១៣ កក្កដា ២០២៦

Written on 10/02/2026
Sokhorn Oem

ថ្ងៃចន្ទ រដូវធម្មតា អាទិត្យទី១៥  ឆ្នាំ«គូ»
ពណ៌បៃតង

សូមថ្លែងព្រះគម្ពីរព្យាការីអេសាយ (អស ១,១០-១៧)

អ្នក​រាល់​គ្នា​ជា​មេ​ដឹក​នាំ​ដ៏​អាក្រក់ដូច​មេ​ដឹក​នាំ​ក្រុង​សូដុម​អើយចូរ​ស្ដាប់​ការ​ប្រៀន‌ប្រដៅ​របស់​ព្រះ‌អម្ចាស់!អ្នក​រាល់​គ្នា​ជា​ប្រជាជន​ដ៏​អាក្រក់ដូច​ប្រជាជន​ក្រុង​កូម៉ូរ៉ា​អើយចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់​ការ​ប្រៀន‌ប្រដៅរបស់​ព្រះ​នៃ​យើង! ព្រះអម្ចាស់មានព្រះបន្ទូលថា៖«យើងមិនរវីរវល់នឹងយញ្ញបូជាដ៏ច្រើនឥតគណនារបស់អ្នករាល់គ្នាទេ យើងធុញទ្រាន់នឹងចៀមឈ្មោល ព្រមទាំងខ្លាញ់កូនគោ ដែលអ្នក​រាល់គ្នាដុតបូជាថ្វាយយើង យើងក៏មិនពេញចិត្តនឹងឈាមគោ ឈាមចៀម និងឈាម​ពពែរបស់អ្នករាល់គ្នាដែរ។​ អ្នករាល់គ្នាចូលមករកយើង តើនរណាហៅអ្នករាល់គ្នា​ឱ្យមកជាន់ទីលានវិហាររបស់យើងដូច្នេះ? ចូរឈប់យកតង្វាយដ៏ឥតបានការនេះមកថ្វាយយើងទៅ យើងខ្ពើមផ្សែងធូបរបស់អ្នករាល់គ្នាណាស់ ហើយយើងក៏ធុញទ្រាន់នឹងពិធីបុណ្យផ្សេងៗ បុណ្យចូលខែថ្មី បុណ្យថ្ងៃសីល ឬពិធីដ៏ឱឡារឹក ដែលរៀបចំ​ឡើងដោយមនុស្សទុច្ចរិតដែរ។ យើងស្អប់បុណ្យចូលខែថ្មី និងពិធីបុណ្យផ្សេងៗរបស់អ្នករាល់គ្នាណាស់ ពិធីបុណ្យទាំងនេះធ្វើឱ្យយើងធុញទ្រាន់ ទ្រាំមិនបាន។ កាល​ណាអ្នករាល់គ្នាលើកដៃប្រណម្យ យើងងាកមុខចេញ ទោះបីអ្នករាល់គ្នាសូត្រធម៌ច្រើនយ៉ាងណាក្តី ក៏យើងមិនព្រមស្តាប់ដែរ ព្រោះដៃអ្នករាល់គ្នាប្រឡាក់ទៅដោយឈាម។ ចូរលាងសម្អាតខ្លួនឱ្យបានស្អាតបរិសុទ្ធ! ចូរយកអំពើទុច្ចរិតចេញពីមុខយើងទៅ កុំប្រព្រឹត្តអំពើអាក្រក់ទៀតឡើយ!។ ចូររៀនធ្វើអំពើល្អ! ចូរស្វែងរកយុត្តិធម៌! ចូរ​ជួយអ្នកដែលត្រូវគេសង្កត់សង្កិនឱ្យបានរួចពីទុក្ខ! ចូររកយុត្តិធម៌ឱ្យក្មេងកំព្រា ហើយ​ការពារស្ត្រីមេម៉ាយ!»។

