១៦ សីហា ២០២៦

Written on 13/02/2026
Sokhorn Oem

ថ្ងៃអាទិត្យ រដូវធម្មតា អាទិត្យទី២០ ឆ្នាំ«ក»
ពណ៌បៃតង

ពាក្យអធិដ្ឋានពេលចូល

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គសព្វព្រះហប្ញទ័យត្រាស់ហៅយើងខ្ញុំឱ្យស្គាល់ព្រះបុត្រាព្រះអង្គ ដែលបង្ហាញមាគ៌ាឆ្ពោះទៅកាន់ព្រះអង្គ។ សូមទ្រង់ព្រះមេត្តាប្រោសបំភ្លឺចិត្តគំនិតយើងខ្ញុំឱ្យទទួលព្រះបន្ទូលព្រះអង្គ និងប្រព្រឹត្តតាមជាដរាបផង។

អត្ថបទទី១៖​ សូមថ្លែងព្រះគម្ពីរព្យាការីអេសាយ (អស ៥៦,១.៦-៧)

ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ចូរប្រព្រឹត្តដោយយុត្តិធម៌ និងកាន់តាមសេចក្តីសុចរិត ដ្បិតការសង្គ្រោះរបស់យើងមកជិតបង្កើយ។ យើងនឹងសម្តែងឱ្យអ្នករាល់គ្នាឃើញសេចក្តីសុចរិតរបស់យើង។ រីឯជនបរទេសដែលជាប់ចិត្តនឹងយើង គោរពបម្រើយើង ស្រឡាញ់នាមយើង ដាក់ខ្លួនជាអ្នកបម្រើយើង គោរពថ្ងៃសប្ប័ទឱ្យបានត្រឹមត្រូវឥតខ្ចោះ ហើយស្ថិតនៅជាប់នឹងសម្ពន្ធមេត្រីរបស់យើងនោះ យើងនឹងនាំគេមកកាន់ភ្នំដ៏វិសុទ្ធរបស់យើង យើងធ្វើឱ្យគេរីករាយនៅក្នុងដំណាក់របស់យើង ដែលជាកន្លែងអធិដ្ឋាន។ យើងនឹងទទួលតង្វាយដុតទាំងមូល ព្រមទាំងយញ្ញបូជាផ្សេងៗដែលគេយកមកថ្វាយនៅលើអាសនៈរបស់យើង ដ្បិតគេនឹងហៅដំណាក់របស់យើង​ថា ជាកន្លែងអធិដ្ឋានសម្រាប់ជាតិសាសន៍ទាំងអស់»។

ទំនុកតម្កើងលេខ ៦៧ (៦៦),២-៣.៥-៨ បទពាក្យ ៧

ឱព្រះម្ចាស់អើយសូមមេត្តា សន្តោសករុណាដល់យើងខ្ញុំ  
  ប្រទានព្រះពរដ៏ឧត្តម ទតមើលយើងខ្ញុំដោយសប្បុរស
ដូច្នេះមនុស្សលើផែនដី ស្គាល់មាគ៌ាថ្លៃព្រះអម្ចាស់  
  ក្នុងចំណោមជនជាតិទាំងអស់ ស្គាល់ការសង្គ្រោះនៃព្រះអង្គ
ប្រជាទាំងឡាយនាំគ្នាច្រៀង បន្លឺសំនៀងដោយសប្បាយ  
  ដ្បិតទ្រង់គ្រប់គ្រងគ្មាននឿយណាយ ប្រជាទាំងឡាយមិនឆ្មៃឆ្មើង
សូមទ្រង់ប្រទានពរឱ្យយើង និងមនុស្សទាំងពួងគ្រប់អាត្មា  
  ទាំងអ្នករស់នៅឆ្ងាយផងណា មនុស្សលើលោកាខ្លាចព្រះអង្គ

អត្ថបទទី​២៖ សូមថ្លែងលិខិតរបស់គ្រីស្តទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងរ៉ូម (រម ១១,១៣-១៥.២៩-៣២)

បងប្អូនជាទីស្រឡាញ់!
ខ្ញុំសូមជម្រាបបងប្អូនជាសាសន៍ដទៃក្នុងនាមខ្ញុំជាគ្រីស្តទូតសម្រាប់សាសន៍ដទៃថា ខ្ញុំយកចិត្តទុកដាក់បំពេញមុខងាររបស់ខ្ញុំឱ្យបានល្អប្រសើរក្នុងគោលបំណងឱ្យបងប្អូនរួមឈាមរបស់ខ្ញុំច្រណែន ដើម្បីសង្គ្រោះអ្នកខ្លះក្នុងចំណោមពួកគេ។ ដោយសាសន៍អ៊ីស្រាអែលដាច់ចេញពីព្រះអង្គ ធ្វើឱ្យមនុស្សលោកបានជានានឹងព្រះអង្គវិញយ៉ាងនេះទៅហើយ ចុះចំណង់បើព្រះអង្គទទួលគេសាជាថ្មី តើនឹងកើតមានយ៉ាងណាទៅទៀត? គឺប្រាកដជាមនុស្សស្លាប់នឹងទទួលជីវិតថ្មីដ៏រុងរឿងពុំខាន!។ កាលណាព្រះជាម្ចាស់ប្រទានព្រះអំណោយទានហើយ ព្រះអង្គមិនដកហូតវិញទេ ហើយកាលណាព្រះអង្គត្រាស់ហៅ ទ្រង់ក៏មិនប្រែប្រួលដែរ។ រីឯបងប្អូនពីដើម បងប្អូនមិនបានស្តាប់បង្គាប់ព្រះជាម្ចាស់ទេ តែឥឡូវនេះ ដោយសាសន៍អ៊ីស្រាអែលមិនស្តាប់បង្គាប់ព្រះអង្គ ព្រះអង្គក៏មេត្តាករុណាដល់បងប្អូន។ រីឯ​ពួកគេវិញ ពួកគេមិនស្តាប់បង្គាប់នៅពេលនេះ មកពីព្រះជាម្ចាស់មេត្តាករុណាដល់បងប្អូន។ ដូច្នេះ ព្រះអង្គក៏មេត្តាករុណាដល់ពួកគេនៅពេលនេះដែរ ដ្បិតព្រះជាម្ចាស់បានបណ្តោយឱ្យមនុស្សទាំងអស់មិនស្តាប់បង្គាប់ព្រះអង្គ ដើម្បីសម្តែងព្រះហប្ញទ័យមេត្តាករុណាដល់មនុស្សទាំងអស់។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម (ទន ១៤៦,៥.៨-៩)

