២៨ ឧសភា ២០២៦

Written on 16/12/2025
Sokhorn Oem

ថ្ងៃព្រហស្បតិ៍ រដូវធម្មតា អាទិត្យទី០៨ ឆ្នាំ«គូ»
ពណ៌បៃតង  

សូមថ្លែងលិខិតទី១ របស់គ្រីស្តទូតសិលា (១ សល ២,២-៥.៩-១២)

បងប្អូនជាទីស្រឡាញ់!
ចូរប្រាថ្នាចង់បានព្រះបន្ទូល ដូចទារកដែលទើបនឹងកើតប្រាថ្នាចង់បានទឹកដោះសុទ្ធ ដើម្បីឱ្យបងប្អូនចម្រើនឡើងដោយសារព្រះបន្ទូលនេះ និងទទួលការសង្គ្រោះ។ បើបងប្អូនពិតជាបានក្រេបជញ្ជក់ហើយដឹងថា ព្រះអម្ចាស់មានព្រះហឫទ័យសប្បុរសមែននោះ សូមបងប្អូនចូលមកជិតព្រះគ្រីស្ត ជាសិលាដ៏មាន​ជីវិត ជាសិលាដែលមនុស្សលោកបានបោះបង់ចោល តែព្រះជាម្ចាស់បាន​រើសយក ព្រោះទ្រង់ឈ្វេងយល់ថាមានតម្លៃវិសេស។ រីឯបងប្អូនវិញ បងប្អូនប្រៀបបាននឹងថ្មដ៏​មានជីវិ​តដែរ។ ដូច្នេះ ចូរផ្គុំគ្នាឡើងកសាងជាព្រះដំណាក់របស់ព្រះវិញ្ញាណ ធ្វើជា​ក្រុមបូជាចារ្យដ៏វិសុទ្ធ ដើម្បីថ្វាយយញ្ញបូជាខាងវិញ្ញាណ ដែលគាប់ព្រះហឫទ័យ​ព្រះជាម្ចាស់ ដោយសារព្រះយេស៊ូគ្រីស្ត។ បងប្អូនជាពូជសាសន៍ដែលព្រះអង្គបាន​ជ្រើសរើស ជាក្រុមបូជាចារ្យរបស់ព្រះមហាក្សត្រ ជាជាតិសាសន៍ដ៏វិសុទ្ធ ជាប្រជា​រាស្រ្ដដែលព្រះជាម្ចាស់បានយកមកធ្វើជាកម្មសិទ្ធផ្ទាល់របស់ព្រះអង្គ ដើម្បីឱ្យ​បងប្អូនប្រកាសដំណឹងល្អ អំពីស្នាព្រះហស្ដដ៏អស្ចារ្យរបស់ព្រះអង្គ ដែលត្រាស់ហៅបងប្អូនឱ្យចេញពីទីងងឹត មកកាន់ពន្លឺដ៏រុងរឿងរបស់ព្រះអង្គ។ ពីដើម បងប្អូនមិនមែនជា​ប្រជារាស្ដ្ររបស់ព្រះជាម្ចាស់ទេ តែឥឡូវនេះ បងប្អូនជាប្រជារាស្ត្ររបស់ព្រះអង្គ។ ពីដើមបងប្អូនក៏ពុំបានទទួលព្រះហឫទ័យមេត្តាករុណាទេ តែឥឡូវនេះ បងប្អូនបាន​ទទួលព្រះហឫទ័យមេត្តាករុណាហើយ។ បងប្អូនជាទីស្រឡាញ់អើយ! ដោយបងប្អូនជាជនបរទេស និងជាអ្នកស្នាក់នៅជា​បណ្តោះអាសន្នក្នុងលោកនេះ ខ្ញុំសូមទូន្មានថា កុំបណ្តោយខ្លួនទៅតាមតណ្ហាដែលតែង​តែប្រឆាំងនឹងព្រលឹងនោះឡើយ។ ត្រូវកាន់កិរិយាមារយាទឱ្យបានថ្លៃថ្នូរនៅក្នុង​ចំណោមសាសន៍ដទៃ។ ដូច្នេះ ត្រង់ចំណុចណាដែលគេចោទថា បងប្អូនប្រព្រឹត្តអាក្រក់ គេបែរជាឃើញអំពើល្អរបស់បងប្អូនទៅវិញ ហើយនៅថ្ងៃដែលព្រះជាម្ចាស់យាងមក គេនឹងលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គថែមទៀតផង។

