១០ មីនា ២០២៦

Written on 09/01/2026
Mary Siya Khim

រដូវសែសិបថ្ងៃ សប្តាហ៍ទី៣ ថ្ងៃអង្គារ

 (ពេលថ្ងៃ)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)

ទំនុកតម្កើងលេខ ១១៩,៩៧-១០៤

ធម្មវិន័យមានឱជារស

ពេលព្រឹក (ម៉ោង៩)

បន្ទរ៖ ពេលវេលានៃការប្រែចិត្តគំនិត ពេលវេលាដែលត្រូវលះបង់អំពើបាបចោល ហើយស្វែងរកការសង្រ្គោះ បានមកដល់ហើយ។

ពេលថ្ងៃត្រង់ (ម៉ោង១២)

បន្ទរ៖ យើង​ជា​ព្រះ​ដែល​មានព្រះជន្មគង់​នៅ ! យើង​មិន​សព្វព្រះហឫទ័យនឹងឱ្យមនុស្ស​អាក្រក់​ស្លាប់​ទេ ចូរ​វិល​មក​រក​យើង​វិញ ដើម្បី​ឱ្យបាន​រស់​រាន​មាន​ជីវិត។

ពេលរសៀល (ម៉ោង ៣)

បន្ទរ៖ ចូរប្រដាប់ភាពយុត្តិធម៌ និងឫទ្ធានុភាពរបស់ព្រះជាម្ចាស់ ដើម្បីឱ្យយើងចេះអត់ធ្មត់ និងស៊ូទ្រាំ។

៩៧- ទូលបង្គំស្រឡាញ់ធម្មវិន័យរបស់ព្រះអង្គខ្លាំងណាស់
ទូលបង្គំសញ្ជឹងគិតអំពីធម្មវិន័យនេះជារៀងរាល់ថ្ងៃ។
៩៨-
វិន័យរបស់ព្រះអង្គធ្វើឱ្យទូលបង្គំមានប្រាជ្ញាវាងវៃជាងខ្មាំងសត្រូវ
ដ្បិតទូលបង្គំរិះគិតពីវិន័យនេះជានិច្ច។
៩៩-
ទូលបង្គំចេះដឹងជាងគ្រូៗទាំងប៉ុន្មានរបស់ទូលបង្គំទៅទៀត
ដ្បិតទូលបង្គំយកដំបូន្មានទាំងប៉ុន្មាននេះ មកសញ្ជឹងគិត។
១០០-
ទូលបង្គំចេះរិះគិតពិចារណា ជាងចាស់ៗព្រឹទ្ធាចារ្យទៅទៀត
ដ្បិតទូលបង្គំបានប្រព្រឹត្តតាមច្បាប់របស់ព្រះអង្គ។
១០១-
ទូលបង្គំចៀសចេញឆ្ងាយពីផ្លូវអាក្រក់ទាំងប៉ុន្មាន
ដើម្បីប្រតិបត្តិតាមព្រះបន្ទូលរបស់ព្រះអង្គ។
១០២-
ទូលបង្គំមិនងាកចេញពីសេចក្តីដែលព្រះអង្គបានសម្រេចឡើយ
ដ្បិតព្រះអង្គប្រៀនប្រដៅទូលបង្គំដូច្នេះ។
១០៣-
ព្រះបន្ទូលសន្យារបស់ព្រះអង្គ
ប្រៀបបាននឹងអាហារដ៏ឆ្ងាញ់ពិសេសសម្រាប់ទូលបង្គំ
មានរសជាតិផ្អែមជាងទឹកឃ្មុំទៅទៀត។
១០៤-
ច្បាប់របស់ព្រះអង្គធ្វើឱ្យទូលបង្គំចេះរិះគិតពិចារណា
ហេតុនេះហើយបានជាទូលបង្គំស្អប់ផ្លូវវៀចវេរ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

ទំនុកតម្កើងលេខ ៧៤

សំណោកអំពីការបំផ្លិចបំផ្លាញព្រះវិហារ

កុំ​ខ្លាច​អស់​អ្នក​ដែល​សម្លាប់​បាន​ត្រឹម​តែ​រូប​កាយ (មថ ១០,២៨)។

(ក)

(បទព្រហ្មគីតិ)

