល​មានព្រះជន្មគង់​នៅ ! យើង​មិន​សព្វព្រះហឫទ័យនឹងឱ្យមនុស្ស​អាក្រក់​ស្លាប់​ទេ ចូរ​វិល​មក​រក​យើង​វិញ ដើម្បី​ឱ្យបាន​រស់​រាន​មាន​ជីវិត។

ពេលរសៀល (ម៉ោង ៣)

បន្ទរ៖ ចូរប្រដាប់ភាពយុត្តិធម៌ និងឫទ្ធានុភាពរបស់ព្រះជាម្ចាស់ ដើម្បីឱ្យយើងចេះអត់ធ្មត់ និងស៊ូទ្រាំ។

៣៣ ឱព្រះអម្ចាស់អើយ!
សូមបង្រៀនក្រិត្យវិន័យរបស់ព្រះអង្គឱ្យទូលបង្គំស្គាល់​
ដើម្បីឱ្យទូលបង្គំកាន់តាមគ្រប់ពេលវេលា! ។
៣៤
សូមប្រទានឱ្យទូលបង្គំមានប្រាជ្ញា
ទូលបង្គំនឹងកាន់តាមធម្មវិន័យរបស់ព្រះអង្គ
ហើយប្រតិបត្តិតាមយ៉ាងអស់ពីចិត្ត! ។
៣៥
សូមនាំទូលបង្គំតាមមាគ៌ានៃវិន័យរបស់ព្រះអង្គ
ដ្បិតទូលបង្គំពេញចិត្តនឹងវិន័យទាំងនេះណាស់។
៣៦
សូមទាក់ទាញចិត្តទូលបង្គំ
ឱ្យធ្វើតាមដំបូន្មានរបស់ព្រះអង្គ មិនមែនឱ្យរកកំរៃឡើយ!
៣៧
សូមទាញអារម្មណ៍ទូលបង្គំ ឱ្យបែរចេញពីអ្វីៗដែលឥតខ្លឹមសារ
សូមឱ្យទូលបង្គំមានជីវិត ដោយសារមាគ៌ារបស់ព្រះអង្គ!
៣៨
សូមសម្រេចចំពោះទូលបង្គំ ជាអ្នកបម្រើរបស់ព្រះអង្គ
តាមព្រះបន្ទូលដែលព្រះអង្គបានសន្យា
សម្រាប់អស់អ្នកគោរពកោតខ្លាចព្រះអង្គ។
៣៩
សូមកុំឱ្យមាននរណាជេរប្រមាថទូលបង្គំ
ជាការដែលទូលបង្គំខ្លាចរអែងណាស់
ដ្បិតការសម្រេចរបស់ព្រះអង្គសុទ្ធតែល្អទាំងអស់។
៤០
ទូលបង្គំប្រាថ្នាចង់ធ្វើតាមច្បាប់របស់ព្រះអង្គ
សូមប្រទានឱ្យទូលបង្គំមានជីវិតឡើងវិញ
ដោយសេចក្តីសុចរិតរបស់ព្រះអង្គ!

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

ទំនុកតម្កើងលេខ ៣៤

ព្រះ‌ហឫទ័យ​សប្បុរស​របស់​ព្រះ‌អម្ចាស់

បើបងប្អូនពិតជាបានក្រេបជញ្ជក់ដឹងថា ព្រះអម្ចាស់មានព្រះហឫទ័យសប្បុរស​មែន! (១សល ២,៣)។

(ក)

(បទកាកគតិ)