ទំនុកតម្កើងលេខ ១០០ (៩៩),១-៥ បទកាកគតិ

១ មនុស្សលើផែនដី ទាំងប្រុសទាំងស្រី ចូរអបអរឡើង
  សាទរព្រះម្ចាស់ ជាព្រះថ្កុំថ្កើង ព្រះម្ចាស់នៃយើង
    កុំបីរួញរា ។
២ នាំគ្នាគោរព ទាំងថ្ងៃទាំងយប់ ដោយចិត្តជ្រះថ្លា
  នាំគ្នាមកជិត អង្គព្រះនាមា ច្រៀងហ៊ោរខ្ញៀវខ្ញា
    ដោយអរសប្បាយ ។
៣ ចូរអ្នកដឹងថា ព្រះម្ចាស់ពិតជា ព្រះយើងគ្រប់កាយ
  ជាព្រះអម្ចាស់ ពិតឥតក្លែងក្លាយ បង្កើតយើងហើយ
    ទ្រង់ថែថ្នាក់ថ្នម ។
៤ យើងនាំគ្នីគ្នា ចូលកុំរួញរា ដំណាក់សក្តិសម
  ទាំងអរព្រះគុណ ព្រះម្ចាស់ឧត្តម សរសើរទាំងព្រម
    ព្រះនាមព្រះអង្គ ។
៥ ដ្បិតព្រះអម្ចាស់ ទ្រង់សប្បុរសណាស់ ករុណាហ្មត់ហ្មង
  គង់នៅស្ថិតស្ថេរ អង្វែងយូរលង់ ស្មោះស្ម័គ្រកន្លង
    អស់កល្បតទៅ ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម (យហ ៨,១២)

អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះយេស៊ូគ្រីស្ត! ព្រះអង្គពិតជាពន្លឺបំភ្លឺពិភពលោកមែន! អ្នកណាទៅតាមព្រះអង្គ អ្នកនោះមានពន្លឺដែលនាំគេទៅកាន់ជីវិត។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស (មក ១០,៤៦-៥២)

នៅគ្រានោះ ព្រះយេស៊ូ និងក្រុមសាវ័កធ្វើដំណើរមកដល់ក្រុងយេរីខូ។ កាល​ព្រះអង្គយាងចេញពីទីក្រុងជាមួយក្រុមសាវ័ក និងបណ្តាជនដ៏ច្រើនកុះករ មានបុរស​ខ្វាក់ម្នាក់ឈ្មោះបារទីមេ ជាកូនរបស់លោកទីមេ អង្គុយសុំទាននៅក្បែរផ្លូវ។ កាល​គាត់ឮថា ព្រះយេស៊ូជាអ្នកភូមិណាសារ៉ែតយាងតាមនោះ គាត់ស្រែកឡើងថា៖ «ឱព្រះ​យេស៊ូជាព្រះរាជវង្សព្រះបាទដាវីឌអើយ! សូមអាណិតមេត្តាទូលបង្គំផង»។ មនុស្សជាច្រើនគំរាមគាត់ឱ្យនៅស្ងៀម ប៉ុន្តែ គាត់ស្រែករឹតតែខ្លាំងឡើងៗថា៖ «ឱព្រះរាជ​វង្សព្រះបាទដាវីឌអើយ! សូមអាណិតមេត្តាទូលបង្គំផង!»។ ព្រះយេស៊ូក៏ឈប់ ហើយ​មានព្រះបន្ទូលថា៖ «សុំហៅគាត់មក»។ គេក៏ហៅមនុស្សខ្វាក់នោះមក ដោយពោល​ថា៖ «កុំអស់សង្ឃឹម ក្រោកឡើង! លោកហៅអ្នកហើយ»។ គាត់ក៏បោះអាវធំចោល ស្ទុះក្រោកឡើងតម្រង់ទៅរកព្រះយេស៊ូ។ ព្រះយេស៊ូមានព្រះបន្ទូលសួរគាត់ថា៖ «តើ​អ្នកចង់ឱ្យខ្ញុំធ្វើអ្វីសម្រាប់អ្នក?»។ អ្នកខ្វាក់ទូលព្រះអង្គថា៖« ព្រះគ្រូ! សូម​ព្រះអង្គ​ប្រោសឱ្យភ្នែកទូលបង្គំបានភ្លឺផង»។ ព្រះយស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «សុំអញ្ជើញទៅចុះ! ជំនឿរបស់អ្នកបានសង្គ្រោះអ្នកហើយ!»។ រំពេចនោះគាត់មើល​ឃើញភ្លាម ហើយដើរតាមផ្លូវជាមួយព្រះយេស៊ូទៅ។