១៧ សីហា ២០២៦

Written on 13/02/2026
Sokhorn Oem

ថ្ងៃចន្ទ រដូវធម្មតា អាទិត្យទី២០ «ឆ្នាំគូ»
ពណ៌បៃតង

សូមថ្លែងព្រះគម្ពីរព្យាការីអេសេគីអែល អគ ២៤,១៥-២៤

ព្រះអម្ចាស់មា​នព្រះបន្ទូលមកខ្ញុំដូចតទៅ៖«កូនមនុស្សអើយ! យើងនឹងដកជីវិត​ប្រពន្ធដ៏ជាទីគាប់ចិត្តរបស់អ្នកក្នុងមួយប៉ព្រិចភ្នែក។ អ្នកមិនត្រូវកាន់ទុក្ខ មិនត្រូវ​សោកសង្រេង មិនត្រូវបង្ហូរទឹកភ្នែកឡើយ។ ចូរខ្សឹកខ្សួលយ៉ាងស្ងាត់ស្ងៀម តែកុំកាន់​ទុក្ខឱ្យសោះ។ ត្រូវជួតក្បាលពាក់ ស្បែកជើង ធ្វើដូចធម្មតា កុំបាំងមុខ ឬបរិភោគអាហារសម្រាប់អ្នកកាន់ទុក្ខឡើយ»។ នៅពេលព្រឹក ខ្ញុំនិយាយជាមួយប្រជាជន លុះដល់ពេលល្ងាច ប្រពន្ធខ្ញុំបាត់បង់​ជីវិត។ ស្អែកឡើង ខ្ញុំក៏ធ្វើតាមព្រះបន្ទូលដែលព្រះអម្ចាស់បានបង្គាប់មកខ្ញុំ។ ប្រជាជនសួរខ្ញុំថា៖«សូមពន្យល់ប្រាប់យើងខ្ញុំផង! លោកធ្វើដូច្នេះ មានន័យដូចម្តេចសម្រាប់យើងខ្ញុំ?»។ ខ្ញុំឆ្លើយទៅគេវិញថា៖«ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅនេះ “ចូរប្រាប់ជនជាតិអ៊ីស្រាអែលថា ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ បន្តិចទៀតយើងនឹងបន្ទាបបន្ថោកទីសក្ការៈរបស់យើង ដែលជាទីអួតអាង ជាកម្លាំង ជាទីគាប់ចិត្ត និងជាទីសង្ឃឹមរបស់អ្នករាល់គ្នា។ កូនប្រុសកូនស្រីដែលអ្នករាល់គ្នាទុកនៅក្រុង​យេរូសាឡឹមនឹងត្រូវស្លាប់ដោយមុខដាវ។ ពេលនោះ អ្នករាល់គ្នានឹងធ្វើដូចខ្ញុំធ្វើនេះដែរ គឺអ្នករាល់គ្នាមិនបាំងមុខ មិនបរិភោគអាហារសម្រាប់អ្នកកាន់ទុក្ខ។ អ្នករាល់គ្នានឹងជួត​ក្បាល ពាក់ស្បែកជើង ធ្វើដូចធម្មតា គឺអ្នករាល់គ្នាមិនកាន់ទុក្ខ ឬសោកសង្រេងឡើយ។ ប៉ុន្តែអ្នករាល់គ្នាកាន់តែរីងរៃទៅៗ ព្រោះតែអំពើបាបរបស់ខ្លួន ហើយម្នាក់ៗស្រណោះស្រណោកគ្នាទៅវិញទៅមក។ អេសេគីអែលធ្វើដូច្នេះ ជាប្រផ្នូលសម្រាប់អ្នករាល់គ្នា។ អ្នករាល់គ្នានឹងធ្វើសព្វគ្រប់ទាំងអស់ដូចគាត់បានធ្វើដែរ។ ពេលហេតុការណ៍នោះកើត​ឡើង អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងជាព្រះអម្ចាស់មែន”»។

