រដូវសែសិបថ្ងៃ សប្តាហ៍ទី៣ ថ្ងៃសុក្រ
(ពេលថ្ងៃ)
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
ទំនុកតម្កើងលេខ ២២
ព្រះជាម្ចាស់សណ្តាប់ឮទុក្ខលំបាករបស់ជនដ៏វិសុទ្ធ
ព្រះយេស៊ូស្រែកអង្វរខ្លាំងៗថា៖ «ឱព្រះនៃទូលបង្គំ ព្រះនៃទូលបង្គំអើយ
ហេតុអ្វីបានជាព្រះអង្គបោះបង់ទូលបង្គំចោលដូច្នេះ?» (មថ ២៧,៤៦)។
ពេលព្រឹក (ម៉ោង៩)
បន្ទរ៖ ពេលវេលានៃការប្រែចិត្តគំនិត ពេលវេលាដែលត្រូវលះបង់អំពើបាបចោល ហើយស្វែងរកការសង្រ្គោះ បានមកដល់ហើយ។
ពេលថ្ងៃត្រង់ (ម៉ោង១២)
បន្ទរ៖ យើងជាព្រះដែលមានព្រះជន្មគង់នៅ ! យើងមិនសព្វព្រះហឫទ័យនឹងឱ្យមនុស្សអាក្រក់ស្លាប់ទេ ចូរវិលមករកយើងវិញ ដើម្បីឱ្យបានរស់រានមានជីវិត។
ពេលរសៀល (ម៉ោង ៣)
បន្ទរ៖ ចូរប្រដាប់ភាពយុត្តិធម៌ និងឫទ្ធានុភាពរបស់ព្រះជាម្ចាស់ ដើម្បីឱ្យយើងចេះអត់ធ្មត់ និងស៊ូទ្រាំ។
(ក)
| ២ | ឱព្រះនៃទូលបង្គំ! ឱព្រះនៃទូលបង្គំអើយ! ហេតុអ្វីបានជាព្រះអង្គបោះបង់ចោលទូលបង្គំដូច្នេះ? ទូលបង្គំស្រែកអង្វរ តែពុំឃើញព្រះអង្គសង្គ្រោះទូលបង្គំសោះ។ |
| ៣ | ឱព្រះនៃទូលបង្គំអើយ! ទូលបង្គំស្រែកហៅរកព្រះអង្គនៅពេលថ្ងៃ តែព្រះអង្គមិនឆ្លើយតបទេ នៅពេលយប់ក៏ទូលបង្គំស្រែកដែរ តែមិនបានធូរស្បើយឡើយ។ |
| ៤ | ប៉ុន្តែ ព្រះអង្គជាព្រះដ៏វិសុទ្ធដែលគង់នៅលើបល្ល័ង្ក ជនជាតិអ៊ីស្រាអែលតែងនាំគ្នាសរសើរតម្កើងព្រះអង្គ។ |
| ៥ | បុព្វបុរសរបស់យើងខ្ញុំតែងតែផ្ញើជីវិតលើព្រះអង្គ អស់លោកផ្ញើជីវិតលើព្រះអង្គជានិច្ច ព្រះអង្គក៏បានរំដោះអស់លោក។ |
| ៦ | លោកស្រែកអង្វររកព្រះអង្គ លោកក៏បានរួចពីខ្មាំងសត្រូវ ដោយផ្ញើជីវិតលើព្រះអង្គ ពួកលោកនឹងមិនខកចិត្តឡើយ។ |
| ៧ | រីឯទូលបង្គំវិញ គេលែងចាត់ទុកទូលបង្គំថាជាមនុស្សទៀតហើយ គឺគេចាត់ទុកជាជន្លេន មនុស្សម្នានាំគ្នាជេរប្រមាថ ហើយមាក់ងាយទូលបង្គំ។ |
| ៨ | អស់អ្នកដែលឃើញទូលបង្គំ ចំអកឱ្យទូលបង្គំគ្រប់ៗគ្នា គេពេបជ្រាយដាក់ទូលបង្គំ ព្រមទាំងគ្រវីក្បាលដាក់ទូលបង្គំផង។ |
| ៩ | គេពោលថា “គាត់ផ្ញើវាសនាលើព្រះអម្ចាស់ហើយ ឱ្យព្រះអង្គរំដោះគាត់ទៅ បើព្រះអង្គស្រឡាញ់គាត់ ឱ្យព្រះអង្គសង្គ្រោះគាត់ទៅ!” ។ |
