០៩ មករា ២០២៦

Written on 18/10/2026
Mary Siya Khim

ថ្ងៃសុក្រ ក្រោយបុណ្យព្រះយេស៊ូសម្តែងព្រះអង្គ

(ពេលថ្ងៃ)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

បទចម្រៀងចូល

ទំនុកតម្កើងលេខ ១១៩,៧៣-៨០

សូមព្រះអង្គបំភ្លឺខ្ញុំ

ពេលព្រឹក (ម៉ោង៩)

បន្ទរ៖ នេះ​ហើយ​ជា​គម្រោង‌ការ​ដ៏​លាក់​កំបាំង​ ដែល​ព្រះ‌ជាម្ចាស់​បាន​លាក់​ទុក តាំង​ពី​យូរ​អង្វែង​ត​រៀង​មក មិន​ឲ្យ​មនុស្ស​ជំនាន់​មុនៗ​ស្គាល់​ឡើយ
តែ​ឥឡូវ​នេះ ព្រះ‌អង្គ​បាន​បង្ហាញ​ឲ្យ​ប្រជាជន​ដ៏‌វិសុទ្ធរបស់​ព្រះ‌អង្គ​ស្គាល់។

ពេលថ្ងៃត្រង់ (ម៉ោង១២)

បន្ទរ៖ ព្រះគ្រីស្តយេស៊ូបានយាងមកនាំដំណឹងល្អ អំពីសេចក្តីសុខសាន្តទៅដល់អស់អ្នកដែលនៅឆ្ងាយ និងអស់អ្នកដែលនៅជិត។

ពេលរសៀល (ម៉ោង៣)

បន្ទរ៖ យើងបានតែងតាំង​អ្នក ឲ្យ​ធ្វើ​ជា​ពន្លឺសម្រាប់​បំភ្លឺ​ប្រជាជាតិ​នានា ហើយ​នាំ​ការ​សង្គ្រោះ​របស់​យើង រហូត​ដល់​ស្រុក​ដាច់​ស្រយាល​នៃ​ផែន‌ដី។

៧៣ ព្រះអង្គបានបង្កើតទូលបង្គំមក ហើយប្រទានឱ្យទូលបង្គំបានរឹងប៉ឹងឡើង
សូមប្រទានឱ្យទូលបង្គំមានប្រាជ្ញា ដើម្បីស្វែងយល់វិន័យរបស់ព្រះអង្គ។
៧៤
ពេលអស់អ្នកគោរពកោតខ្លាចព្រះអង្គឃើញទូលបង្គំ គេនឹងមានអំណរ
ដ្បិតទូលបង្គំផ្ញើជីវិតលើព្រះបន្ទូលរបស់ព្រះអង្គ។
៧៥
បពិត្រព្រះអម្ចាស់! ទូលបង្គំដឹងថា
ការអ្វីដែលព្រះអង្គបានសម្រេច សុទ្ធតែសុចរិតទាំងអស់
ព្រះអង្គដាក់ទោសទូលបង្គំក៏ត្រឹមត្រូវដែរ។
៧៦
សូមសម្រាលទុក្ខទូលបង្គំ ដោយសារព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គ
តាមព្រះបន្ទូលសន្យាជាមួយទូលបង្គំ ដែលជាអ្នកបម្រើរបស់ព្រះអង្គ។
៧៧
សូមសម្តែងព្រះហឫទ័យមេត្តាករុណាមកលើទូលបង្គំ ដើម្បីឱ្យទូលបង្គំរស់រានមានជីវិតផង
ដ្បិតទូលបង្គំពេញចិត្តនឹងធម្មវិន័យរបស់ព្រះអង្គខ្លាំងណាស់។
៧៨
សូមឱ្យមនុស្សអួតបំប៉ោងត្រូវអាម៉ាស់ ដ្បិតពួកគេនិយាយមួលបង្កាច់ទូលបង្គំ
រីឯទូលបង្គំវិញ ទូលបង្គំសញ្ជឹងគិតពីច្បាប់របស់ព្រះអង្គ។
៧៩
សូមឱ្យអស់អ្នកដែលគោរពកោតខ្លាចព្រះអង្គ នាំគ្នាមករកទូលបង្គំ
ដើម្បីឱ្យបានស្គាល់ដំបូន្មានរបស់ព្រះអង្គ។
៨០
សូមជួយទូលបង្គំឱ្យប្រព្រឹត្តតាមក្រិត្យវិន័យរបស់ព្រះអង្គ ឱ្យបានឥតខ្ចោះ
កុំឱ្យទូលបង្គំត្រូវអាម៉ាស់ឡើយ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

