០៦ មិថុនា ២០២៦

Written on 04/02/2026
Sokhorn Oem

ថ្ងៃសៅរ៍ រដូវធម្មតា អាទិត្យទី០៩ ឆ្នាំ«គូ»
ពណ៌បៃតង  

សូមថ្លែងលិខិតទី ២ របស់គ្រីស្តទូតប៉ូលផ្ញើជូនលោកធីម៉ូថេ (២ធម ៤,១-៨)

ប្អូនជាទីស្រឡាញ់!
ខ្ញុំសុំបញ្ជាក់យ៉ាងម៉ឺងម៉ាត់នៅចំពោះព្រះភក្រ្តព្រះជាម្ចាស់ និង​នៅចំពោះព្រះភក្ត្រព្រះគ្រីស្តយេស៊ូ ដែលនឹងវិនិច្ឆ័យទាំងមនុស្សរស់ ទាំងមនុស្សស្លាប់ ហើយខ្ញុំសូមបញ្ជាក់ក្នុងព្រះនាមព្រះអង្គដែលយាងមក ដើម្បីគ្រងរាជ្យនោះថា ចូរប្រកាសព្រះបន្ទូល ព្រមទាំងនិយាយហើយនិយាយទៀត ទោះត្រូវពេលក្តី ខុសពេលក្តី ត្រូវរកខុសត្រូវ ស្តីបន្ទោស ដាស់តឿន និងបង្រៀនគេដោយចិត្តអត់ធ្មត់គ្រប់យ៉ាង ដ្បិតនឹងមានគ្រាមួយដែលមនុស្សលោកមិនព្រមស្តាប់សេចក្តីបង្រៀនដ៏ត្រឹមត្រូវទេ ផ្ទុយទៅវិញ គេរកគ្រូជាច្រើនមកបង្រៀនតាមទំនើងចិត្តរបស់គេ គ្រាន់តែឱ្យពិរោះ​ត្រចៀកប៉ុណ្ណោះ។ គេងាកចេញពីសេចក្តីពិត ហើយបែរទៅស្តាប់រឿងព្រេងវិញ។ ចំពោះប្អូន ចូរមានស្មារតីរឹងប៉ឹងគ្រប់វិស័យទាំងអស់ ត្រូវស៊ូទ្រាំនឹងទុក្ខលំបាក ត្រូវបំពេញកិច្ចការជាអ្នកប្រកាសដំណឹងល្អ ព្រមទាំងបំពេញមុខងាររបស់ខ្លួនឱ្យបានល្អ​ប្រសើរផង។ រីឯខ្ញុំវិញ ខ្ញុំបានបូជាជីវិតរួចស្រេចហើយ ដល់ពេលកំណត់ដែលខ្ញុំត្រូវចាកចេញពីលោកនេះដែរ។ ខ្ញុំបានពុះពារតយុទ្ធដ៏ល្អប្រសើរ នោះខ្ញុំបានរត់ដល់ទីដៅ ហើយ​ខ្ញុំនៅតែកាន់ជំនឿជាប់ដដែល។ ឥឡូវនេះ ព្រះអម្ចាស់ជាចៅក្រមដ៏សុចរិតបម្រុងទុក​ភួងជ័យនៃសេចក្តីសុចរិតសម្រាប់ខ្ញុំ ព្រះអង្គក៏នឹងប្រទានរង្វាន់នេះឱ្យខ្ញុំនៅថ្ងៃដែល​ព្រះអង្គយាងមក ទ្រង់មិនត្រឹមតែប្រទានឱ្យខ្ញុំម្នាក់ប៉ុណ្ណោះទេ គឺប្រទានឱ្យអស់អ្នកដែលទន្ទឹងរង់ចាំព្រះអង្គយាងមកនោះ ដោយចិត្តស្រឡាញ់។