២- ខ្ញុំអរព្រះគុណ អម្ចាស់ពេកពន់ គ្រប់ពេលវេលា
  សូមលើកតម្កើង ព្រះអង្គគ្រប់គ្រា ឥតមានរួញរា
    ឈប់ឈរសោះឡើយ ។
៣- ខ្ញុំខ្ពស់មុខព្រោះ ព្រះម្ចាស់សង្គ្រោះ ខ្ញុំមិនកន្តើយ
  ចូរអ្នកទន់ទាប ស្តាប់កុំព្រងើយ នឹងបានធូរស្បើយ
    អំណរខ្លាំងក្លា ។
៤- សូមមកប្រកាស នឹងខ្ញុំឱ្យច្បាស់ ដោយពោលឡើងថា
  ព្រះម្ចាស់ថ្កុំថ្កើង រុងរឿងក្រៃណា យើងនាំគ្នីគ្នា
    តម្កើងព្រះអង្គ ។
៥- ខ្ញុំបានស្វែងរក ព្រះម្ចាស់តបមក ឥតមានបង្អង់
  ទ្រង់បានរំដោះ ខ្ញុំអស់ទុក្ខផង តក់ស្លុតមួរហ្មង
    ឆ្លងផុតទាំងអស់ ។
៦- អ្នកដែលសម្លឹង ឆ្ពោះទៅព្រះអង្គ បានសុខឥតមោះ
  ផុតអស់ទុក្ខសោក វិយោគរងគ្រោះ ពួកគេទាំងនោះ
    មិនខកចិត្តឡើយ ។
៧- អស់អ្នកកំសត់ និងមនុស្សទុរគត គេស្រែកដង្ហោយ
  ហៅរកព្រះអង្គ ទ្រង់សណ្តាប់ហើយ សង្គ្រោះគេឱ្យ
    ផុតពីគ្រោះកាច ។
៨- ទេវទូតរបស់ ព្រះម្ចាស់ទាំងអស់ ថែទាំអ្នកខ្លាច
  រក្សាការពារ គេក្រោមអំណាច រំដោះឱ្យរួច
    ផុតពីទុក្ខភ័យ ។
៩- ចូរអ្នកផ្អែកពឹង ពិសោធន៍ឱ្យដឹង ថាព្រះម្ចាស់ថ្លៃ
  ទ្រង់មានមេត្តា សប្បុរសពេកក្រៃ អស់ជនប្រុសស្រី
    មានជ័យមង្គល ។
១០- ឱប្រជារាស្ត្រ របស់ព្រះម្ចាស់ ចូរកោតខ្លាចដល់
  ព្រះម្ចាស់នៃយើង បានសុខឥតខ្វល់ មិនជួបអំពល់
    ឬខ្វះខាតអ្វី ។
១១- អ្នកមានមុខជា ជួបទុក្ខវេទនា ខ្វះម្ហូបចំណី
  តែអ្នកដែលស្វែង រកព្រះម្ចាស់ថ្លៃ នឹងមិនខ្វះអ្វី
    សុខសាន្តតទៅ ។
  សូមកោតសរសើរ ដល់ព្រះបិតា ព្រះរាជ្យបុត្រា
  និងព្រះវិញ្ញាណ ជាព្រះត្រៃអង្គ ថ្កើងថ្កើនឥតហ្មង
    ដែលគង់ជានិច្ច ។

(ខ)

