២៧ កក្កដា ២០២៦

Written on 11/02/2026
Sokhorn Oem

ថ្ងៃចន្ទ រដូវធម្មតា អាទិត្យទី១៧ ឆ្នាំ«គូ»
ពណ៌បៃតង 

សូមថ្លែងព្រះគម្ពីរព្យាការីយេរេមី (យរ ១៣,១-១១)

ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖«ចូរទៅទិញក្រណាត់ដ៏ល្អយកមកក្រវាត់ចង្កេះ តែកុំបោកទឹកឡើយ»។ ខ្ញុំក៏ទៅទិញក្រណាត់យក​មកក្រវាត់ចង្កេះតាមបញ្ជារបស់​ព្រះអម្ចាស់។ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំសាជាថ្មីថា៖«ចូរយកក្រណាត់ដែលអ្នកបានទិញ ហើយក្រវាត់នៅនឹងចង្កេះនោះមក រួចធ្វើដំណើរឆ្ពោះទៅស្ទឹងអឺប្រាត់ លាក់​ក្រណាត់នោះទុកក្នុងកន្លៀតថ្មមួយ»។ ខ្ញុំក៏ចេញដំណើរទៅ ហើយលាក់ក្រណាត់នៅ​ជិតស្ទឹងអឺប្រាត់ តាមបញ្ជារបស់ព្រះអម្ចាស់។ យូរថ្ងៃកន្លងមកទៀត ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖«ចូរក្រោកឡើងទៅស្ទឹងអឺប្រាត់ យកក្រណាត់ដែលយើងបាន​បង្គាប់ឱ្យអ្នកលាក់នោះមកវិញ!»។ ខ្ញុំក៏ទៅស្ទឹងអឺប្រាត់ កាយយកក្រណាត់ដែល​ខ្ញុំបានលាក់ទុកមកវិញ តែក្រណាត់នោះពុកអស់ ប្រើការលែងកើតទៀត។ ព្រះ​អម្ចាស់ក៏មានព្រះបន្ទូលមកខ្ញុំដូចតទៅ៖«យើងនឹងធ្វើឱ្យចិត្ត​អួតអាងរបស់ប្រជាជនយូដា និងចិត្តក្រអឺតក្រទមរបស់អ្នកក្រុងយេរូសាឡឹមបានដូចក្រណាត់ដែលពុក​នោះដែរ។ ប្រជាជននេះអាក្រក់ណាស់ ពួកគេមិនព្រមស្តាប់ពាក្យយើងទេ គឺគេធ្វើតាមចិត្តចចេសរឹងរូសរបស់ខ្លួន ដោយរត់តាមព្រះដទៃ ហើយនាំគ្នាគោរព និងក្រាបថ្វាយបង្គំព្រះទាំងនោះ។ សូមឱ្យពួកគេបានដូចក្រណាត់នេះដែលយកទៅប្រើការលែងកើត!។ មនុស្សធ្លាប់យកក្រណាត់មកក្រវាត់ចង្កេះរបស់ខ្លួនយ៉ាងណា យើងក៏ជាប់ចិត្តនឹងជនជាតិអ៊ីស្រាអែល និងជនជាតិយូដាទាំងមូលយ៉ាងនោះដែរ ដើម្បីឱ្យ​ពួកគេធ្វើជាប្រជាជនរបស់យើងជាកិត្តិនាម ជាគ្រឿងអលង្ការ និងជាសិរីរុងរឿងរបស់យើង តែពួកគេមិនព្រមស្តាប់យើងសោះ»។ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។

