០១ សីហា ២០២៦

Written on 11/02/2026
Sokhorn Oem

ថ្ងៃសៅរ៍ រដូវធម្មតា អាទិត្យទី១៧ ឆ្នាំ«គូ»
ពណ៌ស

បុណ្យរម្លឹក
សន្តអាលហ្វុងសូម៉ារី នៅលីកូរី
ជាអភិបាល និងគ្រូបាធ្យាយ

សូមចុចទីនេះ

លោកអាលហ្វុងសូ (១៦៩៦-១៧៨៧) ជាមេធាវីដ៏មានឈ្មោះល្បីម្នាក់ នៅក្រុងណាប៉ូលី (ប្រទេសអ៊ីតាលី)។ កាលលោកអាយុសាមសិបឆ្នាំ លោកទទួលមុខងារជាបូជាចារ្យ ហើយខិតខំពន្យល់គម្ពីរក្នុងចំណោមជនក្រីក្រ។ លោកបង្កើតក្រុមគ្រួសារបព្វជិតមួយ ក្នុងគោលបំណងប្រកាសដំណឹងល្អនៅស្រុកស្រែ។ បន្ទាប់មក លោកទទួលមុខងារជាអភិបាលព្រសហគមន៍។ ដប់បីឆ្នាំកន្លងមកទៀតលោកមានជំងឺជា​ទម្ងន់ ចូលជ្រកកោនក្នុងក្រុមគ្រួសារដែលលោកបានបង្កើតនោះ លោកនិពន្ធសៀវភៅជាច្រើន ដើម្បីខិតខំប្រៀនប្រដៅគ្រីស្តបរិស័ទឱ្យកាន់តាមធម្មវិន័យ ដោយនឹកដល់ព្រះហឫទ័យស្រឡាញ់របស់ព្រះជាម្ចាស់ជានិច្ច។

សូមថ្លែងព្រះគម្ពីរព្យាការីយេរេមី (យរ ២៦,១១-១៦,២៤)

​ពេលនោះមេដឹកនាំប្រជាជនយូដាអង្គុយកាត់ក្តីនៅមាត់ទ្វារព្រះវិហារ ពួកបូជា​ចារ្យ និងពួកព្យាការីប្តឹងទៅកាន់ពួកមន្ត្រី និងប្រជាជនទាំងមូលថា៖«ជននេះត្រូវតែទទួលទោសដល់ជីវិត ព្រោះវាបាននិយាយប្រឆាំងនឹងទីក្រុងនេះ ដូចអស់លោកឮផ្ទាល់ត្រចៀកស្រាប់ហើយ»។ ព្យាការីយេរេមីមានប្រសាសន៍ទៅកាន់មន្ត្រី និងប្រជាជន​ទាំងអស់ថា៖«ព្រះអម្ចាស់ទេតើដែលចាត់ខ្ញុំមកថ្លែងព្រះបន្ទូលប្រឆាំងនឹងព្រះវិហារ ព្រមទាំងទីក្រុងនេះ ដូចបងប្អូនបានឮសព្វគ្រប់ស្រាប់។ ឥឡូវនេះ សូមកែប្រែកិរិយា​មារយាទឱ្យបានល្អត្រឹមត្រូវឡើង។ សូមត្រងត្រាប់ស្តាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់​ជាព្រះរបស់បងប្អូន នោះព្រះអង្គមុខជាមិនដាក់ទោសបងប្អូន ដូចព្រះអង្គបានសម្រេច​ទេ។ រីឯខ្ញុំវិញ ខ្ញុំនៅក្នុងកណ្តាប់ដៃរបស់បងប្អូនស្រាប់ សូមប្រព្រឹត្តចំពោះខ្ញុំតាម​អំពើចិត្ត និងតាមគំនិតដែលបងប្អូនយល់ថាត្រឹមត្រូវចុះ! តែសូមជ្រាបឱ្យបានច្បាស់ថា បើបងប្អូនសម្លាប់ខ្ញុំ បងប្អូន និងអ្នកក្រុងទាំងអស់ត្រូវមានទោស ព្រោះបានសម្លាប់​អ្នកដែលគ្មានកំហុស។ ព្រះអម្ចាស់ពិតជាបានចាត់ខ្ញុំឱ្យនាំពាក្យទាំងនេះមកជម្រាប​បងប្អូនមែន»។ ពេលនោះ ពួកមន្ត្រី និងប្រជាជនទាំងមូលពោលទៅពួកបូជាចារ្យ និងពួកព្យាការីថា៖«អ្នកនេះគ្មានទោសដល់ជីវិតទេ ដ្បិតគាត់បាននិយាយមកយើងក្នុងព្រះនាមព្រះអម្ចាស់ជាព្រះរបស់យើងពិតមែន»។ លោក​អហ៊ី‌កាំ ជា​កូន​របស់​លោក​សាផន តែង‌តែ​ការ‌ពារ​លោក​យេរេមី​ជា‌និច្ច! គាត់​រា‌រាំង​មិន​ឲ្យ​គេ​ប្រគល់​លោក​យេរេមី ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​អ្នក​ដែល​ចង់​ប្រហារ​ជីវិត​លោក​ឡើយ។

