រដូវរង់ចាំ សប្ដាហ៍ទី៣ ថ្ងៃចន្ទ
(ពេលថ្ងៃ)
ថ្ងៃចន្ទ នៃរដូវរង់ចាំ រហូតដល់ថ្ងៃទី១៦ ខែធ្នូ៖
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
ទំនុកតម្កើងលេខ ១១៩,៨៩-៩៦
ការសញ្ជឹងគិតពីវិន័យរបស់ព្រះជាម្ចាស់
ខ្ញុំឱ្យវិន័យថ្មីដល់អ្នករាល់គ្នា គឺត្រូវស្រឡាញ់គ្នាទៅវិញទៅមក ដូចខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ (យហ ១៣,៣៤)។
ពេលព្រឹក (ម៉ោង៩)
បន្ទរ៖ អស់លោកព្យាការីបានថ្លែងទុកមកថា៖ ព្រះសង្គ្រោះនឹងប្រសូតចេញពីព្រះនាងព្រហ្មចារិនីម៉ារី។
ពេលថ្ងៃត្រង់ (ម៉ោង១២)
បន្ទរ៖ ទេវទូតកាព្រីអែលពោលទៅកាន់នាងម៉ារីថា៖ «ចូរមានអំណរសប្បាយឡើង! ព្រះអម្ចាស់គាប់ព្រះហឫទ័យនឹងនាងហើយ
ព្រះអង្គគង់នៅជាមួយនាង ព្រះអង្គបានប្រទានពរដល់នាងលើសស្ត្រីទាំងឡាយ»។
ពេលរសៀល (ម៉ោង៣)
បន្ទរ៖ ពេលឮពាក្យនេះ នាងម៉ារីរន្ធត់យ៉ាងខ្លាំង នាងរិះគិតក្នុងចិត្តថា “តើពាក្យជម្រាបសួរនេះមានន័យដូចម្ដេច” ?
នាងពោលថា៖ “ខ្ញុំនឹងសម្រាលបានព្រះមហាក្សត្រមួយអង្គ ហើយនៅតែជាព្រហ្មចារីនីដដែល” ។
| ៨៩- | បពិត្រព្រះអម្ចាស់! ព្រះបន្ទូលរបស់ព្រះអង្គស្ថិតស្ថេររហូតតរៀងទៅ នៅស្ថានបរមសុខ។ |
| ៩០- | ព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គ នៅស្ថិតស្ថេរអស់កល្បជាអង្វែងតរៀងទៅ ព្រះអង្គតែងតាំងផែនដីឱ្យរឹងមាំ ផែនដីក៏នៅស្ថិតស្ថេរដែរ។ |
| ៩១- | អ្វីៗសព្វសារពើនៅស្ថិតស្ថេររហូតមកដល់សព្វថ្ងៃ តាមការសម្រេចនៃព្រះហឫទ័យរបស់ព្រះអង្គ ដ្បិតអ្វីៗសព្វសារពើសុទ្ធតែក្រោមអំណាចរបស់ព្រះអង្គ។ |
| ៩២- | ប្រសិនបើទូលបង្គំមិនពេញចិត្តនឹងធម្មវិន័យរបស់ព្រះអង្គទេ ទូលបង្គំមុខជារងទុក្ខវេទនា ហើយវិនាសអន្តរាយជាមិនខាន។ |
| ៩៣- | ទូលបង្គំនឹងមិនភ្លេចច្បាប់របស់ព្រះអង្គឡើយ ដ្បិតដោយសារច្បាប់ទាំងនេះ ព្រះអង្គធ្វើឱ្យទូលបង្គំមានជីវិតឡើងវិញ។ |
| ៩៤- | ទូលបង្គំនៅក្រោមឱវាទរបស់ព្រះអង្គហើយ សូមសង្គ្រោះទូលបង្គំផង! ដ្បិតទូលបង្គំយកចិត្តទុកដាក់ស្វែងរកច្បាប់របស់ព្រះអង្គ។ |
| ៩៥- | មនុស្សអាក្រក់រង់ចាំប្រហារជីវិតទូលបង្គំ តែទូលបង្គំនៅតែចាប់ចិត្តនឹងដំបូន្មានរបស់ព្រះអង្គ។ |
| ៩៦- | ទូលបង្គំឃើញថា សូម្បីអ្វីៗដែលល្អឥតខ្ចោះ ក៏នឹងមានទីបញ្ចប់ដែរ ប៉ុន្តែ វិន័យរបស់ព្រះអង្គទូលំទូលាយឥតមានព្រំដែនឡើយ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ទំនុកតម្កើងលេខ ៧១
ឱព្រះជាអម្ចាស់អើយ ! ព្រះអង្គជាទីសង្ឃឹមរបស់ទូលបង្គំតាំងពីក្មេងមក!