ទំនុកតម្កើងធម្មវិន័យទី២ ៣២,៦.១៨-២១ បទពាក្យ ៧

៦ ជនលេលាឥតប្រាជ្ញាអើយ ម្តេចធ្វើរំភើយមិនគិតសង  
  គុណព្រះអង្គថ្លៃពេកកន្លង តោងគិតផ្គូផ្គងនឹងគយគន់ ។
  ព្រះអង្គនេះហើយជាឪពុក បង្កើតអ្នកមកឱ្យរស់រាន  
  ព្រមទាំងរំដោះលែងឱ្យទន់ ជាប្រជាជនថ្ងៃគ្រប់ប្រាណ ។
១៨ ឱ! ជនជាតិអ៊ីស្រាអែលអើយ អ្នកធ្វើព្រងើយឆាប់ភ្លេចណាស់  
  បំភ្លេចសិលាគួរអាម៉ាស់ មិនគួរច្នេះសោះអ្នកកម្សត់ ។
១៩ ព្រះអម្ចាស់ទតឃើញដូច្នេះ ទ្រង់ព្រះតម្រិះខំទប់អត់  
  ទ្រាំមិនបានខ្ញាល់ឡើងញ័រមាត់ ដេញកម្ចាយអស់ឥតមានសល់ ។
២០ ព្រះអង្គមានព្រះបន្ទូលថា យើងលែងការពារទាំងលែងខ្វល់  
  យើងចាំមើលគេនឹងរចល់ កើតទុក្ខអំពល់ឬយ៉ាងណា ។
  ពួកនេះមានចិត្តមិនស្មោះត្រង់ វៀចវេរខ្វេរខ្វង់ឥតឧបមា  
  ទុកចិត្តមិនបានគ្មានខ្លឹមសារ កូនឥតបានការសែនចង្រៃ ។
២១ គេមើលងាយយើងទៅគោរព បម្រើសព្វគ្រប់ព្រះក្លែងក្លាយ  
  ឆ្លាក់រូបធ្វើព្រះមកកៀកកាយ ទុកបង្គំថ្វាយលុតឱនក្រាប ។
  ដូច្នេះយើងនឹងមើលងាយគេ ឥតមានរារេវាយស្រប៉ាប  
  ឱ្យគេដួលដេករេលរាក់រាប ដោយប្រើពួកទាបទៅវាយជួស ។
  ប្រើអ្នកល្ងង់ទៅវាយកម្ទេច ចាប់វាយចាប់ញេចសាប់របួស  
  ដាក់ទោសឱ្យធ្ងន់ឥតស្រណោះ ធ្វើបាបទាំងអស់ឥតប្រណី ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មថ៥,៣

អាលេលូយ៉ា! អាលេលូយ៉ា!
អ្នកណាដាក់ចិត្តជាអ្នកក្រខ្សត់ អ្នកនោះមានសុភមង្គល ដ្បិតពួកគេបានទទួលព្រះរាជ្យនៃស្ថានបរមសុខហើយ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ (មថ ១៩,១៦-២២) 

ពេលនោះ មានបុរសម្នាក់ចូលមកគាល់ព្រះយេស៊ូ ហើយទូលថា៖«លោកគ្រូ! តើខ្ញុំត្រូវប្រព្រឹត្តអំពើល្អសប្បុរសអ្វីខ្លះ ដើម្បីឱ្យមានជីវិតអស់កល្បជានិច្ច?»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖«ហេតុដូចម្តេចបានជាអ្នកសួរខ្ញុំអំពីអ្វីដែលល្អសប្បុរសដូច្នេះ? មានតែព្រះជា​ម្ចាស់មួយព្រះអង្គប៉ុណ្ណោះដែលល្អសប្បុរស។ បើអ្នកចង់ចូលទៅក្នុងជីវិត ត្រូវប្រតិបត្តិតាមវិន័យទៅ»។ គាត់ទូលសួរព្រះអង្គថា៖«វិន័យអ្វីខ្លះ?»។ ព្រះយេស៊ូមានព្រះបន្ទូលឆ្លើយថា៖«កុំសម្លាប់មនុស្ស កុំប្រព្រឹត្តអំពើផិតក្បត់ កុំលួចទ្រព្យសម្បត្តិគេ កុំនិយាយកុហកធ្វើឱ្យគេមានទោស ចូរគោរពមាតាបិតា ចូរស្រឡាញ់បងប្អូនឯទៀតៗឱ្យបានដូចស្រឡាញ់ខ្លួនឯងដែរ»។ យុវបុរសនោះទូលព្រះអង្គថា៖« ខ្ញុំបានប្រតិបត្តិតាមវិន័យទាំងនេះហើយ តើនៅខ្វះអ្វីទៀត?»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖«បើអ្នកចង់បានល្អគ្រប់លក្ខណៈ ចូរយកទ្រព្យសម្បត្តិទាំងប៉ុន្មានរបស់អ្នកទៅលក់ ហើយចែកប្រាក់ឱ្យជនក្រីក្រទៅ។ ធ្វើដូច្នេះ ទើបអ្នកបានកំណប់ដ៏ថ្លៃប្រសើរនៅស្ថានបរមសុខ រួចសឹមអញ្ជើញមកតាមខ្ញុំ!»។ កាលយុវបុរសនោះឮដូច្នេះ គាត់ត្រឡប់ទៅវិញទាំងព្រួយចិត្ត ដ្បិតគាត់មានទ្រព្យសម្បត្តិស្តុកស្តម្ភណាស់។