ទំនុកតម្កើងលេខ ៦៩ (៦៨),១៥-១៦.៣០-៣១.៣៣-៣៤ បទកាកគតិ

១៥ សូមរំដោះខ្ញុំ រួចពីភក់ជ្រាំ ទុក្ខសោកសៅហ្មង
  ពីកណ្តាប់ដៃ អ្នកស្អប់ខ្ញុំផង សូមជួយស្រោចស្រង់
    ឱ្យផុតទឹកជ្រៅ ។
១៦ កុំឱ្យខ្សែទឹក ត្របាញ់គគ្រឹក ទាញវឹងយកទៅ
  រូបខ្ញុំឱ្យលង់ ក្នុងទឹកជ្រោះជ្រៅ កុំឃុំខ្ញុំនៅ
    ក្នុងអណ្តូងអី ។
៣០ រីឯរូបខ្ញុំ ទុរគតក្រៀមក្រំ ចុកចាប់ខ្វាយខ្វល់
  ឱ!ព្រះម្ចាស់អើយ ជួយសង្គ្រោះដល់ ខ្ញុំអ្នកទីទ័ល
    សូមស្តារវិញផង ។
៣១ ខ្ញុំនឹងច្រៀងកោត សរសើរបំផុត ព្រះនាមព្រះអង្គ
  ប្រកាសពីភាព ថ្កុំថ្កើងរឿងរុង របស់ព្រះអង្គ
    បម្រើគោរព ។
៣៣ អស់អ្នកទុរគត វេទនាក្រខ្សត់ ចិត្តគេសប្បាយ
  គេមានអំណរ ឥតមានខ្វល់ខ្វាយ នឹងរស់វែងឆ្ងាយ
    អាយុយឺនយូរ ។
៣៤ ដ្បិតទ្រង់សណ្តាប់ ពាក្យអ្នកសុភាព និយាយទូលថ្ងូរ
  ទ្រង់មិនលះបង់ អ្នកជាប់ឃុំយូរ ឱ្យទួញទ្រហោរ
    នៅឯកោទេ ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មថ៥,១០

អាលេលូយ៉ា! អាលេលូយ៉ា!
អ្នកណាត្រូវគេបៀតបៀនព្រោះតែបានធ្វើតាមសេចក្តីសុចរិត អ្នកនោះមានសុភមង្គល ដ្បិតគេនឹងទទួលព្រះរាជ្យនៃស្ថានបរមសុខហើយ!។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ (មថ ១៤,១-១២) 

នៅគ្រានោះ ព្រះបាទហេរ៉ូដជាស្តេចអនុរាជបានជ្រាបអំពីព្រះកិត្តិនាមរបស់ព្រះយេស៊ូ ទ្រង់មានរាជឱង្ការទៅពួកបរិពារថា៖«យ៉ូហានបាទីស្តបានទទួលជីវិតថ្មីហើយ បានជាគាត់មានឫទ្ធានុភាពសម្តែងការអស្ចារ្យយ៉ាងនេះ»។ ព្រះបាទហេរ៉ូដបានចាប់លោកយ៉ូហានដាក់ច្រវាក់យកទៅឃុំឃាំង ដោយទ្រង់ជឿតាមពាក្យព្រះនាងហេរ៉ូឌីយ៉ាដាដែលត្រូវជាមហេសីរបស់ស្តេចភីលីពជាអនុជរបស់ព្រះអង្គ ព្រោះលោកយ៉ូហានបានបន្ទោសស្តេចថា៖«ព្រះករុណាគ្មានសិទ្ធយកព្រះនាងមកធ្វើជាមហេសីឡើយ»។ ស្តេចហេរ៉ូដចង់សម្លាប់លោកយ៉ូហាន តែទ្រង់ខ្លាចបណ្តាជន ព្រោះពួកគេចាត់ទុកលោកជាព្យាការីមួយរូប។ នៅថ្ងៃបុណ្យខួបចម្រើនព្រះជន្មស្តេចហេរ៉ូដ បុត្រីរបស់ព្រះនាង​ហេរ៉ូឌីយ៉ាដា ចូលមករាំនៅមុខភ្ញៀវ ធ្វើឱ្យស្តេចពេញចិត្ត​យ៉ាងខ្លាំង រហូទដល់ស្បថស្បែសន្យានឹងនាងថា បើនាងចង់បានអ្វីស្តេចប្រទានឱ្យទាំងអស់។ នា​​ងទូលទៅស្តេចវិញតាមពាក្យបង្គាប់របស់មាតាថា៖«សូមទ្រង់ប្រទានក្បាលរបស់យ៉ូហានបាទីស្តដាក់លើថាសមកឱ្យខ្ញុំម្ចាស់!»។ ព្រះរាជាព្រួយព្រះហឫទ័យ​ក្រៃលែង ព្រោះទ្រង់បានស្បថនៅមុខភ្ញៀវទាំងអស់ជ្រុលហួសទៅហើយ។ ទ្រង់ក៏​បញ្ជាឱ្យគេធ្វើតាមពាក្យសុំរបស់នាង គឺចាត់ទាហានឱ្យទៅកាត់កលោកយ៉ូហាន យក​ក្បាលដាក់លើថាសមួយប្រគល់ឱ្យនាង ហើយនាងក៏យកទៅថ្វាយមាតា។ ពួកសិស្ស​របស់លោកយ៉ូហានមកយកសពលោកទៅបញ្ចុះ រួចនាំគ្នាយកដំណឹងទៅទូលព្រះយេស៊ូ។