រដូវសែសិបថ្ងៃ សប្តាហ៍ទី៤ ថ្ងៃពុធ
(ពេលថ្ងៃ)
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
ទំនុកតម្កើងលេខ ១១៩
ទូលបង្គំស្រែកអង្វរព្រះអង្គ សូមសង្គ្រោះទូលបង្គំផង !
ពេលព្រឹក (ម៉ោង៩)
បន្ទរ៖ ពេលវេលានៃការប្រែចិត្តគំនិត ពេលវេលាដែលត្រូវលះបង់អំពើបាបចោល ហើយស្វែងរកការសង្រ្គោះ បានមកដល់ហើយ។
ពេលថ្ងៃត្រង់ (ម៉ោង១២)
បន្ទរ៖ យើងជាព្រះដែលមានព្រះជន្មគង់នៅ ! យើងមិនសព្វព្រះហឫទ័យនឹងឱ្យមនុស្សអាក្រក់ស្លាប់ទេ ចូរវិលមករកយើងវិញ ដើម្បីឱ្យបានរស់រានមានជីវិត។
ពេលរសៀល (ម៉ោង ៣)
បន្ទរ៖ ចូរប្រដាប់ភាពយុត្តិធម៌ និងឫទ្ធានុភាពរបស់ព្រះជាម្ចាស់ ដើម្បីឱ្យយើងចេះអត់ធ្មត់ និងស៊ូទ្រាំ។
| ១៤៥ | បពិត្រព្រះអម្ចាស់! ទូលបង្គំអង្វរព្រះអង្គយ៉ាងអស់ពីចិត្ត សូមឆ្លើយតបមកទូលបង្គំផង ដើម្បីឱ្យទូលបង្គំប្រតិបត្តិតាមក្រិត្យវិន័យរបស់ព្រះអង្គ! |
| ១៤៦ | ទូលបង្គំស្រែកអង្វរព្រះអង្គ សូមសង្គ្រោះទូលបង្គំផង ដើម្បីឱ្យទូលបង្គំប្រព្រឹត្តតាមដំបូន្មានរបស់ព្រះអង្គ! |
| ១៤៧ | ទូលបង្គំស្រែកហៅព្រះអង្គ តាំងពីមុនថ្ងៃរះទៅទៀត ទូលបង្គំទន្ទឹងរង់ចាំព្រះអង្គមានព្រះបន្ទូល។ |
| ១៤៨ | ទូលបង្គំសញ្ជឹងគិតអំពីព្រះបន្ទូលសន្យារបស់ព្រះអង្គមុនពេលភ្លឺ។ |
| ១៤៩ | សូមស្តាប់ពាក្យអង្វររបស់ទូលបង្គំ ដោយព្រះហឫទ័យមេត្តាករុណា ឱព្រះអម្ចាស់អើយ! សូមជួយទូលបង្គំឱ្យរស់ឡើងវិញ តាមសេចក្តីដែលព្រះអង្គបានសម្រេចផង។ |
| ១៥០ | អស់អ្នកដែលតាមព្យាបាទទូលបង្គំ នាំគ្នាចូលមកជិតទូលបង្គំ អ្នកទាំងនោះឃ្លាតចេញឆ្ងាយពីធម្មវិន័យរបស់ព្រះអង្គ។ |
| ១៥១ | បពិត្រព្រះអម្ចាស់! ព្រះអង្គគង់នៅជិតទូលបង្គំ វិន័យទាំងប៉ុន្មានរបស់ព្រះអង្គ សុទ្ធតែត្រឹមត្រូវទាំងអស់ |
| ១៥២ | តាំងពីយូរយារណាស់មកហើយ ទូលបង្គំដឹងថា ព្រះអង្គប្រទានដំបូន្មាន ឱ្យនៅស្ថិតស្ថេរអស់កល្បជានិច្ច។ |
ទំនុកតម្កើងលេខ ៩៤
ព្រះអម្ចាស់នឹងសងសឹកឱ្យមនុស្សសុចរិត
...ព្រះអម្ចាស់នឹងដាក់ទោសអ្នកប្រព្រឹត្តអំពើទាំងនេះ...។
ព្រះជាម្ចាស់ត្រាស់ហៅយើងមក មិនមែនឱ្យរស់នៅក្នុងអំពើថោកទាបនោះឡើយ គឺឱ្យយើងវិសុទ្ធវិញ (១ថស ៤,៦-៧)។
