៣០ កក្កដា ២០២៦

Written on 11/02/2026
Sokhorn Oem

ថ្ងៃព្រហស្បតិ៍ អាទិត្យទី១៧ រដូវធម្មតា ឆ្នាំ«គូ»
ពណ៌បៃតង

 

សូមថ្លែងព្រះគម្ពីរព្យាការីយេរេមី (យរ ១៨,១-៦)

ព្រះអម្ចាស់មានព្រះបន្ទូលមកព្យាការីយេរេមីដូចតទៅ៖«ចូរក្រោកឡើង ទៅផ្ទះ​របស់ជាងស្មូន។ នៅទីនោះ អ្នកនឹងឮសេចក្តីដែលយើងប្រាប់អ្នកឱ្យដឹង»។ ខ្ញុំក៏ទៅផ្ទះរបស់ជាងស្មូន ឃើញគាត់កំពុងសិតថូមួយនៅលើឈើក្រឡឹង។ ពេល​ណាជាងស្មូន​ឃើញថូដែលគាត់កំពុង​សូននៅក្នុងដៃមិនល្អ គាត់ក៏យកដីឥដ្ឋមកធ្វើថូមួយ​ផ្សេងទៀតដែលគាប់ចិត្តគាត់។ ពេលនោះ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖​«កូន​ចៅអ៊ីស្រាអែលអើយ! យើងនឹងប្រព្រឹត្តចំពោះអ្នករាល់គ្នាដូចជាងស្មូននេះដែរ។ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ អ្នករាល់គ្នានៅក្នុង​ដៃយើង ដូចដីឥដ្ឋនៅក្នុងដៃ​របស់ជាងស្មូន។

ទំនុកតម្កើងលេខ ១៤៦ (១៤៥),១-៦.១០ បទពាក្យ ៧

១ ឱ!ព្រះអម្ចាស់អើយខ្ញុំសូម តម្កើងទាំងព្រមដោយចិត្តស្មោះ  
  ឥតមានលាក់លៀមទុកកៀនកោះ បញ្ចេញដោយស្មោះអស់ពីចិត្ត ។
២ ខ្ញុំសូមសរសើរលើកតម្កើង ព្រះម្ចាស់ខ្ពស់ឡើងមួយជីវិត  
  ខ្ញុំស្មូត្រចម្រៀងមានបែបបទ ឱ្យបានចាំស្ទាត់ពេលនៅរស់ ។
៣ កុំទុកចិត្តពួកមនុស្សលោក មានច្រើនគគោកចិត្តមិនស្មោះ  
  កុំទុកចិត្តមេដឹកនាំនោះ ពុំអាចសង្គ្រោះបានឡើយណា ។
៤ ពេលដែលដង្ហើមគេត្រូវផុត ជីវិតរលត់អស់សង្ខារ  
  ក្លាយជាធូលីដីអសារ ទាំងគម្រោងការរលាយព្រម ។
៥ អ្នកដែលព្រះលោកយ៉ាកុបជួយ សង្គ្រោះផុតព្រួយហើយសង្ឃឹម  
  ទុកចិត្តលើព្រះគ្មានអ្វីផ្ទឹម រស់ដោយញញឹមគ្មានភិតភ័យ ។
៦ ព្រះអង្គបង្កើតទាំងផ្ទៃមេឃ ផែនដីល្អឯកធំពេកក្រៃ  
  សមុទ្រព្រមទាំងអស់អ្វីៗ សន្យាថ្លាថ្លៃទ្រង់មិនភ្លេច ។
១០ ព្រះអម្ចាស់ទ្រង់នឹងគ្រងរាជ្យ អស់កល្បជានិច្ចតយូរលង់  
  ឱក្រុងស៊ីយ៉ូនដ៏រឿងរុង ព្រះអង្គនឹងគ្រងរាជ្យតទៅ ។

 ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម (កក១៦,១៤)

អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះអម្ចាស់ សូមព្រះអង្គបំភ្លឺចិត្តគំនិតយើងខ្ញុំ ឱ្យយកចិត្តទុកដាក់ស្វែងរកព្រះបន្ទូលរបស់ព្រះបុត្រាព្រះអង្គ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ (មថ ១៣,៤៧-៥៣)

ព្រះយេស៊ូមានព្រះបន្ទូលជាពាក្យប្រស្នាទៅកាន់បណ្តាជនថា៖«ព្រះរាជ្យនៃស្ថានបរមសុខប្រៀបបីដូចជាអួនមួយដែលគេរាយក្នុងសមុទ្រ ហើយជាប់បានត្រីគ្រប់យ៉ាង។ ពេល​​ជាប់បានត្រីពេញហើយ គេអូសអួននោះឡើងមកលើគោក រួចអង្គុយរើសត្រីល្អៗដាក់ក្នុងកញ្ឆេ រីឯត្រីមិនល្អវិញគេបោះចោល។ នៅអវសានកាលនៃពិភពលោក ក៏នឹងកើតមាន​ឡើងដូច្នេះដែរ។ ពួកទេវទូតនាំគ្នាមកញែកមនុស្សទុច្ចរិត ចេញពីចំណោមមនុស្សសុចរិត រួចបោះមនុស្សទុច្ចរិតទាំងនោះទៅក្នុងភ្លើងដែលឆេះសន្ធោសន្ធៅ។ នៅទីនោះ មានតែ​សម្រែកយំសោក​ខឹងសង្កៀតធ្មេញ។ តើអ្នករាល់គ្នាយល់សេចក្តីទាំងនេះឬទេ?»។ ក្រុម​សាវ័កទូលព្រះអង្គថា៖«បាទ! យល់!»។ ព្រះអង្គមានព្រះបន្ទូលទៅគេទៀតថា៖«ហេតុ​នេះហើយ បានជាធម្មាចារ្យណាដែលទទួលការអប់រំអំពីព្រះរាជ្យនៃស្ថានបរមសុខប្រៀប​បានទៅនឹងម្ចាស់ផ្ទះដែលយកទ្រព្យទាំងចាស់ ទាំងថ្មីចេញពីឃ្លាំងរបស់គាត់»។ កាលព្រះយេស៊ូមានព្រះបន្ទូលជាពាក្យប្រស្នាទាំងនេះចប់សព្វគ្រប់ហើយ ព្រះអង្គក៏​យាងចេញពីទីនោះទៅ។