ទំនុកតម្កើងលេខ ៥៩,២-៥.១០-១១.១៧-១៨

សូម​រំដោះ​ទូល‌បង្គំ​ឱ្យរួច​ពី​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ!

ព្រះបន្ទូលនៃការសង្រ្គោះទាំងនេះ បានបង្រៀនយើងពីការលះបង់ ដែលយើងគួរមានទៅព្រះបិតា (Eusebius of Caesarea)។

(បទកាកគតិ)

២- ឱព្រះម្ចាស់អើយ សូមកុំកន្តើយ ជួយរំដោះខ្ញុំ
  ឱ្យរួចពីខ្មាំង សត្រូវតូចធំ វាមានគំនុំ
    ចង់ចាប់ធ្វើបាប
៣- សូមជួយរំដោះ ជីវិតឱ្យរស់ ជារៀងដរាប
  ផុតពីពួកពាល ពីអ្នកសាងបាប អាក្រក់ឆ្អេះឆ្អាប
    ពួកមនុស្សស្រេកឈាម
៤- ឱព្រះអម្ចាស់ ទោះខ្ញុំពុំខុស ក៏គេព្យាយាម
  ចាំស្ទាក់ប្រហារ ជីវិតខ្ញុំភ្លាម ពួកគេព្យាយាម
    ប្រឆាំងជានិច្ច
៥- ទោះខ្ញុំមិនខុស ក៏ពួកទាំងនោះ នៅតែមានល្បិច
  ពួនចាំស្ទាក់ចាប់ រូបខ្ញុំមិនភ្លេច សូមកុំកែគេច
    បែរភក្ត្រមើលផង
១០- ទូលបង្គំខំប្រឹង មើលទៅព្រះអង្គ មិនឱ្យខានខក
  ទ្រង់ជាកម្លាំង កំពែងជម្រក មិនឱ្យខ្មាំងមក
    ពាធាបំភ័យ
១១- ព្រះរបស់ខ្ញុំ ហឫទ័យទូលំ ទូលាយឥតបី
  មេត្តាករុណា សន្តោសប្រណី ឱ្យខ្ញុំសប្បាយ
    ដោយខ្មាំងចាញ់ដៃ
១៧- រីឯខ្ញុំវិញ ក្នុងចិត្តពោរពេញ សរសើរមិនឈប់
  ច្រៀងលើកតម្កើង ព្រះម្ចាស់ជាម្លប់ ថ្លែងមិនឈរឈប់
    ហឫទ័យមេត្តា
  ពេលព្រឹកព្រលឹម ថ្លែងទាំងញញឹម ពីក្តីករុណា
  របស់ព្រះអង្គ ជាកំពែងការ ជួយខ្ញុំនេះណា
    ពេលអាសន្នភ័យ
១៨- បពិត្រព្រះម្ចាស់ ព្រះអង្គជាព្រះ មានឫទ្ធិបារមី
  ទូលបង្គំនឹងស្មូត បទតម្កើងថ្វាយ ព្រះអង្គនេះហើយ
    ជាកំពែងមាំ
  សូមកោតសរសើរ ដល់ព្រះបិតា ព្រះរាជ្យបុត្រា
  និងព្រះវិញ្ញាណ ជាព្រះត្រៃអង្គ ថ្កើងថ្កើនឥតហ្មង
    ដែលគង់ជានិច្ច