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះអម្ចាស់រំដោះអ្នកដែលត្រូវគេជិះជាន់ ព្រះអង្គការពារជនបរទេស!។ អស់អ្នកដែលផ្ញើជីវិតលើព្រះអង្គពិតជាបានសុភមង្គល!អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ (មថ ១៥,២១-២៨)

ព្រះយេស៊ូយាងទៅកាន់តំបន់ជិតក្រុងទីរ៉ូស និងក្រុងស៊ីដូន។ មានស្ត្រីសាសន៍កាណានម្នាក់ដែលរស់នៅស្រុកនោះចូលមកគាល់ព្រះអង្គ ហើយទូលអង្វរថា៖ «ឱព្រះអម្ចាស់ជាព្រះរាជវង្សព្រះបាទដាវីឌអើយ! សូមអាណិតមេត្តាខ្ញុំម្ចាស់ផង! កូនស្រីខ្ញុំម្ចាស់ត្រូវខ្មោចចូល បណ្តាលឱ្យវេទនាខ្លាំងណាស់»។ ព្រះយេស៊ូពុំបានឆ្លើយតបនឹងនាងឡើយ។ ក្រុមសាវ័កនាំគ្នាចូលមកជិតព្រះអង្គ ហើយទូល​ថា៖​ «សូមព្រះគ្រូប្រោសប្រណីដល់នាងផង ព្រោះនាងចេះតែស្រែកអង្វរពីក្រោយយើង»។ ព្រះអង្គមានព្រះបន្ទូលតបថា៖ «ព្រះជា​ម្ចាស់បានចាត់ឱ្យខ្ញុំមករកតែអស់ជនជាតិអ៊ីស្រាអែលដែលវង្វេងប៉ុណ្ណោះ»។ ប៉ុន្តែ ស្ត្រី​នោះ​ចូល​មក​ក្រាប​ទៀប​ព្រះ‌បាទា​ព្រះ‌អង្គ ហើយ​ទូល​ថា៖ «ព្រះ‌អម្ចាស់​អើយ សូម​ជួយ​ខ្ញុំ​ម្ចាស់​ផង!»។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «មិន​គួរ​យក​អាហារ​របស់​កូន​ចៅ​បោះ​ទៅ​ឱ្យ​កូន​ឆ្កែ​ស៊ី​ឡើយ»។ នាង​ទូល​ព្រះ‌អង្គ​ថា៖ «ពិត​មែន​ហើយ​ព្រះ‌អម្ចាស់! ប៉ុន្តែ កូន​ឆ្កែ​ស៊ី​កម្ទេច​អាហារ​ដែល​ជ្រុះ​ពី​តុ​របស់​ម្ចាស់​វា»។ ព្រះ‌យេស៊ូ​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ថា៖ «នាង​អើយ នាង​មាន​ជំនឿ​មាំ‌មួន​ណាស់ ដូច្នេះ សូម​ឱ្យ​បាន​សម្រេច​តាម​ចិត្ត​នាង​ប្រាថ្នា​ចុះ!»។ កូន​ស្រី​របស់​នាង​បាន​ជា​តាំង​ពី​ពេល​នោះ​មក។

ពាក្យថ្វាយតង្វាយ

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គបានបង្កើតនូវអ្វីៗសព្វសារពើ ហើយប្រទានឱ្យយើងខ្ញុំប្រើប្រាស់។ យើងខ្ញុំសូមយកនំប័ុង និងស្រានេះមកថ្វាយព្រះអង្គ ទុកជាតំណាងនៃ កាយ វាចា ចិត្ត របស់យើងខ្ញុំ។ សូមទ្រង់ព្រះមេត្តាទទួលដោយអនុគ្រោះ រួមនិងសក្ការបូជារបស់ព្រះយេស៊ូគ្រីស្ត ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។

ពាក្យអរព្រះគុណ

បពិត្រព្រះអម្ចាស់ ជាព្រះបិតាប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! ក្នុងអភិបូជានេះ ព្រះអង្គប្រោសឱ្យយើងខ្ញុំរួបរួមយ៉ាងជិតស្និតជាមួយព្រះគ្រីស្ត ជាព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គ។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យរស់នៅដូចព្រះបុត្រាក្នុងលោកនេះ។ សូមប្រទានឱ្យយើងខ្ញុំទទួលសិរីរុងរឿងរួមជាមួយព្រះបុត្រានៅស្ថានបរមសុខផង។