១- បពិត្រព្រះម្ចាស់អើយ ដូចម្តេចឡើយក៏ព្រះអង្គ  
  ឈប់នឹកទ្រង់បោះបង់ ឱ្យរញ៉ង់នៅកំព្រា
  ម្តេចក៏ទ្រង់ពិរោធ យើងរហូតឱ្យវេទនា  
  ភ្លេចអស់រាស្ត្រប្រជា ធ្លាប់គាំពារត្រាប្រណី
២- កុំភ្លេចព្រះសហគមន៍ ដែលទ្រង់សុំមកថ្នមបី  
  ជាកម្មសិទ្ធិប្រពៃ សូមអាល័យភ្នកនឹកនា
  គឺពួកកុលសម្ពន្ធ ដែលទ្រង់បានលោះមកជា  
  មរតកថ្លៃមហិមា រកពណ៌នាក៏ពុំបាន
  សូមនឹកដល់បងប្អូន ភ្នំស៊ីយ៉ូនល្អថ្កើងថ្កាន  
  ទ្រង់យកជាទីស្ថាន គង់នៅបានក្តីសុខដុម
៣- សូមយាងមកវិហារ ដែលគ្រាំគ្រាយូរខែឆ្នាំ  
  សក្ការៈត្រូវខ្ទេចខ្ទាំ លែងរឹងមាំខ្មាំងបំផ្លាញ
៤- បច្ចាមិត្រព្រះអង្គ ស្រែករំពងគ្រប់ទីស្ថាន  
  ដែលព្រះអង្គធ្លាប់បាន ជួបនឹងយើងរៀងរាល់ថ្ងៃ
៥- ពួកគេប្រៀបបានទៅ ផ្លែពូថៅអ្នកកាប់ព្រៃ  
  គេប្រឹងអត់សំចៃ រៀងរាល់ថ្ងៃឥតឈប់ឈរ
៦- គេយកផ្លែពូថៅ វាយសំដៅក្បាច់ដ៏ល្អ  
  រចនាស្រស់បវរ មិនឈប់ឈរមិនស្រណោះ
៧- គេដុតទីសក្ការ ដ៏ថ្លៃថ្លាចោលទាំងអស់  
  បន្ថោកដំណាក់ព្រះ ជាអម្ចាស់ឥតមានក្រែង
៨- គេនាំគ្នាគិតថា នឹងផ្តន្ទាឱ្យជាក់ស្តែង  
  ដុតបំផ្លាញកន្លែង គ្មានរអែងនៅក្នុងស្រុក
៩- យើងខ្ញុំលែងឃើញអ្វី ដែលប្រពៃតទៅមុខ  
  ជាទីសម្គាល់ទុក ថាជាតិយើងគឺជាអ្វី
  យើងលែងមានទាំងអស់ បាត់ទាំងឈ្មោះព្យាការី  
  គ្មាននរណាដឹងអី ថាយើងនៅច្នេះដល់ណា
  សិរីរុងរឿងដល់ ព្រះបិតាព្រះបុត្រា  
  និងព្រះវិញ្ញាណផង ដែលទ្រង់គង់នៅជានិច្ច

(ខ)

