០១ ធ្នូ ២០២៥

Written on 28/11/2026
Mary Siya Khim

រដូវរង់ចាំ សប្តាហ៍ទី១ ថ្ងៃចន្ទ

(ពេលថ្ងៃ)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន!  (អាលេលូយ៉ា!)

 

ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)

ទំនុកតម្កើងលេខ ១៩,៨-១៥

សូមសរសើរតម្កើងព្រះជាម្ចាស់ ដែលបានប្រទានធម្មវិន័យនៃសេចក្តីស្រឡាញ់មកយើង
ព្រះបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានបរមសុខ​ ទ្រង់គ្រប់លក្ខណ៍យ៉ាង​ណា​
សុំឱ្យអ្នករាល់គ្នាបានគ្រប់លក្ខណ៍យ៉ាងនោះដែរ​ (មថ ៥,៤៨)។

ពេលព្រឹក (ម៉ោង៩)

បន្ទរ៖ អស់លោកព្យាការីបានថ្លែងទុកមកថា៖ ព្រះសង្គ្រោះនឹងប្រសូតចេញពីព្រះនាងព្រហ្មចារិនីម៉ារី។

ពេលថ្ងៃត្រង់ (ម៉ោង១២)

បន្ទរ៖ ទេវទូត​​កាព្រី‌អែលពោល​ទៅ​កាន់​នាង​​ម៉ារីថា៖ «ចូរ​មាន​អំណរ​សប្បាយ​ឡើង! ព្រះ‌អម្ចាស់​គាប់​ព្រះ‌ហឫ‌ទ័យ​នឹង​នាង​ហើយ ព្រះ‌អង្គ​គង់​នៅជា​មួយ​នាង ព្រះអង្គបានប្រទានពរដល់នាងលើសស្ត្រីទាំងឡាយ»។

ពេលរសៀល (ម៉ោង ៣)

បន្ទរ៖ ពេលឮពាក្យនេះ នាងម៉ារីរន្ធត់យ៉ាងខ្លាំង នាងរិះ‌គិតក្នុងចិត្តថា “តើពាក្យជម្រាបសួរនេះមានន័យដូចម្ដេច”? នាងពោលថា៖ “ខ្ញុំនឹងសម្រាលបានព្រះ‌មហាក្សត្រមួយអង្គ ហើយនៅតែជាព្រហ្មចារីនីដដែល” ។

ធម្មវិន័យរបស់ព្រះអម្ចាស់ល្អឥតខ្ចោះ ធ្វើឱ្យមានកម្លាំងចិត្តឡើងវិញ
បណ្តាំរបស់ព្រះអម្ចាស់គួរជាទីទុកចិត្ត​ ធ្វើឱ្យមនុស្សល្ងិតល្ងង់បែរទៅជាមានប្រាជ្ញា
 
បទបញ្ជារបស់ព្រះអម្ចាស់សុទ្ធតែត្រឹមត្រូវ ធ្វើឱ្យមានអំណរសប្បាយ
បទបញ្ញត្តិរបស់ព្រះអម្ចាស់ល្អត្រចះត្រចង់ បំភ្លឺចិត្តគំនិតឱ្យបានភ្លឺថ្លា។
 
១០ ការគោរពកោតខ្លាចព្រះអម្ចាស់ជាអំពើមួយល្អបរិសុទ្ធណាស់ ហើយស្ថិតស្ថេររហូតតរៀងទៅ។
ការវិនិច្ឆ័យរបស់ព្រះអម្ចាស់សុទ្ធតែត្រឹមត្រូវ និងសុចរិតទាំងអស់​
 
១១ គួរឱ្យប្រាថ្នាជាងចង់បានមាសសុទ្ធដ៏ច្រើន
ហើយផ្អែមជាងទឹកឃ្មុំ ដែលហូរចេញពីសំបុកទៅទៀត។
 
១២ ធម្មវិន័យបំភ្លឺទូលបង្គំជាអ្នកបម្រើព្រះអង្គ​
ហើយដោយប្រព្រឹត្តតាម ទូលបង្គំទទួលផលយ៉ាងបរិបូណ៌។
 
១៣ គ្មាននរណាម្នាក់អាចមើលឃើញកំហុសដែលខ្លួនប្រព្រឹត្ត​ ដោយអចេតនានោះបានឡើយ
សូមលើកលែងទោសឱ្យទូលបង្គំនូវកំហុសណា ដែលទូលបង្គំមិនដឹងខ្លួននោះផង។
 
