ថ្ងៃអាទិត្យ បុណ្យលើកតម្កើងព្រះរាជវង្ស ឆ្នាំ «ក»
ពណ៌ស
អាទិត្យក្រោយបុណ្យព្រះយេស៊ូប្រសូត
ព្រះសហគមន៍ចាត់ចែងរយៈពេលពីរ ឬបីអាទិត្យ ក្រោយបុណ្យព្រះយេស៊ូប្រសូត ដើម្បីដាស់តឿនគ្រីស្តបរិស័ទឱ្យនឹករំពឹងអំពីអត្ថន័យដ៏ប្រសើរបំផុតនៃថ្ងៃកំណើតរបស់ព្រះយេស៊ូ។ ក្នុងរដូវនេះ ព្រះសហគមន៍អានលិខិតរបស់គ្រីស្តទូតយ៉ូហាន ដែលរិះគិតយ៉ាងជ្រៅអំពីជីវិតថ្មី ដែលព្រះគ្រីស្តប្រទានឱ្យមនុស្សលោក។ គ្រីស្តបរិស័ទក៏នាំគ្នាគោរពសន្តបុគ្គលដែលបង្ហាញអំពីរបៀបរស់នៅថ្មីតាមព្រះគ្រីស្តគឺ៖
- ថ្ងៃ ២៦ ធ្នូ សន្តស្ទេផានជាគ្រីស្តបរិស័ទដែលបានបូជាជីវិតព្រោះព្រះគ្រីស្តមុនគេ។
- ថ្ងៃ ២៧ ធ្នូ គ្រីស្តទូតយ៉ូហានដែលបានបង្ហាញអត្ថន័យអំពីព្រះបុត្រាប្រសូតជាមនុស្ស។
- ថ្ងៃ ២៨ ធ្នូ ទារកដែលព្រះបាទហេរ៉ូបានសម្លាប់។
- ថ្ងៃ ១ មករា ព្រះនាងម៉ារីជាព្រះមាតារបស់ព្រះជាម្ចាស់។
មុនបុណ្យលើកតម្កើងព្រះយេស៊ូសម្តែងព្រះអង្គ ព្រះសហគមន៍ចាត់ចែងឱ្យអានអត្ថបទគម្ពីរតាមថ្ងៃរាយ គឺថ្ងៃ ២ ៣ ៤ ៥ ៦ ៧ មករា។ ក្រោយបុណ្យនោះ ត្រូវអានអត្ថបទតាមថ្ងៃចន្ទ អង្គារ ពុធ ព្រហស្បតិ៍ សុក្រ សៅរ៍ “ក្រោយបុណ្យព្រះយេស៊ូសម្តែងព្រះអង្គ”។ អត្ថបទគម្ពីរដំណឹងល្អទាំងនេះ សុទ្ធតែរៀបរាប់អំពីព្រះយេស៊ូប្រព្រឹត្តកិច្ចការបង្ហាញឋានៈរបស់ ព្រះអង្គ។
បុណ្យលើកតម្កើងព្រះរាជវង្ស
បុណ្យនេះធ្វើឡើងក្រោយបុណ្យព្រះយេស៊ូប្រសូត ឬថ្ងៃទី ៣០ ធ្នូ លុះត្រាតែមានថ្ងៃអាទិត្យ មុនថ្ងៃទី ១ មករា)។ ទោះបីព្រះយេស៊ូជាបុត្រានៃព្រះជាម្ចាស់ក្តី ក៏ព្រះអង្គរស់នៅដូចមនុស្សយើងក្នុងគ្រប់ប្រការទាំងអស់ដែរ គឺព្រះអង្គរៀនដើរ រៀននិយាយ រៀនសូត្រក្នុងសាលា ត្រូវឪពុកម្តាយប្រដៅ។ ល។ ព្រះអង្គគោរពតាមអរិយធម៌ និងទំនៀមទម្លាប់ស្រុកអ៊ីស្រាអែល ហើយកាន់តាមធម៌វិន័យរបស់លោកម៉ូសេដូចគេឯងដែរ។ ក្នុងពិភពលោក គ្រីស្តបរិស័ទមានអរិយធម៌ និងទំនៀមទម្លាប់ប្លែកៗគ្នា តាមស្រុក តាម ប្រទេស។ គ្រីស្តបរិស័ទគោរពព្រះគ្រីស្តតាមប្រពៃណី និងអរិយធម៌រៀងៗខ្លួន ដោយមានព្រះ វិញ្ញាណបំភ្លឺឱ្យមានចិត្តគំនិតដូចព្រះយេស៊ូ ក្នុងគ្រប់កិច្ចការទាំងអស់។
