រដូវរង់ចាំ សប្ដាហ៍ទី៤ ថ្ងៃអង្គារ
(ពេលថ្ងៃ)
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
ទំនុកតម្កើងលេខ ១១៩,១៣៧-១៤៤
ធម្មវិន័យរបស់ព្រះអង្គជាសេចក្តីសុចរិត
ពេលព្រឹក (ម៉ោង៩)
បន្ទរ៖ អស់លោកព្យាការីបានថ្លែងទុកមកថា៖ ព្រះសង្គ្រោះនឹងប្រសូតចេញពីព្រះនាងព្រហ្មចារិនីម៉ារី។
ពេលថ្ងៃត្រង់ (ម៉ោង១២)
បន្ទរ៖ ទេវទូតកាព្រីអែលពោលទៅកាន់នាងម៉ារីថា៖ «ចូរមានអំណរសប្បាយឡើង! ព្រះអម្ចាស់គាប់ព្រះហឫទ័យនឹងនាងហើយ
ព្រះអង្គគង់នៅជាមួយនាង ព្រះអង្គបានប្រទានពរដល់នាងលើសស្ត្រីទាំងឡាយ»។
ពេលរសៀល (ម៉ោង៣)
បន្ទរ៖ ពេលឮពាក្យនេះ នាងម៉ារីរន្ធត់យ៉ាងខ្លាំង នាងរិះគិតក្នុងចិត្តថា “តើពាក្យជម្រាបសួរនេះមានន័យដូចម្ដេច” ?
នាងពោលថា៖ “ខ្ញុំនឹងសម្រាលបានព្រះមហាក្សត្រមួយអង្គ ហើយនៅតែជាព្រហ្មចារីនីដដែល” ។
| ១៣៧ | បពិត្រព្រះអម្ចាស់! ព្រះអង្គពិតជាសុចរិតមែន សេចក្តីដែលព្រះអង្គសម្រេចសុទ្ធតែត្រឹមត្រូវ! |
| ១៣៨ | ព្រះអង្គប្រទានដំបូន្មានមកដោយសុចរិត និងត្រឹមត្រូវបំផុត។ |
| ១៣៩ | ទូលបង្គំក្តៅក្រហាយយ៉ាងខ្លាំង ដោយឃើញបច្ចាមិត្តរបស់ទូលបង្គំបំភ្លេចព្រះបន្ទូលរបស់ព្រះអង្គ។ |
| ១៤០ | ព្រះបន្ទូលសន្យារបស់ព្រះអង្គជាក់ស្តែងហើយ ទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គស្រឡាញ់ព្រះបន្ទូលនេះខ្លាំងណាស់។ |
| ១៤១ | ទូលបង្គំជាមនុស្សតូចតាច ហើយត្រូវគេមើលងាយទៀតផង ប៉ុន្តែ ទូលបង្គំមិនភ្លេចច្បាប់របស់ព្រះអង្គឡើយ។ |
| ១៤២ | សេចក្តីសុចរិតរបស់ព្រះអង្គនៅស្ថិតស្ថេរអស់កល្បជានិច្ច ហើយធម្មវិន័យរបស់ព្រះអង្គជាសេចក្តីពិត។ |
| ១៤៣ | ទូលបង្គំកើតទុក្ខអន្ទះអន្ទែងតប់ប្រមល់ជាខ្លាំង តែវិន័យរបស់ព្រះអង្គធ្វើឱ្យទូលបង្គំមានអំណរ។ |
| ១៤៤ | ដំបូន្មានរបស់ព្រះអង្គសុចរិតអស់កល្បជានិច្ច សូមប្រទានឱ្យទូលបង្គំចេះរិះគិតពិចារណា ដើម្បីឱ្យទូលបង្គំមានជីវិត! |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ទំនុកតម្កើងលេខ ៨៨
ពាក្យអធិដ្ឋានរបស់មនុស្សដែលមានជំងឺធ្ងន់ធ្ងរ
“ឥឡូវនេះ ជាពេលរបស់អស់លោកហើយ
គឺជាពេលដែលម្ចាស់នៃសេចក្តីងងឹតបញ្ចោញអំណាច” (លក ២២,៥៣)។