ទំនុកតម្កើងលេខ ៦០

ពាក្យអធិដ្ឋានក្រោយពេលមានមហន្តរាយ

“អ្នករាល់គ្នាជួបទុក្ខវេទនាក្នុងលោក ប៉ុន្តែ ចូរមានសង្ឃឹមឡើង ! ខ្ញុំបានឈ្នះលោកនេះហើយ” (យហ ១៦,៣៣)។

ឱព្រះអម្ចាស់អើយ! ព្រះអង្គបោះបង់ចោលយើងខ្ញុំហើយ ព្រះអង្គធ្វើឱ្យយើងខ្ញុំបាក់ទ័ព
ទោះបីជាព្រះអង្គព្រះពិរោធនឹងយើងខ្ញុំក៏ដោយ សូមស្រោចស្រង់យើងខ្ញុំឡើងវិញផង។

ព្រះអង្គបានធ្វើឱ្យផែនដីរញ្ជួយ និងប្រេះចេញពីគ្នា
ឥឡូវនេះ សូមព្រះអង្គភ្ជិតដីនេះ ឱ្យបានជិតគ្នាឡើងវិញផង ព្រោះផែនដីកំពុងរង្គើ។

ព្រះអង្គធ្វើឱ្យប្រជារាស្ត្ររបស់ព្រះអង្គ ជួបនឹងទុក្ខវេទនាដ៏សែនពិបាក
ព្រះអង្គដាក់ទោសយើងខ្ញុំស្ទើរតែវង្វេងស្មារតី។

ព្រះអង្គប្រទានទង់ជ័យជាសញ្ញា ឱ្យអស់អ្នកដែលគោរពកោតខ្លាចព្រះអង្គ អាចគេចផុតពីបរាជ័យ។

សូមយាងមកសង្គ្រោះយើងខ្ញុំ ដោយឫទ្ធិបារមីរបស់ព្រះអង្គ
សូមឆ្លើយតបនឹងយើងខ្ញុំផង! ដើម្បីឱ្យប្រជារាស្ត្រជាទីស្រឡាញ់របស់ព្រះអង្គបានរួចជីវិត។

ព្រះជាម្ចាស់មានព្រះបន្ទូលពីទីសក្ការៈរបស់ព្រះអង្គមកថា ៖
“យើងនឹងយកជ័យជម្នះ យើងនឹងបំបែកស្រុកស៊ីគែម
យើងនឹងវាស់ជ្រលងភ្នំស៊ូកូត ចែកដល់ប្រជារាស្ត្ររបស់យើង។

ស្រុកកាឡាតជាទឹកដីរបស់យើង ហើយស្រុកម៉ាណាសេក៏ជាទឹកដីរបស់យើងដែរ
ស្រុកអេប្រាអ៊ីមប្រៀបដូចជាមួកដែករបស់យើង ហើយស្រុកយូដាជាដំបងរាជ្យរបស់យើង។
១០
ទឹកដីម៉ូអាប់ជាកន្លែងដែលយើងលាងជើង
យើងបោះស្បែកជើងយើងនៅទឹកដីអេដុម យកស្រុកនេះធ្វើជាកម្មសិទ្ធិហើយ។
យើងនឹងស្រែកជយោ ក្រោយពីបានឈ្នះស្រុកភីលីស្ទីន!”។
១១
តើនរណានាំខ្ញុំចូលទៅក្នុងទីក្រុងដ៏មាំមួនបាន?
តើនរណានាំខ្ញុំចូលទៅស្រុកអេដុម?
១២
ឱព្រះជាម្ចាស់អើយ! មានតែព្រះអង្គទេដែលអាចនាំយើងខ្ញុំបាន!
ក៏ប៉ុន្តែ ព្រះអង្គបានបោះបង់ចោលយើងខ្ញុំ
ព្រះអង្គឈប់យាងទៅជាមួយកងទ័ពយើងខ្ញុំទៀតហើយ។
១៣
សូមយាងមកជួយយើងខ្ញុំឱ្យប្រឆាំងតទល់នឹងពួកសត្រូវផង
ដ្បិតការសង្គ្រោះមកពីមនុស្សលោកឥតបានការអ្វីសោះ។
១៤
បើព្រះជាម្ចាស់គង់នៅជាមួយយើងខ្ញុំ នោះយើងខ្ញុំនឹងមានជ័យជម្នះ
ព្រះអង្គនឹងបង្ក្រាបបច្ចាមិត្តរបស់យើងខ្ញុំឱ្យរាប។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

