១០ ឆ្នូ ​២០២៥

Written on 08/11/2026
Sokhorn Oem

ថ្ងៃពុធ  រដូវអបអរសាទរ អាទិត្យទី០២ 
ពណ៌ស្វាយ

ពាក្យអធិដ្ឋានពេលចូល

បពិត្រព្រះអម្ចាស់ជាព្រះបិតាប្រកបដោយតេជានុភាពសព្វប្រការ! ព្រះអង្គប្រគល់ភារកិច្ចឱ្យយើងខ្ញុំរៀបចំផ្លូវ ថ្វាយព្រះបុត្រាព្រះអង្គយាងមក។ សូមទ្រង់ព្រះមេត្តាបំភ្លឺចិត្តគំនិតយើងខ្ញុំឱ្យមានសេចក្តីសង្ឃឹមជានិច្ច ព្រមទាំងយកចិត្តទុក្ខដាក់កសាងពិភពលោកថ្មី ប្រកបដោយយុត្តិធម៌ និងភាតរភាពថ្វាយព្រះអង្គ។

អត្ថបទទី១ សូមថ្លែងព្រះគម្ពីរព្យាការីអេសាយ (អស ៤០,២៥-៣១)

ព្រះដ៏វិសុទ្ធមានព្រះបន្ទូលថា៖ តើអ្នករាល់គ្នាប្រៀបប្រដូចយើងទៅនឹងអ្នកណាបាន? តើនរណាស្មើនឹងយើងបាន?។ ចូរងើយទៅលើ​មេឃហើយរំពៃមើលចុះ! តើនរណាបានបង្កើតផ្កាយទាំងនោះ? គឺព្រះអម្ចាស់ដែលបានប្រមូលផ្កាយទាំងនោះមកផ្តុំគ្នាដូចកងទ័ព! ព្រះអង្គកោះហៅផ្កាយនីមួយៗ តាមឈ្មោះរៀងៗខ្លួន។ ដោយព្រះអង្គមានមហិទ្ធិឫទ្ធិ និងព្រះចេស្តាយ៉ាងខ្លាំងក្លា ឥតមានផ្កាយណាមួយមិនរះឡើងឡើយ។
ម្នាលកូនចៅលោកយ៉ាកុបអើយ! ម្នាលប្រជាជនអ៊ីស្រាអែលអើយ! ហេតុអ្វីបានជាអ្នករាល់គ្នាចេះតែពោលថា៖«ព្រះអម្ចាស់មិនឈ្វេង​យល់ដល់ទុក្ខលំបាករបស់យើង ព្រះរបស់យើងមិនអើពើនឹងរកយុត្តិធម៌ឱ្យយើងសោះ»។ តើអ្នកមិនដែលបានដឹងទេឬ? តើអ្នកមិនដែលបានឮទេឬ? ព្រះអម្ចាស់ជាព្រះដែលគង់នៅអស់កល្បជានិច្ច ព្រះអង្គបានបង្កើតផែនដីទាំងមូល។ ព្រះអង្គមិនចេះនឿហត់ មិនចេះអស់កម្លាំង រីឯព្រះតម្រិះរបស់ព្រះអង្គក៏គ្មាននរណាអាចស្ទង់បានដែរ។ ព្រះអង្គប្រទានកម្លាំងពលំដល់អ្នកនឿយហត់ និងអស់កម្លាំង សូម្បីតែមនុស្សពេញកម្លាំងក៏តែងភ្លាត់ដួលដែរ។ រីឯអ្នកជឿសង្ឃឹមលើព្រះអម្ចាស់នៅតែមានកម្លាំងថ្មីថែមជានិច្ច ប្រៀបបានទៅនឹងសត្វឥន្ទ្រី ដែលហោះហើរយ៉ាងខ្ពស់ គេស្ទុះរត់ទៅមុខដោយមិនចេះហត់ ហើយគេដើរដោយមិនចេះអស់កម្លាំង។