១០- បពិត្រព្រះជាម្ចាស់! តើឱ្យបច្ចាមិត្តត្មះតិះដៀលព្រះអង្គដល់ពេលណា?
តើឱ្យខ្មាំងសត្រូវប្រមាថព្រះនាមព្រះអង្គដល់ណាទៀត?
១១-
ហេតុអ្វីបានជាព្រះអង្គមិនព្រមយាងមកជួយយើងខ្ញុំ
ហេតុអ្វីបានជាព្រះអង្គលាក់ព្រះបារមីទុកដូច្នេះ?
១២-
បពិត្រព្រះជាម្ចាស់!
ព្រះអង្គជាព្រះមហាក្សត្ររបស់ទូលបង្គំ តាំងពីដើមរៀងមក
ព្រះអង្គតែងតែសង្គ្រោះយើងខ្ញុំជាច្រើនលើកច្រើនសា នៅក្នុងស្រុកនេះ។
១៣-
ព្រះអង្គបានបង្ក្រាបសមុទ្រ ដោយសារឫទ្ធានុភាពរបស់ព្រះអង្គ
ព្រះអង្គបានវាយកម្ទេចក្បាលនាគនៅក្នុងសមុទ្រ
១៤-
ព្រះអង្គបានវាយកម្ទេចក្បាលស្តេចក្រពើ
បោះវាទៅឱ្យស្តេចនានានៅវាលរហោស្ថានស៊ី។
១៥-
ព្រះអង្គបានធ្វើឱ្យមានទឹកផុសចេញពីប្រភពទឹកនានា ហូរដូចទឹកជ្រោះ
ព្រះអង្គបានធ្វើឱ្យទន្លេដែលមិនចេះរីង ប្រែជារីងស្ងួតទៅវិញ។
១៦-
ព្រះអង្គជាម្ចាស់លើថ្ងៃ ជាម្ចាស់លើយប់
ព្រះអង្គបានដាក់ព្រះចន្ទ និងព្រះអាទិត្យ ភ្ជាប់នឹងកន្លែងរបស់គេ។
១៧-
ព្រះអង្គបានកំណត់ព្រំដែននៃផែនដី
ព្រះអង្គក៏បានបង្កើតរដូវប្រាំង និងរដូវវស្សាដែរ។
១៨-
ឱព្រះអម្ចាស់អើយ! សូមកុំភ្លេចថា បច្ចាមិត្តបានត្មះតិះដៀលព្រះអង្គ
សាសន៍ល្ងីល្ងើនោះ ជេរប្រមាថព្រះនាមព្រះអង្គ!។
១៩-
សូមកុំប្រគល់ជីវិតប្រជារាស្ត្ររបស់ព្រះអង្គ
ទៅក្នុងកណ្តាប់ដៃរបស់ខ្មាំងដ៏សាហាវ
សូមកុំបំភ្លេចប្រជារាស្ត្រដ៏កំសត់ទុគ៌តរបស់ព្រះអង្គ ជារៀងរហូតឡើយ។
២០-
សូមនឹកដល់សម្ពន្ធមេត្រីដែលព្រះអង្គបានចងជាមួយយើងខ្ញុំ!
ប្រជាជននាំគ្នាលាក់ខ្លួន ព្រោះមានមនុស្សឃោរឃៅពាសពេញស្រុក។
២១-
សូមកុំឱ្យអស់អ្នកដែលត្រូវគេជិះជាន់ អាម៉ាស់មុខទៀតឡើយ
សូមឱ្យជនក្រីក្រ និងជនកំសត់ទុគ៌ត សរសើរតម្កើងព្រះនាមព្រះអង្គ។
២២-
ឱព្រះជាម្ចាស់អើយ ! សូមក្រោកឡើងការពារព្រះកិត្តិនាមរបស់ព្រះអង្គ
សូមកុំបំភ្លេចពាក្យដែលជនល្ងីល្ងើទាំងនេះ ប្រមាថព្រះអង្គជារៀងរាល់ថ្ងៃ។
២៣-
សូមកុំបំភ្លេចសម្រែកនៃខ្មាំងសត្រូវរបស់ព្រះអង្គ
គេស្រែកយ៉ាងអឺងកងទាស់នឹងព្រះអង្គ ឥតឈប់ឈរឡើយ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

ពេលព្រឹក (ម៉ោង៩)

បន្ទរ៖ ពេលវេលានៃការប្រែចិត្តគំនិត ពេលវេលាដែលត្រូវលះបង់អំពើបាបចោល ហើយស្វែងរកការសង្រ្គោះ បានមកដល់ហើយ។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (យអ ២,១៧)

ចូរ​ឱ្យ​ក្រុម​បូជា‌ចារ្យ​ជា​អ្នក​បម្រើ​ព្រះ‌អម្ចាស់ នាំ​គ្នា​យំ​សោក​នៅ​ចន្លោះ​ក្លោង​ទ្វារ និង​អាសនៈ ទាំង​ពោល​ថា: ព្រះ‌អម្ចាស់​អើយ សូម​អាណិត​មេត្តា​យើង​ខ្ញុំដែល​ជា​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ​ផង! សូម​កុំ​បណ្តោយ​ឱ្យ​ប្រជា‌ជាតិ​ដទៃប្រមាថ​មាក់‌ងាយ និង​ចំអក​ដាក់​ប្រជា‌រាស្ដ្ររបស់​ព្រះ‌អង្គ​ផ្ទាល់​នោះ​ឡើយ។ សូម​កុំ​បណ្តោយ​ឱ្យ​ជាតិ​សាសន៍​ទាំង‌ឡាយពោល​ថា “តើ​ព្រះ​របស់ពួក​គេ​នៅ​ឯ​ណា”?។
 
បន្ទរ៖ ឱ​ព្រះ‌ជាម្ចាស់​អើយ! សូម​ប្រោស​ប្រទាន​ឱ្យ​ទូល‌បង្គំមាន​ចិត្ត​បរិសុទ្ធ
—សូម​ប្រទាន​ចិត្ត​គំនិត​ថ្មីដ៏​រឹង‌ប៉ឹង​មក​ទូល‌បង្គំ​ផង។

