រដូវសែសិបថ្ងៃ សប្តាហ៍ទី៤ ថ្ងៃចន្ទ
(ពេលថ្ងៃ)
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
ទំនុកតម្កើងលេខ ១១៩,១២៩-១៣៦
ការស្មឹងស្មាធិ៍ទៅលើវិន័យរបស់ព្រះជាម្ចាស់
ដូច្នេះ សេចក្ដីស្រឡាញ់នាំឱ្យប្រតិបត្តិតាមវិន័យបានពេញលក្ខណៈ (រ៉ូម ១៣,១០)។
ពេលព្រឹក (ម៉ោង៩)
បន្ទរ៖ ពេលវេលានៃការប្រែចិត្តគំនិត ពេលវេលាដែលត្រូវលះបង់អំពើបាបចោល ហើយស្វែងរកការសង្រ្គោះ បានមកដល់ហើយ។
ពេលថ្ងៃត្រង់ (ម៉ោង១២)
បន្ទរ៖ យើងជាព្រះដែលមានព្រះជន្មគង់នៅ ! យើងមិនសព្វព្រះហឫទ័យនឹងឱ្យមនុស្សអាក្រក់ស្លាប់ទេ ចូរវិលមករកយើងវិញ ដើម្បីឱ្យបានរស់រានមានជីវិត។
ពេលរសៀល (ម៉ោង ៣)
បន្ទរ៖ ចូរប្រដាប់ភាពយុត្តិធម៌ និងឫទ្ធានុភាពរបស់ព្រះជាម្ចាស់ ដើម្បីឱ្យយើងចេះអត់ធ្មត់ និងស៊ូទ្រាំ។
| ១២៩ | ដំបូន្មានរបស់ព្រះអង្គល្អវិសេសណាស់ ហេតុនេះហើយបានជាទូលបង្គំធ្វើតាម។ |
| ១៣០ | ការស្វែងយល់ព្រះបន្ទូលរបស់ព្រះអង្គ ធ្វើឱ្យចិត្តមនុស្សភ្លឺស្វាង ហើយធ្វើឱ្យមនុស្សទន់ទាបចេះរិះគិតពិចារណា។ |
| ១៣១ | ទូលបង្គំយកចិត្តទុកដាក់ត្រង់ត្រាប់ស្តាប់ព្រះបន្ទូលរបស់ព្រះអង្គ ដ្បិតទូលបង្គំចង់ស្គាល់វិន័យរបស់ព្រះអង្គខ្លាំងណាស់។ |
| ១៣២ | សូមបែរព្រះភក្ត្រទតមកទូលបង្គំ សូមប្រណីសន្តោសទូលបង្គំផង ដូចព្រះអង្គធ្លាប់ប្រណីសន្តោសដល់អស់អ្នកដែលស្រឡាញ់ព្រះនាមរបស់ព្រះអង្គ។ |
| ១៣៣ | សូមពង្រឹងទូលបង្គំឱ្យបានមាំមួន ដោយសារព្រះបន្ទូលសន្យារបស់ព្រះអង្គ កុំបណ្តោយឱ្យទូលបង្គំធ្លាក់ទៅក្នុងអំណាចនៃអំពើទុច្ចរិតណាមួយឡើយ!។ |
| ១៣៤ | សូមរំដោះទូលបង្គំឱ្យរួចផុតពីការជិះជាន់របស់មនុស្ស ដើម្បីឱ្យទូលបង្គំប្រតិបត្តិតាមច្បាប់របស់ព្រះអង្គ។ |
| ១៣៥ | សូមសម្តែងព្រះហឫទ័យមេត្តាដល់ទូលបង្គំ ជាអ្នកបម្រើរបស់ព្រះអង្គ សូមបង្រៀនក្រិត្យវិន័យរបស់ព្រះអង្គឱ្យទូលបង្គំស្គាល់ផង!។ |
| ១៣៦ | ទូលបង្គំបង្ហូរទឹកភ្នែកឥតស្រាកស្រាន្ត ដោយមិនគោរពតាមធម្មវិន័យរបស់ព្រះអង្គ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ទំនុកតម្កើងលេខ ៨២
ការថ្កោលទោសចៅក្រមអាក្រក់
សូមបងប្អូនកុំវិនិច្ឆ័យទោសអ្នកណាមុនពេលកំណត់ឡើយ ត្រូវរង់ចាំព្រះអម្ចាស់យាងមកដល់សិន… (១ករ ៤,៥)។
(បទពាក្យ ៧)
