០៧ កក្កដា ២០២៦

Written on 09/02/2026
Sokhorn Oem

ថ្ងៃអង្គារ រដូវធម្មតា អាទិត្យទី១៤ ឆ្នាំ«គូ»
ពណ៌បៃតង 

សូមថ្លែងព្រះគម្ពីរព្យាការីហូសេ (ហស ៨,៤-៧.១១-១៣)

ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ជនជាតិអ៊ីស្រាអែលតែងតាំងស្តេចដោយឥតសាកសួរយើង ហើយតែងតាំងមេដឹកនាំពីក្រោយខ្នងយើង។ ពួកគេយកមាសប្រាក់របស់ខ្លួនទៅសូន្យធ្វើរូបព្រះក្លែងក្លាយ ដែលបណ្តាលឱ្យខ្លួនត្រូវវិនាស។ អ្នកក្រុងសាម៉ារីអើយ! ចូរយករូបព្រះគោរបស់អ្នកបោះចោលទៅ! កំហឹងរបស់យើងឆាបឆេះទៅលើអ្នករាល់គ្នា តើដល់ពេលណាទើបអ្នករាល់គ្នាអាចរស់នៅដោយឥតសៅហ្មង? រូបគោនោះកើត​ចេញមកពីអ៊ីស្រាអែល មានជាងឆ្លាក់ធ្វើវា គឺវាមិនមែនជាព្រះទេ! ហេតុនេះហើយ បានជារូបគោរបស់សាម៉ារីនឹងត្រូវបាក់បែកខ្ទេចខ្ទីជាពុំខាន។ ពួកគេសាបព្រោះខ្យល់ ពួកគេនឹងទទួលផលជាព្យុះ។ ស្រូវស្កកគ្មានបាយហូប ហើយប្រសិនបើមាន ក៏គង់តែជន​បរទេសមកលេបយកទៅបាត់ដែរ។ អេប្រាអ៊ីមបានសង់អាសនៈកាន់តែច្រើនឡើងៗ ដើម្បីឱ្យបានរួចពីបាប តែអាសនៈទាំងនោះ ក្លាយទៅជាកន្លែងដែលនាំឱ្យគេប្រព្រឹត្ត​អំពើបាបទៅវិញ! ទោះបីយើងបានចែងវិន័យទុកឱ្យគេច្រើនយ៉ាងណាក្តី ក៏គេមិន​រវីរវល់អើពើដែរ។ ពួកគេយកសត្វមកធ្វើយញ្ញបូជាឱ្យយើង ព្រោះពួកគេចូលចិត្ត​បរិភោគសាច់។ ប៉ុន្តែ យើងជាព្រះអម្ចាស់! យើងមិនពេញចិត្តនឹងតង្វាយរបស់​ពួកគេទេ យើងនឹកឃើញអំពើបាបរបស់ពួកគេ ហើយដាក់ទោសពួកគេតាមអំពើបាបដែលខ្លួនបានប្រព្រឹត្ត។ ពួកគេត្រូវតែត្រឡប់ទៅស្រុកអេស៊ីបវិញ»។​