១៤ សូមការពារទូលបង្គំឱ្យរួចពីចិត្តអំនួត
សូមកុំឱ្យចិត្តអួតបំប៉ោងនេះ សោយរាជ្យលើទូលបង្គំបានឡើយ
ធ្វើដូច្នេះទូលបង្គំនឹងបានឥតសៅហ្មង ឥតជាប់ជំពាក់នឹងអំពើបាបដ៏ធ្ងន់នេះទេ។
 
១៥ ឱព្រះអម្ចាស់ដែលជាថ្មដា និងជាព្រះដែលការពារទូលបង្គំអើយ!
សូមប្រោសប្រណីទទួលពាក្យរបស់ទូលបង្គំ​
និងសេចក្តីដែលទូលបង្គំពោលក្នុងចិត្ត នៅចំពោះព្រះភក្រ្តព្រះអង្គផង។​
 
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

ទំនុកតម្កើងលេខ ៧

ពាក្យ​អធិដ្ឋាន​របស់អ្នកគោរពកោតខ្លាចព្រះជាម្ចាស់ 
ដែលត្រូវគេនិយាយមួលបង្កាច់
ដ្បិតព្រះជាម្ចាស់ដែលជាចៅក្រម ទ្រង់ឈរនៅមាត់ទ្វារស្រាប់ហើយ (យក ៥,៩)។

(ក)

(បទពាក្យ ៧)​

២- ឱព្រះជាអម្ចាស់ខ្ញុំអើយ ខ្ញុំសូមពឹងហើយលើព្រះអង្គ  
  សង្គ្រោះរំដោះនិងទ្រទ្រង់ រួចពីអន្លង់អ្នកបៀតបៀន
៣- ក្រែងលោគេហែកទូលបង្គំ ដូចសត្វសិង្ហខាំដោយស្រេកឃ្លាន  
  នោះគ្មាននរណាអាចនឹងហ៊ាន រំដោះឱ្យបានរួចជីវិត
៤- ឱព្រះអម្ចាស់ទូលបង្គំ ប្រសិនបើខ្ញុំបានប្រព្រឹត្ត  
  ដូចពាក្យគេថាដោយគ្មានគិត ប្រឡាក់ដាមដិតក្តីកខ្វក់
៥- ប្រសិនបើទូលបង្គំបាន ប្រព្រឹត្តសាមាន្យចិត្តអាក្រក់  
  តបនឹងមិត្តភក្តិដោយគំរក់ រឹបអូសលួចឆក់យកទ្រព្យា
៦- សូមឱ្យសត្រូវខ្មាំងដេញទាន់ និងឱ្យគេជាន់ឈ្លីប្រហារ  
  ព្រមទាំងកិត្តិយសខ្ញុំនេះណា ទម្លាក់អាត្មាក្នុងភក់ចុះ
៧- ឱព្រះអម្ចាស់សូមតើនឡើង ពិរោធឱ្យប៉ើងតបចំពោះ  
  អំពើឃោរឃៅសត្រូវនោះ ដ្បិតអង្គសប្បុរសតែងតាំងច្បាប់
៨- សូមឱ្យប្រជាជាតិនានា ចោមរោមនាំគ្នាមកត្រងត្រាប់  
  ជុំវិញព្រះអង្គល្អគួរគាប់ លើអស់មនុស្សសព្វសត្វនានា
៩- ព្រះអង្គជាចៅក្រមវិនិច្ឆ័យ ប្រជាប្រុសស្រីគ្រប់អង្គា  
  ព្រះអម្ចាស់អើយសូមមេត្តា ទូលបង្គំនេះណាអ្នកស្លូតត្រង់
១០- សូមឈប់ធ្វើអំពើទុច្ចរិត ជួយគាំទ្រចិត្តមនុស្សរឹងប៉ឹង  
  បពិត្រព្រះដ៏សុចរិតថ្កើង សូមព្រះអង្គឈ្វេងយល់ចិត្តមនុស្ស
  សូមកោតសរសើរព្រះបិតា ព្រះបុត្រានិងព្រះវិញ្ញាណ  
  ដែលគង់ស្ថិតស្ថេរឥតសៅហ្មង យូរលង់កន្លងតរៀងទៅ

 

 

 

 

 

 

 

 

 

 

 

 

 

 

 

(ខ)

