២៦ ឧសភា ២០២៦

Written on 16/12/2025
Sokhorn Oem

ថ្ងៃអង្គារ រដូវធម្មតា អាទិត្យទី០៨ ឆ្នាំ​«គូ»
ពណ៌ស  

បុណ្យរម្លឹក
សន្តហ្វីលីព នេរី ជាបូជាចារ្យ

សូមចុចទីនេះ

លោកភីលីព នេរី (១៥១៥-១៥៩៥) ចូលចិត្តកំប្លែង និងតែងនិយាយថា៖ “នាំឱ្យគេសប្បាយរីករាយ​ ជាផ្លូវល្អជាងគេ ដើម្បីណែនាំឱ្យគេគោរពប្រណិប័តន៍ព្រះជាម្ចាស់”។ ដោយលោកមានចិត្តសប្បាយ ចេះតែធ្វើសកម្មភាបផ្សេងៗដែលគ្មាននណានឹកគិចជាមុន យុវជនស្រឡាញ់លោកយ៉ាងខ្លាំង។ លោកបង្កើតក្រុមគ្រួសារបព្វជិតមួយ ដែលយកចិត្តទុកដាក់បង្ហាញសេចក្តីស្រឡាញ់ចំពោះព្រះជាម្ចាស់ និងចំពោះអ្នកក្រីក្រ។

សូមថ្លែងលិខិតទី១ របស់គ្រីស្តទូតសិលា (១សល ១,១០-១៦)

បងប្អូនជាទីស្រឡាញ់!
ព្យាការីដែលថ្លែងព្រះបន្ទូលអំពីព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់ចំពោះបងប្អូន នាំគ្នាស្រាវជ្រាវ និងរិះរកចង់ដឹងអំពីការសង្គ្រោះនេះ។ ព្រះវិញ្ញាណរបស់ព្រះគ្រីស្តដែលគង់នៅក្នុងព្យាការីទាំងនោះ បានបញ្ជាក់ប្រាប់ជាមុនអំពីទុក្ខលំបាករបស់ព្រះគ្រីស្ត និងអំពីសិរីរុងរឿងដែលព្រះអង្គនឹងទទួលតាមក្រោយ។ ពួកលោកក៏បានរិះគិតចង់ដឹងថា តើព្រឹត្តិការណ៍នេះនឹងកើតនៅជំនាន់ណា ក្នុងកាលៈ​ទេសៈណា។ ព្រះជាម្ចាស់បានសម្តែងឱ្យព្យាការីទាំងនោះដឹងថា សេចក្តីដែលពួក​លោកថ្លែង មិនមែនសម្រាប់ពួកលោកទេ គឺសម្រាប់បងប្អូនវិញ។ ឥឡូវនេះ ពួកអ្នក​ប្រកាសដំណឹងល្អ បាននាំដំណឹងមកប្រាប់បងប្អូនអំពីសេចក្តីទាំងនោះ ក្រោមការ​ណែនាំរបស់ព្រះវិញ្ញាណដ៏វិសុទ្ធដែលព្រះជាម្ចាស់បានចាត់ពីស្ថានបរមសុខមក។ សូម្បី​តែពួកទេវទូត ក៏ប្រាថ្នាចង់យល់ជម្រៅនៃសេចក្តីទាំងនោះដែរ។ ហេតុនេះ សូមបងប្អូនប្រុងប្រៀបចិត្តគំនិតឱ្យមែនទែន កុំភ្លេចខ្លួនឱ្យសោះ ត្រូវមានចិត្តសង្ឃឹមទាំងស្រុង​ថា នឹងទទួលព្រះអំណោយទានដែលព្រះជាម្ចាស់ប្រោសប្រទានឱ្យបងប្អូននៅថ្ងៃព្រះយេស៊ូគ្រីស្តនឹងសម្តែងព្រះអង្គឱ្យមនុស្សលោកឃើញ។ ចូរធ្វើដូចកូនដែលចេះស្តាប់បង្គាប់ គឺមិនត្រូវធ្វើតាមចិត្តប៉ងប្រាថ្នាដែលបងប្អូនធ្លាប់មាន កាលមិនទាន់ស្គាល់​ព្រះអង្គនោះឡើយ។ ផ្ទុយទៅវិញ ព្រះអង្គដែលបានត្រាស់ហៅបងប្អូន ទ្រង់វិសុទ្ធ​យ៉ាងណា បងប្អូនក៏ត្រូវតែវិសុទ្ធក្នុងគ្រប់កិច្ចការដែលបងប្អូនប្រព្រឹត្តយ៉ាងនោះដែរ ដ្បិតក្នុងគម្ពីរមានចែងទុកថា “អ្នករាល់គ្នាត្រូវតែវិសុទ្ធ ព្រោះយើងវិសុទ្ធ”។