(ក)
(បទព្រហ្មគីតិ)
| ២- | បពិត្រព្រះអម្ចាស់ | ទ្រង់ជាព្រះសង្គ្រោះខ្ញុំ | |
| ថ្ងៃយប់ខ្ញុំស្រែកយំ | អង្វរសុំក្តីមេត្តា | ។ | |
| ៣- | សូមឱ្យពាក្យអង្វរ | ខ្ញុំឮខ្ទ័រដល់សោតា | |
| សូមទ្រង់ផ្ទៀងព្រះកាណ៌ | ស្តាប់ផងណាសូរសម្រែក | ។ | |
| ៤- | ព្រោះដ្បិតទូលបង្គំ | មានទុក្ខធំខ្លាំងអនេក | |
| ខ្លោចផ្សារជាពន់ពេក | ក្តីស្លាប់ស្រែកហៅកៀកកិត | ។ | |
| ៥- | គេចាត់ទុករូបខ្ញុំ | ក្នុងចំណោមអ្នកដែលជិត | |
| ហៀបនឹងអស់ជីវិត | ឬនៅជិតអ្នកដែលស្លាប់ | ។ | |
| ៦- | ខ្លួនខ្ញុំដេកស្តូកស្តឹង | គ្មានទីពឹងសែនអួរអាប់ | |
| បីដូចមនុស្សស្លាប់ | ទ្រង់លែងរាប់រកនឹកនា | ។ | |
| ៧- | ព្រះអង្គបានបង់បោះ | រូបខ្ញុំរស់នៅកំព្រា | |
| ឱ្យរងទុក្ខវេទនា | សែនរងាក្នុងរណ្តៅ | ។ | |
| ៨- | ព្រះពិរោធព្រះអង្គ | សង្កត់ចងខ្ញុំទុកនៅ | |
| ដូចទឹកបោកសំដៅ | រារាំងផ្លូវទូលបង្គំ | ។ | |
| ៩- | ព្រះអង្គឱ្យអស់អ្នក | ដែលធ្លាប់ស្ម័គ្រស្និទ្ធនឹងខ្ញុំ | |
| ឆ្ងាយពីទូលបង្គំ | ទាំងស្អប់ខ្ពើមថែមទៀតផង | ។ | |
| ១០- | ភ្នែកខ្ញុំប្រែស្រវាំង | វេទនាខ្លាំងពេកកន្លង | |
| ខ្ញុំអង្វរព្រះអង្គ | លើកដៃផងសូមប្រណី | ។ | |
| សិរីរុងរឿងដល់ | ព្រះបិតាព្រះបុត្រា | ||
| និងព្រះវិញ្ញាណផង | ដែលទ្រង់គង់នៅជានិច្ច | ។ |
(ខ)
| ១១ | តើព្រះអង្គធ្លាប់ធ្វើការអស្ចារ្យសម្រាប់មនុស្សស្លាប់ឬ? តើមនុស្សដែលស្លាប់ទៅហើយ អាចក្រោកឡើងសរសើរតម្កើងព្រះអង្គកើតឬ? |
| ១២ | តើអ្នកដែលនៅក្នុងផ្នូរអាចថ្លែងពីព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ ហើយអ្នកដែលវិនាសបាត់បង់ជីវិតទៅហើយនោះ អាចថ្លែងពីព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គកើតឬ? |
| ១៣ | តើអ្នកដែលនៅក្នុងស្ថានងងឹត អាចស្គាល់ស្នាព្រះហស្តដ៏អស្ចារ្យរបស់ព្រះអង្គបានឬ? តើអ្នកដែលមនុស្សម្នាភ្លេចសូន្យទៅហើយនោះ អាចស្គាល់សេចក្តីសុចរិតរបស់ព្រះអង្គដូចម្តេចបាន? |
| ១៤ | ឱព្រះអម្ចាស់អើយ! ទូលបង្គំស្រែកហៅព្រះអង្គ ទូលបង្គំចូលមកអង្វរចំពោះព្រះភក្រ្តព្រះអង្គតាំងពីព្រឹក។ |
