ថ្ងៃចន្ទ រដូវធម្មតា អាទិត្យទី១៤ ឆ្នាំ«គូ»
ពណ៌បៃតង
សូមថ្លែងព្រះគម្ពីរព្យាការីហូសេ (ហស ២,១៦-១៨.២១-២២)
ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «យើងនឹងទាក់ទាញចិត្តភរិយាដែលក្បត់ចិត្តយើង ដោយនាំនាងទៅវាលរហោស្ថាន យើងនឹងនិយាយលួងលោមចិត្តនាង។ ពេលនោះ យើងនឹងប្រគល់ចម្ការទំពាំងបាយជូរឱ្យនាងវិញ។ ជ្រលងភ្នំនៃអន្តរាយដែលជាកន្លែងដ៏សែនវេទនា នឹងប្រែទៅជាទ្វារនាំនាងទៅរកសេចក្តីសង្ឃឹម។ នៅទីនោះ នាងនឹងឆ្លើយតបមកយើង ដូចនៅគ្រានាងនៅពីក្មេង គឺនៅគ្រាដែលនាងទើបនឹងចេញពីស្រុកអេស៊ីបមក។ នៅថ្ងៃនោះ នាងនឹងហៅយើងថា៖ “ស្វាមី!” គឺនាងលែងហៅយើងថា “ព្រះម្ចាស់នាងខ្ញុំ!” ទៀតហើយ។ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ យើងនឹងដណ្តឹងនាងធ្វើជាភរិយាតរៀងទៅ យើងនឹងដណ្តឹងនាងធ្វើជាភរិយាដោយសុចរិត និងយុត្តិធម៌ ដោយចិត្តស្រឡាញ់ និងថ្នាក់ថ្នម។ យើងនឹងដណ្តឹងនាងធ្វើជាភរិយាដោយចិត្តស្មោះស្ម័គ្រ ហើយនាងនឹងទទួលស្គាល់ព្រះអម្ចាស់»។
ទំនុកតម្កើងលេខ ១៤៥ (១៤៤),២-៩ បទកាកគតិ
| ២ | ខ្ញុំសូមតម្កើង | ព្រះអង្គខ្ពស់ឡើង | តទៅរៀងរៀប |
| ខ្ញុំសូមសរសើរ | ព្រះនាមល្អគាប់ | អស់កល្បដរាប | |
| រហូតតទៅ | ។ | ||
| ៣ | ព្រះម្ចាស់ឧត្តម | ប្រសើរសក្តិសម | ខ្ពង់ខ្ពស់ពេកកូវ |
| យើងលើកតម្កើង | ព្រះនាមជាផ្លូវ | ពេលនេះតទៅ | |
| រកអ្វីផ្ទឹមគ្មាន | ។ | ||
| ៤ | សូមឱ្យមនុស្ស | ទាំងស្រីទាំងប្រុស | នៅគ្រប់ជំនាន់ |
| លើកតម្កើងស្នា | ព្រះហស្តព្រះអង្គ | ការអស្ចារ្យផង | |
| ដែលទ្រង់ប្រព្រឹត្ត | ។ | ||
| ៥ | ទូលបង្គំរាប់រៀប | ពីអានុភាព | បារមីមានឫទ្ធិ |
| សិរីរុងរឿង | ព្រះអង្គមានពិត | ខ្ញុំសញ្ជឹងគិត | |
| គ្រប់ស្នាព្រះហស្ត | ។ | ||
| ៦ | គេនឹងថ្លាថ្លែង | អានុភាពស្ញប់ស្ញែង | បារមីខ្ពង់ខ្ពស់ |
| ទូលបង្គំក៏ថ្លែង | កិច្ចការទាំងអស់ | ជាស្នាព្រះហស្ត | |
| ទ្រង់ធ្វើហូរហែ | ។ | ||
| ៧ | គេនឹងរំឭក | ទាំងថ្ងៃទាំងយប់ | តទៅឥតប្រែ |
| ព្រមទាំងប្រកាស | ក្ដីសប្បុរសដែរ | សុចរិតឥតល្ហែ | |
