១១ មករា ២០២៦

Written on 07/10/2026
Sokhorn Oem

ថ្ងៃអាទិត្យ បុណ្យគោរពព្រះយេស៊ូទទួលពិធីជ្រមុជទឹក ឆ្នាំ«ក»
ពណ៌ស

ថ្ងៃអាទិត្យនេះ ជាថ្ងៃបង្ហើយរដូវបុណ្យព្រះយេស៊ូប្រសូត។ ថ្ងៃស្អែកចាប់ផ្តើមរដូវធម្មតាប្រចាំឆ្នាំ។ មុនព្រះយេស៊ូចាប់ផ្តើមសម្តែងធម្មទេសនា ព្រះអង្គសុំឱ្យលោកយ៉ូហានធ្វើពិធីជ្រមុជទឹកថ្វាយព្រះអង្គ គឺព្រះអង្គសព្វព្រះហឫទ័យចូលក្នុងចំណោមកូនចៅរបស់លោក។ គ្រីស្តបរិស័ទដើម និងអ្នកនិពន្ធគម្ពីរដំណឹងល្អយល់ឃើញថា ពេលព្រះ​​យេស៊ូ​ទទួលពិធីជ្រមុជទឹក ព្រះអង្គដូចជាត្រាស់ដឹង គឺទ្រង់ឈ្វេងយល់ច្បាស់អំពីបេសកម្មដែលព្រះអង្គត្រូវបំពេញក្នុងលោកនេះ ព្រះអង្គត្រូវប្រោសសត្វលោកតាមព្រះបំណងនៃព្រះបិតា រហូតដល់បូជាព្រះជន្ម។ ព្រះវិញ្ញាណក៏អភិសេកព្រះយេស៊ូជាព្រះគ្រីស្តដែរ។ គ្រីស្តបរិស័ទទទួលព្រះវិញ្ញាណរបស់ព្រះយេស៊ូ ដើម្បីបន្តបេសកកម្មរបស់ព្រះអង្គក្នុងពិភពលោកនេះ។

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរព្យាការីអេសាយ (អស ៤២,១-៤.៦-៧)

ព្រះអម្ចាស់មានព្រះបន្ទូលថា៖«លោកនេះជាអ្នកបម្រើដែលយើងជួយគាំទ្រ ជាអ្នកដែល យើងបានជ្រើសរើស និងជាអ្នកដែលគាប់ចិត្តរបស់យើង។ យើងបានដាក់វិញ្ញាណរបស់ យើងសណ្ឋិតនៅលើលោក។ លោកនឹងបង្ហាញឱ្យប្រជាជាតិទាំងឡាយស្គាល់ការវិនិច្ឆ័យរបស់យើង។ លោកមិនស្រែក ឬគំហកកំហែងដាក់នរណាឡើយ ហើយក៏មិនបន្លឺ សំឡេងនៅតាមផ្លូវដែរ។ លោកនឹងមិនកាច់ផ្តាច់ដើមត្រែងណាដែលទក់ហើយនោះទេ ហើយលោកក៏មិនផ្លុំពន្លត់ភ្លើងដែលហៀបនឹងរលត់នោះដែរ លោកនឹងបង្ហាញការវិនិច្ឆ័យ របស់យើងដោយចិត្តស្មោះ។ លោកមិនទន់ខ្សោយឡើយ លោកអង់អាចជានិច្ច រហូត ទាល់តែធ្វើឱ្យមនុស្សម្នានៅលើទឹកដី ប្រព្រឹត្តតាមការវិនិច្ឆ័យរបស់យើង ហើយមនុស្ស នៅតាមកោះនានានាំគ្នារង់ចាំទទួលការប្រៀនប្រដៅពីលោក។ យើងនេះហើយជាព្រះអម្ចាស់! យើងបានហៅអ្នកមកស្របតាមសេចក្តីសុចរិតរបស់ យើង។ យើងកាន់ដៃអ្នក យើងទុកអ្នកដោយឡែក ហើយតែងតាំងអ្នកឱ្យចងសម្ព័ន្ធ មេត្រីជាមួយប្រជាជន ឱ្យអ្នកធ្វើជាពន្លឺដល់ប្រជាជាតិនានា ប្រោសមនុស្សខ្វាក់ឱ្យបានភ្លឺ នាំឈ្លើយចេញពីទីឃុំឃាំង ព្រមទាំងរំដោះប្រជាជនដែលរស់នៅក្នុងភាពងងឹតឱ្យបាន ចេញរួចផង។

