រដូវសែសិបថ្ងៃ សប្តាហ៍ទី៣ ថ្ងៃចន្ទ
(ពេលថ្ងៃ)
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
ទំនុកតម្កើងលេខ ១១៩,៨៩-៩៦
ការសញ្ជឹងគិតពីវិន័យរបស់ព្រះជាម្ចាស់
ខ្ញុំឱ្យវិន័យថ្មីដល់អ្នករាល់គ្នា គឺត្រូវស្រឡាញ់គ្នាទៅវិញទៅមក ដូចខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ (យហ ១៣,៣៤)។
ពេលព្រឹក (ម៉ោង៩)
បន្ទរ៖ ពេលវេលានៃការប្រែចិត្តគំនិត ពេលវេលាដែលត្រូវលះបង់អំពើបាបចោល ហើយស្វែងរកការសង្រ្គោះ បានមកដល់ហើយ។
ពេលថ្ងៃត្រង់ (ម៉ោង១២)
បន្ទរ៖ យើងជាព្រះដែលមានព្រះជន្មគង់នៅ ! យើងមិនសព្វព្រះហឫទ័យនឹងឱ្យមនុស្សអាក្រក់ស្លាប់ទេ ចូរវិលមករកយើងវិញ ដើម្បីឱ្យបានរស់រានមានជីវិត។
ពេលរសៀល (ម៉ោង ៣)
បន្ទរ៖ ចូរប្រដាប់ភាពយុត្តិធម៌ និងឫទ្ធានុភាពរបស់ព្រះជាម្ចាស់ ដើម្បីឱ្យយើងចេះអត់ធ្មត់ និងស៊ូទ្រាំ។
| ៨៩ | បពិត្រព្រះអម្ចាស់! ព្រះបន្ទូលរបស់ព្រះអង្គ ស្ថិតស្ថេររហូតតរៀងទៅនៅស្ថានបរមសុខ។ |
| ៩០ | ព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គ នៅស្ថិតស្ថេរអស់កល្បជាអង្វែងតរៀងទៅ ព្រះអង្គតែងតាំងផែនដីឱ្យរឹងមាំ ផែនដីក៏នៅស្ថិតស្ថេរដែរ។ |
| ៩១ | អ្វីៗសព្វសារពើ នៅស្ថិតស្ថេររហូតមកដល់សព្វថ្ងៃ តាមការសម្រេចនៃព្រះហឫទ័យរបស់ព្រះអង្គ ដ្បិតអ្វីៗសព្វសារពើសុទ្ធតែក្រោមអំណាចរបស់ព្រះអង្គ។ |
| ៩២ | ប្រសិនបើទូលបង្គំមិនពេញចិត្តនឹងធម្មវិន័យរបស់ព្រះអង្គទេ ទូលបង្គំមុខជារងទុក្ខវេទនា ហើយវិនាសអន្តរាយជាមិនខាន។ |
| ៩៣ | ទូលបង្គំនឹងមិនភ្លេចច្បាប់របស់ព្រះអង្គឡើយ ដ្បិតដោយសារច្បាប់ទាំងនេះ ព្រះអង្គធ្វើឱ្យទូលបង្គំមានជីវិតឡើងវិញ។ |
| ៩៤ | ទូលបង្គំនៅក្រោមឱវាទរបស់ព្រះអង្គហើយ សូមសង្គ្រោះទូលបង្គំផង! ដ្បិតទូលបង្គំយកចិត្តទុកដាក់ស្វែងរកច្បាប់របស់ព្រះអង្គ។ |
| ៩៥ | មនុស្សអាក្រក់រង់ចាំប្រហារជីវិតទូលបង្គំ តែទូលបង្គំនៅតែចាប់ចិត្តនឹងដំបូន្មានរបស់ព្រះអង្គ។ |
| ៩៦ | ទូលបង្គំឃើញថា សូម្បីអ្វីៗដែលល្អឥតខ្ចោះ ក៏នឹងមានទីបញ្ចប់ដែរ ប៉ុន្តែ វិន័យរបស់ព្រះអង្គទូលំទូលាយឥតមានព្រំដែនឡើយ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ទំនុកតម្កើងលេខ ៧១
ឱព្រះជាអម្ចាស់អើយ ! ព្រះអង្គជាទីសង្ឃឹមរបស់ទូលបង្គំតាំងពីក្មេងមក !