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរលោកបេនស៊ីរ៉ាក់ (បសរ ៣,២-៦.១២-១៤)
ព្រះអម្ចាស់ប្រទានឱ្យឪពុកមានអំណាចលើកូន ព្រះអង្គក៏ប្រទានឱ្យម្តាយមានសិទ្ធិលើកូនប្រុសៗដែរ។ កូនណាគោរពឪពុក កូននោះ លោះបាបរបស់ខ្លួន។ កូនដែលលើកតម្កើងកិត្តិយសរបស់ម្តាយ ក៏ដូចជាសន្សំទ្រព្យសម្បតិ្តទុកដែរ។ កូនដែលគោរពឪពុកនឹងបានអំណរសប្បាយពីកូនរបស់ខ្លួនវិញពុំខាន។ នៅថ្ងៃដែលគេអង្វរព្រះអម្ចាស់ ព្រះអង្គទ្រង់ព្រះសណ្តាប់គេ។ កូនណាលើកតម្កើងកិត្តិយសរបស់ឪពុកូននោះនឹងមានអាយុយឺនយូរ។ កូនដែលប្រតិបត្តិតាមព្រះបន្ទូលរបស់ព្រះអម្ចាស់នឹងធ្វើឱ្យម្តាយស្ងប់ចិត្ត។ កូនអើយ ចូរផ្គត់ផ្គង់ឪពុកក្នុងពេលដែលគាត់ចាស់ជរា កុំធ្វើឱ្យគាត់កើតទុក្ខនៅពេលគាត់នៅមានជីវិតដែរ។ ទោះបីគាត់វង្វេងស្មារតីក្តី ចូរអាណិតមេត្តាដល់គាត់ផង។ ក្នុងពេលកូនពេញកម្លាំង កុំមើលងាយគាត់ឱ្យសោះ ដ្បិតព្រះអម្ចាស់មិនបំភ្លេចការដឹងគុណដែលកូនបានបំពេញចំពោះឪពុកឡើយ ការដឹងគុណទាំងនោះនឹងធ្វើឱ្យកូនបានរួចពីបាបជាច្រើន។
ទំនុកតម្កើងលេខ ១២៨ (១២៧), ១-៥ បទកាកគតិ
| ១ | អ្នកណាកោតខ្លាច | គោរពអំណាច | ព្រះជាអម្ចាស់ |
| ដើរតាមគន្លង | មាគ៌ានៃព្រះ | អ្នកនោះឥតទាស់ | |
| ពោរពេញមង្គល | ។ | ||
| ២ | អ្នកនឹងទទួល | បានឥតប្រែប្រួល | យកនូវភោគផល |
| ចេញពីកិច្ចការ | គ្រប់ពេលរៀងរាល់ | នឹងមានមង្គល | |
| ចម្រើនពេកក្រៃ | ។ | ||
| ៣ | ឯភរិយាអ្នក | ដែលនៅក្នុងផ្ទះ | ដូចដើមស្រស់ខ្ចី |
| មានស្លឹកមានផ្លែ | ស្រគាលទុំខ្ចី | កូនប្រុសរញ៉ី | |
| ដូចដើមឈើតូច | ។ | ||
| ៤ | នេះជាអំណោយ | ទ្រង់ប្រទានឱ្យ | គេបានសម្រេច |
| ដល់អ្នកោតខ្លាច | ឫទ្ធីអំណាច | ផលច្រើនពន់ពេក | |
| មិនពិបាករក | ។ | ||
| ៥ | សូមទ្រង់ប្រសិទ្ធិ | ពរជ័យវិចិត្រ | ពីស៊ីយ៉ូនមក |
| ជារៀងរាល់ថ្ងៃ | កុំបាច់លៃលក | ដើរតត្រុករក | |
| ក្នុងជីវិតអ្នក | ។ |
អត្ថបទទី២៖ សូមថ្លែងលិខិតរបស់គ្រីស្តទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងកូឡូស (កូឡ ៣,១២-៣១)
បងប្អូនជាទីស្រឡាញ់!
