បុណ្យលើកតម្កើងព្រះយេស៊ូប្រសូត
ពណ៌ស
អភិបូជានៅពេលថ្ងៃ
ពាក្យអង្វរនៅពេលចូល
បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គបានបង្កើតយើងខ្ញុំឱ្យមានកិត្តិយសយ៉ាងអស្ចារ្យ ក្នុងឋានៈជារូបតំណាងរបស់ព្រះអង្គ ! ដោយព្រះបុត្រាប្រសូតជាមនុស្សដូចយើងខ្ញុំ ព្រះអង្គក៏ប្រោសយើងខ្ញុំឱ្យមានកិត្តិយសរឹតតែខ្ពង់ខ្ពស់ហួសកម្រិតទៅទៀត ក្នុងឋានៈជាបុត្រធីតារបស់ព្រះអង្គ។ សូមទ្រង់ព្រះមេត្តាប្រទានព្រះវិញ្ញាណព្រះអង្គមកបំភ្លឺចិត្តគំនិតយើងខ្ញុំ ឱ្យទទួលស្គាល់ឋានៈរបស់ខ្លួន និងប្រតិបត្តិយ៉ាងសមគួរនឹងឋានៈនេះផង។
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរព្យាការីអេសាយ (អស ៥២,៧-១០)
អ្នកធ្វើដំណើរនៅលើភ្នំ នាំដំណឹងល្អៗមក ប្រសើររុងរឿងណាស់ហ្ន៎ គេប្រកាសដំណឹងអំពីសន្តិភាព! គេប្រកាសដំណឹងដ៏ល្អអំពីការសង្គ្រោះ ហើយពោលមកកាន់ក្រុងស៊ីយ៉ូនថា “ព្រះរបស់អ្នកសោយរាជ្យហើយ!”។ សូមស្តាប់សំឡេងរបស់អ្នកយាម! ពួកគេបន្លឺសំឡេងឡើង និងស្រែកហ៊ោយ៉ាងសប្បាយជាមួយគ្នា ដ្បិតពួកគេឃើញដោយផ្ទាល់នឹងភ្នែក ព្រះអម្ចាស់យាងត្រឡប់មកក្រុងស៊ីយ៉ូនវិញ។ គំនរបាក់បែកនៃក្រុងយេរូសាឡឹមអើយ! ចូរស្រែកហ៊ោយ៉ាងសប្បាយទាំងអស់គ្នា ដ្បិតព្រះអម្ចាស់សម្រាលទុក្ខប្រជារាស្ត្ររបស់ព្រះអង្គ ព្រះអង្គលោះក្រុងយេរូសាឡឹមមកវិញហើយ!។ ព្រះអម្ចាស់សម្តែងព្រះបារមីដ៏វិសុទ្ធរបស់ព្រះអង្គ ឱ្យប្រជាជាតិទាំងអស់ឃើញ ហើយមនុស្សទាំងប៉ុន្មាននៅទីដាច់ស្រយាលនៃផែនដី នឹងឃើញការសង្គ្រោះរបស់ព្រះនៃយើង។
ទំនុកតម្កើងលេខ ៩៧,១-៦ បទពាក្យ ៧
| ១. | ព្រះជាអម្ចាស់ទ្រង់គ្រងរាជ្យ | ពេញដោយអំណាចដ៏យូរលង់ |
| ចូរឱ្យផែនដីរីករាយឡើង | កោះទាំងឡាយផងអសប្បាយ ។ | |
| ២. | មានពពកខ្មួលខ្មៅងងឹត | ព័ទ្ធពេនជុំជិតព្រះម្ចាស់ថ្លៃ |
| ព្រះអង្គគ្រងរាជ្យដោយប្រពៃ | សុចរិតថ្លាថ្លៃល្អត្រចង់ ។ | |
| ៣. | មានភ្លើងឆេះនៅមុខព្រះម្ចាស់ | សត្រូវច្រើនណាស់ត្រូវបាត់បង់ |
| អ្នកដែលប្រឆាំងច្បាំងព្រះអង្គ | គ្មានសល់ម្នាក់ផងក្ស័យសង្ខារ ។ | |
| ៤. | មានផ្លេកបន្ទោរជះពន្លឺ | ខ្ទ័រខ្ទារន្ទឺសព្វលោកា |
| ផែនដីតក់ស្លុតឥតឧបមា | ញ័រអស់កាយាដោយភិតភ័យ ។ | |
| ៥. | ភ្នំនានាដែលនៅចំពោះ | ភក្ត្រព្រះអម្ចាស់ត្រូវអន្តរាយ |
| ដូចជាក្រមួនត្រូវរលាយ | ដោយកំដៅថ្ងៃនៅមិនបាន ។ | |
| ៦. | ផ្ទៃមេឃក៏បានស្រែកប្រកាស | ពីក្តីសប្បុរសល្អថ្កើងថ្កាន |
| ឱ្យប្រជារាស្ត្រទាំងប៉ុន្មាន | នៅគ្រប់ទីស្ថានបានដឹងយល់ ។ |