ចូរសប្បាយរីករាយដោយចិត្តសង្ឃឹម។ ចូរកាន់ចិត្តអត់ធ្មត់ក្នុងពេលមានទុក្ខលំបាក។ ចូរព្យាយាមអធិស្ឋាន (រ៉ូម ១២,១២)។
(ក)
(បទពាក្យ ៧)
| ១- | បពិត្រព្រះម្ចាស់ខ្ញុំសូមជ្រក | ក្រោមម្លប់ជម្រកនៃព្រះអង្គ | |
| កុំឱ្យរូបខ្ញុំត្រូវបាត់បង់ | ទាំងកិត្តិយសផងអាប់អាសារ | ។ | |
| ២- | ដោយព្រះអង្គមានព្រះហឫទ័យ | សុចរិតប្រពៃសូមមេត្តា | |
| ផ្ទៀងព្រះកាណ៌ស្តាប់ខ្ញុំវាចា | សង្គ្រោះជីវ៉ាឱ្យបានរស់ | ។ | |
| ៣- | សូមព្រះអង្គទៅជាថ្មដា | លាក់ពួនអាត្មាខ្ញុំផុតគ្រោះ | |
| ទ្រង់សព្វព្រះទ័យប្រណីប្រោស | ជីវិតខ្ញុំរស់បានសុខសាន្ត | ។ | |
| ៤- | ឱព្រះជាម្ចាស់សូមរំដោះ | ខ្ញុំពីឃ្នាងខ្នោះពួកតិរច្ឆាន | |
| រួចផុតពីដៃជនសាមាន្យ | មនុស្សទាំងប៉ុន្មានប៉ងយាយី | ។ | |
| ៥- | បពិត្រព្រះជាអម្ចាស់អើយ | ទូលបង្គំនេះហើយផ្ញើជីវី | |
| ជីវិតលើទ្រង់គ្រប់នាទី | សង្ឃឹមតាំងពីនៅក្មេងវ័យ | ។ | |
| ៦- | ទូលបង្គំពឹងផ្អែកលើព្រះអង្គ | តាំងពីនៅក្នុងផ្ទៃម្តាយថ្លៃ | |
| ព្រះអង្គតែមួយសព្វព្រះទ័យ | ដុសខាត់កែច្នៃខ្ញុំឥតឈប់ | ។ | |
| ៧- | មនុស្សម្នាជាច្រើនចេះតែនឹក | ឆ្ងល់ខ្ញុំល្ងាចព្រឹកទាំងថ្ងៃយប់ | |
| តាមពិតខ្ញុំមានព្រះជាម្លប់ | ជីវិតខ្ញុំស្ងប់រៀងរហូត | ។ | |
| ៨- | ទូលបង្គំតែងពោលពាក្យសរសើរ | ព្រះគ្មានអ្វីស្មើខ្ពស់បំផុត | |
| តម្កើងសិរីទ្រង់រហូត | ព្រះតែមួយគត់ទាំងយប់ថ្ងៃ | ។ | |
| ៩- | ឥឡូវនេះខ្ញុំចាស់ជរា | ទ្រុឌទ្រោមគ្រាំគ្រាកម្លាំងថយ | |
| មេត្តាកុំបោះបង់ខ្ញុំឡើយ | កុំទុកខ្ញុំឱ្យនៅឯកា | ។ | |
| ១០- | ដ្បិតខ្មាំងសត្រូវរបស់ខ្ញុំ | គេនៅជួបជុំពោលមុសា | |
| អស់អ្នកដែលឃ្លាំចាំប្រហារ | គេពិភាក្សាយោបល់គ្នា | ។ | |
| ១១- | គេថាព្រះម្ចាស់លែងអើពើ | លែងការពារមើលថែគាំពារ | |
| ចូរដេញតាមចាប់គាត់គ្រប់គ្នា | ព្រោះគ្មាននរណាជួយគាត់បាន | ។ | |
| ១២- | ឱព្រះជាម្ចាស់អើយសូមកុំ | យាងចាកចោលខ្ញុំចេញចាកស្ថាន | |
| សូមយាងមកជួយកុំបីខាន | ឆាប់ៗនឹងបានខ្ញុំធូរស្បើយ | ។ | |
| ១៣- | សូមឱ្យអស់អ្នកដែលប៉ុនប៉ង | ប្រហារខ្ញុំបង់ត្រូវអន្តរាយ | |
| សាបសូន្យទាំងឈ្មោះបាត់ទាំងកាយ | កិត្តិយសប្រែក្លាយបាត់សូន្យឈឹង | ។ | |