ទំនុកតម្កើងលេខ ៥០ (៤៩),៧-៨.១៦-១៧.២១.២៣ បទព្រហ្មគីតិ

៧ ប្រជាជនបវរ នាំគ្នាមកស្តាប់ពាក្យពិត  
  អ៊ីស្រាអែលអើយកុំគិត យើងនេះពិតព្រះអ្នកហើយ ។
៨​ យើងមិនស្តីបន្ទោស អ្នកទាំងអស់ដែលបានថ្វាយ  
  យញ្ញបូជាទាំងឡាយ អចិន្ត្រៃយ៍មិនដែលអាក់ ។
១៦ ព្រះម្ចាស់មានបន្ទូល ទៅមនុស្សពាលឥតស្ទើរស្ទាក់  
  ហេតុអ្វីបានជាអ្នក សូត្រឥតអាក់ក្រឹត្យវិន័យ ។
  ហើយចេះតែទន្ទេញ ឥតទោម្នេញរៀងរាល់ថ្ងៃ  
  ពាក្យសម្ពន្ធមេត្រី ជាមួយយើងដូច្នេះណា? ។
១៧ ប៉ុន្តែអ្នកថ្លោះធ្លោយ មិនស្តាប់ឡើយនូវវាចារ  
  ទូន្មានគ្រប់អាត្មា អ្នកបែរជាចោលបង់បោះ ។
២១ អ្នកដែលធ្លាប់ប្រព្រឹត្ត រឿងឧក្រិដ្ឋឥតកំណើត  
  យើងនៅស្ងៀមម្តេចកើត គ្មានកំណើតយើងដាក់ទោស ។
២៣ អ្នកណាថ្វាយពាក្យថ្កើង មកដល់យើងជាតង្វាយ  
  យើងរីករាយស្រស់ស្រាយ យើងសប្បាយជួយសង្គ្រោះ ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មថ៥,១១

អាលេលូយ៉ា! អាលេលូយ៉ា!
អ្នកណាត្រូវគេបៀតបៀនព្រោះតែបានធ្វើតាមសេចក្តីសុចរិត អ្នកនោះមានសុភមង្គលហើយ ដ្បិតពួកគេនឹងទទួលព្រះរាជ្យនៃស្ថានបរមសុខ!។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ (មថ ១០,៣៤-១១,១) 

នៅគ្រានោះ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ក្រុមសាវ័កទាំងដប់ពីរនាក់ថា៖ «កុំនឹកស្មានថា ខ្ញុំមកនេះ ដើម្បីនាំយកសន្តិភាពមកឱ្យផែនដីឡើយ។ ខ្ញុំមិនមែននាំ​សន្តិភាពមកទេ គឺខ្ញុំមកបំបែកមនុស្សចេញពីគ្នា។ ខ្ញុំមកធ្វើឱ្យកូនប្រុសបែកពីឪពុក កូនស្រីបែកពីម្តាយ កូនប្រសាស្រីបែកពីម្តាយក្មេក ហើយអ្នកដែលនៅក្នុងផ្ទះជាមួយក្លាយទៅជាសត្រូវនឹងគ្នា។ អ្នកណាស្រឡាញ់ឪពុកម្តាយជាងស្រឡាញ់ខ្ញុំ អ្នកនោះមិនសមនឹងធ្វើជាសាវ័ករបស់ខ្ញុំឡើយ។ ហើយអ្នកណាស្រឡាញ់កូនប្រុសកូនស្រីរបស់ខ្លួន​ខ្លាំងជាងស្រឡាញ់ខ្ញុំ ក៏មិនសមនឹងធ្វើជាសាវ័ករបស់ខ្ញុំដែរ។ អ្នកណាមិនយកឈើឆ្កាង​របស់ខ្លួន ហើយមិនមកតាមខ្ញុំទេ អ្នកនោះមិនសមធ្វើជាសាវ័ករបស់ខ្ញុំឡើយ។ អ្នកណារក្សាទុកជីវិតរបស់ខ្លួន អ្នកនោះនឹងបាត់បង់ជីវិត។ រីឯអ្នកដែលបាត់បង់ជីវិត ព្រោះតែខ្ញុំនឹងបានជីវិតនោះមកវិញ។ អ្នកណាទទួលអ្នករាល់គ្នា ក៏ដូចជាទទួលខ្ញុំ ហើយអ្នកណាទទួលខ្ញុំ ក៏ដូចទទួលព្រះអង្គដែលចាត់ខ្ញុំឱ្យមកនោះដែរ។ អ្នកណាទទួលព្យាការីម្នាក់ក្នុងនាមលោកជាព្យាការី អ្នកនោះនឹងទទួលរង្វាន់ដូចព្យាការី។ អ្នកណាទទួលមនុស្សសុចរិតម្នាក់ ក្នុងនាមជាមនុស្សសុចរិត អ្នកនោះនឹងទទួលរង្វាន់ដូចមនុស្ស​សុចរិត។ អ្នកណាឱ្យទឹកត្រជាក់ សូម្បីតែមួយកែវដល់អ្នកតូចតាចម្នាក់ ក្នុង​នាមជាសាវ័ករបស់ខ្ញុំ ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកនោះនឹងទទួលរង្វាន់ជាមិនខាន»។ លុះព្រះយេស៊ូមានព្រះបន្ទូលផ្តែផ្តាំក្រុមសាវ័កទាំងដប់ពីរចប់សព្វគ្រប់ហើយ​ ព្រះ​អង្គក៏យាងចាកចេញពីទីនោះទៅបង្រៀន និងប្រកាសដំណឹងល្អដល់អ្នកស្រុកនៅ​តាម​​ភូមិនានា។