ពេលថ្ងៃត្រង់ (ម៉ោង១២)

បន្ទរ៖ យើង​ជា​ព្រះ​ដែល​មានព្រះជន្មគង់​នៅ ! យើង​មិន​សព្វព្រះហឫទ័យនឹងឱ្យមនុស្ស​អាក្រក់​ស្លាប់​ទេ ចូរ​វិល​មក​រក​យើង​វិញ ដើម្បី​ឱ្យបាន​រស់​រាន​មាន​ជីវិត។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (យរ ៣,២៥ខ)

តាំង​ពី​ក្មេង​រហូត​មក​ទល់​សព្វ​ថ្ងៃ​នេះយើង​ខ្ញុំ និង​ដូន‌តា​របស់​យើង​ខ្ញុំបាន​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​ព្រះអម្ចាស់ជា​ព្រះ​នៃ​យើង​ខ្ញុំយើង​ខ្ញុំ​ពុំ​បាន​ស្ដាប់​ព្រះ‌សូរសៀងរបស់​ព្រះ‌អម្ចាស់ជា​ព្រះ​នៃ​យើង​ខ្ញុំ​ឡើយ”»។
 
បន្ទរ៖ ព្រះ‌អង្គ​អើយ សូម​កុំ​ទត​មើលអំពើ​បាប​របស់​ទូល‌បង្គំឡើយ
—តែ​សូម​លុប​បំបាត់​កំហុស​ទាំង​ប៉ុន្មានរបស់​ទូល‌បង្គំទៅ។

ពេលរសៀល (ម៉ោង ៣)

បន្ទរ៖ ចូរប្រដាប់ភាពយុត្តិធម៌ និងឫទ្ធានុភាពរបស់ព្រះជាម្ចាស់ ដើម្បីឱ្យយើងចេះអត់ធ្មត់ និងស៊ូទ្រាំ។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (អស ៥៨,១-២)

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: ចូរ​ស្រែក​ឱ្យ​អស់​ទំហឹងកុំ​ញញើត​ឡើយ!ចូរ​បន្លឺ​សំឡេង​ឱ្យ​លាន់​រំពង​ដូច​ត្រែ ចូរ​ប្រាប់​ប្រជាជន​របស់​យើង​ឱ្យស្គាល់​ការ​បះ‌បោរ​របស់​ខ្លួន ចូរ​ប្រាប់​កូន​ចៅ​លោក​យ៉ាកុបឱ្យ​ស្គាល់​អំពើ​បាប​របស់​គេ​ផង!រៀង‌រាល់​ថ្ងៃ គេ​សាក‌សួរចង់​ស្គាល់​បំណង​របស់​យើង។ គេ​ធ្វើ​ហាក់​ដូច​ជា​ប្រជា‌ជាតិ​មួយ​ដែលប្រព្រឹត្ត​អំពើ​សុចរិត ឥត​បោះ‌បង់​វិន័យ​ព្រះ​របស់​ខ្លួន​ទេ។ គេ​ទាម‌ទារ​សុំ​ឱ្យ​យើង​វិនិច្ឆ័យ​ពួក​គេតាម​យុត្តិ‌ធម៌ ព្រម​ទាំង​ចង់​ឱ្យ​យើង​ស្ថិត​នៅ​ជា​មួយ​គេ។
 
បន្ទរ៖ យញ្ញ‌បូជា​ដែល​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫទ័យឱ្យ​ទូល‌បង្គំ​ថ្វាយ គឺ​ចិត្តសោក​ស្តាយ
—ព្រះ‌អង្គ​តែង‌តែ​ទទួល​ចិត្ត​សោក​ស្តាយ និង​ចិត្ត​លែង​មាន​អំនួត។

ពាក្យអធិដ្ឋាន

ឱព្រះអម្ចាស់ដ៏មានព្រះហឫទ័យស្មោះត្រង់ជានិច្ចអើយ ! ព្រះអង្គសម្តែងធម៌មេត្តាករុណាចំពោះយើងខ្ញុំ និងជួយឧបត្ថម្ភយើងខ្ញុំ ឱ្យស័្មគ្រចិត្តបម្រើព្រះអង្គជារៀងរាល់ថ្ងៃ។ សូមព្រះអង្គថែរក្សាការពារយើងខ្ញុំ ឱ្យជៀសផុតពីមហន្តរាយគ្រប់បែបយ៉ាង។ យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

-សូមកោតសរសើរព្រះអម្ចាស់!
-សូមអរព្រះគុណព្រះជាម្ចាស់!