| សូមកោតសរសើរព្រះបិតា | ព្រះបុត្រានិងព្រះវិញ្ញាណ | ||
| ដែលគង់ស្ថិតស្ថេរឥតសៅហ្មង | យូរលង់កន្លងតរៀងទៅ | ។ |
(ខ)
| ១៤ | រីឯទូលបង្គំវិញ ទូលបង្គំនៅតែមានសង្ឃឹមជានិច្ច ទូលបង្គំនឹងសរសើរតម្កើងព្រះអង្គ ហើយសរសើរតម្កើងទៀត! |
| ១៥ | ទូលបង្គំនឹងថ្លែងរៀបរាប់អំពីសេចក្តីសុចរិតរៀងរាល់ថ្ងៃ និងការសង្គ្រោះរបស់ព្រះអង្គដែលមានចំនួនដ៏ច្រើនឥតគណនា។ |
| ១៦ | បពិត្រព្រះជាអម្ចាស់! ដោយសារព្រះអង្គជួយ ទូលបង្គំចូលមកក្នុងព្រះដំណាក់ ទូលបង្គំសូមរំលឹកអំពីសេចក្តីសុចរិតរបស់ព្រះអង្គតែមួយប៉ុណ្ណោះ។ |
| ១៧ | បពិត្រព្រះជាម្ចាស់! ព្រះអង្គបានប្រៀនប្រដៅទូលបង្គំ តាំងពីក្មេងរហូតមកទល់ពេលនេះ ទូលបង្គំនៅតែប្រកាសអំពីស្នាព្រះហស្តដ៏អស្ចារ្យរបស់ព្រះអង្គ។ |
| ១៨ | ឱព្រះជាម្ចាស់អើយ! ឥឡូវនេះទូលបង្គំចាស់ជរាទៅហើយ សូមកុំបោះបង់ចោលទូលបង្គំឡើយ! ដើម្បីឱ្យទូលបង្គំអាចប្រកាសអំពីព្រះចេស្តារបស់ព្រះអង្គ ប្រាប់មនុស្សនៅជំនាន់នេះ និងប្រកាសអំពីឫទ្ធានុភាពរបស់ព្រះអង្គ ប្រាប់មនុស្សទាំងអស់នៅជំនាន់ក្រោយៗដែរ។ |
| ១៩ | បពិត្រព្រះជាម្ចាស់! ព្រះហឫទ័យសុចរិតរបស់ព្រះអង្គខ្ពស់ពន់ពេកណាស់ ដ្បិតព្រះអង្គបានធ្វើការធំដ៏អស្ចារ្យជាច្រើន បពិត្រព្រះជាម្ចាស់! គ្មាននរណាដូចព្រះអង្គឡើយ! |
| ២០ | ព្រះអង្គបានធ្វើឱ្យទូលបង្គំជួបអាសន្នអន់ក្រ និងទុក្ខលំបាកជាច្រើនហើយ ព្រះអង្គមុខជានឹងប្រទានឱ្យយើងខ្ញុំមានជីវិតសាជាថ្មី ព្រះអង្គនឹងលើកទូលបង្គំឱ្យឡើងពីរណ្តៅមកវិញ។ |
| ២១ | ព្រះអង្គនឹងប្រទានឱ្យទូលបង្គំមានកិត្តិយសកាន់តែខ្ពស់ឡើង ព្រះអង្គនឹងសម្រាលទុក្ខទូលបង្គំសាជាថ្មី។ |
| ២២ | បពិត្រព្រះនៃទូលបង្គំ! ទូលបង្គំនឹងសរសើរតម្កើងព្រះអង្គ ដោយសំឡេងចាប៉ី ទូលបង្គំនឹងលើកតម្កើងព្រះហឫទ័យដ៏ស្មោះស្ម័គ្ររបស់ព្រះអង្គ។ បពិត្រព្រះដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែល! ទូលបង្គំនឹងដេញពិណថ្វាយព្រះអង្គផង! |
| ២៣ | ទូលបង្គំនឹងដេញភ្លេងថ្វាយព្រះអង្គ ទូលបង្គំនឹងបន្លឺសំឡេងឡើងដោយអំណរ ព្រោះព្រះអង្គបានរំដោះជីវិតទូលបង្គំ។ |
| ២៤ | ទូលបង្គំនឹងថ្លែងអំពីសេចក្តីសុចរិតរបស់ព្រះអង្គជារៀងរាល់ថ្ងៃ ដ្បិតអស់អ្នកដែលប៉ងប្រាថ្នាឱ្យទូលបង្គំវេទនា ត្រូវអាប់អោន និងអាម៉ាស់មុខ! |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ពេលព្រឹក (ម៉ោង៩)