ចូរសប្បាយរីករាយដោយចិត្តសង្ឃឹម។ ចូរកាន់ចិត្តអត់ធ្មត់ក្នុងពេលមានទុក្ខលំបាក។ ចូរព្យាយាមអធិស្ឋាន (រ៉ូម ១២,១២)។
(ក)
(បទពាក្យ ៧)
| ១- | បពិត្រព្រះម្ចាស់ខ្ញុំសូមជ្រក | ក្រោមម្លប់ជម្រកនៃព្រះអង្គ | |
| កុំឱ្យរូបខ្ញុំត្រូវបាត់បង់ | ទាំងកិត្តិយសផងអាប់អាសារ | ។ | |
| ២- | ដោយព្រះអង្គមានព្រះហឫទ័យ | សុចរិតប្រពៃសូមមេត្តា | |
| ផ្ទៀងព្រះកាណ៌ស្តាប់ខ្ញុំវាចា | សង្គ្រោះជីវ៉ាឱ្យបានរស់ | ។ | |
| ៣- | សូមព្រះអង្គទៅជាថ្មដា | លាក់ពួនអាត្មាខ្ញុំផុតគ្រោះ | |
| ទ្រង់សព្វព្រះទ័យប្រណីប្រោស | ជីវិតខ្ញុំរស់បានសុខសាន្ត | ។ | |
| ៤- | ឱព្រះជាម្ចាស់សូមរំដោះ | ខ្ញុំពីឃ្នាងខ្នោះពួកតិរច្ឆាន | |
| រួចផុតពីដៃជនសាមាន្យ | មនុស្សទាំងប៉ុន្មានប៉ងយាយី | ។ | |
| ៥- | បពិត្រព្រះជាអម្ចាស់អើយ | ទូលបង្គំនេះហើយផ្ញើជីវី | |
| ជីវិតលើទ្រង់គ្រប់នាទី | សង្ឃឹមតាំងពីនៅក្មេងវ័យ | ។ | |
| ៦- | ទូលបង្គំពឹងផ្អែកលើព្រះអង្គ | តាំងពីនៅក្នុងផ្ទៃម្តាយថ្លៃ | |
| ព្រះអង្គតែមួយសព្វព្រះទ័យ | ដុសខាត់កែច្នៃខ្ញុំឥតឈប់ | ។ | |
| ៧- | មនុស្សម្នាជាច្រើនចេះតែនឹក | ឆ្ងល់ខ្ញុំល្ងាចព្រឹកទាំងថ្ងៃយប់ | |
| តាមពិតខ្ញុំមានព្រះជាម្លប់ | ជីវិតខ្ញុំស្ងប់រៀងរហូត | ។ | |
| ៨- | ទូលបង្គំតែងពោលពាក្យសរសើរ | ព្រះគ្មានអ្វីស្មើខ្ពស់បំផុត | |
| តម្កើងសិរីទ្រង់រហូត | ព្រះតែមួយគត់ទាំងយប់ថ្ងៃ | ។ | |
| ៩- | ឥឡូវនេះខ្ញុំចាស់ជរា | ទ្រុឌទ្រោមគ្រាំគ្រាកម្លាំងថយ | |
| មេត្តាកុំបោះបង់ខ្ញុំឡើយ | កុំទុកខ្ញុំឱ្យនៅឯកា | ។ | |
| ១០- | ដ្បិតខ្មាំងសត្រូវរបស់ខ្ញុំ | គេនៅជួបជុំពោលមុសា | |
| អស់អ្នកដែលឃ្លាំចាំប្រហារ | គេពិភាក្សាយោបល់គ្នា | ។ | |
| ១១- | គេថាព្រះម្ចាស់លែងអើពើ | លែងការពារមើលថែគាំពារ | |
| ចូរដេញតាមចាប់គាត់គ្រប់គ្នា | ព្រោះគ្មាននរណាជួយគាត់បាន | ។ | |
| ១២- | ឱព្រះជាម្ចាស់អើយសូមកុំ | យាងចាកចោលខ្ញុំចេញចាកស្ថាន | |
| សូមយាងមកជួយកុំបីខាន | ឆាប់ៗនឹងបានខ្ញុំធូរស្បើយ | ។ | |
| ១៣- | សូមឱ្យអស់អ្នកដែលប៉ុនប៉ង | ប្រហារខ្ញុំបង់ត្រូវអន្តរាយ | |
| សាបសូន្យទាំងឈ្មោះបាត់ទាំងកាយ | កិត្តិយសប្រែក្លាយបាត់សូន្យឈឹង | ។ | |
| សូមកោតសរសើរព្រះបិតា | ព្រះបុត្រានិងព្រះវិញ្ញាណ | ||
| ដែលគង់ស្ថិតស្ថេរឥតសៅហ្មង | យូរលង់កន្លងតរៀងទៅ | ។ |
(ខ)
| ១៤- | រីឯទូលបង្គំវិញ ទូលបង្គំនៅតែមានសង្ឃឹមជានិច្ច ទូលបង្គំនឹងសរសើរតម្កើងព្រះអង្គ ហើយសរសើរតម្កើងទៀត! |