| ១០ | ឱព្រះអម្ចាស់អើយ ព្រះអង្គបានប្រោសឱ្យទូលបង្គំចេញពីផ្ទៃម្តាយមក ព្រះអង្គក៏បានផ្ញើទូលបង្គំទៅឱ្យអ្នកម្តាយបំបៅ។ |
| ១១ | កាលពីទូលបង្គំកើតមក ព្រះអង្គបានទទួលទូលបង្គំធ្វើជាកូន ព្រះអង្គជាព្រះរបស់ទូលបង្គំ តាំងពីមុនពេលដែលទូលបង្គំស្គាល់ពន្លឺថ្ងៃទៅទៀត។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
(ខ)
(បទកាកគតិ)
| ១២- | ពេលខ្ញុំជួបភ័យ | អាសន្នខ្លាំងក្រៃ | គ្មានអ្នកដឹងឮ |
| មិនមានអ្នកជួយ | ផុតភ័យព្រួយព្រឺ | សូមទ្រង់ដឹងឮ | |
| កុំទៅឆ្ងាយខ្ញុំ | ។ | ||
| ១៣- | សត្រូវច្រើននាក់ | ចោមរោមពួនស្ទាក់ | រួមរឹតជិតជុំ |
| ប្រៀបបានគោបា | ឡោមព័ទ្ធរូបខ្ញុំ | ដូចគោមកចោម | |
| ពីស្រុកបាសាន | ។ | ||
| ពួកគេប្រឹងបើក | មាត់គេកម្រើក | ប្រឆាំងឥតស្រាន្ត | |
| នឹងទូលបង្គំ | ដូចសិង្ហសាមាន្យ | បម្រុងហែកប្រាណ | |
| ស៊ីជាអាហារ | ។ | ||
| ១៥- | កម្លាំងខ្ញុំខ្សោយ | មិនត្រឡប់ឡើយ | ដូចខ្សែជលសា |
| ដែលហូរធ្លាក់ទៅ | មិនវិលឡើយណា | ឆ្អឹងសាច់ផងរ៉ា | |
| រលេះបាត់អស់ | ។ | ||
| ទឹកចិត្តក្លាហាន | ដែលខ្ញុំធ្លាប់មាន | បែរជាហេវខ្សោះ | |
| បីដូចក្រមួន | រលាយរលោះ | ឥតមានសល់សោះ | |
| ព្រោះកម្តៅថ្ងៃ | ។ | ||
| ១៦- | បំពង់កស្ងួត | ដូចដីប្រេះហួត | ស្គមស្គាំងរីងរៃ |
| អណ្តាតខ្ញុំស្អិត | ដិតជាប់ពេកក្រៃ | ទ្រង់ឱ្យខ្ញុំក្ស័យ | |
| ចូលទៅក្នុងដី | ។ | ||
| ១៧- | ពួកឆ្កែព័ទ្ធខ្ញុំ | មានជនមួយក្រុម | វាមកញាំញី |
| ជាជនទុរយស | ក្រវែលគ្រប់ទី | ទម្លុះជីវី | |
| ជើងដៃខ្លួនប្រ្រាណ | ។ | ||
| ១៨- | រូបខ្ញុំអាចរាប់ | ឆ្អឹងជំនីរគ្រប់ | មានទាំងប៉ុន្មាន |
| សត្រូវទុយ៌ស | ចិត្តដូចតិរច្ឆាន | សម្លក់រំខាន | |
| សម្លឹងមកខ្ញុំ | ។ | ||
| ១៩- | ពួកគេដោះយក | ខោអាវខ្ញុំមក | ចែកចាយគ្នាជុំ |
| នាំគ្នាចាប់ឆ្នោត | យកខោអាវខ្ញុំ | ធ្វើដោយមិនសម | |
| ជាល្បែងសប្បាយ | ។ | ||
| ២០- | ឱព្រះម្ចាស់អើយ | កុំនៅកន្តើយ | ឱ្យខ្ញុំឃ្លាតឆ្ងាយ |
| ទ្រង់ជាកម្លាំង | គាំទ្ររាងកាយ | សូមយាងមកអាយ | |
| សង្គ្រោះប្រញាប់ | ។ | ||
| ២១- | សូមដោះលែងខ្ញុំ | ឱ្យផុតទុក្ខធំ | បានលឿនឆាប់ៗ |
| ផុតពីមុខដាវ | ដែលគេចាក់កាប់ | សូមជួយប្រញាប់ | |
