ថ្ងៃសុក្រ រដូវធម្មតា អាទិត្យទី០៩ ឆ្នាំ«គូ»
ពណ៌ក្រហម
បុណ្យរម្លឹក
សន្តបូនីហ្វាស ជាអភិបាលព្រះសហគមន៍
និងជាមរណសាក្សី
លោកជាជនជាតិអង់គ្លេសម្នាក់ឈ្មោះ វិលព្រិឌ (៦៧៣-៧៥៤)។ លោកបួសខាងក្រុមគ្រួសារសន្តបេណេឌីកតូ។ លោកទៅនាំដំណឹងល្អដល់ប្រទេសអាល្លឺម៉ង់ ដោយដើរពាសពេញស្រុកនោះ ទាំងបង្កើតអារាមជាច្រើន។ លោកឧស្សាហ៍ទាក់ទងជាមួយសម្តេចប៉ាប ដែលតែងតាំងលោកឱ្យធ្វើជាអភិបាលព្រះសហគមន៍ និងដាក់ឈ្មោះលោកថា “បូនីហ្វាស” គឺអ្នកប្រព្រឹត្តអំពើល្អ។ ជនពាលប្រហារជីវិតលោកនៅពេលលោកធ្វើដំណើរទៅប្រកាសដំណឹងល្អ ក្នុងជន្មាយុប៉ែតសិបឆ្នាំ។
សូមថ្លែងលិខិតទី ២ របស់គ្រីស្តទូតប៉ូលផ្ញើជូនលោកធីម៉ូថេ (២ធម ៣,១០-១៧)
ប្អូនជាទីស្រឡាញ់!
ប្អូនបាននៅជាមួយខ្ញុំក្នុងពេលខ្ញុំបង្រៀន ប្អូនបានឃើញកិរិយារបស់ខ្ញុំ ឃើញគម្រោងការ ជំនឿ ការអត់ធ្មត់ ការស្រឡាញ់ និងការស៊ូទ្រាំរបស់ខ្ញុំ។ ប្អូនបានឃើញគេធ្វើទុក្ខបុកម្នេញខ្ញុំ និងឃើញទុក្ខលំបាកដែលកើតមានដល់ខ្ញុំ នៅក្រុងអន់ទីយ៉ូក ក្រុងអ៊ីកូញុម និងក្រុងលីស្រ្តា។ ខ្ញុំបានរងទុក្ខវេទនាដោយគេធ្វើទុក្ខបុកម្នេញយ៉ាងខ្លាំង ក៏ប៉ុន្តែ ព្រះអម្ចាស់បានរំដោះខ្ញុំឱ្យរួចផុតពីទុក្ខទោសនេះទាំងអស់។ អស់អ្នកដែលចង់រស់នៅ ដោយគោរពប្រណិប័តន៍ព្រះជាម្ចាស់ ដោយរួមក្នុងព្រះគ្រីស្តយេស៊ូ មុខជាត្រូវគេបៀតបៀនដូច្នេះឯង។ រីឯមនុស្សអាក្រក់ និងអ្នកបោកប្រាសវិញ គេចេះតែប្រព្រឹត្តអំពើអាក្រក់កាន់តែច្រើនឡើងៗ ទាំងនាំអ្នកផ្សេងឱ្យវង្វេង ហើយខ្លួនគេផ្ទាល់ក៏វង្វេងដែរ។ ចំពោះប្អូន ប្អូនត្រូវកាន់តាមសេចក្តីដែលប្អូនបានរៀន និងយកធ្វើជាគោលជំនឿឱ្យខ្ជាប់ខ្ជួនឡើង។ ប្អូនដឹងច្បាស់ហើយថា ប្អូនបានរៀនសេចក្តីទាំងនេះពីនរណាមក។ ប្អូនស្គាល់ព្រះគម្ពីរតាំងតែពីនៅកុមារម៉្លេះ ហើយព្រះគម្ពីរអាចផ្តល់ឱ្យប្អូនមានប្រាជ្ញា ដើម្បីនឹងទទួលការសង្គ្រោះ ដោយសារជំនឿលើព្រះគ្រីស្តយេស៊ូ។ គ្រប់អត្ថបទគម្ពីរ សុទ្ធតែព្រះជាម្ចាស់ប្រទានព្រះវិញ្ញាណមកបំភ្លឺឱ្យតែង និងមានប្រយោជន៍សម្រាប់បង្រៀន រកខុសត្រូវ កែតម្រង់ និងអប់រំឱ្យរស់តាមសេចក្តីសុចរិត ក្នុងគោលបំណងឱ្យអ្នកបម្រើរបស់ព្រះជាម្ចាស់ មានសមត្ថភាពនឹងត្រៀមខ្លួនជាស្រេច ដើម្បីប្រព្រឹត្តអំពើល្អគ្រប់ជំពូក។
ទំនុកតម្កើងលេខ ១១៩(១១៨),១៥៧.១៦០-១៦១.១៦៥-១៦៦.១៦៨ បទពាក្យ ៧
