១៥ កក្កដា ២០២៦

Written on 10/02/2026
Sokhorn Oem

ថ្ងៃពុធ រដូវធម្មតា អាទិត្យទី១៥ ឆ្នាំ«គូ»​
 ពណ៌បៃតង 

បុណ្យរម្លឹក
សន្តបូណាវិនទូរ ជាអភិបាល​
និងជាគ្រូបាធ្យាយព្រះសហគមន៍

សូចចុចទីនេះ

សន្តយ៉ូហាន ហ្វីដងសា (១២២១-១២៧៤) បានដាក់ឈ្មោះខ្លួនឯងថា “បូណាវិនទូរ៉ា” នៅពេលលោកចូលបួសក្នុងក្រុមគ្រួសារសន្តហ្វ្រង់សីស្កូ។ លោកខំកសាងសន្តិភាពក្នុងក្រុមគ្រួសារនោះ ដោយយកចិត្តទុកដាក់សម្រុះសម្រួលអ្នកដែលបាក់បែកគ្នាឱ្យជានានឹងគ្នា។ លោកជាទេវវិទូមានឈ្មោះល្បីជាងគេក្នុងសម័យដែលលោករស់នៅ។ លោកទទួលបន្ទុកជាអភិបាល និងជាទីប្រឹក្សាសម្តេចប៉ាប។ លោកទទួលមរណភាព នៅពេលអស់លោកអភិបាលប្រជុំគ្នា។ ក្នុងមហាសន្និបាតសាកលនៅលីយ៉ុង​(១២៧៤)។

សូមថ្លែងព្រះគម្ពីរព្យាការីអេសាយ (អស ១០,៥-៧.១៣-១៦)

ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ជនជាតិអាស្ស៊ីរីត្រូវវេទនាហើយ! យើងនឹងប្រើពួក​គេទុកជាដំបង ដើម្បីធ្វើតាមកំហឹងរបស់យើង។ យើងចាត់ជនជាតិអាស្ស៊ីរីឱ្យ​ទៅធ្វើទោសប្រជាជាតិទមិឡ យើងនឹងនាំពួកគេទៅវាយប្រហារប្រជាជនដែលបានបង្កឱ្យយើងមានកំហឹង។ ពួកគេនឹងប្លន់រឹបអូសយកទ្រព្យសម្បត្តិ ហើយជាន់ឈ្លីប្រជាជាតិនេះ ដូចគេដើរជាន់ភក់នៅតាមផ្លូវ។ ប៉ុន្តែ ជនជាតិអាស្ស៊ីរីពុំបានយល់ដូច្នេះទេ គឺគេមានចិត្តគំនិតផ្សេង គិតតែពីកម្ទេច និងសម្លាប់រង្គាលប្រជាជាតិជាច្រើន​ឥតគណនា។ គេនឹកគិតថា “យើងយកជ័យជម្នះបានដោយសារកម្លាំង និងប្រាជ្ញារបស់​យើងផ្ទាល់ ដ្បិតយើងមានប្រាជ្ញាវាងវៃ។ យើងបានរំលាយព្រំដែនរបស់ប្រជាជាតិនានា ព្រមទាំងរឹបអូសយកទ្រព្យសម្បត្តិរបស់គេទៀតផង។ យើងបានប្រើឫទ្ធិអំណាចរបស់យើងទម្លាក់ស្តេចជាច្រើនចុះពីបល្ល័ង្ក។ យើងបានរឹបអូសយកទ្រព្យសម្បត្តិរបស់ប្រជាជនទាំងឡាយ ដូចគេប្រមូលពងសត្វពីសំបុក ដែលមេវាបោះបង់ចោល។ យើងបានប្រមូលអ្វីៗទាំងអស់នៅលើផែនដី ឥតមាននរណាម្នាក់ហ៊ានកម្រើក ឬហើបមាត់តវ៉ាឡើយ”។ មិនដែលមានពូថៅណាអួតខ្លួនថាប្រសើរជាងអ្នកដែលប្រើវាទេ ហើយរណារក៏មិនដែលអួតបំប៉ោងជំទាស់នឹងអ្នកដែលប្រើវាដែរ។ មិនដែលមាន​ព្រនង់ណាបញ្ជាទៅដៃដែលកាន់វា ឱ្យកម្រើកឡើយ ហើយក៏មិនដែលមានដំបងណា​កាន់អ្នកដែលប្រើវាដែរ!។ ហេតុនេះ ព្រះជាអម្ចាស់នៃពិភពទាំងមូល នឹងធ្វើឱ្យ​ទាហានដ៏មាំមួនរបស់គេ ក្លាយទៅជាស្គមរីងរៃ ហើយឱ្យមានភ្លើងយ៉ាងសន្ធោសន្ធៅ​ឆេះបំផ្លាញភាពថ្កុំថ្កើងរុងរឿងរបស់ពួកគេ។