ទំនុកតម្កើងធម្មវិន័យទី ២,៣២,៦.១៩-២១ បទពាក្យ ៧

ជនលេលាឥតប្រាជ្ញាអើយ ម្តេចធ្វើរំភើយមិនគិតសង  
  គុណព្រះអង្គថ្លៃពេកកន្លង តោងគិតផ្គូផ្គងនឹកគយគន់
  ព្រះអង្គនេះហើយជាឪពុក បង្កើតអ្នកមកឱ្យរស់រាន  
  ព្រមទាំងរំដោះលែងឱ្យទន់ ជាប្រជាជនថ្លៃគ្រប់ប្រាណ
១៩ ព្រះអម្ចាស់ទតឃើញដូច្នេះ ទ្រង់ព្រះតម្រិះខំទប់អត់  
  ទ្រាំមិនបានខ្ញាល់ឡើងញ័រមាត់ ដេញកម្ចាយអស់ឥតមានសល់
២០ ព្រះអង្គមានព្រះបន្ទូលថា យើងលែងការពារទាំងលែងខ្វល់  
  យើងចាំមើលគេនឹងរចល់ កើតទុកអំពល់ឬយ៉ាងណា
  ពួកនេះមានចិត្តមិនស្មោះត្រង់ វៀចវេរខ្វេរខ្វង់ឥតឧបមា  
  ទុកចិត្តមិនបានគ្មានខ្លឹមសារ កូនឥតបានការសែនចង្រៃ
២១ គេមើលងាយយើងទៅគោរព បម្រើសព្វគ្រប់ព្រះក្លែងក្លាយ  
  ឆ្លាក់រូបធ្វើព្រះមកកៀកកាយ ទុកបង្គំថ្វាយលុតឱនក្រាប
  ដូច្នេះយើងនឹងមើលងាយគេ ឥតមានរារេវាយស្រប៉ាប  
  ឱ្យគេដួលដេករេលរាក់រាប ដោយប្រើពួកទាបទៅវាយជួស
  ប្រើអ្នកល្ងង់ខ្លៅវាយកម្ទេច ចាប់វាយចាប់ញេចស្លាប់របួស  
  ដាក់ទោសឱ្យធ្ងន់ឥតស្រណោះ ធ្វើបាបទាំងអស់ឥតប្រណី

ពិធីអបអរសាទរព្រះគម្ពិរដំណឹងល្អតាម (យក១,១៨)

អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះជាម្ចាស់​ ព្រះអង្គប្រទានជីវិតឱ្យយើងខ្ញុំ ដោយសារព្រះបន្ទូលនៃសេចក្តីពិត។ ព្រះអង្គត្រាស់ហៅយើងខ្ញុំមុនសត្វលោកទាំងឡាយដែលព្រះអង្គបង្កើតមក។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ (មថ ១៣,៣១-៣៤) 

ព្រះយេស៊ូមានព្រះបន្ទូលជាពាក្យប្រស្នាមួយទៀតទៅកាន់បណ្តាជនថា៖«ព្រះរាជ្យនៃស្ថានបរមសុខប្រៀបបីដូចជាគ្រាប់ពូជម្យ៉ាងដ៏ល្អិត ដែលបុរសម្នាក់យកទៅដាំក្នុងចម្ការរបស់ខ្លួន។ គ្រាប់ពូជនោះតូចជាងគ្រាប់​ពូជទាំងអស់ ប៉ុន្តែ ពេលដុះឡើង វាធំ​ជាងដំណាំឯទៀតៗ គឺទៅជាដើមឈើមួយយ៉ាងធំ ហើយបក្សាបក្សីមកធ្វើសំបុកស្នាក់អាស្រ័យនៅតាមមែករបស់វា»។ ព្រះអង្គមានព្រះបន្ទូលជាពាក្យប្រស្នាមួយទៀតថា៖«ព្រះរាជ្យនៃស្ថានបរមសុខប្រៀបបីដូចជាមេនំប័ុង ដែលស្រ្តីម្នាក់យកទៅលាយនឹងម្សៅពីរតៅ ធ្វើឱ្យម្សៅនោះដោរឡើង»។ ព្រះយេស៊ូមានព្រះបន្ទូលអំពីសេចក្តីទាំងនេះទៅកាន់មហាជនសុទ្ធតែជាពាក្យប្រស្នា​ទាំងអស់ គឺព្រះអង្គមិនដែលមានព្រះបន្ទូលទៅគេដោយឥតប្រើពាក្យប្រស្នាឡើយ ដើម្បីឱ្យស្របនឹងសេចក្តីដែលមានចែងទុកដោយសារព្យាការីថា “យើងនឹងនិយាយ​ទៅគេជាពាក្យប្រស្នា យើងនឹងប្រកាសសេចក្តីលាក់កំបាំងតាំងពីដើមកំណើតពិភពលោកមកឱ្យគេដឹង”។