| ពីចង្កូមឆ្កែ | ។ | ||
| ២២- | សូមសង្គ្រោះខ្ញុំ | ឱ្យផុតទុក្ខធំ | ពីមាត់សឹង្ហដែរ |
| ឱ្យផុតពីស្នែង | សូមជួយបំបែរ | ឆ្លើយតបកុំល្ហែ | |
| មកទូលបង្គំ | ។ | ||
| សូមកោតសរសើរ | ដល់ព្រះបិតា | ព្រះរាជ្យបុត្រា | |
| និងព្រះវិញ្ញាណ | ជាព្រះត្រៃអង្គ | ថ្កើងថ្កើនឥតហ្មង | |
| ដែលគង់ជានិច្ច | ។ |
(គ)
| ២៣ | ទូលបង្គំនឹងថ្លែងអំពីព្រះនាមរបស់ព្រះអង្គ ឱ្យបងប្អូនទូលបង្គំស្គាល់ ទូលបង្គំនឹងលើតម្កើងព្រះអង្គនៅក្នុងអង្គប្រជុំ។ |
| ២៤ | អ្នករាល់គ្នាដែលគោរពកោតខ្លាចព្រះអម្ចាស់អើយ! ចូរសរសើរតម្កើងព្រះអង្គ! អ្នកទាំងអស់ដែលជាពូជពង្សលោកយ៉ាកុបអើយ! ចូរលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ! |
| ២៥ | ព្រះអង្គមិនបោះបង់ចោល ឬធ្វើព្រងើយកន្តើយនឹងមនុស្សទុគ៌ត មានទុក្ខវេទនាទេ ព្រះអង្គមិនលាក់ព្រះភក្ត្រចំពោះគេឡើយ ពេលមនុស្សទុគ៌តស្រែកអង្វររកព្រះអង្គ ទ្រង់ព្រះសណ្តាប់គេ។ |
| ២៦ | ដោយព្រះអង្គបានប្រោសប្រណីដល់ទូលបង្គំ ទូលបង្គំលើកតម្កើងព្រះអង្គនៅក្នុងអង្គប្រជុំដ៏ធំ ទូលបង្គំនឹងលាបំណន់នៅមុខអស់អ្នកគោរពកោតខ្លាចព្រះអង្គ។ |
| ២៧ | មនុស្សទន់ទាបបរិភោគឆ្អែតស្កប់ស្កល់ អស់អ្នកដែលស្វែងរកព្រះអម្ចាស់ នឹងនាំគ្នាសរសើរតម្កើងព្រះអង្គ។ ចូរឱ្យអ្នករាល់គ្នាអាយុយឺនយូរ និងបានសេចក្តីសុខសាន្ត! |
| ២៨ | មនុស្សទាំងប៉ុន្មានដែលនៅលើផែនដីទាំងមូល នឹងនឹកឃើញព្រះអម្ចាស់ ហើយនាំគ្នាវិលមករកព្រះអង្គវិញ ប្រជាជាតិទាំងឡាយនឹងនាំគ្នាក្រាបថ្វាយបង្គំព្រះអង្គ |
| ២៩ | ព្រះអម្ចាស់ជាព្រះមហាក្សត្រ ព្រះអង្គគ្រប់គ្រងលើប្រជាជាតិនានា។ |
| ៣០ | ពួកអ្នកធំទាំងប៉ុន្មាននៅលើផែនដី នាំគ្នាក្រាបថ្វាយបង្គំព្រះអង្គ អស់មនុស្សលោកដែលរមែងតែងស្លាប់ ក៏នាំគ្នាក្រាបថ្វាយបង្គំព្រះអង្គដែរ។ |
| ៣១ | មនុស្សនៅជំនាន់ក្រោយនឹងគោរពបម្រើព្រះអម្ចាស់ ហើយគេនឹងថ្លែងអំពីព្រះអង្គប្រាប់កូនចៅ។ |
| ៣២ | គេប្រកាសប្រាប់ប្រជាជនដែលនឹងកើតមកតាមក្រោយ អំពីសេចក្តីសុចរិតរបស់ព្រះអង្គ គឺព្រះអម្ចាស់បានរំដោះប្រជារាស្ត្ររបស់ព្រះអង្គ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ពេលព្រឹក (ម៉ោង៩)
