២១ កក្កដា ២០២៦

Written on 11/02/2026
Sokhorn Oem

ថ្ងៃអង្គារ រដូវធម្មតា អាទិត្យទី១៦ ឆ្នាំ«គូ»
ពណ៌បៃតង 

សូមថ្លែងព្រះគម្ពីរព្យាការីមីកា (មីក ៧,១៤-១៥.១៨-២០)

ឱ! ព្រះអម្ចាស់អើយ! សូមថែរក្សាប្រជារាស្ត្ររបស់ព្រះអង្គ ដូចគង្វាលធ្លាប់ថែរក្សាហ្វូងសត្វរបស់ខ្លួន។ យើងខ្ញុំដែលជាហ្វូងចៀមរបស់ព្រះអង្គរស់នៅលើទឹកដីគ្មានជីជាតិ ហើយដែលមានចម្ការព័ទ្ធជុំវិញ។ សូមនាំយើងខ្ញុំទៅរស់នៅកន្លែងដែលមានជីជាតិល្អ នៅស្រុកបាសាន និងស្រុកកាឡាដដូចដើមវិញ។ សូមសម្តែងព្រះបារមីដ៏រុងរឿងអស្ចារ្យដូចកាលព្រះអង្គនាំយើងខ្ញុំចេញពីស្រុកអេស៊ីប។ បពិត្រព្រះអម្ចាស់! តើមានព្រះណាដែលមានព្រះហឫទ័យសប្បុរសដូចព្រះអង្គ? ព្រះអង្គលើកលែងទោសឱ្យយើងខ្ញុំ ព្រះ​អង្គមិនពិរោធរហូតឡើយ។ ព្រះអង្គមានព្រះហឫទ័យស្រឡាញ់ និងប្រណីសន្តោស​ប្រជារាស្ត្ររបស់ព្រះអង្គដែលនៅសល់ពីស្លាប់។ ព្រះអង្គមុខជាអាណិតអាសូរយើងខ្ញុំសាជាថ្មី ព្រះអង្គមិនប្រកាន់ទោសរបស់យើងខ្ញុំទេ ព្រះអង្គនឹងយកអំពើបាបទាំងប៉ុន្មានរបស់យើងខ្ញុំទៅបោះចោលនៅបាតសមុទ្រ។ ព្រះអង្គនឹងសម្តែងព្រះហឫទ័យស្មោះត្រង់ដល់កូនចៅរបស់លោកយ៉ាកុប ហើយសម្តែងព្រះហឫទ័យមេត្តាករុណាដល់កូនចៅ លោកអប្រាហាំដូចព្រះអង្គបានសន្យាជាមួយបុព្វបុរសរបស់យើងខ្ញុំកាលពីជំនាន់ដើម។

ទំនុកតម្កើងលេខ ៨៥ (៨៤),២-៣.៥-៨ បទកាកគតិ

២ បពិត្រព្រះម្ចាស់ ព្រះអង្គគាប់ព្រះ ទ័យនឹងទឹកដី
  ទ្រង់បានដឹកនាំ ពូជពង្សប្រពៃ យ៉ាកុបថ្លាថ្លៃ
    ឱ្យវិលមកវិញ ។
៣ ព្រះអង្គលើកទោស អស់ប្រជារាស្ត្រ ឥតមានទោម្នេញ
  ឱ្យគេរួចបាប មកល្អជាវិញ ចិត្តគេពោរពេញ
    អំណរសប្បាយ ។
៥ ព្រះម្ចាស់ឧត្តម សង្គ្រោះថ្នាក់ថ្នម បីបមត្រកង
  សូមប្រោសឱ្យខ្ញុំ ត្រឡប់វិញផង ហើយសូមព្រះអង្គ
    កុំយកទោសា ។
៦ តើព្រះអង្គខ្ញាល់ ពួកយើងនេះដល់ រហូតពេលណា
  ឬទ្រង់ពិរោធ រៀងរាល់វេលា ឬក៏អស់ជា
    អង្វែងតទៅ ។
៧ តើទ្រង់មិនបាន យាងមកទីស្ថាន ឱ្យខ្ញុំរស់នៅ
  មានទាំងជីវិត សែនល្អពេកកូវ ពីនេះតទៅ
    អំណរសប្បាយ ។
៨ ឱ! ព្រះជាម្ចាស់ សូមសម្តែងព្រះ ហឫទ័យទូលាយ
  មេត្តាករុណា អាសូរប្រណី មកខ្ញុំរាល់ថ្ងៃ
    សូមសង្គ្រោះផង ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម (លក ១១,២៥)

អាលេលូយ៉ា! អាលេលូយ៉ា!
អ្នកណាស្តាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងអនុវត្តតាម អ្នកនោះពិតជាមានសុភមង្គលហើយ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ (មថ ១២,៤៦-៥០) 

នៅគ្រានោះ ព្រះយេស៊ូកំពុងតែមានព្រះបន្ទូលទៅកាន់មហាជន ស្រាប់តែមាតា និងបងប្អូនព្រះអង្គមកឈរចាំនៅខាងក្រៅ ចង់និយាយជាមួយព្រះអង្គ។ មានម្នាក់ទូលព្រះអង្គថា៖«ម្តាយលោក និងបងប្អូនលោកនៅខាងក្រៅចង់និយាយជាមួយ​លោក»។ ព្រះអង្គមានព្រះបន្ទូលតបទៅគាត់វិញថា៖«តើនរណាជាម្តាយខ្ញុំ? នរណា​ជាបងប្អូនខ្ញុំ?»។ ព្រះអង្គលើកព្រះហស្តចង្អុលទៅពួកសាវ័កទាំងមានព្រះបន្ទូល​ថា៖«អ្នកទាំងនេះហើយជាមាតា និងជាបងប្អូនរបស់ខ្ញុំ ដ្បិតអ្នកណាធ្វើតាមព្រះហឫទ័យ​របស់ព្រះបិតាខ្ញុំដែលគង់នៅស្ថានបរមសុខ អ្នកនោះហើយជាបងប្អូនប្រុសស្រី និងជាម្តាយរបស់ខ្ញុំ»។