អត្ថបទទី២៖ សូមថ្លែងលិខិតផ្ញើជូនគ្រីស្តបរិស័ទជាតិហេប្រឺ (ហប ១,១-៦)
នៅជំនាន់ដើម ព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់បុព្វបុរសយើងជាច្រើនលើកច្រើនសា ដោយប្រើរបៀបផ្សេងៗជាច្រើន ដោយសារពួកព្យាការី។ នៅគ្រានេះ ជាគ្រាចុងក្រោយបំផុត ព្រះអង្គមានព្រះបន្ទូលមកយើងដោយសារព្រះបុត្រា។ ព្រះអង្គបានប្រគល់អ្វីៗទាំងអស់ឱ្យព្រះបុត្រាគ្រប់គ្រងជាមត៌ក ព្រះអង្គក៏បានបង្កើតពិភពទាំងមូលដោយសារព្រះបុត្រាដែរ។ ព្រះបុត្រានេះ ជារស្មីនៃសិរីរុងរឿងរបស់ព្រះជាម្ចាស់ និងមានលក្ខណៈដូចព្រះអង្គបេះបិទ។ ព្រះបុត្រាទ្រទ្រង់អ្វីៗទាំងអស់ ដោយសារព្រះបន្ទូលប្រកបដោយឫទ្ធានុភាព។ លុះព្រះអង្គប្រោសមនុស្សឱ្យបានបរិសុទ្ធផុតពីបាបរួចហើយ ទ្រង់ក៏គង់នៅខាងស្តាំព្រះដ៏ឧត្តុង្គឧត្តមឯស្ថានដ៏ខ្ពង់ខ្ពស់បំផុត។ ព្រះបុត្រាបានទទួលព្រះនាមប្រសើរ លើសពួកទេវទូតយ៉ាងណា ទ្រង់ក៏បានទទួលឋានៈប្រសើរជាងពួកទេវទូតយ៉ាងនោះដែរ។ ព្រះយេស៊ូគ្រីស្តមានឋានៈធំជាងពួកទេវទូត។ ព្រះជាម្ចាស់ពុំដែលមានព្រះបន្ទូលទៅកាន់ទេវទូតណាថា៖«ព្រះអង្គជាបុត្ររបស់យើង គឺយើងហ្នឹងហើយដែលបានទទួលព្រះអង្គធ្វើជាបុត្រនៅថ្ងៃនេះ» ឬមានព្រះបន្ទូលថា៖«យើងនឹងធ្វើជាបិតារបស់ព្រះអង្គ ហើយព្រះអង្គនឹងទៅជាបុត្ររបស់យើង» ឡើយ។ មួយវិញទៀត នៅពេលព្រះជាម្ចាស់ចាត់ បុត្រច្បងឱ្យមកផែនដីនេះ ទ្រង់មានព្រះបន្ទូលថា៖«ទេវទូតទាំងអស់របស់ព្រះជាម្ចាស់ ត្រូវក្រាបថ្វាយបង្គំព្រះបុត្រា»។
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ
អាលេលូយ៉ា! អាលេលូយ៉ា!
នៅថ្ងៃនេះ ព្រះពន្លឺបានបំភ្លឺមនុស្សលោក។ ប្រជាជនទាំងឡាយនៅលើផែនដីអើយ! សូមអញ្ជើញចូលមកក្នុងពន្លឺរបស់ព្រះជាម្ចាស់! សូមអញ្ជើញមកក្រាបថ្វាយបង្គំព្រះអម្ចាស់! អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន (យហ ១,១-១៨)
កាលពីដើមដំបូងបង្អស់ព្រះបន្ទូលមានព្រះជន្មគង់នៅ។ ព្រះបន្ទូលបែរទៅរកព្រះជាម្ចាស់ ហើយព្រះបន្ទូលជាព្រះជាម្ចាស់។ ព្រះបន្ទូលបែរទៅរកព្រះជាម្ចាស់កាលពីដើម ដំបូងបង្អស់។ អ្វីៗសព្វសារពើសុទ្ធតែកើតឡើងដោយសារព្រះបន្ទូល គឺក្នុងបណ្តាអ្វីៗដែលកើតមក គ្មានអ្វីមួយកើតមកក្រៅពីព្រះអង្គបង្កើតនោះឡើយ។ ព្រះបន្ទូលជាប្រភពនៃជីវិត ហើយជីវិតនោះជាពន្លឺបំភ្លឺមនុស្សលោក។ ពន្លឺភ្លឺក្នុងសេចក្តីងងឹត តែសេចក្តីងងឹតពុំបានទទួលពន្លឺទេ។ ព្រះជាម្ចាស់បានចាត់បុរសម្នាក់ឈ្មោះយ៉ូហានឱ្យមក។ លោកមក ធ្វើជាបន្ទាល់ផ្តល់សក្ខីភាពអំពីពន្លឺ ដើម្បីឱ្យមនុស្សទាំងអស់ជឿដោយសារលោក។ លោកយ៉ូហានមិនមែនជាពន្លឺទេ គឺលោកគ្រាន់តែមកផ្តល់សក្ខីភាពអំពីពន្លឺប៉ុណ្ណោះ។ ព្រះបន្ទូលជាពន្លឺដ៏ពិតប្រាកដតែមួយ ដែលមកក្នុងពិភពលោក ហើយបំភ្លឺមនុស្សគ្រប់ៗរូប។ ព្រះបន្ទូលបានគង់ក្នុងពិភពលោក ហើយពិភពលោកកើតឡើងដោយសារព្រះអង្គ ប៉ុន្តែ ពិភពលោកពុំបានទទួលស្គាល់ព្រះអង្គទេ។ ព្រះបន្ទូលយាងមកគង់ជាមួយប្រជារាស្ត្ររបស់ព្រះអង្គផ្ទាល់ តែប្រជារាស្ត្រនោះពុំបានទទួលព្រះអង្គឡើយ។ រីឯអស់អ្នកដែលបានទទួលព្រះអង្គ គឺអស់អ្នកដែលជឿលើព្រះនាមព្រះអង្គ ព្រះអង្គប្រទានឱ្យគេអាចទៅជាបុត្រធីតារបស់ព្រះជាម្ចាស់។ អ្នកទាំងនោះពុំមែនកើតពីលោហិត ពីចំណង់តណ្ហា ឬពីការប៉ងប្រាថ្នារបស់មនុស្សទេ គឺកើតពីព្រះជាម្ចាស់វិញ។
ព្រះបន្ទូលកើតមកជាមនុស្ស ហើយគង់នៅក្នុងចំណោមយើងរាល់គ្នា យើងបានឃើញសិរីរុងរឿងរបស់ព្រះអង្គ ជាសិរីរុងរឿងនៃព្រះបុត្រាតែមួយគត់ ដែលមកពីព្រះបិតា ព្រះអង្គពោរពេញទៅដោយព្រះហឫទ័យប្រណីសន្តោស និងសេចក្តីពិត។ លោកយ៉ូហានបានផ្តល់សក្ខីភាពអំពីព្រះអង្គដោយប្រកាសថា៖គឺលោកនេះហើយ ដែលខ្ញុំនិយាយថា “អ្នកមកក្រោយខ្ញុំ ប្រសើរជាងខ្ញុំ ដ្បិតលោកមានជីវិតមុនខ្ញុំ”។ យើងទាំងអស់គ្នាទទួលព្រះហឫទ័យប្រណីសន្តោសមិនចេះអស់ មិនចេះហើយ ពីគ្រប់លក្ខណសម្បត្តិរបស់ព្រះអង្គ ដ្បិតព្រះជាម្ចាស់ប្រទានធម្មវិន័យដោយសារលោកម៉ូសេ តែទ្រង់បានសម្តែងព្រះហឫទ័យប្រណីសន្តោស និងសេចក្តីពិត ដោយសារព្រះយេស៊ូគ្រីស្ត។ ពុំដែលមាននរណាម្នាក់បានឃើញព្រះជាម្ចាស់ទេ មានតែព្រះបុត្រាមួយព្រះអង្គប៉ុណ្ណោះ ដែលនាំយើងឱ្យស្គាល់ព្រះអង្គ ដ្បិតព្រះបុត្រាមានព្រះជន្មរួមជាមួយព្រះបិតា។
ពាក្យថ្វាយតង្វាយ
បពិត្រព្រះអម្ចាស់ជាព្រះបិតា! អ្វីៗសព្វសារពើសុទ្ធតែកើតមកពីព្រះបន្ទូលព្រះអង្គ គ្មានអ្វីណាមួយកើតមកក្រៅពីព្រះបន្ទូលព្រះអង្គឡើយ!។ សូមទ្រង់ព្រះមេត្តាទទួលតង្វាយដែលយើងខ្ញុំសូមថ្វាយនៅថ្ងៃនេះ ដើម្បីអរព្រះគុណព្រះអង្គ។ សូមប្រោសយើងខ្ញុំឱ្យចូលរួមនឹងសក្ការបូជារបស់ព្រះយេស៊ូគ្រីស្ត ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ។
ពាក្យអរព្រះគុណ
បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះបុត្រាព្រះអង្គប្រសូតជាមនុស្សដើម្បីប្រទានព្រះជន្មផ្ទាល់របស់ព្រះអង្គឱ្យយើងខ្ញុំ។ យើងខ្ញុំសូមអរព្រះគុណព្រះអង្គ! សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យជឿសង្ឃឹមលើព្រះអង្គជានិច្ច។ សូមប្រោសយើងខ្ញុំឱ្យស្រឡាញ់អស់បុត្រធីតារបស់ព្រះអង្គផង។