ទំនុកតម្កើងលេខ ១០៣,១-៤.៨-១០ បទកាកគតិ

១. ខ្ញុំសូមសរសើរ ព្រះគ្មានអ្វីស្មើ អស់ពីដួងចិត្ត
  ខ្ញុំសូមតម្កើង នាមដ៏វិសុទ្ធ ព្រះដ៏មានឫទ្ធិ
    ផុតលើលោកា ។
២. ខ្ញុំសូមតម្កើង សរសើរលើកឡើង អស់ពីចិន្តា
  ខ្ញុំសូមរំឭក ព្រះហស្តអស្ចារ្យ សប្បុរសករុណា
    មិនបំភ្លេចឡើយ ។
៣. ព្រះអង្គអត់ទោស នូវរាល់កំហុស ដែលមានមកហើយ
  ខ្ញុំបានប្រព្រឹត្ត ព្រះអង្គប្រោសឱ្យ ខ្ញុំបានធូរស្បើយ
    ផុតរោគសោកសៅ ។
៤. ព្រះអង្គរំដោះ ជីវិតឱ្យរស់ ផុតពីរណ្តៅ
  ព្រះអង្គអាណិត អាសូរពេកកូវ ខ្ញុំផុតសោកសៅ
    ដោយទ្រង់មេត្តា ។
៨. ព្រះអម្ចាស់ថ្លៃ មានព្រះហឫទ័យ អាណិតករុណា
  ប្រសើរសន្តោស គ្រប់ពេលវេលា ដល់ជនគ្រប់គ្នា
    មិនឱ្យមានភ័យ ។
៩. ទ្រង់មិនបន្ទោស ប្រើពាក្យគំរោះ ដាក់យើងរាល់ថ្ងៃ
  ទ្រង់មិនពិរោធ មិនខឹងជេរស្តី ហើយតែងប្រណី
    ដល់យើងគ្រប់គ្នា ។
១០. ព្រះអង្គមិនដាក់ ទោសយើងម្នាក់ៗ ឱ្យឈឺគ្រាំគ្រា
  សមតាមអំពើ បាបច្រើនមហិមា ទ្រង់តែងគាំពារ
    មិនយកទោសពៃរ៍ ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះអម្ចាស់នឹងយាងមកសង្គ្រោះប្រជារាស្ត្ររបស់ព្រះអង្គ។ អស់អ្នកដែលត្រៀមខ្លួនទៅទទួលព្រះអង្គជាស្រេច ពិតជាមានសុភមង្គលមែន!។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ (មថ ១១,២៨-៣០)

នៅគ្រានោះ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «អស់អ្នកដែលនឿយហត់ និងមានបន្ទុកធ្ងន់អើយ! ចូរមករកខ្ញុំ ខ្ញុំនឹងឱ្យអ្នករាល់គ្នាបានសម្រាក។ ចូរយកនឹមរបស់ខ្ញុំដាក់លើអ្នករាល់គ្នា ហើយរៀនពីខ្ញុំទៅ! ដ្បិតខ្ញុំស្លូតបូត ហើយមានចិត្តសុភាព។ អ្នករាល់គ្នាមុខជានឹងបានស្ងប់ចិត្តជាមិនខាន។ នឹមរបស់ខ្ញុំងាយស្រួល បន្ទុកដែលខ្ញុំដាក់លើអ្នករាល់គ្នាក៏ស្រាលដែរ»។

ពាក្យថ្វាយតង្វាយ

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គចាត់ព្រះបុត្រាឱ្យយាងមកប្រទានធម្មវិន័យថ្មី ឱ្យយើងខ្ញុំ។ យើងខ្ញុំសូមយកកាយ វាចា ចិត្ត មកថ្វាយព្រះអង្គ រួមជាមួយសក្ការបូជារបស់ព្រះយេស៊ូ​​គ្រីស្ត ដែលទ្រង់មានព្រះជន្មគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។

ពាក្យអរព្រះគុណ

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គបានប្រទានកម្លាំងថ្មីឱ្យយើងខ្ញុំ ដោយទ្រង់ប្រទានព្រះកាយព្រះគ្រីស្តធ្វើជាអាហារ។ យើងខ្ញុំសូមអរព្រះគុណព្រះអង្គ។ សូមទ្រង់ព្រះមេត្តាបំភ្លឺចិត្តគំនិតយើងខ្ញុំ សូមជួយយើងខ្ញុំឱ្យធ្វើជាសាក្សីបញ្ជាក់អំពីព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ ឱ្យមនុស្សលោកសព្វថ្ងៃនេះស្គាល់ផង។