| ១- | ព្រះម្ចាស់គង់ក្នុងអង្គប្រជុំ | នៃស្ថានបរមសុខពេកក្រៃ | |
| ទ្រង់តែងតែយាងមកកាត់ក្តី | ក្នុងចំណោមនៃពួកទេវតា | ។ | |
| ២- | ពេលណាទើបអ្នកឈប់កាត់ក្តី | ដោយចិត្តអប្រីយ៍ដូច្នេះណា | |
| ឱ្យមនុស្សអាក្រក់ចិត្តឫស្យា | ឈ្នះគេដល់ទៅពេលណាទៀត | ។ | |
| ៣- | ព្រះម្ចាស់មានព្រះបន្ទូលថា | ចូររកយុត្តិធម៌កុំរវាត | |
| ឱ្យអ្នកក្រីក្រខ្សត់គ្មានញាតិ | កូនកំព្រាអត់មានឪម៉ែ | ។ | |
| ៤- | ចូរកុំនៅស្ងៀមចេញរំដោះ | អ្នកទន់ខ្សោយខ្សោះគ្មានអ្នកថែ | |
| ឱ្យគ្នារួចខ្លួនបានល្ហើយល្ហែ | ជនអាក្រក់តែងតែធ្វើបាប | ។ | |
| ៥- | តែគេមិនដឹងមិនយល់សោះ | ចិត្តគេទុយ៌សជាដរាប | |
| អំពើយុត្តិធម៌ក៏សូន្យសាប | ដែលទុកសម្រាប់គ្រឹះផែនដី | ។ | |
| ៦- | យើងនឹងប្រកាសថាអស់អ្នក | រាល់គ្នាពិតជាក់ជាបុត្រី | |
| បុត្រារបស់ម្ចាស់ផែនដី | ជាព្រះស្កឹមស្កៃដ៏ខ្ពស់ខ្ពង់ | ។ | |
| ៧- | តែអ្នកត្រូវស្លាប់ដូចមនុស្សលោក | ដែលដួលដេកស្តូកពុំអាចរស់ | |
| ស្លាប់ដូចជាមនុស្សទូទាំងអស់ | ដូចអ្នកធំខ្ពស់បាត់តំណែង | ។ | |
| ៨- | ឱព្រះម្ចាស់អើយសូមតើនឡើង | វិនិច្ឆ័យកុំឆ្មើងឫទ្ធិគួរស្ញែង | |
| ដ្បិតមនុស្សគ្រប់ជាតិទាំងនោះឯង | ជារាស្ត្រឥតក្លែងនៃព្រះអង្គ | ។ | |
| សូមកោតសរសើរព្រះបិតា | ព្រះបុត្រានិងព្រះវិញ្ញាណ | ||
| ដែលគង់ស្ថិតស្ថេរឥតសៅហ្មង | យូរលង់កន្លងតរៀងទៅ | ។ |
ទំនុកតម្កើងលេខ ១២០
ការប្រាថ្នាចង់បានសន្តិភាព
ចូរកាន់ចិត្តអត់ធ្មត់ក្នុងពេលមានទុក្ខលំបាក។ ចូរព្យាយាមអធិស្ឋាន (រ៉ូម ១២,១២)។
| ១ | នៅពេលមានអាសន្ន ខ្ញុំស្រែកហៅព្រះអម្ចាស់។ ព្រះអង្គក៏ឆ្លើយតបមកខ្ញុំវិញ។ |
| ២ | ឱព្រះអម្ចាស់អើយ! សូមរំដោះទូលបង្គំ ឱ្យរួចផុតពីមនុស្សដែលពោលពាក្យកុហក និងបោកបញ្ឆោត! |
| ៣ | អ្នកនិយាយបោកបញ្ឆោតដូច្នេះ តើនឹងត្រូវទទួលទោសអ្វីខ្លះ? |
| ៤ | គឺត្រូវតែរងនូវព្រួញរបស់អ្នកចំបាំង និងភ្លើងឆេះសន្ធោសន្ធៅប៉ុណ្ណោះ! |
| ៥ | ខ្ញុំស្នាក់នៅក្នុងស្រុករបស់មនុស្សកាចសាហាវ ហើយរស់នៅក្នុងចំណោមមនុស្សព្រៃផ្សៃដូច្នេះ វេទនាណាស់! |
| ៦ | ខ្ញុំបានរស់នៅជាមួយអស់អ្នកដែលស្អប់សន្តិភាពជាយូរឆ្នាំកន្លងមកហើយ។ |