ទំនុកតម្កើងលេខ ២៩ (២៨), ១-៤.៧-១១ បទកាកគតិ

១ ទេវតាទាំងឡាយ ចូរនាំគ្នាថ្វាយ តម្កើងព្រះម្ចាស់
  លើកស្ទួយសិរី រុងរឿងត្រចះ អានុភាពតេជៈ
    របស់ព្រះអង្គ ។
២ ចូរលើកតម្កើង ព្រះនាមថ្កុំថ្កើង ក្នុងពេលនេះម្តង
  ចូរនាំគ្នាថ្វាយ បង្គំព្រះអង្គ វិសុទ្ធឥតហ្មង
    ព្រះនាមល្បាញល្បី ។
៣ សូរសៀងព្រះម្ចាស់ លាន់ឮយ៉ាងច្បាស់ ពាសពេញផែនដី
  ពីលើសាគរ សមុទ្រធំក្រៃ ព្រះអម្ចាស់ថ្លៃ
    គង់នៅលើទឹក ។
៤ សូរសៀងព្រះម្ចាស់ ស្ទើរបែកអាកាស លាន់ឮសន្ធឹក
  ឫទ្ធានុភាព គគ្រឹមគគ្រឹក ទោះយប់ល្ងាចព្រឹក
    នៅតែថ្កុំថ្កើង ។
៧ សូរសៀងព្រះម្ចាស់ ខ្ទ័រខ្ទារខ្លាំងណាស់ ពាសពេញវេហាស៍
  មានទាំងរន្ទះ បាញ់រះផងណា នេះគឺចេស្តា
    បារមីថ្កើងថ្កាន ។
៨ សូរសៀងរបស់ ព្រះម្ចាស់ទាំងអស់ ឱ្យរហោស្ថាន
  កក្រើកញាប់ញ័រ គ្មានអ្វីស្មើបាន ទាំងរហោស្ថាន
    កាដែសរញ្ជួយ ។
៩ សូរសៀងព្រះម្ចាស់ អង្រួនទាំងអស់ ឱ្យក្តាន់ញីព្រួយ
  កំពុងកើតកូន អារម្មណ៍រញ្ជួយ ព្រមទាំងធ្វើឱ្យ
    ស្លឹកឈើជ្រុះអស់ ។
  ពេលនោះមនុស្សម្នា ទាំងអស់នាំគ្នា ស្រែកដោយស្រួលស្រុះ
  ក្នុងវិហារថា តម្កើងព្រះម្ចាស់ ព្រះនាមរបស់
    អម្ចាស់ថ្លាថ្លៃ ។
១០ ព្រះអង្គគ្រប់គ្រង ទឹកជំនន់ផង ធំធេងពេកក្រៃ
  ទ្រង់គឺជាព្រះ មហាក្សត្រថ្លៃ ព្រះនាមល្បាញល្បី
    គ្រងរាជ្យតទៅ ។
១១ សូមព្រះអម្ចាស់ ប្រណីសន្តោស កុំបង្អង់នៅ
  ប្រទានកម្លាំង ឱ្យរាស្ត្រតទៅ កុំបីហ្មងសៅ
    ឱ្យគេសុខសាន្ត ។

អត្ថបទទី២៖ សូមថ្លែងព្រះគម្ពីរកិច្ចការគ្រីស្តទូត (កក ១០,៣៤-៣៨)