(ក)
(បទព្រហ្មគីតិ)
| ១- | បពិត្រព្រះអម្ចាស់ | ទ្រង់តែងប្រោសរកយុត្តិធម៌ | |
| ព្រះនាមល្បីខ្ទារខ្ទ័រ | ដោយចេស្តាឫទ្ធិបារមី | ។ | |
| ២- | ព្រះដែលជាចៅក្រម | ដ៏ឧត្តមលើផែនដី | |
| តើនឡើងដាក់ទោសពៃរ៍ | មនុស្សអប្រីយ៍តាមអំពើ | ។ | |
| ៣- | ឱព្រះអម្ចាស់អើយ | តើទុកឱ្យមនុស្សល្ងីល្ងើ | |
| អាក្រក់មានជ័យលើ | រូបខ្ញុំនេះដល់ពេលណា? | ។ | |
| ៤- | គេពោលពាក្យក្អេងក្អាង | អួតបំប៉ោងឫកសង្ហា | |
| ចូលចិត្តពាក្យមុសា | គេនាំគ្នាធ្វើទុច្ចរិត | ។ | |
| ៥- | បពិត្រព្រះជាម្ចាស់ | ពួកគេជិះជាន់សង្កត់ | |
| ប្រជាជនសុចរិត | ទាំងទឹកដីឱ្យអន្តរាយ | ។ | |
| ៦- | ពួកវាកាប់សម្លាប់ | ដោយសំអប់ស្រីមេម៉ាយ | |
| អន្តោប្រវេសន៍ក្ស័យ | ហើយប្រល័យក្មេងកំព្រា | ។ | |
| ៧- | គេថាព្រះអម្ចាស់ | ទតមិនច្បាស់មិនបានការ | |
| ព្រះយ៉ាកុបនេះណា | មិនបានការមិនយល់អ្វី | ។ | |
| ៨- | ពួកមនុស្សល្ងីល្ងើអើយ | អ្នកនេះហើយប្រាជ្ញាខ្លី | |
| ចិត្តខ្មៅជួរអប្រីយ៍ | មិនដឹងអីមិនចេះគិត | ។ | |
| ៩- | ព្រះអង្គបង្កើតភ្នែក | ឱ្យក្រឡេកមើលឆ្ងាយជិត | |
| តើទ្រង់មិនចេះគិត | មិនចេះទតអ្វីទេឬ? | ។ | |
| ឯត្រចៀកមនុស្ស | ទាំងស្រីប្រុសឱ្យស្តាប់ឮ | ||
| ព្រះអង្គធ្វើបញ្ឈឺ | ឬមិនចេះស្តាប់សំឡេង | ។ | |
| ១០- | ព្រះអង្គវាយប្រដៅ | មនុស្សល្ងង់ខ្លៅឱ្យចេះដឹង | |
| ម្តេចក៏ទ្រង់មិនខឹង | ទ្រង់មិនដាក់ទោសអីទេ | ។ | |
| ១១- | ទ្រង់ជ្រាបគំនិតអស់ | របស់មនុស្សលើលោកីយ៍ | |
| គំនិតពួកគេខ្លី | ព្រោះពួកគេជាមនុស្សខ្លៅ | ។ | |
| សិរីរុងរឿងដល់ | ព្រះបិតាព្រះបុត្រា | ||
| និងព្រះវិញ្ញាណផង | ដែលទ្រង់គង់នៅជានិច្ច | ។ |
(ខ)
| ១២ | បពិត្រព្រះអម្ចាស់! អ្នកណាដែលព្រះអង្គវាយប្រដៅ ហើយយកវិន័យមកអប់រំ អ្នកនោះមានសុភមង្គលហើយ! |
| ១៣ | នៅថ្ងៃមានអាសន្ន ព្រះអង្គប្រទានឱ្យគេមានចិត្តស្ងប់ ពេលនោះ មានរណ្តៅបម្រុងទុកសម្រាប់កប់មនុស្សពាល |