១១ ព្រះជាម្ចាស់ជាខែលការពារខ្ញុំ
ព្រះអង្គសង្គ្រោះអស់អ្នកដែលមានចិត្តត្រង់។
 
១២ ព្រះជាម្ចាស់ជាចៅក្រមដ៏សុចរិត
ព្រះអង្គតែងតែដាក់ទោសអ្នកប្រព្រឹត្តអំពើអាក្រក់ជារៀងរាល់ថ្ងៃ។
 
១៣ មនុស្សអាក្រក់មិនដូរគំនិតទេ
គេនឹងសំលៀងមុខដាវ ហើយយឹតធ្នូប្រុងប្រៀបបាញ់
 
១៤ គេនឹងរៀបចំអាវុធ ដើម្បីប្រហារអ្នកដទៃ
ព្រមទាំងត្រៀមព្រួញភ្លើងចាំជាស្រេចផង។
 
១៥ អ្នកណាគិតតែពីប្រព្រឹត្តអំពើទុច្ចរិត ហើយរិះគិតពីអំពើឧក្រិដ្ឋ
អ្នកនោះនឹងបង្កើតការបោកបញ្ឆោត។
 
១៦ អ្នកណាជីករណ្តៅកាន់តែជ្រៅទៅៗ
អ្នកនោះនឹងធ្លាក់ទៅក្នុងរណ្តៅ ដែលខ្លួនបានជីកនោះជាមិនខាន។
 
១៧ អំពើទុច្ចរិតដែលគេបានប្រព្រឹត្ត នឹងធ្លាក់មកលើក្បាលគេវិញ
អំពើឃោរឃៅរបស់គេ ក៏នឹងធ្លាក់មកលើលលាដ៍ក្បាលគេវិញដែរ។
 
១៨ ខ្ញុំនឹងសរសើរតម្កើងព្រះអម្ចាស់ ព្រោះព្រះអង្គមានព្រះហឫទ័យសុចរិត
ខ្ញុំនឹងច្រៀងលើកតម្កើងព្រះនាមព្រះអម្ចាស់ជាព្រះដ៏ខ្ពង់ខ្ពស់បំផុត។
 
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

ពេលព្រឹក (ម៉ោង៩)

បន្ទរ៖ អស់លោកព្យាការីបានថ្លែងទុកមកថា៖ ព្រះសង្គ្រោះនឹងប្រសូតចេញពីព្រះនាងព្រហ្មចារិនីម៉ារី។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (អស ១០,២០-២១)

នៅ​គ្រា​នោះ ជន​ជាតិ​អ៊ីស្រាអែល​ដែល​នៅ​សល់ គឺ​ពូជពង្ស​របស់​លោក​យ៉ាកុប​ដែល​រួច​ពី​ស្លាប់ លែង​ពឹង​ផ្អែក​លើ​ប្រជា‌ជាតិ​ដែល​វាយ​ប្រហារ​ខ្លួន​ទៀត​ហើយ ពួក​គេ​នឹង​ផ្ញើជីវិត​ទាំង​ស្រុង​លើ​ព្រះ‌អម្ចាស់ ជា​ព្រះ​ដ៏‌វិសុទ្ធ​របស់​ជន​ជាតិ​អ៊ីស្រាអែល។ ប្រជាជន​ដែល​នៅ​សេស‌សល់ គឺ​កូន​ចៅ​របស់​លោក​យ៉ាកុប​ដែល​នៅ​សេសសល់ នឹង​នាំ​គ្នា​វិល​មក​រក​ព្រះ​ដ៏​មាន​ឫទ្ធិ‌ចេស្ដា​វិញ។
 
បន្ទរ៖ សូមឲ្យប្រជាជាតិនានាកោតខ្លាចព្រះ‌នាមរបស់ព្រះអម្ចាស់។
—ហើយឲ្យស្តេចទាំងប៉ុន្មាននៅលើផែន‌ដី កោតខ្លាចសិរីរុងរឿងរបស់ ព្រះ‌អង្គ!។

ពេលថ្ងៃត្រង់ (ម៉ោង១២)

បន្ទរ៖ ទេវទូត​​កាព្រី‌អែលពោល​ទៅ​កាន់​នាង​​ម៉ារីថា៖ «ចូរ​មាន​អំណរ​សប្បាយ​ឡើង! ព្រះ‌អម្ចាស់​គាប់​ព្រះ‌ហឫ‌ទ័យ​នឹង​នាង​ហើយ ព្រះ‌អង្គ​គង់​នៅជា​មួយ​នាង ព្រះអង្គបានប្រទានពរដល់នាងលើសស្ត្រីទាំងឡាយ»។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (អស ១០,២៤.២៧)