ទំនុកតម្កើងលេខ ៧១ (៧០),៨-៩.១៤-១៧.២២ បទពាក្យ ៧

៨ ទូលបង្គំតែងពោលពាក្យសរសើរ ព្រះគ្មានអ្វីស្មើខ្ពស់បំផុត  
  តម្កើងសិរីទ្រង់រហូត ព្រះតែមួយគត់ទាំងយប់ថ្ងៃ ។
៩ ឥឡូវនេះខ្ញុំចាស់ជរា ទ្រុឌទ្រោមគ្រាំគ្រាកម្លាំងថយ  
  មេត្តាកុំបោះបង់ខ្ញុំឡើយ កុំទុកខ្ញុំឱ្យនៅឯកា ។
១៤ រីឯរូបខ្ញុំខ្ញុំសង្ឃឹម លើព្រះជាធំជាពំនឹង  
  នៅតែសរសើរគិតសញ្ជឹង កោតក្រែងព្រះអង្គជាដរាប ។
១៥ ពីព្រឹកដល់ល្ងាចខ្ញុំនៅតែ តំណាលហូរហែរនិយាយប្រាប់  
  ពីស្នាព្រះហស្តថ្លៃគួរគាប់ ពីដើមរៀបរាប់ច្រើនមហិមា ។
១៦ បពិត្រព្រះជាម្ចាស់ខ្ញុំអើយ ព្រោះព្រះអង្គហើយយកអាសា  
  ទូលបង្គំរំលឹកធម៌ករុណា សុចរិតថ្លៃថ្លារបស់ទ្រង់ ។
១៧ បពិត្រព្រះជាម្ចាស់ខ្ញុំអើយ ទ្រង់អប់រំហើយគ្មានសៅហ្មង  
  តាំងពីក្មេងទល់គ្រានេះម្តង ចិត្តនៅចាំចងតែព្រះអង្គ ។
២២ រីឯរូបខ្ញុំនឹងរៀបចំ ចាប់ទាញប្រគុំឥតស្រាកស្រាន្ត  
  ចាប៉ីកំដរលេងកំសាន្ត ថ្លែងអរព្រះគុណព្រះអង្គខ្លាំង ។
  ដ្បិតព្រះអង្គមានព្រះហឫទ័យ ស្មោះស្ម័គ្រប្រពៃខ្ញុំព្រមទាំង  
  ដេញពិណច្រៀងរាំថ្វាយព្រះអង្គ ព្រះម្ចាស់ផូរផង់អ៊ីស្រាអែល ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម (មថ ៥,៣)

អាលេលូយ៉ា! អាលេលូយ៉ា!
អ្នកណាដាក់ចិត្តជាអ្នកក្រខ្សត់ អ្នកនោះមានសុភមង្គល ដ្បិតពួកគេបានទទួលព្រះរាជ្យនៃស្ថានបរមសុខហើយ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស (មក ១២,៣៨-៤៤)

នៅគ្រានោះ ព្រះយេស៊ូមានព្រះបន្ទូលបង្រៀនមនុស្សម្នាថា៖ «ចូរប្រយ័ត្ននឹងពួកធម្មាចារ្យឱ្យមែនទែន។ អ្នកទាំងនោះចូលចិត្តពាក់អាវវែង ដើរចុះដើរឡើង ហើយចូលចិត្តឱ្យគេឱនកាយគោរពនៅតាមផ្សារ ព្រមទាំងរើសកន្លែងអង្គុយមុខគេក្នងធម្មសាលា និងចូលចិត្តកន្លែងកិត្តិយសនៅពេលជប់លៀង។ គេតែងនាំគ្នាឆបោកយកទ្រព្យសម្បត្តិរបស់ស្ត្រីមេម៉ាយ ដោយធ្វើឫកជាសូត្រធម៌យ៉ាងយូរ។ អ្នកទាំងនេះនឹងត្រូវទទួលទោសយ៉ាងធ្ងន់បំផុតជាមិនខាន»។ ព្រះយេស៊ូគង់នៅមុខហិបតង្វាយ ព្រះអង្គទតមើលរបៀបដែលបណ្តាជន​យកប្រាក់មកដាក់ក្នុងហិបនោះ។ អ្នកមានច្រើននាក់ ដាក់ប្រាក់ជាច្រើន។ មានស្ត្រីមេម៉ាយក្រីក្រម្នាក់មកដល់ នាងយកប្រាក់ពីរសេន ជាចំនួនដ៏តិចតួចបំផុត ដាក់ក្នុងហិបតង្វាយនោះដែរ។ ព្រះយេស៊ូត្រាស់ហៅក្រុមសាវ័កមក ហើយមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា ស្ត្រីមេម៉ាយក្រីក្រនេះ បានដាក់ប្រាក់ក្នុងហិបច្រើនជាងគេទាំងអស់ ដ្បិតអ្នកទាំងនោះ យកប្រាក់សំណល់របស់ខ្លួនមកដាក់។ រីឯស្ត្រីមេម៉ាយនេះវិញ ទោះបីនាងក្រីក្រយ៉ាងណាក៏ដោយ ក៏នាងបានយកប្រាក់ដែលនាងត្រូវការជាចាំបាច់មកដាក់ដែរ គឺប្រាក់ទាំងប៉ុន្មានដែលនាងមានសម្រាប់ចិញ្ចឹមជីវិត»។