| ១៤ | ដ្បិតព្រះអម្ចាស់មិនបោះបង់ប្រជារាស្ត្ររបស់ព្រះអង្គឡើយ ព្រះអង្គមិនចោលចំណែកមរតកផ្ទាល់របស់ព្រះអង្គ។ |
| ១៥ | ពេលនោះ ចៅក្រមនឹងកាត់ក្តីដោយយុត្តិធម៌ឡើងវិញ អស់អ្នកដែលមានចិត្តទៀងត្រង់នឹងដើរតាមគន្លងយុត្តិធម៌។ |
| ១៦ | តើនរណាក្រោកឡើងការពារខ្ញុំជំទាស់នឹងមនុស្សអាក្រក់? តើនរណាឈរជាមួយខ្ញុំប្រឆាំងនឹងអស់អ្នកប្រព្រឹត្តអំពើទុច្ចរិត? |
| ១៧ | ប្រសិនបើព្រះអម្ចាស់មិនបានជួយខ្ញុំទេនោះ ខ្ញុំមុខជាវិនាសសាបសូន្យភ្លាមៗមិនខាន។ |
| ១៨ | បពិត្រព្រះអម្ចាស់! ពេលណាទូលបង្គំពោលថា ខ្ញុំដួលឥឡូវហើយ! ព្រះអង្គសម្តែងព្រះហឫទ័យមេត្តាករុណាមកជួយទ្រទូលបង្គំ។ |
| ១៩ | ពេលណាមានទុក្ខកង្វល់ញាំញីក្នុងចិត្តទូលបង្គំ ព្រះអង្គសម្រាលទុក្ខទូលបង្គំ នឹងប្រទានឱ្យទូលបង្គំមានអំណរសប្បាយ។ |
| ២០ | តើព្រះអង្គពាក់ព័ន្ធជាមួយនឹងចៅក្រមដ៏ទុច្ចរិតទាំងនេះ ដែលលើកយកសេចក្តីអយុត្តិធម៌ឬទេ? |
| ២១ | ពួកគេព្រួតគ្នាព្យាបាទជីវិតមនុស្សសុចរិត ពួកគេកាត់ទោសប្រហារជីវិតមនុស្សស្លូតត្រង់។ |
| ២២ | ប៉ុន្តែ ព្រះអម្ចាស់ជាកំពែងការពារខ្ញុំ ព្រះរបស់ខ្ញុំជាថ្មដា និងជាជម្រកសម្រាប់ខ្ញុំ។ |
| ២៣ | ព្រះអង្គសងទៅពួកគេវិញ សមតាមអំពើអាក្រក់ដែលគេបានប្រព្រឹត្ត ព្រះអង្គធ្វើឱ្យគេវិនាសសូន្យ ដោយសារអំពើកំណាចរបស់ខ្លួនផ្ទាល់ ព្រះអម្ចាស់ជាព្រះនៃយើង នឹងធ្វើឱ្យពួកគេវិនាសសូន្យទៅ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ពេលព្រឹក (ម៉ោង៩)
បន្ទរ៖ ពេលវេលានៃការប្រែចិត្តគំនិត ពេលវេលាដែលត្រូវលះបង់អំពើបាបចោល ហើយស្វែងរកការសង្រ្គោះ បានមកដល់ហើយ។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (អគ ១៨,៣០ខ-៣២)
ចូរវិលត្រឡប់មកវិញ ហើយលះបង់អំពើទុច្ចរិតទាំងអស់ កុំបណ្តោយឲ្យកំហុសរបស់អ្នករាល់គ្នា បំផ្លាញជីវិតអ្នករាល់គ្នាឡើយ -នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។ ចូរបោះបង់ចោលអំពើទុច្ចរិតទាំងអស់ ដែលអ្នករាល់គ្នាបានប្រព្រឹត្ត។ ចូរមានចិត្តគំនិតថ្មី និងវិញ្ញាណថ្មី! ជនជាតិអ៊ីស្រាអែលអើយ អ្នករាល់គ្នាមិនគួរស្លាប់ឡើយ ដ្បិតយើងមិនសប្បាយចិត្តនឹងឲ្យនរណាម្នាក់ស្លាប់ទេ ចូរវិលមករកយើងវិញ នោះអ្នករាល់គ្នានឹងរស់រានមានជីវិត» -នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់-។