ព្រះជាម្ចាស់បានជ្រើសរើសបងប្អូនធ្វើជាប្រជាជនដ៏វិសុទ្ធ និងធ្វើជាបុត្រធីតាដ៏ជាទីស្រឡាញ់របស់ព្រះអង្គ។ ដូច្នេះ បងប្អូនត្រូវតែកាន់ចិត្តអាណិតមេត្តា ចិត្តល្អសប្បុរស ចេះបន្ទាបខ្លួន មានចិត្តស្លូតបូត និងចិត្តខន្តីអត់ធ្មត់។ ត្រូវចេះទ្រាំទ្រគ្នាទៅវិញទៅមក ហើយប្រសិនបើបងប្អូនណាម្នាក់មានរឿងអ្វីមួយនឹងម្នាក់ទៀត ក៏ត្រូវតែអត់ទោសឱ្យគ្នាទៅវិញទៅមកដែរ។ ព្រះអម្ចាស់បានអត់ទោសឱ្យបងប្អូនយ៉ាងណា ចូរអត់ទោសឱ្យគ្នាទៅវិញទៅមកយ៉ាងនោះដែរ។ លើសពីនេះទៅទៀត ត្រូវមានចិត្តស្រឡាញ់ ដ្បិតសេចក្តីស្រឡាញ់ធ្វើឱ្យបងប្អូនរួបរួមគ្នាពេញលក្ខណៈ។ សូមឱ្យសេចក្តីសុខសាន្តរបស់ព្រះគ្រីស្តសោយរាជ្យនៅក្នុងចិត្តបងប្អូន ព្រោះព្រះជាម្ចាស់ត្រាស់ហៅបងប្អូនឱ្យមករួមក្នុងព្រះកាយតែមួយ ដើម្បីឱ្យបងប្អូនប្រកបដោយសេចក្តីសុខសាន្ត។ ត្រូវអរព្រះគុណព្រះអង្គជានិច្ច។ សូមព្រះបន្ទូលរបស់ព្រះគ្រីស្តសណ្ឋិតនៅក្នុងបងប្អូនឱ្យបានបរិបូណ៍។ ចូរប្រៀនប្រដៅ និងដាស់តឿនគ្នាទៅវិញទៅមកដោយប្រាជ្ញាគ្រប់យ៉ាង។ ចូរច្រៀងអរព្រះគុណព្រះជាម្ចាស់ក្នុងចិត្ត ដោយប្រើទំនុកតម្កើងបទសរសើរ និងបទចម្រៀងមកពីព្រះវិញ្ញាណ។ ការអ្វីក៏ដោយដែលបងប្អូនធ្វើ ទោះជាពាក្យសម្តី ឬកាយវិការក្តី ត្រូវធ្វើក្នុងព្រះនាមព្រះអម្ចាស់យេស៊ូទាំងអស់ ទាំងអរព្រះគុណព្រះជាម្ចាស់ជាព្រះបិតា ដោយរួមជាមួយព្រះគ្រីស្តផង។ បងប្អូនជាស្ត្រីដែលមានស្វាមី! ត្រូវគោរពស្វាមីរៀងៗខ្លួនឱ្យបានស្របតាមរបៀបអ្នកជឿលើព្រះអម្ចាស់។ បងប្អូនដែលមានភរិយា! ត្រូវស្រឡាញ់ភរិយារបស់ខ្លួន ហើយមិនត្រូវមួម៉ៅដាក់នាងឡើយ។ កុមារាកុមារី! ចូរស្តាប់បង្គាប់មាតាបិតាក្នុងគ្រប់កិច្ចការទាំងអស់។ ធ្វើដូច្នេះ ទើបគាប់ព្រះហឫទ័យព្រះអម្ចាស់។ បងប្អូនដែលមានកូន! កុំដុកដាន់កូនរបស់ខ្លួនឡើយ ក្រែងលោវាបាក់ទឹកចិត្ត។