១២ កូនចៅអើយ! ចូរនាំគ្នាស្តាប់ពាក្យខ្ញុំ
ខ្ញុំនឹងប្រៀនប្រដៅអ្នកឱ្យចេះគោរពកោតខ្លាចព្រះអម្ចាស់
១៣
តើមាននរណាចង់បានអាយុវែង
និងចង់រស់នៅប្រកបដោយសុភមង្គលឬទេ?
១៤
ចូរទប់អណ្តាតកុំពោលពាក្យអាក្រក់
និងចៀសវាងនិយាយបោកបញ្ឆោត!។
១៥
ចូរងាកចេញពីអំពើអាក្រក់ ហើយប្រព្រឹត្តអំពើល្អវិញ
ចូរខិតខំស្វែងរកសេចក្តីសុខសាន្តយ៉ាងអស់ពីចិត្ត។
១៦
ព្រះអម្ចាស់តែងតែរំពៃមើលមនុស្សសុចរិត
ព្រះអង្គក៏យកព្រះហឫទ័យទុកដាក់នឹងសម្រែករបស់ពួកគេ។
១៧
ព្រះអម្ចាស់តែងតែប្រឆាំងនឹងអស់អ្នកដែលប្រព្រឹត្តអំពើអាក្រក់
កុំឱ្យមាននរណានឹកនាដល់ពួកគេទៀតឡើយ។
១៨
ពេលមនុស្សសុចរិតស្រែករកព្រះអម្ចាស់
ព្រះអង្គទ្រង់ព្រះសណ្តាប់ពាក្យគេ
ព្រះអង្គរំដោះពួកគេឱ្យរួចពីគ្រោះកាចទាំងប៉ុន្មាន។
១៩
ព្រះអម្ចាស់គង់នៅជិតអស់អ្នកដែលគ្រាំចិត្ត
ព្រះអង្គសង្គ្រោះអស់អ្នកដែលមានចិត្តសោកសង្រេង។
២០
មនុស្សសុចរិតរមែងជួបនឹងទុក្ខលំបាកជាច្រើន
ប៉ុន្តែ ព្រះអម្ចាស់តែងតែរំដោះគេឱ្យរួចផុតគ្រប់ពេលវេលា។
២១
ព្រះអង្គតាមថែរក្សាគេជានិច្ច
គ្មានឆ្អឹងណាមួយត្រូវបាក់បែកឡើយ។
២២
អំពើអាក្រក់តែងបណ្តាលឱ្យមនុស្សពាលបាត់បង់ជីវិត
អ្នកដែលប្រឆាំងនឹងមនុស្សសុចរិត តែងតែទទួលទោសពុំខាន។
២៣
ព្រះអម្ចាស់សង្គ្រោះជីវិតអ្នកបម្រើរបស់ព្រះអង្គ
អស់អ្នកដែលមកពឹងផ្អែកលើព្រះអង្គ តែងតែរួចផុតពីទុក្ខទោស។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

ពេលព្រឹក (ម៉ោង៩)

បន្ទរ៖ ពេលវេលានៃការប្រែចិត្តគំនិត ពេលវេលាដែលត្រូវលះបង់អំពើបាបចោល ហើយស្វែងរកការសង្រ្គោះ បានមកដល់ហើយ។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១យហ ១,៨-៩)

ប្រសិន​បើ​យើង​ពោល​ថា យើង​គ្មាន​បាប​សោះ នោះ​យើង​បញ្ឆោត​ខ្លួន​ឯង ហើយ​សេចក្ដីពិត​ក៏​មិន​ស្ថិត​នៅ​ក្នុង​យើង​ដែរ។ ប៉ុន្តែ បើ​យើង​ទទួល​សារ‌ភាព​អំពើ​បាប​របស់​យើង នោះ​ព្រះ‌ជាម្ចាស់​ដែល​មាន​ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្រ និង​សុចរិត ព្រះ‌អង្គ​នឹង​អត់‌ទោស​យើង​ឲ្យ​រួច​ពី​បាប ព្រម​ទាំង​ជម្រះ​យើង​ឲ្យ​បាន​បរិសុទ្ធ រួច​ពី​គ្រប់​អំពើ​ទុច្ចរិត​ទាំង​អស់​ផង។

បន្ទរ៖ ឱ​ព្រះ‌ជាម្ចាស់​អើយ! សូម​ប្រោស​ប្រទាន​ឲ្យ​ទូល‌បង្គំ​មាន​ចិត្ត​បរិសុទ្ធ
—សូម​ប្រទាន​ចិត្ត​គំនិត​ថ្មី​ដ៏​រឹង‌ប៉ឹង​មក​ទូល‌បង្គំ​ផង។

ពេលថ្ងៃត្រង់ (ម៉ោង១២)

បន្ទរ៖ យើង​ជា​ព្រះ​ដែល​មានព្រះជន្មគង់​នៅ ! យើង​មិន​សព្វព្រះហឫទ័យនឹងឱ្យមនុស្ស​អាក្រក់​ស្លាប់​ទេ ចូរ​វិល​មក​រក​យើង​វិញ ដើម្បី​ឱ្យបាន​រស់​រាន​មាន​ជីវិត។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១យហ ២,១ខ-២)

