១៩ មិថុនា ២០២៦

Written on 09/02/2026
Sokhorn Oem

ថ្ងៃសុក្រ រដូវធម្មតា អាទិត្យទី១១ ឆ្នាំ«គូ»
 ពណ៌បៃតង

សូមថ្លែងព្រះគម្ពីរពង្សាវតាក្សត្រភាគទី ២ (២ពង្ស ១១,១-៤.៩-១៨.២០)

កាលព្រះនាងអថាលី ជាមាតារបស់ព្រះបាទអហាស៊ីយ៉ាជ្រាបថា ព្រះរាជបុត្រ​សោយទិវង្គតហើយ ព្រះនាងចេញបញ្ជាឱ្យគេសម្លាប់រាជវង្សានុវង្សទាំងអស់។ ពេលនោះ ព្រះនាងយេហូសេបា ជាបុត្រីរបស់ព្រះបាទយ៉ូរ៉ាម និងជាអនុជរបស់ព្រះបាទ​អហាស៊ីយ៉ា បានយកព្រះអង្គម្ចាស់យ៉ូអាស ជាបុត្រារបស់ព្រះបាទអហាស៊ីយ៉ា ពីក្នុងចំណោមបុត្រារបស់ស្តេចដែលត្រូវគេសម្លាប់នោះ ទៅលាក់ទុក។ ព្រះនាងនាំបុត្រនោះ​ទៅលាក់នៅបន្ទប់ដេកមួយក្នុងព្រះវិហារ ព្រមទាំងឱ្យមេដោះនៅជាមួយផង។ គេ​បានលាក់រាជកុមារមិនឱ្យព្រះនាងអថាលីឃើញ ដូច្នេះរាជកុមារក៏រួចពីស្លាប់។ ក្នុងពេលដែលព្រះនាងអថាលីគ្រងរាជ្យ រាជកុមារបានលាក់ខ្លួនជាមួយមេដោះក្នុងព្រះដំណាក់របស់ព្រះអម្ចាស់អស់រយៈពេលប្រាំមួយឆ្នាំ។ លុះដល់ឆ្នាំទីប្រាំពីរ លោកបូជាចារ្យយេហូយ៉ាដាចាត់គេទៅអញ្ជើញពួកនាយទាហានហ្លួងដែលជាជនជាតិការី និងពលទាហានមកជួបនឹងលោក នៅព្រះដំណាក់របស់ព្រះ​អម្ចាស់។ លោកបានចុះកិច្ចសន្យាជាមួយពួកគេ ព្រមទាំងសុំឱ្យពួកគេស្បថក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ រួចលោកនាំបុត្រារបស់ស្តេចមកបង្ហាញឱ្យពួកគេឃើញ។ ពួកមេទ័ពនាំគ្នាធ្វើតាមបញ្ជាទាំងប៉ុន្មានរបស់លោកបូជាចារ្យ​យេហូយ៉ាដា គឺម្នាក់ៗនាំកូន​ទាហានរបស់ខ្លួន ទាំងអ្នកត្រូវវេនយាមនៅថ្ងៃសប្ប័ទ ទាំងអ្នកមិនត្រូវវេនយាម ហើយ​ទៅជួបលោកបូជា​ចារ្យយេហូយ៉ាដា។ លោកបូជាចារ្យចែកលំពែង ព្រមទាំងខែលរបស់​ព្រះបាទដាវីឌ ដែលតម្កល់ទុកក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ ជូនពួកមេទ័ពទាំងនោះ។ ពលទាហានប្រដាប់អាវុធគ្រប់ៗដៃ ឈរយាមនៅមុខព្រះដំណាក់ និងនៅជិតអាសនៈ ចាប់ពីប៉ែកខាងស្តាំ រហូតដល់ប៉ែកខាងឆ្វេងព្រះដំណាក់ ដើម្បីការពារព្រះមហាក្សត្រ។ ពេលនោះ លោកបូជាចារ្យយាងព្រះរាជបុត្ររបស់សេ្តចចេញមក ហើយ យកមកុដរាជ្យ​មកបំពាក់ ព្រមទាំងថ្វាយឯកសារនៃសម្ពន្ធមេត្រីផង រួចគេចាក់ប្រេងអភិសេករាជកុមារ តែងតាំងជាស្តេច។ គេនាំគ្នាទះដៃស្រែកជ័យឃោសថា៖«ជយោ! ព្រះមហាក្សត្រ! »។ កាលព្រះនាងអថាលីឮសម្រែកពលទាហាន និងប្រជាជន ព្រះនាងក៏យាងទៅមើលពួក​គេនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ ព្រះនាង ទតឃើញព្រះមហាក្សត្រថ្មី ឈរនៅលើ​វេទិកាតាមទំនៀមទម្លាប់ ដោយមានមេទ័ព និងអ្នកផ្លុំត្រែឈរអមផង។ ប្រជាជនទាំង​មូលនៅក្នុងស្រុកនាំគ្នាអបអរសាទរ ហើយគេក៏ផ្លុំត្រែឡើង។ ព្រះនាងអថាលីហែក​ព្រះភូសា ហើយស្រែកថា៖«នេះជាអំពើក្បត់! នេះជាអំពើក្បត់!»។ លោកបូជាចារ្យយេហូយ៉ាដាបញ្ជាពួកមេទ័ពដែលគ្រប់គ្រងលើពលទ័ពថា៖«ចូរនាំព្រះនាងចេញទៅក្រៅ បើនរណាគាំទ្រព្រះនាង ចូរសម្លាប់ដោយមុខដាវទៅ!»។ លោកបូជាចារ្យមានប្រសាសន៍ទៀតថា៖«មិនត្រូវប្រហារជីវិតព្រះនាងនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ឡើយ!»។ គេចាប់ព្រះនាងនាំទៅវាំងវិញ។ កាលមកដល់ខ្លោងទ្វារសេះ គេប្រហារជីវិត​ព្រះ​នាង​នៅទីនោះ។ លោកយេហូយ៉ាដាចងសម្ពន្ធមេត្រីរវាងព្រះអម្ចាស់ ព្រះមហាក្សត្រ និងប្រជារាស្ត្រ ដើម្បីឱ្យពួកគេធ្វើជាប្រជារាស្ត្ររបស់ព្រះអម្ចាស់។ លោកក៏ចងសម្ពន្ធមេត្រីរវាងព្រះមហាក្សត្រ និងប្រជារាស្ត្រដែរ។ ប្រជាជនទាំងមូលនៅក្នុងស្រុក នាំគ្នាចូលទៅបំផ្លាញវិហាររបស់ព្រះ បាល ហើយវាយកម្ទេចអាសនៈ និងរូបសំណាក ព្រមទាំងសម្លាប់លោក​ម៉ាត់ថាន ជាបូជាចារ្យរបស់ព្រះបាលនៅមុខអាសនៈទៀតផង។ លោកយេហូយ៉ាដា​ចាត់ចែងឱ្យមានអ្នកមើលខុសត្រូវលើព្រះដំណាក់របស់ព្រះអម្ចាស់។ បន្ទាប់មក ប្រជាជនដង្ហែព្រះបាទយ៉ូអាសពីព្រះវិហារចូលវាំង រួចទ្រង់ឡើងគង់លើ​ព្រះរាជបល្ល័ង្ក ប្រជាជនទាំងមូលនៅក្នុងស្រុកនាំគ្នាអបអរសាទរ ហើយទីក្រុងក៏បាន​សុខសាន្ត។ គេបានប្រហារជីវិតព្រះនាងអថាលីនៅក្នុងវាំង។