| ១៥- | ទូលបង្គំនឹងថ្លែងរៀបរាប់អំពីសេចក្តីសុចរិតរៀងរាល់ថ្ងៃ និងការសង្គ្រោះរបស់ព្រះអង្គដែលមានចំនួនដ៏ច្រើនឥតគណនា។ |
| ១៦- | បពិត្រព្រះជាអម្ចាស់! ដោយសារព្រះអង្គជួយ ទូលបង្គំចូលមកក្នុងព្រះដំណាក់ ទូលបង្គំសូមរំលឹកអំពីសេចក្តីសុចរិតរបស់ព្រះអង្គតែមួយប៉ុណ្ណោះ។ |
| ១៧- | បពិត្រព្រះជាម្ចាស់! ព្រះអង្គបានប្រៀនប្រដៅទូលបង្គំ តាំងពីក្មេងរហូតមកទល់ពេលនេះ ទូលបង្គំនៅតែប្រកាសអំពីស្នាព្រះហស្តដ៏អស្ចារ្យរបស់ព្រះអង្គ។ |
| ១៨- | ឱព្រះជាម្ចាស់អើយ! ឥឡូវនេះទូលបង្គំចាស់ជរាទៅហើយ សូមកុំបោះបង់ចោលទូលបង្គំឡើយ! ដើម្បីឱ្យទូលបង្គំអាចប្រកាសអំពីព្រះចេស្តារបស់ព្រះអង្គ ប្រាប់មនុស្សនៅជំនាន់នេះ និងប្រកាសអំពីឫទ្ធានុភាពរបស់ព្រះអង្គ ប្រាប់មនុស្សទាំងអស់នៅជំនាន់ក្រោយៗដែរ។ |
| ១៩- | បពិត្រព្រះជាម្ចាស់! ព្រះហឫទ័យសុចរិតរបស់ព្រះអង្គខ្ពស់ពន់ពេកណាស់ ដ្បិតព្រះអង្គបានធ្វើការធំដ៏អស្ចារ្យជាច្រើន បពិត្រព្រះជាម្ចាស់! គ្មាននរណាដូចព្រះអង្គឡើយ! |
| ២០- | ព្រះអង្គបានធ្វើឱ្យទូលបង្គំជួបអាសន្នអន់ក្រ និងទុក្ខលំបាកជាច្រើនហើយ ព្រះអង្គមុខជានឹងប្រទានឱ្យយើងខ្ញុំមានជីវិតសាជាថ្មី ព្រះអង្គនឹងលើកទូលបង្គំឱ្យឡើងពីរណ្តៅមកវិញ។ |
| ២១- | ព្រះអង្គនឹងប្រទានឱ្យទូលបង្គំមានកិត្តិយសកាន់តែខ្ពស់ឡើង ព្រះអង្គនឹងសម្រាលទុក្ខទូលបង្គំសាជាថ្មី។ |
| ២២- | បពិត្រព្រះនៃទូលបង្គំ! ទូលបង្គំនឹងសរសើរតម្កើងព្រះអង្គ ដោយសំឡេងចាប៉ី ទូលបង្គំនឹងលើកតម្កើងព្រះហឫទ័យដ៏ស្មោះស្ម័គ្ររបស់ព្រះអង្គ។ បពិត្រព្រះដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែល! ទូលបង្គំនឹងដេញពិណថ្វាយព្រះអង្គផង! |
| ២៣- | ទូលបង្គំនឹងដេញភ្លេងថ្វាយព្រះអង្គ ទូលបង្គំនឹងបន្លឺសំឡេងឡើងដោយអំណរ ព្រោះព្រះអង្គបានរំដោះជីវិតទូលបង្គំ។ |
| ២៤- | ទូលបង្គំនឹងថ្លែងអំពីសេចក្តីសុចរិតរបស់ព្រះអង្គជារៀងរាល់ថ្ងៃ ដ្បិតអស់អ្នកដែលប៉ងប្រាថ្នាឱ្យទូលបង្គំវេទនា ត្រូវអាប់អោន និងអាម៉ាស់មុខ! |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ពេលព្រឹក (ម៉ោង៩)
បន្ទរ៖ អស់លោកព្យាការីបានថ្លែងទុកមកថា៖ ព្រះសង្គ្រោះនឹងប្រសូតចេញពីព្រះនាងព្រហ្មចារិនីម៉ារី។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (អស ១០,២០-២១)