ពេលព្រឹក (ម៉ោង៩)

បន្ទរ៖ នេះ​ហើយ​ជា​គម្រោង‌ការ​ដ៏​លាក់​កំបាំង​ ដែល​ព្រះ‌ជាម្ចាស់​បាន​លាក់​ទុក តាំង​ពី​យូរ​អង្វែង​ត​រៀង​មក មិន​ឲ្យ​មនុស្ស​ជំនាន់​មុនៗ​ស្គាល់​ឡើយ
តែ​ឥឡូវ​នេះ ព្រះ‌អង្គ​បាន​បង្ហាញ​ឲ្យ​ប្រជាជន​ដ៏‌វិសុទ្ធរបស់​ព្រះ‌អង្គ​ស្គាល់។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (យរ ៣១,៧-៨)

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ហ៊ោ​កញ្ជ្រៀវ​អបអរ‌សាទរ​កូន​ចៅ​យ៉ាកុប! ចូរ​ទទួល​ប្រជាជន​ដែល​ជា​មេ​ដឹក​នាំនៃ​ប្រជា‌ជាតិ​ទាំង‌ឡាយឱ្យ​បាន​គគ្រឹក‌គគ្រេង​ឡើង! ចូរ​បន្លឺសំឡេង ចូរ​លើក​តម្កើង​ព្រះ‌អម្ចាស់! ហើយ​ពោល​ថា: “ព្រះ‌អម្ចាស់​អើយ! សូម​សង្គ្រោះ​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ គឺ​ជន​ជាតិ​អ៊ីស្រា‌អែល​ដែល​នៅ​សេស‌សល់”។ យើង​នឹង​នាំ​ពួក​គេ​មក​ពី​ស្រុក​ខាង​ជើង ហើយ​ក៏​ប្រមូល​ពួក​គេ​ពី​ទី​ដាច់​ស្រយាលនៃ​ផែន‌ដី​មក​វិញ​ដែរ។ ពួក​គេ​មក​ទាំង​អស់​គ្នា គឺ​មាន​ទាំង​មនុស្ស​ខ្វាក់ មនុស្ស​ខ្វិន ស្ត្រីមាន​ផ្ទៃ​ពោះ និង​ស្ត្រីទើប​សម្រាល​កូន។ ពួក​គេ​វិល​ត្រឡប់​មក​វិញ​យ៉ាង​ច្រើន​ឥត​គណនា។
 
បន្ទរ៖ ព្រះអង្គបានទតមកផែនដី។
—ព្រះអង្គជាបុរសម្នាក់ក្នុងចំណោមបុរសទាំងឡាយ។

ពេលថ្ងៃត្រង់ (ម៉ោង១២)

បន្ទរ៖ ព្រះគ្រីស្តយេស៊ូបានយាងមកនាំដំណឹងល្អ អំពីសេចក្តីសុខសាន្តទៅដល់អស់អ្នកដែលនៅឆ្ងាយ និងអស់អ្នកដែលនៅជិត។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (យរ ៣១,១១-១២)

