២២​ ធ្នូ ២០២៥

Written on 05/11/2026
Mary Siya Khim

រដូវរង់ចាំ សប្ដាហ៍ទី៤ ថ្ងៃចន្ទ

(ពេលថ្ងៃ)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)

ទំនុកតម្កើងលេខ ១១៩,១២៩-១៣៦

ការស្មឹងស្មាធិ៍ទៅលើវិន័យរបស់ព្រះជាម្ចាស់

ដូច្នេះ​សេចក្ដី​ស្រឡាញ់​នាំ​ឲ្យ​ប្រតិបត្តិតាម​វិន័យ​បាន​ពេញ​លក្ខណៈ (រ៉ូម ១៣,១០)។

ពេលព្រឹក (ម៉ោង៩)

បន្ទរ៖ អស់លោកព្យាការីបានថ្លែងទុកមកថា៖ ព្រះសង្គ្រោះនឹងប្រសូតចេញពីព្រះនាងព្រហ្មចារិនីម៉ារី។

ពេលថ្ងៃត្រង់ (ម៉ោង១២)

បន្ទរ៖ ទេវទូត​​កាព្រី‌អែលពោល​ទៅ​កាន់​នាង​​ម៉ារីថា៖ «ចូរ​មាន​អំណរ​សប្បាយ​ឡើង! ​ព្រះ‌អម្ចាស់​គាប់​ព្រះ‌ហឫ‌ទ័យ​នឹង​នាង​ហើយ
ព្រះ‌អង្គ​គង់​នៅជា​មួយ​នាង ព្រះអង្គបានប្រទានពរដល់នាងលើសស្ត្រីទាំងឡាយ»។

ពេលរសៀល (ម៉ោង៣)

បន្ទរ៖ ពេលឮពាក្យនេះ នាងម៉ារីរន្ធត់យ៉ាងខ្លាំង នាងរិះ‌គិតក្នុងចិត្តថា “តើពាក្យជម្រាបសួរនេះមានន័យដូចម្ដេច” ?
នាងពោលថា៖ “ខ្ញុំនឹងសម្រាលបានព្រះ‌មហាក្សត្រមួយអង្គ ហើយនៅតែជាព្រហ្មចារីនីដដែល” ។

១២៩ ដំបូន្មានរបស់ព្រះអង្គល្អវិសេសណាស់ ហេតុនេះហើយបានជាទូលបង្គំធ្វើតាម។
១៣០
ការស្វែងយល់ព្រះបន្ទូលរបស់ព្រះអង្គ ធ្វើឱ្យចិត្តមនុស្សភ្លឺស្វាង
ហើយធ្វើឱ្យមនុស្សទន់ទាបចេះរិះគិតពិចារណា។
១៣១
ទូលបង្គំយកចិត្តទុកដាក់ត្រង់ត្រាប់ស្តាប់ព្រះបន្ទូលរបស់ព្រះអង្គ
ដ្បិតទូលបង្គំចង់ស្គាល់វិន័យរបស់ព្រះអង្គខ្លាំងណាស់។
១៣២
សូមបែរព្រះភក្ត្រទតមកទូលបង្គំ សូមប្រណីសន្តោសទូលបង្គំផង
ដូចព្រះអង្គធ្លាប់ប្រណីសន្តោសដល់អស់អ្នកដែលស្រឡាញ់ព្រះនាមរបស់ព្រះអង្គ។
១៣៣
សូមពង្រឹងទូលបង្គំឱ្យបានមាំមួន ដោយសារព្រះបន្ទូលសន្យារបស់ព្រះអង្គ
កុំបណ្តោយឱ្យទូលបង្គំធ្លាក់ទៅក្នុងអំណាចនៃអំពើទុច្ចរិតណាមួយឡើយ!។
១៣៤
សូមរំដោះទូលបង្គំឱ្យរួចផុតពីការជិះជាន់របស់មនុស្ស
ដើម្បីឱ្យទូលបង្គំប្រតិបត្តិតាមច្បាប់របស់ព្រះអង្គ។
១៣៥
សូមសម្តែងព្រះហឫទ័យមេត្តាដល់ទូលបង្គំ ជាអ្នកបម្រើរបស់ព្រះអង្គ
សូមបង្រៀនក្រិត្យវិន័យរបស់ព្រះអង្គឱ្យទូលបង្គំស្គាល់ផង!។
១៣៦
ទូលបង្គំបង្ហូរទឹកភ្នែកឥតស្រាកស្រាន្ត ដោយមិនគោរពតាមធម្មវិន័យរបស់ព្រះអង្គ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

ទំនុកតម្កើងលេខ ៨២

ការថ្កោលទោសចៅក្រមអាក្រក់

សូមបងប្អូនកុំវិនិច្ឆ័យទោសអ្នកណាមុនពេលកំណត់ឡើយ ត្រូវរង់ចាំព្រះអម្ចាស់យាងមកដល់សិន… (១ករ ៤,៥)។

(បទពាក្យ ៧)