នៅគ្រានោះ ជនជាតិអ៊ីស្រាអែលដែលនៅសល់ គឺពូជពង្សរបស់លោកយ៉ាកុបដែលរួចពីស្លាប់ លែងពឹងផ្អែកលើប្រជាជាតិដែលវាយប្រហារខ្លួនទៀតហើយ ពួកគេនឹងផ្ញើជីវិតទាំងស្រុងលើព្រះអម្ចាស់ ជាព្រះដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែល។ ប្រជាជនដែលនៅសេសសល់ គឺកូនចៅរបស់លោកយ៉ាកុបដែលនៅសេសសល់ នឹងនាំគ្នាវិលមករកព្រះដ៏មានឫទ្ធិចេស្ដាវិញ។
—ហើយឲ្យស្តេចទាំងប៉ុន្មាននៅលើផែនដី កោតខ្លាចសិរីរុងរឿងរបស់ព្រះអង្គ!។
ពេលថ្ងៃត្រង់ (ម៉ោង១២)
បន្ទរ៖ ទេវទូតកាព្រីអែលពោលទៅកាន់នាងម៉ារីថា៖ «ចូរមានអំណរសប្បាយឡើង! ព្រះអម្ចាស់គាប់ព្រះហឫទ័យនឹងនាងហើយ
ព្រះអង្គគង់នៅជាមួយនាង ព្រះអង្គបានប្រទានពរដល់នាងលើសស្ត្រីទាំងឡាយ»។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (អស ១០,២៤.២៧)
ហេតុនេះ ព្រះជាអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖ «ប្រជាជនរបស់យើងដែលរស់នៅក្នុងក្រុងស៊ីយ៉ូនអើយ! មិនត្រូវខ្លាចជនជាតិអាស្ស៊ីរី ដែលកំពុងតែលើកព្រនង់ និងលើកដំបងវាយអ្នករាល់គ្នា ដូចជនជាតិអេស៊ីប ធ្លាប់វាយកាលពីមុននោះឡើយ។ នៅគ្រានោះ ព្រះអង្គនឹងយកអម្រែកចេញពីស្មារបស់អ្នករាល់គ្នា ព្រះអង្គយកនឹមរបស់ខ្មាំងសត្រូវចេញពីករបស់អ្នករាល់គ្នា។ នឹមនោះត្រូវខ្ទាតចេញ ដោយសារភាពសម្បូណ៌សប្បាយ។
—ពេលណាព្រះអង្គសង្គ្រោះពួកគេ សូមជួយទូលបង្គំ។
ពេលរសៀល (ម៉ោង៣)
បន្ទរ៖ ពេលឮពាក្យនេះ នាងម៉ារីរន្ធត់យ៉ាងខ្លាំង នាងរិះគិតក្នុងចិត្តថា “តើពាក្យជម្រាបសួរនេះមានន័យដូចម្ដេច” ?
នាងពោលថា៖ “ខ្ញុំនឹងសម្រាលបានព្រះមហាក្សត្រមួយអង្គ ហើយនៅតែជាព្រហ្មចារីនីដដែល” ។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (អស ១៣,២២ខ—១៤,១ក)
ពេលកំណត់របស់ក្រុងបាប៊ីឡូនជិតមកដល់ឥតពន្យារឡើយ។ ព្រះអម្ចាស់អាណិតអាសូរដល់ពូជពង្សលោកយ៉ាកុប ព្រះអង្គនៅតែជ្រើសរើស ជនជាតិអ៊ីស្រាអែលដដែល ព្រះអង្គនឹងឲ្យគេទៅរស់នៅលើទឹកដីរបស់ខ្លួនវិញ។
—សូមរំដោះប្រជារាស្រ្តរបស់ព្រះអង្គចេញពីអំពើបាបរបស់ពួកគេផង។
ពាក្យអធិដ្ឋាន
ឱព្រះអម្ចាស់ជាព្រះបិតាអើយ! យើងខ្ញុំសូមលើកតម្កើងព្រះអង្គ ដែលមានព្រះហឫទ័យមេត្តាករុណាដ៏លើសលប់ចំពោះមនុស្សលោក។ ព្រះអង្គចាត់ព្រះបុត្រាឱ្យយាងមកបំភ្លឺមនុស្សលោក
សូមព្រះអង្គមេត្តាពង្រឹងជំនឿ សេចក្តីសង្ឃឹម និងសេចក្តីស្រឡាញ់របស់យើងខ្ញុំផង។
យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ
និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
-សូមកោតសរសើរព្រះអម្ចាស់!
-សូមអរព្រះគុណព្រះជាម្ចាស់!