ទំនុកតម្កើងលេខ ៩៨(៩៧),១-៤ បទកាកគតិ

ចូរច្រៀងបទថ្មី ថ្វាយព្រះម្ចាស់ថ្លៃ កុំភ្លេចឡើយណា
  ដ្បិតទ្រង់ប្រព្រឹត្ត សព្វកិច្ចអស្ចារ្យ ដោយឫទ្ធិចេស្តា
    យកជ័យជម្នះ
ព្រះម្ចាស់បង្ហាញ ប្រជាឱ្យឃើញ ពីការសង្គ្រោះ
  ព្រះអង្គសម្តែង ឱ្យគេទាំងអស់ ឃើញសុចរិតស្មោះ
    របស់ព្រះអង្គ
ព្រះអង្គនៅតែ សម្តែងឥតប្រែ ករុណាត្រចង់
  ព្រះទ័យស្មោះស្ម័គ្រ អ៊ីស្រាអែលផង សុចរិតឥតហ្មង
    ចងចាំទាំងអស់
  មនុស្សម្នាមូលមីរ រស់នៅគ្រប់ទី ឆ្ងាយទាំងស្រីប្រុស
  នៃភពផែនដី ឃើញការសង្គ្រោះ ព្រះម្ចាស់របស់
    យើងគ្រប់ៗគ្នា
មនុស្សទាំងប្រុសស្រី នៅលើផែនដី រៀបចំអង្គា
  អបអរសាទរ ថ្វាយព្រះនាមា ស្រែកហ៊ោខ្ញៀវខ្ញា
    ដោយតូរ្យតន្ត្រី
 

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម (មថ ១១,២៥)

អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះបិតាជាអម្ចាស់នៃស្ថានបរមសុខ និងជាអម្ចាស់នៃផែនដី! យើងខ្ញុំសូមសរសើរតម្កើងព្រះអង្គ ព្រោះទ្រង់បានសម្តែងការណ៍អស្ចារ្យនៃព្រះរាជ្យឱ្យអ្នកតូចតាចស្គាល់។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស (មក ១០,២៨-៣១)

លោកសិលាទូលព្រះយេស៊ូថា៖ «ព្រះអង្គទតឃើញស្រាប់ហើយថា យើងខ្ញុំបានលះបង់ចោលអ្វីៗទាំងអស់ ហើយយើងខ្ញុំមកតាមព្រះអង្គ»។ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «ខ្ញុំសុំប្រាប់អ្នករាល់គ្នាដឹងច្បាស់ថា អ្នកណាលះបង់ផ្ទះសម្បែង បងប្អូនប្រុសស្រី ឪពុកម្តាយ កូន ឬស្រែចម្ការព្រោះតែខ្ញុំ និងព្រោះតែដំណឹងល្អ អ្នកនោះនឹង​ទទួលមួយជាមួយរយ ក្នុងពេលឥឡូវនេះ គឺទទួលផ្ទះសម្បែង បងប្អូនប្រុសស្រី ម្តាយ កូន និងស្រែចម្ការ ព្រមទាំងទទួលការបៀតបៀន ហើយក៏នឹងមានជីវិតអស់កល្បជានិច្ចនៅលោកខាងមុខថែមទៀតផង។ មនុស្សជាច្រើនដែលនៅខាងមុខនឹង​ត្រឡប់ទៅនៅខាងក្រោយ រីឯអ្នកដែលនៅខាងក្រោយនឹងត្រឡប់ទៅនៅខាងមុខ​វិញ»។