ទំនុកតម្កើងលេខ ១៣២ (១៣១),១១-១៤.១៧-១៨ បទព្រហ្មគីតិ

១១ ព្រះអង្គបានសន្យា នឹងស្តេចដាវីឌល្អឯក  
  យើងនឹងតែងតាំងពូជ ឱ្យគ្រងរាជ្យបន្ត ។
១២ ប្រសិនបើបុត្រអ្នក កាន់បានជាក់សម្ព័ន្ធល្អ  
  មេត្រីយើងតៗ ហើយធ្វើតាមយើងប្រដៅ ។
  នោះពូជគេនឹងបាន ល្អថ្កើងថ្កានមិនអាស្រូវ  
  ឡើងគ្រងរាជ្យតទៅ តកូនចៅឥតស្រាកស្រាន្ត ។
១៣ ព្រះអម្ចាស់បានជ្រើស ពិនិត្យរើសក្រុងថ្កើងថ្កាន  
  ជាទីល្អចំណាន ស៊ីយ៉ូនបានជាលំនៅ ។
១៤ យើងនឹងស្នាក់សម្រាក មួយរយៈមិនចេញទៅ  
  ចង់រស់ស្នាក់និត្យនៅ កន្លែងនេះមិនទៅណា ។
១៧ ទីនេះយើងឱ្យស្តេច មានអំណាចខ្ពស់អនេក  
  កើតចេញពីពង្សពូជ នៃដាវីឌដ៏ខ្លាំងក្លា ។
  យើងនឹងរៀបចំឱ្យ ស្តេចអង្គក្រោយមានចេស្តា  
  គ្រងរាជ្យយូរវស្សា ជំនួសស្តេចយើងអភិសេក ។
១៨ យើងនឹងធ្វើឱ្យខ្មាំង បាក់មុខខ្លាំងខ្មាសពន់ពេក  
  តែយើងនឹងឱ្យរាជ្យ របស់គេបានថ្កុំថ្កើង ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មថ៥,៣

អាលេលូយ៉ា! អាលេលូយ៉ា!
អ្នកណាដាក់ចិត្តជាអ្នកក្រខ្សត់ អ្នកនោះមានសុភមង្គលហើយ! ដ្បិតពួកគេបានទទួលព្រះរាជ្យនៃស្ថានបរមសុខហើយ!។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ (មថ ៦,១៩-២៣) 

ក្រុមសាវ័កជួបជុំជាមួយព្រះយេស៊ូនៅលើភ្នំ។ ព្រះអង្គមានព្រះបន្ទូលទៅកាន់ពួកគេថា៖«កុំសន្សំទ្រព្យសម្បត្តិទុកសម្រាប់ខ្លួននៅលើផែនដីនេះ ជាកន្លែងដែលមានកណ្តៀរ និងច្រែះស៊ី ជាកន្លែងដែលមានចោរទម្លាយជញ្ជាំងចូលមកលួចប្លន់នោះឱ្យសោះ។ ចូរសន្សំទ្រព្យសម្បត្តិទុកនៅស្ថានបរមសុខវិញ ជាស្ថានដែលគ្មានកណ្តៀរ និងច្រែះស៊ី​ ជាស្ថានដែលគ្មានចោរទម្លាយជញ្ជាំងចូលមកលួចប្លន់ឡើយ ដ្បិតទ្រព្យសម្បត្តិអ្នកនៅ​កន្លែងណា ចិត្តរបស់អ្នកក៏នៅកន្លែងនោះដែរ។ ភ្នែកប្រៀបបាននឹងចង្កៀងរបស់រូបកាយ បើភ្នែកអ្នកនៅភ្លឺល្អ រូប​កាយអ្នកទាំងមូលក៏ភ្លឺដែរ តែបើភ្នែកអ្នកងងឹតវិញ រូបកាយអ្នកទាំងមូលក៏ងងឹតដែរ។ ប្រសិនបើពន្លឺនៅក្នុងអ្នកត្រឡប់ទៅជាងងឹតប៉ុណ្ណឹងទៅហើយនោះ មិនដឹងជាសេចក្តីងងឹតនឹងទៅជាសូន្យសុងដល់កម្រិតណាទៀតទេ»។