| ១៥៧ | អ្នកដែលបៀតបៀនទូលបង្គំ | មានចិត្តគួនគុំខ្ញុំជ្រក់ជ្រេញ | |
| តែខ្ញុំមិនព្រមឃ្លាតបែកចេញ | វិន័យពោរពេញសែនវិសុទ្ធ | ។ | |
| ១៦០ | បន្ទូលព្រះអង្គសុទ្ធសឹងតែ | ប្រាកដហូរហែពិតស្មោះត្រង់ | |
| ការវិនិច្ឆ័យល្អកន្លង | ស្ថិតស្ថេរយូរលង់អស់កប្បកល្ប | ។ | |
| ១៦១ | ពួកអ្នកដឹកនាំបៀតបៀនខ្ញុំ | ដោយមិនសក្តិសមគ្មានហេតុផល | |
| ខ្ញុំឥតទៅព្រួយឥតមានខ្វល់ | មានតែបន្ទូលទើបខ្ញុំខ្លាច | ។ | |
| ១៦៥ | អ្នកណាស្រឡាញ់វិន័យធម៌ | នឹងមានជោគល្អហើយទទួល | |
| បានក្តីសុខសាន្តរស់នៅស្រួល | មិនជួបភ័យជ្រួលបានថ្កើងថ្កាន | ។ | |
| ១៦៦ | ខ្ញុំជឿសង្ឃឹមថាព្រះម្ចាស់ | មុខជាសង្គ្រោះខ្ញុំពុំខាន | |
| ខ្ញុំសូមប្រព្រឹត្តតាមស្នាមដាន | វិន័យថ្កើងថ្កាននៃព្រះអង្គ | ។ | |
| ១៦៨ | ទូលបង្គំប្រព្រឹត្តទៅតាមច្បាប់ | បញ្ជាបង្គាប់មិនអាចភ្លេច | |
| អ្វីដែលខ្ញុំធ្វើទ្រង់ជ្រាបខ្ទេច | ឥតមានស្រពេចស្រពិលឡើយ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម (១យហ ៤,៨.៧)
អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះជាម្ចាស់ប្រកបដោយសុភមង្គល មានតែព្រះអង្គមួយអង្គគត់ ដែលជាព្រះអធីបតី ព្រះអង្គជាព្រះមហាក្សត្រ លើសមហាក្សត្រនានា ជាព្រះអម្ចាស់ធំលើសអម្ចាស់នានា សូមលើកតម្កើងព្រះកិត្តិនាម និងព្រះចេស្តារបស់ព្រះអង្គអស់កល្បជានិច្ច។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស (មក ១២,៣៥-៣៧)
នៅគ្រានោះ ព្រះយេស៊ូបង្រៀនមនុស្សម្នានៅក្នុងព្រះវិហារ ដោយមានព្រះបន្ទូលថា៖ «ហេតុដូចម្តេចបានជាពួកធម្មាចារ្យនិយាយថា ព្រះគ្រីស្តជាព្រះរាជវង្សរបស់ព្រះបាទដាវីឌ ដូច្នេះ?។ ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់បានបំភ្លឺព្រះបាទដាវីឌឱ្យមានរាជឱង្ការថា “ព្រះអម្ចាស់មានព្រះបន្ទូលទៅកាន់ព្រះអម្ចាស់របស់ខ្ញុំថា សូមគង់ខាងស្តាំយើង ទម្រាំដល់យើងបង្ក្រាបខ្មាំងសត្រូវរបស់ព្រះអង្គ មកដាក់ក្រោមព្រះបាទារបស់ព្រះអង្គ”។ បើព្រះបាទដាវីឌផ្ទាល់ហៅព្រះគ្រីស្តថា៖ “ព្រះអម្ចាស់” ដូច្នេះ តើឱ្យព្រះគ្រីស្តត្រូវជាព្រះរាជវង្សរបស់ព្រះអង្គដូចម្តេចកើត?»។ បណ្តាជនជាច្រើនចូលចិត្តស្តាប់ព្រះបន្ទូលរបស់ព្រះយេស៊ូណាស់។