—សូមប្រទានចិត្តគំនិតថ្មីដ៏រឹងប៉ឹងមកទូលបង្គំផង។
ពេលថ្ងៃត្រង់ (ម៉ោង១២)
បន្ទរ៖ យើងជាព្រះដែលមានព្រះជន្មគង់នៅ ! យើងមិនសព្វព្រះហឫទ័យនឹងឱ្យមនុស្សអាក្រក់ស្លាប់ទេ ចូរវិលមករកយើងវិញ ដើម្បីឱ្យបានរស់រានមានជីវិត។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (សក ១,៣ខ-៤ខ)
«ចូរនាំគ្នាវិលមករកយើង នោះយើងក៏នឹងវិលមករកអ្នករាល់គ្នាវិញដែរ -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល។ កុំធ្វើដូចដូនតារបស់អ្នករាល់គ្នាឡើយ។ ពួកព្យាការីនៅជំនាន់ដើមធ្លាប់ប្រកាសប្រាប់ដូនតារបស់អ្នករាល់គ្នាថា “ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលដូចតទៅ: ចូរនាំគ្នាវិលមកវិញ ដោយងាកចេញពីមាគ៌ាអាក្រក់ ហើយឈប់ប្រព្រឹត្តអំពើទុច្ចរិតទៀតទៅ!” ។
—តែសូមលុបបំបាត់កំហុសទាំងប៉ុន្មានរបស់ទូលបង្គំទៅ។
ពេលរសៀល (ម៉ោង ៣)
បន្ទរ៖ ចូរប្រដាប់ភាពយុត្តិធម៌ និងឫទ្ធានុភាពរបស់ព្រះជាម្ចាស់ ដើម្បីឱ្យយើងចេះអត់ធ្មត់ និងស៊ូទ្រាំ។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (ដន ៤,២៤ខ)
សូមព្រះអង្គលះបង់អំពើបាប និងកំហុសផ្សេងៗ ហើយប្រព្រឹត្តអំពើសុចរិត និងសម្ដែងព្រះហឫទ័យអាណិតអាសូរចំពោះមនុស្សទុរគតវិញ ធ្វើដូច្នេះ ព្រះករុណានឹងបានសុខក្សេមក្សាន្តតទៅមុខទៀត» ។
—ព្រះអង្គតែងតែទទួលចិត្តសោកស្តាយ និងចិត្តលែងមានអំនួត។
ពាក្យអធិដ្ឋាន
ឱព្រះបិតាជាអម្ចាស់អើយ ! ព្រះអង្គប្រទានរង្វាន់ដល់អ្នកសុចរិត ហើយព្រះអង្គលើកលែងទោសដល់អ្នកបាបដែលកែប្រែចិត្តគំនិត។ សូមព្រះអង្គមានព្រះហឫទ័យមេត្តាករុណាចំពោះអស់អ្នកដែលទូលអង្វរព្រះអង្គ។ ពេលយើងខ្ញុំសារភាពថា យើងខ្ញុំជាអ្នកបាប សូមព្រះអង្គមេត្តាលើកលែងទោសឲ្យយើងខ្ញុំរួចផុតពីបាបផង។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
-សូមកោតសរសើរព្រះអម្ចាស់!
-សូមអរព្រះគុណព្រះជាម្ចាស់!