| ១៥ | ឱព្រះអម្ចាស់អើយ! ហេតុអ្វីបានជាព្រះអង្គបោះបង់ចោលទូលបង្គំដូច្នេះ? ហេតុអ្វីបានជាព្រះអង្គលាក់ព្រះភក្រ្តពីទូលបង្គំ? |
| ១៦ | ទូលបង្គំលំបាកវេទនាជិតស្លាប់តាំងពីក្មេងមកម្ល៉េះ ព្រះអង្គធ្វើឱ្យទូលបង្គំភ័យតក់ស្លុតអស់សង្ឃឹម។ |
| ១៧ | ព្រះពិរោធដ៏ខ្លាំងក្លារបស់ព្រះអង្គសង្កត់មកលើទូលបង្គំ ព្រះអង្គធ្វើឱ្យទូលបង្គំភ័យតក់ស្លុតបាត់ស្មារតី។ |
| ១៨ | ទុក្ខទោសទាំងនេះប្រៀបបាននឹងមហាសាគរ ដែលនៅឡោមព័ទ្ធទូលបង្គំ ព្រមទាំងគ្របពីលើទូលបង្គំជារៀងរាល់ថ្ងៃ។ |
| ១៩ | ព្រះអង្គបានដេញមិត្តភក្តិ ព្រមទាំងអ្នកជិតស្និតនឹងទូលបង្គំចេញឆ្ងាយពីទូលបង្គំ មានតែភាពងងឹតប៉ុណ្ណោះ ដែលនៅជាមួយទូលបង្គំ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ពេលព្រឹក (ម៉ោង៩)
បន្ទរ៖ អស់លោកព្យាការីបានថ្លែងទុកមកថា៖ ព្រះសង្គ្រោះនឹងប្រសូតចេញពីព្រះនាងព្រហ្មចារិនីម៉ារី។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (មីក ៥,៣-៤)
ពេលថ្ងៃត្រង់ (ម៉ោង១២)
បន្ទរ៖ ទេវទូតកាព្រីអែលពោលទៅកាន់នាងម៉ារីថា៖ «ចូរមានអំណរសប្បាយឡើង! ព្រះអម្ចាស់គាប់ព្រះហឫទ័យនឹងនាងហើយ
ព្រះអង្គគង់នៅជាមួយនាង ព្រះអង្គបានប្រទានពរដល់នាងលើសស្ត្រីទាំងឡាយ»។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (ហក ២,៦.៩)
ពេលរសៀល (ម៉ោង៣)
បន្ទរ៖ ពេលឮពាក្យនេះ នាងម៉ារីរន្ធត់យ៉ាងខ្លាំង នាងរិះគិតក្នុងចិត្តថា “តើពាក្យជម្រាបសួរនេះមានន័យដូចម្ដេច” ?
នាងពោលថា៖ “ខ្ញុំនឹងសម្រាលបានព្រះមហាក្សត្រមួយអង្គ ហើយនៅតែជាព្រហ្មចារីនីដដែល” ។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (មគ ៣,២០)
ពាក្យអធិដ្ឋាន
បពិត្រព្រះយេស៊ូជាអម្ចាស់ ! ព្រះអង្គយាងមកសង្រ្គោះយើងខ្ញុំយ៉ាងប្រញាប់ ដោយមិនបង្អង់ឡើយ។ សូមព្រះអង្គលើកទឹកចិត្តដល់យើងខ្ញុំដែលជឿសង្ឃឹមលើព្រះហឫទ័យស្រឡាញ់របស់ព្រះអង្គ សូមព្រះអង្គពង្រឹងជំនឿ និងសង្គ្រោះយើងខ្ញុំផង។ ព្រះអង្គដែលគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។
-សូមកោតសរសើរព្រះអម្ចាស់ !
-សូមអរព្រះគុណព្រះជាម្ចាស់ !