ប៉ុន្តែ ប្រសិន​បើ​មាន​នរណា​ម្នាក់​ប្រព្រឹត្ត​អំពើ​បាប យើង​មាន​ព្រះ​ដ៏​ជួយ​ការ‌ពារ​មួយ​ព្រះ‌អង្គ គង់​នៅ​ទល់​មុខ​ព្រះ‌បិតា គឺ​ព្រះ‌យេស៊ូ‌គ្រីស្ត​ដ៏​សុចរិត។ ព្រះ‌អង្គ​បាន​បូជា​ព្រះ‌ជន្ម ដើម្បី​លោះ​យើង​ឲ្យ​រួច​ពី​បាប ហើយ​មិន​ត្រឹម​តែ​លោះ​យើង​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​លោះ​មនុស្ស​លោក​ទាំង​មូល​ផង​ដែរ។

បន្ទរ៖ ព្រះ‌អង្គ​អើយ សូម​កុំ​ទត​មើលអំពើ​បាប​របស់​ទូល‌បង្គំឡើយ
—តែ​សូម​លុប​បំបាត់​កំហុស​ទាំង​ប៉ុន្មានរបស់​ទូល‌បង្គំ​ទៅ។

ពេលរសៀល (ម៉ោង៣)

បន្ទរ៖ ចូរប្រដាប់ភាពយុត្តិធម៌ និងឫទ្ធានុភាពរបស់ព្រះជាម្ចាស់ ដើម្បីឱ្យយើងចេះអត់ធ្មត់ និងស៊ូទ្រាំ។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១យហ ២,៨ខ-១០)

ដ្បិត​សេចក្ដីងងឹត​កំពុង​តែ​រសាត់​បាត់​ទៅ រីឯ​ពន្លឺដ៏​ពិត​ប្រាកដ​បាន​ភ្លឺឡើង​ហើយ។ អ្នក​ណា​អះ‌អាង​ថា​ខ្លួន​ស្ថិត​នៅ​ក្នុង​ពន្លឺ តែ​ស្អប់​បង‌ប្អូន អ្នក​នោះ​ស្ថិត​នៅ​ក្នុង​សេចក្ដី​ងងឹត​នៅ​ឡើយ។ អ្នក​ណា​ស្រឡាញ់​បង‌ប្អូន អ្នក​នោះ​ស្ថិត​នៅ​ក្នុង​ពន្លឺ ហើយ​គ្មាន​អ្វីធ្វើឲ្យ​គាត់​រវាត​ចិត្ត​ចេញ​ពី​ជំនឿ​ឡើយ។

បន្ទរ៖ យញ្ញ‌បូជា​ដែល​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫទ័យឲ្យ​ទូល‌បង្គំថ្វាយ គឺ​ចិត្តសោក​ស្តាយ
—ព្រះ‌អង្គ​តែង‌តែ​ទទួល​ចិត្ត​សោក​ស្តាយ និង​ចិត្ត​លែង​មាន​អំនួត។

ពាក្យអធិដ្ឋាន

ឱព្រះជាម្ចាស់អើយ ! ព្រះអង្គសព្វព្រះហឫទ័យសង្គ្រោះមនុស្សលោកគ្រប់ពេលវេលា។ សូមព្រះអង្គមេត្តាថែរក្សាការពារយើងខ្ញុំ ជាបុត្រធីតារបស់ព្រះអង្គ ហើយសូមបន្តណែនាំបងប្អូនដែលត្រៀមខ្លួនទទួលអគ្គសញ្ញាជ្រមុជទឹកផង។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្តជាព្រះបុត្រាព្រះអង្គ និងជាអម្ចាស់យើងខ្ញុំ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

-សូមកោតសរសើរព្រះអម្ចាស់!
-សូមអរព្រះគុណព្រះជាម្ចាស់!