ទំនុកតម្កើងលេខ ១១៥ (១១៣ក),៣-៩.១១ បទកាកគតិ

៣ ព្រះរបស់ខ្ញុំ នៅទីបរម សុខឥតឧបមា
  ទ្រង់សព្វព្រះទ័យ ធ្វើកិច្ចអស្ចារ្យ អ្វីសព្វប្រការ
    បានឥតមានទាស់ ។
៤ ឯព្រះពួកអ្នក ប្រាកដជាជាក់ ព្រះក្លែងក្លាយស្មោះ
  ខ្លះធ្វើពីឈើ គគីរកកោះ ពីប្រាក់ពីមាស
    ជាព្រះមនុស្សច្នៃ ។
៥ ព្រះនោះមានមាត់ និយាយមិនកើត មិនដែលចេញស្តី
  តាមតែជាងឆ្លាក់ ដាក់មកធ្វើអ្វី ភ្នែកឥតប្រស្រី
    មើលអ្វីមិនបាន ។
៦ រីឯត្រចៀក មានប្រាកដជាក់ តែមិនចំណាន
  ព្រោះស្ដាប់មិនកើត មិនដឹងដើមដាន ច្រមុះដែលមាន
    តែមិនដឹងក្លិន ។
៧ មានសព្វទាំងដៃ តែមិនអាចលៃ ប៉ះពាល់ឬកាន់
  មានជើងនៅស្ងៀម ព្រោះដើរមិនបាន បំពង់កមាន
    តែគ្មានសំឡេង ។
៨ សូមឱ្យអស់អ្នក ដែលបានដាប់ឆ្លាក់ រូបព្រះនោះឯង
  ហើយផ្ញើជីវិត គ្មានគិតកោតក្រែង ឱ្យគេចំបែង
    ដូចព្រះទាំងនោះ ។
៩ អ៊ីស្រាអែលអើយ ចូរកុំកន្តើយ ជីវិតផ្ញើព្រះ
  នោះទ្រង់នឹងជួយ អ្នកបានទាំងអស់ ជាខែលគ្រឿងក្រោះ
    ពាំងអ្នករាល់គ្នា ។
១១ អ្នកដែលកោតខ្លាច ព្រះមានអំណាច នឹងមិនជួបទុក្ខ
  បើផ្ញើជីវិត អ្នកនឹងបានសុខ ពីនេះទៅមុខ
    ផុតទុក្ខល្ហើយល្ហែ ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម (យហ១០,១៤)

អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះអម្ចាស់យេស៊ូ! ព្រះអង្គជាគង្វាលដ៏ល្អប្រសើរ យើងខ្ញុំសុខចិត្តដើរតាមព្រះអង្គ។ សូមព្រះអង្គណែនាំយើងខ្ញុំឆ្ពោះទៅកាន់ប្រភពនៃជីវិត។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ (មថ ៩,៣២-៣៨) 

នៅគ្រានោះ គេនាំមនុស្សគម្នាក់ដែលមានខ្មោចចូលមកគាល់ព្រះយេស៊ូ។ កាល​ព្រះអង្គដេញខ្មោចចេញហើយ មនុស្សគក៏និយាយបាន។ មហាជននាំគ្នាស្ងើចសរសើរយ៉ាងខ្លាំង ទាំងពោលថា៖ «យើងមិនដែលឃើញការអស្ចារ្យបែបនេះនៅស្រុក​អ៊ីស្រាអែលឡើយ»។ ប៉ុន្តែ ពួកខាងគណៈផារីស៊ីពោលថា៖ «គាត់ដេញខ្មោចបានដូច្នេះ មកពីស្តេចខ្មោចបានប្រគល់អំណាចឱ្យ»។ បន្ទាប់មក ព្រះយេស៊ូយាងទៅ​តាមក្រុងនិងតាមភូមិនានា ព្រះអង្គបង្រៀនអ្នកស្រុកនៅក្នុងធម្មសាលា ព្រមទាំងប្រកាសដំណឹងល្អអំពីព្រះរាជ្យ ហើយប្រោសអ្នកជំងឺ និង​អ្នកពិការគ្រប់ប្រភេទឱ្យបានជាផង។ កាលព្រះអង្គទតឃើញមហាជន ទ្រង់មាន​ព្រះហឫទ័យអាណិតអាសូរគេពន់ពេកណាស់ ព្រោះអ្នកទាំងនោះអស់កម្លាំងល្វើយ ធ្លាក់ទឹកចិត្ត ប្រៀបបីដូចជាចៀមដែលគ្មានគង្វាលថែទាំ។ ព្រះអង្គមានព្រះបន្ទូលទៅ​កាន់ក្រុមសាវ័កថា៖​ «ស្រូវដែលត្រូវច្រូតមានច្រើនណាស់ តែអ្នកច្រូតមានតិចពេក។ ហេតុនេះ ចូរអង្វរម្ចាស់ស្រែ ឱ្យចាត់អ្នកច្រូតមកក្នុងស្រែរបស់លោក»។