១- ព្រះម្ចាស់គង់ក្នុងអង្គប្រជុំ នៃស្ថានបរមសុខពេកក្រៃ  
  ទ្រង់តែងតែយាងមកកាត់ក្តី ក្នុងចំណោមនៃពួកទេវតា
២- ពេលណាទើបអ្នកឈប់កាត់ក្តី ដោយចិត្តអប្រីយ៍ដូច្នេះណា  
  ឱ្យមនុស្សអាក្រក់ចិត្តឫស្យា ឈ្នះគេដល់ទៅពេលណាទៀត
៣- ព្រះម្ចាស់មានព្រះបន្ទូលថា ចូររកយុត្តិធម៌កុំរវាត  
  ឱ្យអ្នកក្រីក្រខ្សត់គ្មានញាតិ កូនកំព្រាអត់មានឪម៉ែ
៤- ចូរកុំនៅស្ងៀមចេញរំដោះ អ្នកទន់ខ្សោយខ្សោះគ្មានអ្នកថែ  
  ឱ្យគ្នារួចខ្លួនបានល្ហើយល្ហែ ជនអាក្រក់តែងតែធ្វើបាប
៥- តែគេមិនដឹងមិនយល់សោះ ចិត្តគេទុយ៌សជាដរាប  
  អំពើយុត្តិធម៌ក៏សូន្យសាប ដែលទុកសម្រាប់គ្រឹះផែនដី
៦- យើងនឹងប្រកាសថាអស់អ្នក រាល់គ្នាពិតជាក់ជាបុត្រី  
  បុត្រារបស់ម្ចាស់ផែនដី ជាព្រះស្កឹមស្កៃដ៏ខ្ពស់ខ្ពង់
៧- តែអ្នកត្រូវស្លាប់ដូចមនុស្សលោក ដែលដួលដេកស្តូកពុំអាចរស់  
  ស្លាប់ដូចជាមនុស្សទូទាំងអស់ ដូចអ្នកធំខ្ពស់បាត់តំណែង
៨- ឱព្រះម្ចាស់អើយសូមតើនឡើង វិនិច្ឆ័យកុំឆ្មើងឫទ្ធិគួរស្ញែង  
  ដ្បិតមនុស្សគ្រប់ជាតិទាំងនោះឯង ជារាស្ត្រឥតក្លែងនៃព្រះអង្គ
  សូមកោតសរសើរព្រះបិតា ព្រះបុត្រានិងព្រះវិញ្ញាណ  
  ដែលគង់ស្ថិតស្ថេរឥតសៅហ្មង យូរលង់កន្លងតរៀងទៅ

ទំនុកតម្កើងលេខ ១២០

ការប្រាថ្នាចង់បានសន្តិភាព

ចូរ​កាន់​ចិត្ត​អត់‌ធ្មត់​ក្នុង​ពេល​មាន​ទុក្ខ​លំបាក។ ចូរ​ព្យាយាម​អធិស្ឋាន (រ៉ូម ១២,១២)។

នៅពេលមានអាសន្ន ខ្ញុំស្រែកហៅព្រះអម្ចាស់។ ព្រះអង្គក៏ឆ្លើយតបមកខ្ញុំវិញ។

ឱព្រះអម្ចាស់អើយ! សូមរំដោះទូលបង្គំ
ឱ្យរួចផុតពីមនុស្សដែលពោលពាក្យកុហក និងបោកបញ្ឆោត!

អ្នកនិយាយបោកបញ្ឆោតដូច្នេះ តើនឹងត្រូវទទួលទោសអ្វីខ្លះ?

គឺត្រូវតែរងនូវព្រួញរបស់អ្នកចំបាំង និងភ្លើងឆេះសន្ធោសន្ធៅប៉ុណ្ណោះ!

ខ្ញុំស្នាក់នៅក្នុងស្រុករបស់មនុស្សកាចសាហាវ
ហើយរស់នៅក្នុងចំណោមមនុស្សព្រៃផ្សៃដូច្នេះ វេទនាណាស់!

ខ្ញុំបានរស់នៅជាមួយអស់អ្នកដែលស្អប់សន្តិភាពជាយូរឆ្នាំកន្លងមកហើយ។

ពេលខ្ញុំនិយាយពីសន្តិភាព ពួកគេបែរជាប្រកាសសង្គ្រាមទៅវិញ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

ពេលព្រឹក (ម៉ោង៩)

បន្ទរ៖ អស់លោកព្យាការីបានថ្លែងទុកមកថា៖ ព្រះសង្គ្រោះនឹងប្រសូតចេញពីព្រះនាងព្រហ្មចារិនីម៉ារី។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (មីក ៥,៣-៤ក)

ស្តេច​នោះ​នឹង​ក្រោក​ឡើង ហើយ​ដឹក​នាំ​ជន​ជាតិ​អ៊ីស្រា‌អែល ដោយ​ព្រះ‌ចេស្ដា​របស់​ព្រះ‌អម្ចាស់ និង​ភាព​ថ្កុំ‌ថ្កើង​នៃ​ព្រះ‌នាម​របស់​ព្រះ‌អម្ចាស់ជា​ព្រះ​របស់​លោក។ អ៊ីស្រា‌អែល​នឹង​រស់​នៅ​ដោយ​សុខ‌សាន្ត ដ្បិត​ចាប់​ពី​ពេល​នេះ​ទៅ ស្តេច​នោះ​មាន​អំណាច​ឧត្តុង្គ‌ឧត្ដមរហូត​ដល់​ទី​ដាច់​ស្រយាល​នៃ​ផែន‌ដី។ ស្តេច​នោះ​ហើយ​ដែល​ផ្តល់​សេចក្ដី​សុខ‌សាន្ត!។