លោកសិលាទៅដល់ក្រុងសេសារេ ចូលផ្ទះនាយទាហានរ៉ូមុាំងម្នាក់ ហើយមានប្រសាសន៍ទៅកាន់អ្នកនៅផ្ទះគាត់ថា៖«ឥឡូវនេះ ខ្ញុំបានយល់យ៉ាងច្បាស់ហើយថា ព្រះជាម្ចាស់រាប់រកមនុស្សទូទៅឥតរើសមុខឡើយ។ ក្នុងចំណោមជាតិសាសន៍ទាំងប៉ុន្មាន អ្នកណាក៏ដោយ ឱ្យតែគោរពកោតខ្លាចព្រះអង្គ ហើយប្រព្រឹត្តអំពើសុចរិត ព្រះអង្គមុខជាគាប់ព្រះហឫទ័យនឹងអ្នកនោះមិនខាន។ ព្រះអង្គបានប្រទានព្រះបន្ទូលមកឱ្យជនជាតិអ៊ីស្រាអែល ដោយនាំដំណឹងល្អមកប្រាប់គេអំពីសេចក្តីសុខសាន្តដោយសារព្រះយេស៊ូគ្រីស្ត គឺព្រះយេស៊ូនេះហើយដែលជាព្រះអម្ចាស់លើមនុស្សទាំងអស់។ បងប្អូនជ្រាបហេតុការណ៍ដែលកើតឡើងនៅស្រុកយូដាទាំងមូលស្រាប់ហើយ ជាហេតុការណ៍ដែលបានចាប់ផ្តើមនៅស្រុកកាលីឡេ គឺបន្ទាប់ពីពេលដែលលោកយ៉ូហានបានប្រកាសឱ្យបណ្តាជនទទួលពិធីជ្រមុជទឹក។ បងប្អូនជ្រាបថា ព្រះជាម្ចាស់បានចាក់ព្រះវិញ្ញាណដ៏វិសុទ្ធ និងឫទ្ធានុភាពអភិសេកព្រះយេស៊ូជាអ្នកភូមិណាសារ៉ែត។ បងប្អូនក៏ជ្រាបថា ព្រះយេស៊ូយាងពីកន្លែងមួយទៅកន្លែងមួយ ទាំងប្រព្រឹត្តអំពើល្អ និងប្រោសអស់អ្នកដែលត្រូវមារសង្កត់សង្កិនឱ្យបានជា ដ្បិតព្រះជាម្ចាស់គង់ជាមួយព្រះអង្គ»។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម (មថ ៣,១៦-១៧;ទំន ២៨,៣)

អាលេលូយ៉ា! អាលេលូយ៉ា!
នៅថ្ងៃនេះ ផ្ទៃមេឃបើកចំហ ព្រះវិញ្ញាណយាងចុះមកសណ្ឋិតលើព្រះយេស៊ូ ហើយព្រះសូរសៀងរបស់ព្រះបិតាលាន់ឮនៅលើទឹកថា៖ “លោកនេះជាបុត្រដ៏ជាទីស្រឡាញ់របស់យើង!”។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ (មថ ៣,១៣-១៧)

ព្រះយេស៊ូយាងពីស្រុកកាលីឡេមករកលោកយ៉ូហាននៅត្រង់ទន្លេយ័រដាន់ ដើម្បីឱ្យលោកធ្វើពិធីជ្រមុជទឹកថ្វាយព្រះអង្គ។ ប៉ុន្តែ លោក​យ៉ូហានប្រកែកថា៖«ខ្ញុំទេតើដែលត្រូវទទួលពិធីជ្រមុជទឹកពីលោក ម្តេចក៏លោកមករកខ្ញុំវិញ!»។ ព្រះយេស៊ូមានព្រះបន្ទូលថា៖«ឥឡូវនេះសុំធ្វើសិនចុះ ធ្វើដូច្នេះ ទើបស្របតាមគ្រប់សេចក្តីដែលព្រះជាម្ចាស់បានបង្គាប់ទុកមក»។ លោកយ៉ូហានក៏យល់ព្រម។ ពេលព្រះយេស៊ូទទួលពិធីជ្រមុជទឹករួចហើយ ទ្រង់យាងឡើងពីទឹកស្រាប់តែផ្ទៃមេឃបើកចំហ ព្រះអង្គទតឃើញព្រះវិញ្ញាណរបស់ព្រះជាម្ចាស់យាងចុះដូចសត្វព្រាបមកសណ្ឋិតលើព្រះអង្គ។ ពេលនោះ មានព្រះសូរសៀងពីលើមេឃមកថា៖«លោកនេះហើយជាបុត្រដ៏ជាទីស្រឡាញ់របស់យើង! យើងគាប់ចិត្តនឹងព្រះអង្គណាស់!»។