បន្ទរ៖ ពេលវេលានៃការប្រែចិត្តគំនិត ពេលវេលាដែលត្រូវលះបង់អំពើបាបចោល ហើយស្វែងរកការសង្រ្គោះ បានមកដល់ហើយ។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (អស ៥៥,៣)
ចូរផ្ទៀងត្រចៀកស្ដាប់ ចូរនាំគ្នាមកជិតយើង ចូរត្រងត្រាប់ស្ដាប់នោះអ្នករាល់គ្នានឹងមានជីវិត។ យើងនឹងចងសម្ពន្ធមេត្រីមួយដែលនៅស្ថិតស្ថេរអស់កល្បជានិច្ចជាមួយអ្នករាល់គ្នា ដើម្បីបញ្ជាក់នូវសេចក្ដីមេត្តាករុណារបស់យើងចំពោះដាវីឌ។
—សូមប្រទានចិត្តគំនិតថ្មីដ៏រឹងប៉ឹងមកទូលបង្គំផង។
ពេលថ្ងៃត្រង់ (ម៉ោង១២)
បន្ទរ៖ យើងជាព្រះដែលមានព្រះជន្មគង់នៅ ! យើងមិនសព្វព្រះហឫទ័យនឹងឱ្យមនុស្សអាក្រក់ស្លាប់ទេ ចូរវិលមករកយើងវិញ ដើម្បីឱ្យបានរស់រានមានជីវិត។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (យរ ៣,១២ខ.១៤ក)
ចូរវិលមកវិញ យើងនឹងមិនប្រកាន់ទោសនាងទៀតទេ ដ្បិតយើងមានមេត្តាករុណា យើងមិនចងកំហឹងរហូតតទៅឡើយ។ -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «កូនចៅដែលក្បត់ចិត្តយើងអើយ! ចូរនាំគ្នាវិលត្រឡប់មកវិញ ដ្បិតយើងនៅតែជាម្ចាស់របស់អ្នករាល់គ្នា។
—តែសូមលុបបំបាត់កំហុសទាំងប៉ុន្មានរបស់ទូលបង្គំទៅ។
ពេលរសៀល (ម៉ោង ៣)
បន្ទរ៖ ចូរប្រដាប់ភាពយុត្តិធម៌ និងឫទ្ធានុភាពរបស់ព្រះជាម្ចាស់ ដើម្បីឱ្យយើងចេះអត់ធ្មត់ និងស៊ូទ្រាំ។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (យក ១,២៧)
រីឯសាសនាដ៏បរិសុទ្ធ ឥតខ្ចោះនៅចំពោះព្រះភក្ត្រព្រះបិតាជាម្ចាស់វិញ គឺស្ថិតនៅលើការទៅសួរសុខទុក្ខក្មេងកំព្រា និងស្ត្រីមេម៉ាយដែលមានទុក្ខលំបាក ព្រមទាំងស្ថិតនៅលើការរក្សាខ្លួនឲ្យផុតពីអំពើសៅហ្មងរបស់លោកីយ៍នេះ។
—ព្រះអង្គតែងតែទទួលចិត្តសោកស្តាយ និងចិត្តលែងមានអំនួត។
ពាក្យអធិដ្ឋាន
ឱព្រះអម្ចាស់ដ៏មានព្រះហឫទ័យសប្បុរសយ៉ាងក្រៃលែងអើយ ! ព្រះអង្គបង្ហូរធម៌មេត្តាករុណារបស់ព្រះអង្គមកក្នុងចិត្តយើងខ្ញុំ។ សូមព្រះអង្គប្រោសយើងខ្ញុំឲ្យចេះរំងាប់កិលេសតណ្ហា ដោយស្តាប់ និងប្រតិបត្តិតាមព្រះបន្ទូលរបស់ព្រះអង្គ។ យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
-សូមកោតសរសើរព្រះអម្ចាស់ !
-សូមអរព្រះគុណព្រះជាម្ចាស់ !