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ
អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះអម្ចាស់! ព្រះអង្គពិតជាលាក់ កំបាំងមែន! បពិត្រព្រះយេស៊ូជាព្រះសង្គ្រោះ! ព្រះអង្គពិតជាព្រះជាម្ចាស់ ដែលគង់នៅជាមួយមនុស្សលោក!។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ (មថ ២,១៣-១៥.១៩-២៣)
កាលពួកហោរាចារ្យចាកចេញផុតទៅ ទេវទូតរបស់ព្រះអម្ចាស់មកប្រាប់លោកយ៉ូសែបក្នុសុបិននិមិត្តថា៖«ចូរក្រោកឡើង! នាំព្រះឱរស និងមាតារបស់ព្រះអង្គរត់ទៅស្រុកអេស៊ីប។ ចូរស្នាក់នៅស្រុកនោះ រហូតដល់យើងប្រាប់ម្តងទៀត ដ្បិតស្តេចហេរ៉ូដរកធ្វើគុតព្រះឱរស»។ លោកយ៉ូសែបក្រោកឡើងនាំព្រះឱរស និងមាតារបស់ព្រះអង្គរត់ភៀសខ្លួនទៅស្រុកអេស៊ីបទាំងយប់។ គាត់ស្នាក់នៅទីនោះរហូតដល់ព្រះបាទហេរ៉ូដសោយទិវង្គត ដើម្បីឱ្យសេចក្តីដែលព្រះអម្ចាស់មានព្រះបន្ទូលដោយសារព្យាការីបានសម្រេចជារូបរាងថា៖«យើងបានហៅបុត្រយើងចេញពីស្រុកអេស៊ីបមក»។ កាលព្រះបាទហេរ៉ូសោយទិវង្គតផុតទៅ ទេវទូតរបស់ព្រះជាម្ចាស់មកប្រាប់លោកយ៉ូសែបនៅស្រុកអេស៊ីបក្នុងសុបិនថា៖«ចូរក្រោកឡើង នាំព្រះកុមារ និងមាតារបស់ព្រះអង្គវិលត្រឡប់ទៅស្រុកអ៊ីស្រាអែលវិញទៅ ដ្បិតពួកអ្នកដែលប៉ុនប៉ងធ្វើគុតព្រះកុមារស្លាប់បាត់អស់ទៅហើយ»។ លោកយ៉ូសែបក្រោកឡើងនាំព្រះកុមារ និងមាតារបស់ព្រះអង្គវិលត្រឡប់មកស្រុកអ៊ីស្រាអែលវិញ។ ប៉ុន្តែ កាលលោកដឹងថា ព្រះបាទអកេឡោសឡើងគ្រងរាជ្យនៅស្រុកយូដា ស្នងព្រះបាទហេរ៉ូដជាព្រះបិតា លោកខ្លាចមិនហ៊ានទៅស្រុកនោះទេ លោកភៀសខ្លួនទៅស្រុកកាលីឡេ ដោយព្រះជាម្ចាស់មានព្រះបន្ទូលក្នុងសុបិន្តឱ្យដឹង។ លោកតាំងទីលំនៅក្នុងភូមិមួយឈ្មោះភូមិណាសារ៉ែត ដើម្បីឱ្យសេចក្តីដែលពួកព្យាការីបានថ្លែងទុកសម្រេចជារូបរាងថា៖«គេនឹងហៅព្រះអង្គថា” ជាអ្នកភូមិណាសារ៉ែត”។