ព្រះ‌អម្ចាស់​រំដោះ​កូន​ចៅ​របស់​លោក​យ៉ាកុប ព្រះ‌អង្គ​លោះ​ពួក​គេ​ឱ្យ​រួច​ពី​ខ្មាំងដែល​មាន​កម្លាំង​ខ្លាំង​ជាង​ពួក​គេ។ ពួក​គេ​ត្រឡប់​មក​វិញទាំង​ស្រែក​ហ៊ោ​ដោយ​អំណរ នៅ​លើ​ភ្នំ​ស៊ីយ៉ូន ពួក​គេ​នាំ​គ្នា​រត់​ទៅ​ទទួល​ទ្រព្យ‌សម្បត្តិដែល​ព្រះ‌អម្ចាស់​ប្រទាន​ឱ្យ គឺ​មាន​ស្រូវ ស្រា​ទំពាំង‌បាយ‌ជូរ​ថ្មី ប្រេង ហ្វូង​ចៀម និង​ហ្វូង​គោ។ ចិត្ត​របស់​ពួក​គេ​ប្រៀប​ដូច​សួន​ឧទ្យានដែល​មាន​ទឹក​ស្រោច​ស្រព ពួក​គេ​នឹង​លែង​ខ្សោះ​ល្វើយ​ទៀត​ហើយ។
 
បន្ទរ៖ ប្រជាជាតិទាំងអស់នឹងឃើញសិរីរុងរឿងនៃព្រះដ៏វិសុទ្ធរបស់អ្នករាល់គ្នា។
—ហើយស្តេចទាំងឡាយនៅលើផែនដីនឹងទទួលស្គាល់ព្រះចេស្តារបស់ព្រះអង្គ។

ពេលរសៀល (ម៉ោង៣)

បន្ទរ៖ យើងបានតែងតាំង​អ្នក ឲ្យ​ធ្វើ​ជា​ពន្លឺសម្រាប់​បំភ្លឺ​ប្រជាជាតិ​នានា ហើយ​នាំ​ការ​សង្គ្រោះ​របស់​យើង រហូត​ដល់​ស្រុក​ដាច់​ស្រយាល​នៃ​ផែន‌ដី។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (សក ៨,៧-៨)

ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា: យើង​នឹង​សង្គ្រោះ​ប្រជា‌រាស្ដ្រ​របស់​យើង​ដែល​នៅ​ស្រុក​ខាង​កើត និង​ស្រុក​ខាង​លិច។ យើង​នឹង​នាំ​ពួក​គេ​មក​រស់​នៅ​ក្នុង​ក្រុង​យេរូ‌សាឡឹម​វិញ ពួក​គេ​នឹង​ទៅ​ជា​ប្រជារាស្ដ្រ របស់​យើង ហើយ​យើង​ជា​ព្រះ​របស់​ពួក​គេ​ប្រកប​ដោយ​សេចក្ដីស្មោះ‌ត្រង់ និង​សេចក្ដីសុចរិត។
 
បន្ទរ៖ ប្រជាជនទាំងឡាយអើយ! ចូរសរសើរតម្កើងព្រះជាម្ចាស់នៃយើង។
—ចូរច្រៀងសរសើរតម្កើងសិរីរុងរឿងនៃព្រះនាមព្រះអង្គ។

ពាក្យអធិដ្ឋាន

បពិត្រព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ! ព្រះអង្គសព្វព្រះហឫទ័យបង្ហាញឲ្យមនុស្សលោកដឹងថា ព្រះសង្រ្គោះបានប្រសូតមកហើយ ព្រះអង្គកំពុងបំពេញកិច្ចការក្នុងពិភពលោកសព្វថៃ្ងនេះ។ សូមព្រះអង្គមេត្តាបំភ្លឺចិត្តគំនិតរបស់យើងខ្ញុំ ឲ្យយល់ពីសញ្ញាសម្គាល់នៃព្រះរាជ្យរបស់ព្រះអង្គ។

យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

-សូមកោតសរសើរព្រះអម្ចាស់!
-សូមអរព្រះគុណព្រះជាម្ចាស់!