បន្ទរ៖ សូមឲ្យប្រជាជាតិនានាកោតខ្លាចព្រះ‌នាមរបស់ព្រះ‌អម្ចាស់។
—ហើយឲ្យស្តេចទាំងប៉ុន្មាននៅលើផែនដី កោតខ្លាចសិរីរុងរឿងរបស់ព្រះអង្គ!។

ពេលថ្ងៃត្រង់ (ម៉ោង១២)

បន្ទរ៖ ទេវទូត​​កាព្រី‌អែលពោល​ទៅ​កាន់​នាង​​ម៉ារីថា៖ «ចូរ​មាន​អំណរ​សប្បាយ​ឡើង! ​ព្រះ‌អម្ចាស់​គាប់​ព្រះ‌ហឫ‌ទ័យ​នឹង​នាង​ហើយ
ព្រះ‌អង្គ​គង់​នៅជា​មួយ​នាង ព្រះអង្គបានប្រទានពរដល់នាងលើសស្ត្រីទាំងឡាយ»។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (ហក ២,៦.៩ក)

ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា៖ «បន្តិច​ទៀត យើង​នឹង​ធ្វើ​ឲ្យផ្ទៃ​មេឃ និង​ផែន‌ដីព្រម​ទាំង​សមុទ្រ និង​ដី​គោកកក្រើក។ សិរី‌រុង​រឿង​របស់​ដំណាក់​ថ្មី​នេះ​នឹង​ថ្កុំ‌ថ្កើងជាង​សិរី‌រុង​រឿង​របស់​ដំណាក់កាល​ពី​ជំនាន់​មុន​ទៅ​ទៀត។

បន្ទរ៖ ឱព្រះ‌អម្ចាស់អើយ ពេលណាព្រះ‌អង្គគាប់ព្រះ‌ហឫទ័យនឹងប្រជា‌រាស្ដ្ររបស់ព្រះ‌អង្គ សូមនឹកដល់ទូល‌បង្គំផង!។
—ពេលណាព្រះ‌អង្គសង្គ្រោះពួកគេ សូមជួយទូល‌បង្គំ។

ពេលរសៀល (ម៉ោង៣)

បន្ទរ៖ ពេលឮពាក្យនេះ នាងម៉ារីរន្ធត់យ៉ាងខ្លាំង នាងរិះ‌គិតក្នុងចិត្តថា “តើពាក្យជម្រាបសួរនេះមានន័យដូចម្ដេច” ?
នាងពោលថា៖ “ខ្ញុំនឹងសម្រាលបានព្រះ‌មហាក្សត្រមួយអង្គ ហើយនៅតែជាព្រហ្មចារីនីដដែល” ។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (មគ ៣,២០)

រីឯ​អ្នក​រាល់​គ្នា​ដែល​កោត​ខ្លាចនាម​យើង​វិញ ការ​សង្គ្រោះ​របស់​យើង​នឹង​លេច​មក ដូច​ព្រះ‌អាទិត្យ​រះ​លើ​អ្នក​រាល់​គ្នា ទាំង​ប្រោស​ឲ្យ​អ្នក​រាល់​គ្នាបាន​ជា​សះ‌ស្បើយ​ផង។ អ្នក​រាល់​គ្នា​នឹង​មាន​សេរី‌ភាព អ្នក​រាល់​គ្នា​លោត​យ៉ាង​សប្បាយ ដូច​គោ​ដែល​ចេញ​ពី​ក្រោល។

បន្ទរ៖ ឱព្រះ‌អម្ចាស់អើយ សូមយាងមកកុំបង្អង់ឡើយ!
—សូមរំដោះប្រជារាស្រ្តរបស់ព្រះអង្គចេញពីអំពើបាបរបស់ពួកគេផង។

ពាក្យអធិដ្ឋាន

ឱព្រះជាម្ចាស់អើយ ! ព្រះអង្គមិនបណ្តោយឱ្យមនុស្សលោកវិនាសអន្តរាយឡើយ គឺព្រះអង្គសព្វព្រះហឫទ័យឱ្យមនុស្សមានជីវិត ដោយសារព្រះបុត្រាតែមួយរបស់ព្រះអង្គ។ សូមព្រះអង្គមេត្តាប្រោសឱ្យអស់អ្នកដែលជឿសង្ឃឹម និងគោរពថ្វាយបង្គំព្រះបុត្រា បានទទួលការសង្គ្រោះពីព្រះអង្គជានិច្ច។

យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

-សូមកោតសរសើរព្រះអម្ចាស់!
-សូមអរព្រះគុណព្រះជាម្ចាស់!