ទំនុកតម្កើងលេខ ៩៤ (៩៣),៥-៩.១១.១៤-១៥ បទព្រហ្មគីតិ

៥ បពិត្រព្រះជាម្ចាស់ ពួកគេជិះជាន់សង្កត់  
  ប្រជាជនសុចរិត ទាំងទឹកដីឱ្យអន្តរាយ ។
៦ ពួកវាកាប់សម្លាប់ ដោយសំអប់ស្រីមេម៉ាយ  
  អន្តោប្រវេសន៍ក្ស័យ ហើយប្រល័យក្មេងកំព្រា ។
៧ គេថាព្រះអម្ចាស់ ទតមិនច្បាស់មិនបានការ  
  ព្រះយ៉ាកុបនេះណា មិនបានការមិនយល់អ្វី ។
៨ ពួកមនុស្សល្ងីល្ងើអើយ អ្នកនេះហើយប្រាជ្ញាខ្លី  
  ចិត្តខ្មៅជួអប្រីយ៍ មិនដឹងអីមិនចេះគិត ។
៩ ព្រះអង្គបង្កើតភ្នែក ឱ្យក្រឡេកមើលឆ្ងាយជិត  
  តើទ្រង់មិនចេះគិត មិនចេះទតអ្វីទេឬ? ។
១១ ទ្រង់ជ្រាបគំនិតអស់ របស់មនុស្សលើលោកីយ៍  
  គំនិតពួកគេខ្លី ព្រោះពួកគេជាមនុស្សខ្លៅ ។
១៤ ដ្បិតព្រះអង្គមិនបោះ ឱ្យនៅរស់ឈ្មោះតែលតោល  
  ព្រះអង្គក៏មិនចោល ចំណែកផ្ទាល់មរតកទ្រង់ ។
១៥ ចៅក្រមនឹងកាត់ក្តី ដោយប្រពៃមិនបង្អង់  
  អ្នកដែលមានចិត្តត្រង់ តាមគន្លងយុត្តិធម៌ ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម (មថ ១១,២៥)

អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះបិតា ជាអម្ចាស់នៃស្ថានបរមសុខ និងជាអម្ចាស់នៃផែនដី! យើងខ្ញុំសូមសរសើរតម្កើងព្រះអង្គ ព្រោះទ្រង់បានសម្តែងការអស្ចារ្យនៃព្រះរាជ្យឱ្យមនុស្សតូចតាចបានយល់។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ (មថ ១១,២៥-២៧) 

នៅពេលនោះ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «បពិត្រព្រះបិតា ជាអម្ចាស់នៃស្ថាន​បរមសុខ និងជាអម្ចាស់នៃផែនដី! ទូលបង្គំសូមសរសើរតម្កើងព្រះអង្គ ព្រោះទ្រង់បាន​សម្តែងឱ្យមនុស្សតូចតាចយល់ការណ៍ទាំងនេះ តែទ្រង់បានលាក់មិនឱ្យអ្នកប្រាជ្ញ និងអ្នកចេះដឹងយល់ទេ។ មែនហើយ! ព្រះអង្គសព្វព្រះហឫទ័យសម្រេចដូច្នេះ!។ ព្រះបិតារបស់ខ្ញុំបានប្រគល់អ្វីៗទាំងអស់មកខ្ញុំ។ គ្មានអ្នកណាស្គាល់ព្រះបុត្រាក្រៅពី​ព្រះបិតា ហើយក៏គ្មាននរណាស្គាល់ព្រះបិតាក្រៅពីព្រះបុត្រា និងអ្នកដែលព្រះបុត្រាសព្វព្រះហឫទ័យសម្តែងឱ្យស្គាល់នោះដែរ»។