| ៧ | ពេលខ្ញុំនិយាយពីសន្តិភាព ពួកគេបែរជាប្រកាសសង្គ្រាមទៅវិញ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ពេលព្រឹក (ម៉ោង៩)
បន្ទរ៖ ពេលវេលានៃការប្រែចិត្តគំនិត ពេលវេលាដែលត្រូវលះបង់អំពើបាបចោល ហើយស្វែងរកការសង្រ្គោះ បានមកដល់ហើយ។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (ប្រាញ ១១,២៣-២៤ក)
ព្រះអង្គអាណិតអាសូរមនុស្សទាំងអស់ ព្រោះព្រះអង្គមានឫទ្ធានុភាពអាចសម្រេចកិច្ចការទាំងអស់ ព្រះអង្គមិនប្រកាន់មនុស្សដែលប្រព្រឹត្តអំពើបាបទេ ដើម្បីឲ្យគេកែប្រែចិត្តគំនិត។ ព្រះអង្គស្រឡាញ់សត្វលោកទាំងអស់ មិនស្អប់ខ្ពើមសត្វលោកណាមួយ ដែលព្រះអង្គបានបង្កើតសោះឡើយ។
—សូមប្រទានចិត្តគំនិតថ្មីដ៏រឹងប៉ឹងមកទូលបង្គំផង។
ពេលថ្ងៃត្រង់ (ម៉ោង១២)
បន្ទរ៖ យើងជាព្រះដែលមានព្រះជន្មគង់នៅ ! យើងមិនសព្វព្រះហឫទ័យនឹងឱ្យមនុស្សអាក្រក់ស្លាប់ទេ ចូរវិលមករកយើងវិញ ដើម្បីឱ្យបានរស់រានមានជីវិត។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (អគ ១៨,២៣)
តើអ្នករាល់គ្នាស្មានថា យើងចង់ឃើញមនុស្សទុច្ចរិតស្លាប់ឬ? ទេ! ផ្ទុយទៅវិញ យើងចង់ឃើញគេលះបង់មារយាទអាក្រក់របស់ខ្លួន ដើម្បីឲ្យរស់រានមានជីវិត -នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។
—តែសូមលុបបំបាត់កំហុសទាំងប៉ុន្មានរបស់ទូលបង្គំទៅ។
ពេលរសៀល (ម៉ោង ៣)
បន្ទរ៖ ចូរប្រដាប់ភាពយុត្តិធម៌ និងឫទ្ធានុភាពរបស់ព្រះជាម្ចាស់ ដើម្បីឱ្យយើងចេះអត់ធ្មត់ និងស៊ូទ្រាំ។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (អស ៥៨,៧)
ត្រូវចែកអាហារឲ្យអ្នកស្រេកឃ្លាន ត្រូវទទួលជនក្រីក្រ ដែលគ្មានទីជម្រកឲ្យស្នាក់នៅជាមួយ។ បើឃើញនរណាម្នាក់គ្មានសម្លៀកបំពាក់ ត្រូវចែកឲ្យគ្នាស្លៀកពាក់ផង ហើយមិនត្រូវគេចខ្លួនពីបងប្អូនណា ដែលមកពឹងពាក់អ្នកឡើយ។
—ព្រះអង្គតែងតែទទួលចិត្តសោកស្តាយ និងចិត្តលែងមានអំនួត។
ពាក្យអធិដ្ឋាន
ឱព្រះជាម្ចាស់អើយ ! ព្រះអង្គប្រទានអគ្គសញ្ញានានា ដើម្បីកសាងពិភពលោកថ្មី។ សូមព្រះអង្គជួយឧបត្ថម្ភឲ្យព្រះសហគមន៍កាន់តែរីកចម្រើនឡើង ហើយប្រោសឲ្យយើងខ្ញុំចេះចែករំលែកសម្បត្តិនៃស្ថានបរមសុខដល់មនុស្សលោកសព្វថ្ងៃនេះផង។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
-សូមកោតសរសើរព្រះអម្ចាស់ !
-សូមអរព្រះគុណព្រះជាម្ចាស់ !