ទំនុកតម្កើងរបស់លោកសាការី (ស្មូត)

Written on 18/09/2025
Boy KANN

(បទពាក្យ ៧)


៦៨-

សូមលើកតម្កើងព្រះអម្ចាស់

ប្រសើរពេកណាស់ព្រះរបស់

 

 

ជាតិអ៊ីស្រាអែលធ្លាប់ស្ម័គ្រស្មោះ

យាងមករំដោះរាស្ត្រព្រះអង្គ

៦៩-

ទ្រង់បានប្រទានព្រះសង្គ្រោះ

ដែលមានឫទ្ធិខ្ពស់ដ៏ត្រចង់

 

 

ពីក្នុងចំណោមព្រះញាតិវង្ស

នៃអង្គដាវីឌបម្រើជាក់

៧០-

ព្រះម្ចាស់ប្រទានព្រះសង្គ្រោះ

យើងមិនដែលលោះមិនដែលអាក់

 

 

ដូចបានសន្យាតាមរយៈ

ព្យាការីធ្លាប់ស្ម័គ្រកាលគ្រាមុន

៧១-

ព្រះអង្គសង្គ្រោះយើងឱ្យរួច

ចេញពីអំណាចខ្មាំងលើសលន់

 

 

និងផុតពីដៃពួកទុរជន

ដែលធ្លាប់ជិះជាន់ស្អប់ខ្ពើមយើង

៧២-

ព្រះអង្គសម្ដែងព្រះហឫទ័យ

ករុណាប្រណីមិនឆ្មៃឆ្មើង

 

 

ដល់បុព្វបុរសដែលតម្កើង

សម្ពន្ធព្រះអង្គមិនភ្លេចសោះ

៧៣-

គឺព្រះអង្គហើយបានសន្យា

ពាក្យពិតសត្យាមិនចន្លោះ

 

 

នឹងអប្រាហាំបុព្វបុរស

ដូនតាយើងនោះដូច្នេះថា

៧៤-

ទ្រង់នឹងរំដោះយើងឱ្យរួច

ផុតពីអំណាចខ្មាំងឫស្យា

 

 

ដើម្បីយើងអាចក្រាបវន្ទា

ព្រះអង្គគ្រប់គ្រាគ្មានភ័យភិត

៧៥-

ព្រមទាំងឱ្យយើងបានរស់នៅ

ឥតមានអាស្រូវដោយសុចរិត

 

 

ជារៀងរាល់ថ្ងៃមួយជីវិត

គាប់ព្រះទ័យពិតព្រះម្ចាស់ថ្លៃ

៧៦-

ចំណែកឯរូបរបស់កូន

នឹងក្លាយខ្លួនជាព្យាការី

 

 

ព្រោះកូនដើរមុខព្រះម្ចាស់ថ្លៃ

រៀបផ្លូវល្អក្រៃថ្វាយព្រះអង្គ

៧៧-

កូននឹងធ្វើឱ្យអស់ប្រជា

រាស្ត្រទាំងអស់គ្នាគេបានដឹង

 

 

ថាព្រះសង្គ្រោះគឺព្រះអង្គ

ទាំងលើកទោសផងរួចពីបាប

៧៨-

ព្រះរបស់យើងមានព្រះទ័យ

ករុណាប្រណីជាដរាប

 

 

ទ្រង់ប្រទានថ្ងៃរះរៀងរាប

រំដោះរួចបាបយើងពិតៗ

៧៩-

សម្រាប់បំភ្លឺដល់អស់អ្នក

ដែលបាននៅស្នាក់ទីងងឹត

 

 

ព្រមទាំងតម្រង់ផ្លូវជីវិត

យើងឆ្ពោះទៅរកក្តីសុខសាន្ត

 

សូមកោតសរសើរព្រះបិតា

ព្រះបុត្រានិងព្រះវិញ្ញាណ

 

 

ដែលគង់ស្ថិតស្ថេរឥតសៅហ្មង

យូរលង់កន្លងតរៀងទៅ