ហេតុ​នេះ ព្រះ‌ជា‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា៖ «ប្រជាជនរបស់​យើង​ដែល​រស់​នៅ​ក្នុង​ក្រុង​ស៊ីយ៉ូន​អើយ! មិន​ត្រូវ​ខ្លាច​ជន​ជាតិ​អាស្ស៊ីរី ដែល​កំពុង​តែ​លើក​ព្រនង់ និង​លើក​ដំបង​វាយ​អ្នក​រាល់​គ្នា ដូច​ជន​ជាតិ​អេស៊ីប ធ្លាប់​វាយកាល​ពី​មុន​នោះ​ឡើយ។ នៅ​គ្រា​នោះ ព្រះ‌អង្គ​នឹង​យក​អម្រែកចេញ​ពី​ស្មា​របស់​អ្នក​រាល់​គ្នា ព្រះ‌អង្គ​យក​នឹម​របស់​ខ្មាំង​សត្រូវចេញ​ពី​ក​របស់​អ្នក​រាល់​គ្នា។ នឹម​នោះ​ត្រូវ​ខ្ទាត​ចេញ ដោយសារ​ភាព​សម្បូណ៌‌សប្បាយ។
 
បន្ទរ៖ ឱព្រះ‌អម្ចាស់អើយ ពេលណាព្រះ‌អង្គគាប់ព្រះ‌ហឫទ័យនឹងប្រជា‌រាស្ដ្រ របស់ព្រះ‌អង្គសូមនឹកដល់ទូល‌បង្គំផង!។
—ពេលណាព្រះ‌អង្គសង្គ្រោះពួកគេ សូមជួយទូលបង្គំ។

ពេលរសៀល (ម៉ោង ៣)

បន្ទរ៖ ពេលឮពាក្យនេះ នាងម៉ារីរន្ធត់យ៉ាងខ្លាំង នាងរិះ‌គិតក្នុងចិត្តថា “តើពាក្យជម្រាបសួរនេះមានន័យដូចម្ដេច”? នាងពោលថា៖ “ខ្ញុំនឹងសម្រាលបានព្រះ‌មហាក្សត្រមួយអង្គ ហើយនៅតែជាព្រហ្មចារីនីដដែល” ។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (អស ១៣,២២ខ—១៤,១ក)

ពេល​កំណត់​របស់​ក្រុង​បាប៊ីឡូន​ជិត​មក​ដល់ឥត​ពន្យារ​ឡើយ។ ព្រះ‌អម្ចាស់ អាណិត‌អាសូរ​ដល់​ពូជ‌ពង្ស​លោក​យ៉ាកុប ព្រះ‌អង្គ​នៅ​តែ​ជ្រើស‌រើសជន​ជាតិ​អ៊ីស្រា‌អែល​ដដែល ព្រះ‌អង្គ​នឹង​ឲ្យ​គេ​ទៅ​រស់​នៅ​លើ​ទឹក​ដី​របស់​ខ្លួន​វិញ។
 
បន្ទរ៖ ឱព្រះ‌អម្ចាស់អើយ សូមយាងមកកុំបង្អង់ឡើយ!។
—សូមរំដោះប្រជារាស្រ្តរបស់ព្រះអង្គចេញពីអំពើបាបរបស់ពួកគេផង។

ពាក្យអធិដ្ឋាន

ឱព្រះបិតាជាអម្ចាស់យើងខ្ញុំអើយ ! តាំងពីដើម ព្រះអង្គសព្វព្រះហឫទ័យសង្រ្គោះមនុស្សលោក។ 
សូមព្រះអង្គមេត្តាដាស់តឿនចិត្តគំនិតយើងខ្ញុំ ឲ្យយកចិត្តទុកដាក់ទទួលព្រះបុត្រាព្រះអង្គដែលកំពុងយាងមក។ 
សូមព្រះអង្គប្រោសឲ្យយើងខ្ញុំព្យាយាមអធិដ្ឋាន ព្រមទាំងប្រុងស្មារតីនៅថៃ្ងដែលព្រះគ្រីស្តគោះទ្វារ។

យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

  • សូមកោតសរសើរព្រះអម្ចាស់!
  • សូមអរព្រះគុណព្រះជាម្ចាស់!