១៨ កក្កដា ២០២៦

Written on 10/02/2026
Sokhorn Oem

ថ្ងៃសៅរ៍ រដូវធម្មតា អាទិត្យទី១៥ ឆ្នាំ«គូ»
ពណ៌បៃតង 

សូមថ្លែងព្រះគម្ពីរព្យាការីមីកា (មីក ២,១-៥)

អស់អ្នកដែលគិតគូរគម្រោងការទុច្ចរិត ព្រមទាំងដេកសញ្ជឹងគិតរកឧបាយកល លុះព្រឹកឡើង ប្រើអំណាចរបស់ខ្លួនសម្រេចតាមគម្រោងការនេះ មុខជាត្រូវវេទនា​ពុំខាន! បើគេប៉ុនប៉ងចង់បានស្រែចម្ការណា គេដណ្តើមយកស្រែចម្ការនោះ។ បើគេប៉ុនប៉ងចង់បានផ្ទះណា គេ​រឹបអូសយកផ្ទះនោះ ព្រមទាំងធ្វើបាបម្ចាស់ផ្ទះ និង​គ្រួសារ ហើយដណ្តើមយកកេរមត៌ករបស់គាត់ផង។ ហេតុនេះ ព្រះអម្ចាស់មានព្រះបន្ទូលថា៖«យើងកំពុងតែរៀបចំផែនការដាក់ទោស​មនុស្សប្រភេទនេះ។ ខ្មាំងនឹងជាន់កអ្នករាល់គ្នា អ្នករាល់គ្នានឹងដើរឱនមុខ ដ្បិតពេល​នោះ ជាពេលវេទនាយ៉ាងខ្លាំង។ នៅថ្ងៃនោះ មនុស្សម្នានឹងយករឿងអ្នកទៅសើច​លេង ហើយចងក្រងជាទំនួញសម្រាប់ស្មូត្រថា ពួកយើងបានបាត់បង់អ្វីៗទាំងអស់! ខ្មាំងលេបទឹកដីដែលជាមត៌ករបស់ពួកយើង! បច្ចាមិត្តដេញពួកយើងចេញពីស្រុក រួចយកទឹកដីចែកគ្នា!។ ហេតុនេះ ពេលប្រជាជនរបស់ព្រះអម្ចាស់បែងចែកដីគ្នា គ្មាន​នរណាម្នាក់វាស់ដីចែកឱ្យអ្នកឡើយ»។

ទំនុកតម្កើងលេខ ១០ (៩),១-៤.៧-៨.១៤ បទព្រហ្មគីតិ

១ ឱ! ព្រះជាម្ចាស់អើយ ហេតុអ្វីឡើយក៏ព្រះអង្គ  
  ចាកឆ្ងាយយាងទៅគង់ សម្ងំឈឹងដូច្នេះណា? ។
២ មនុស្សពាលតាមធ្វើបាប អ្នកទន់ទាបរងវេទនា  
  គេប្រើល្បិចពាលា ឱ្យអ្នកជាជាប់អន្ទាក់ ។
៣ មនុស្សពាលតែងតែអួត កុហកភូតភរលួចលាក់  
  ពេលបានជោគជ័យជាក់ គេចំអកដាក់ព្រះអង្គ ។
៤ ពួកគេវាយឫកខ្ពស់ ពោលទ្រគោះដោយមិនចង់  
  រវល់នឹងព្រះអង្គ គិតលះបង់ព្រះអម្ចាស់ ។
៧ មាត់គាត់ជេរផ្តាសា មិនបានការពាក្យចោលម្សៀត  
  បង្កាច់កុហកទៀត មនុស្សទុច្ចរិតមិនគួររាប់ ។
៨ គេតែងពួនស្ទាក់ចាំ នៅក្បែរភូមិហើយសម្លាប់  
  គេចាំឃ្លាំមើលជាប់ រួចសម្លាប់ជនត្រង់ស្លូត ។
១៤ ព្រះអង្គទតឃើញទុក្ខ លំបាកសុខនៃមនុស្សយើង  
  កម្សត់អត់ទីពឹង ព្រះអង្គនឹងជួយជានិច្ច ។
  មនុស្សដែលទន់ទាប ជាដរាបផ្ញើជីវិត  
  លើព្រះម្ចាស់ជានិច្ច ទ្រង់មិនភ្លេចជនទុរគត ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន១៤៧ ១,៣

អាលេលូយ៉ា! អាលេលូយ៉ា!
គួរនាំគ្នាធ្វើបុណ្យលើកតម្កើងព្រះជាម្ចាស់! ការសរសើរលើកតម្កើងព្រះអង្គ ពិតជាការដ៏ល្អប្រពៃ! ព្រះអង្គមើលថែទាំមនុស្សដែលមានចិត្តសោកសង្រេង ទ្រង់ព្យាបាលមុខរបួសរបស់គេ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ (មថ ១២,១៤-២១) 

ពួកខាងគណៈផារីស៊ីពិគ្រោះគ្នារកមធ្យោបាយធ្វើគុតព្រះយេស៊ូ។ កាលព្រះយេស៊ូជ្រាបដូច្នោះ ព្រះអង្គយាងចាកចេញពីទីនោះ ទាំងមានមហាជនជាច្រើនដើរតាមព្រះអង្គទៅដែរ។ ព្រះអង្គបានប្រោសពួកគេឱ្យជាពីជំងឺទាំងអស់គ្នា តែព្រះអង្គគំរាមគេយ៉ាងម៉ឺងម៉ាត់ មិនឱ្យនិយាយប្រាប់អ្នកដទៃថា ព្រះអង្គជានរណាឡើយ ដើម្បីឱ្យស្របទៅនឹងសេចក្តីដែលមានចែងទុកដោយសារព្យាការីអេសាយ​ថា៖ «លោកនេះហើយជាអ្នកបម្រើដែលយើងបានជ្រើសរើស ជាអ្នកដែលយើងស្រឡាញ់ ហើយធ្វើឱ្យចិត្តយើងរីករាយ យើងនឹងដាក់វិញ្ញាណរបស់យើងឱ្យសណ្ឋិតលើលោក ហើយលោកនឹងប្រាប់ឱ្យជាតិសាសន៍ទាំងអស់ស្គាល់សេចក្តីសុចរិត។ លោកនឹងមិនឈ្លោះប្រកែកជាមួយនរណាឡើយ ហើយក៏មិនស្រែកដាក់នរណាផង។ គ្មាននរណាឮសំឡេងរបស់លោកនៅតាមទីផ្សារទេ។ លោកនឹងមិនកាច់ដើមត្រែងណា ដែលទក់​ហើយនោះឡើយ ហើយក៏មិនផ្លុំពន្លត់ភ្លើងណាដែលហៀបនឹងរលត់នោះដែរ។ គឺលោកធ្វើដូច្នេះ រហូតដល់លោកនាំសេចក្តីសុច​រិតឱ្យមានជ័យជម្នះ។ ជាតិសាសន៍​ទាំងអស់នឹងនាំគ្នាសង្ឃឹមលើលោក»។