បន្ទរ៖ ពេលវេលានៃការប្រែចិត្តគំនិត ពេលវេលាដែលត្រូវលះបង់អំពើបាបចោល ហើយស្វែងរកការសង្រ្គោះ បានមកដល់ហើយ។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (ប្រាញ ១១,២៣-២៤ក)
ព្រះអង្គអាណិតអាសូរមនុស្សទាំងអស់ ព្រោះព្រះអង្គមានឫទ្ធានុភាពអាចសម្រេចកិច្ចការទាំងអស់ ព្រះអង្គមិនប្រកាន់មនុស្សដែលប្រព្រឹត្តអំពើបាបទេ ដើម្បីឲ្យគេកែប្រែចិត្តគំនិត។ ព្រះអង្គស្រឡាញ់សត្វលោកទាំងអស់ មិនស្អប់ខ្ពើមសត្វលោកណាមួយ ដែលព្រះអង្គបានបង្កើតសោះឡើយ។
—សូមប្រទានចិត្តគំនិតថ្មីដ៏រឹងប៉ឹងមកទូលបង្គំផង។
ពេលថ្ងៃត្រង់ (ម៉ោង១២)
បន្ទរ៖ យើងជាព្រះដែលមានព្រះជន្មគង់នៅ ! យើងមិនសព្វព្រះហឫទ័យនឹងឱ្យមនុស្សអាក្រក់ស្លាប់ទេ ចូរវិលមករកយើងវិញ ដើម្បីឱ្យបានរស់រានមានជីវិត។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (អគ ១៨,២៣)
តើអ្នករាល់គ្នាស្មានថា យើងចង់ឃើញមនុស្សទុច្ចរិតស្លាប់ឬ? ទេ! ផ្ទុយទៅវិញ យើងចង់ឃើញគេលះបង់មារយាទអាក្រក់របស់ខ្លួន ដើម្បីឲ្យរស់រានមានជីវិត -នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។
—តែសូមលុបបំបាត់កំហុសទាំងប៉ុន្មានរបស់ទូលបង្គំទៅ។
ពេលរសៀល (ម៉ោង ៣)
បន្ទរ៖ ចូរប្រដាប់ភាពយុត្តិធម៌ និងឫទ្ធានុភាពរបស់ព្រះជាម្ចាស់ ដើម្បីឱ្យយើងចេះអត់ធ្មត់ និងស៊ូទ្រាំ។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (អស ៥៨,៧)
ត្រូវចែកអាហារឲ្យអ្នកស្រេកឃ្លាន ត្រូវទទួលជនក្រីក្រ ដែលគ្មានទីជម្រកឲ្យស្នាក់នៅជាមួយ។ បើឃើញនរណាម្នាក់គ្មានសម្លៀកបំពាក់ ត្រូវចែកឲ្យគ្នាស្លៀកពាក់ផង ហើយមិនត្រូវគេចខ្លួនពីបងប្អូនណា ដែលមកពឹងពាក់អ្នកឡើយ។
—ព្រះអង្គតែងតែទទួលចិត្តសោកស្តាយ និងចិត្តលែងមានអំនួត។
ពាក្យអធិដ្ឋាន
ឱព្រះអម្ចាស់អើយ ! ប្រសិនបើព្រះអង្គមិនជួយការពារទេនោះ ព្រះសហគមន៍គ្មានសេចក្តីសុខសាន្តឡើយ។ សូមព្រះអង្គមេត្តាសម្តែងធម៌មេត្តាករុណារបស់ព្រះអង្គចំពោះយើងខ្ញុំ ដោយជម្រះឲ្យយើងខ្ញុំបានស្អាតបរិសុទ្ធ ព្រមទាំងថែរក្សា និងណែនាំព្រះសហគមន៍របស់ព្រះអង្គគ្រប់ពេលវេលា។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
-សូមកោតសរសើរព្រះអម្ចាស់!
-សូមអរព្រះគុណព្រះជាម្ចាស់!