| របស់ព្រះអង្គ | ។ | ||
| ៨ | ព្រះជាអម្ចាស់ | ប្រកបដោយព្រះ | ហឫទ័យត្រចង់ |
| ប្រណីសន្តោស | ករុណាហ្មត់ហ្មង | អត់ធ្មត់កន្លង | |
| អាណិតមេត្តា | ។ | ||
| ៩ | ព្រះជាអម្ចាស់ | ព្រះទ័យសប្បុរស | លើមនុស្សលោកា |
| ទ្រង់មានព្រះទ័យ | សន្តោសករុណា | មនុស្សគ្រប់អាត្មា | |
| រស់ពេញផែនដី | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម (២ធម ១,១០)
អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះគ្រីស្តយេស៊ូជាព្រះសង្គ្រោះរបស់យើង ព្រះអង្គបានបំបាត់អំណាចនៃសេចក្តីស្លាប់ ព្រមទាំងបំភ្លឺយើងឱ្យស្គាល់ជីវិតអមតៈ ដោយសារដំណឹងល្អរបស់ព្រះអង្គ។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ (មថ ៩,១៨-២៦)
ព្រះយេស៊ូកំពុងតែមានព្រះបន្ទូលអំពីលោកយ៉ូហានបាទីស្តទៅកាន់ក្រុមសាវ័ក។ ស្រាប់តែមាននាម៉ឺនម្នាក់ចូលមកក្រាបថ្វាយបង្គំព្រះអង្គហើយទូលថា៖ «កូនស្រីរបស់ខ្ញុំប្របាទទើបនឹងផុតដង្ហើមថ្មីៗនេះ សូមលោកមេត្តាអញ្ជើញទៅដាក់ដៃលើនាង នាងនឹងមានជីវិតពុំខាន»។ ព្រះយេស៊ូក្រោកឡើង យាងទៅជាមួយគាត់។ ក្រុមសាវ័កក៏ទៅជាមួយដែរ។ ពេលជាមួយគ្នានោះ មានស្ត្រីម្នាក់កើតជំងឺធ្លាក់ឈាម ដប់ពីរឆ្នាំមកហើយ នាងមកពីក្រោយព្រះយេស៊ូ ហើយពាល់ជាយព្រះពស្ត្រព្រះអង្គ ដ្បិតនាងរិះគិតក្នុងចិត្តថា៖ «បើខ្ញុំគ្រាន់តែបានពាល់អាវលោក ខ្ញុំមុខតែនឹងបានជាសះស្បើយមិនខាន»។ ព្រះយេស៊ូបែរទៅក្រោយទតឃើញនាង ក៏មានព្រះបន្ទូលថា៖ «កូនស្រីអើយ! ចូរក្លាហានឡើង ជំនឿរបស់នាងបានសង្គ្រោះនាងហើយ»។ ស្រ្តីធ្លាក់ឈាមបានជាសះស្បើយនៅពេលនោះ។ កាលព្រះយេស៊ូយាងទៅដល់ផ្ទះនាម៉ឺននោះ ព្រះអង្គទតឃើញអ្នកលេងភ្លេងកំដរសព និងឃើញមនុស្សម្នាជ្រួលច្របល់ ទ្រង់មានព្រះបន្ទូលទៅគេថា៖ «នាំគ្នាចេញ ទៅ! ក្មេងស្រីនេះមិនស្លាប់ទេ នាងគ្រាន់តែដេកលក់ទេតើ!»។ គេចំអកដាក់ព្រះអង្គគ្រប់ៗគ្នា។ កាលព្រះអង្គដេញគេចេញទៅក្រៅអស់ហើយ ព្រះអង្គយាងចូលទៅក្នុងបន្ទប់ចាប់ដៃក្មេងស្រីនោះ នាងក៏ក្រោកឡើង។ ដំណឹងនេះលេចឮខ្ចរខ្ចាយ ពាសពេញតំបន់នោះទាំងមូល។