០៧ ឆ្នូ ២០២៥

Written on 11/11/2026
Sokhorn Oem

ថ្ងៃអាទិត្យ រដូវអបអរសាទរ អាទិត្យទី០២ ឆ្នាំ «ក»
ពណ៌ស្វាយ

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរព្យាការីអេសាយ (អស ១១,១-១០)

នៅពេលអនាគតនឹងមានបុត្រមួយអង្គ ប្រសូតពីពូជពង្សលោកយេសាយ ជាបិតារបស់ព្រះបាទដាវីឌ។ បុត្រនោះ ប្រៀបដូចជាខ្នែងមួយ ដែលដុះចេញពីគល់របស់លោក ឬដូចជាដើមថ្មីមួយដែលដុះចេញពីឫសរបស់លោក។ ព្រះវិញ្ញាណរបស់ព្រះអម្ចាស់នឹងសណ្ឋិតនៅលើព្រះបុត្រានោះ គឺជាព្រះវិញ្ញាណដែលផ្តល់ប្រាជ្ញាឱ្យចេះពិចារណាដឹងខុសត្រូវ ជាព្រះវិញ្ញាណដែលផ្តល់ការឈ្លាសវៃ និងចិត្តអង់អាច ជាព្រះវិញ្ញាណដែលបំភ្លឺឱ្យស្គាល់ និងគោរពកោតខ្លាចព្រះអម្ចាស់។ បុត្រនោះមិនវិនិច្ឆ័យតាមលក្ខណៈខាងក្រៅឡើយ ព្រះអង្គក៏មិនកាត់ក្តីតាមសេចក្តីដែលទ្រង់ឮគេនិយាយដែរ។ បុត្រនោះនឹងវិនិច្ឆ័យជនក្រីក្រដោយយុត្តិធម៌ ហើយកាត់ក្តីឱ្យជនទុគ៌ត ដោយទៀងត្រង់។ ព្រះអង្គប្រើព្រះបន្ទូលដូចជាយកដំបងមកដាក់ទោសអ្នកស្រុក ទ្រង់ក៏នឹងចេញបញ្ជាប្រហារជីវិតមនុស្សអាក្រក់ដែរ។ ព្រះអង្គនឹងយក​យុត្តិធម៌ធ្វើជាខ្សែក្រវាត់ចង្កេះ ហើយយកព្រះហឫទ័យស្មោះត្រង់ធ្វើជាសង្វារ។
នៅគ្រានោះ ចចក និងកូនចៀមនឹងរស់នៅជាមួយគ្នា ខ្លារខិននឹងដេកជាមួយកូនពពែ។ កូនគោ និងកូនសិង្ហនឹងស៊ីចំណីជាមួយគ្នា ហើយមានក្មេងតូចម្នាក់ឃ្វាលវា។ គោញី និងខ្លាឃ្មុំនឹងស៊ីស្មៅជាមួយគ្នា ហើយកូនរបស់វាក៏នឹងនៅជាមួយគ្នាដែរ។ សិង្ហនឹងចេះស៊ីចំបើងដូចគោ។ ក្មេងដែលនៅបៅដោះនឹងលេងនៅមាត់រន្ធពស់វែក ហើយក្មេងតូចៗលូកដៃទៅក្នុងរន្ធពស់អសិរពិស។
នៅគ្រានោះ ប្រជាជននឹងលែងប្រព្រឹត្តអំពើអាក្រក់ លែងបំផ្លាញគ្នានៅភ្នំដ៏វិសុទ្ធរបស់យើងទៀតហើយ។ សមុទ្រពោរពេញដោយទឹកយ៉ាងណា នៅផែនដីក៏មានសុទ្ធតែមនុស្សស្គាល់ព្រះអម្ចាស់យ៉ាងនោះដែរ។ នៅថ្ងៃនោះ ព្រះអម្ចាស់នឹងលើកព្រះមហាក្សត្រដែល ប្រសូតចេញពីពូជពង្សរបស់លោកយេសាយ ជាបិតារបស់ព្រះបាទដាវីឌឱ្យធ្វើជាទង់សម្រាប់ប្រជាជនទាំងឡាយ។ ប្រជាជាតិទាំងនោះនឹងស្វែងរកព្រះមហាក្សត្រ ហើយកន្លែងដែលព្រះអង្គប្រថាប់នៅនឹងបានថ្កុំថ្កើងរុងរឿង។

ទំនុកតម្កើងលេខ ៧២ (៧១), ១-២.៧-៨.១២-១៣.១៧ បទកាកគតិ

១ ព្រះជាម្ចាស់អើយ សូមប្រទានឱ្យ រាជបុត្រនេះចេះ
  វិនិច្ឆ័យក្តី តាមព្រះតម្រិះ សុចរិតវិសេស
    របស់ព្រះអង្គ ។
២ សូមឱ្យរាជា គ្រប់គ្រងគ្រប់គ្នា ប្រជារាស្ត្រទ្រង់
  ដោយយុត្តិធម៌ សុចរិតផូរផង់ វិសេសឥតហ្មង
    ត្រឹមត្រូវតាមច្បាប់ ។
៧ សូមឱ្យសេចក្តី សុចរិតថ្លាថ្លៃ ចម្រើនខ្ពង់ខ្ពស់
  នៅក្នុងរជ្ជកាល រាជាអង្គនោះ កុំបីមានទាស់
    សុខសាន្តតទៅ ។
៨ សូមព្រះរាជា គ្រប់គ្រងកុំរា កុំឱ្យហ្មងសៅ
  ពីសមុទ្រមួយ មិនបង្អង់នៅ រហូតដល់ទៅ
    ស្រុកដាច់ស្រយាល ។
១២ ទ្រង់នឹងរំដោះ អ្នកក្រទាំងអស់ ដោយធម៌មេត្តា
  អ្នកទុគ៌តស្រែក សុំក្តីករុណា ព្រះអង្គរក្សា
    អ្នកគ្មានទីពឹង ។
១៣ ទ្រង់សែនអាណិត អាសូរពេកពិត អ្នកអត់លំនឹង
  និងជនកម្សត់ គ្មានអ្វីរំពឹង ព្រះអម្ចាស់នឹង
    សង្គ្រោះជីវិត ។
១៧ សូមឱ្យរាជា មានព្រះនាមា ល្បីល្បាញតទៅ
  នាមព្រះករុណា ស្ថិតស្ថេរគង់នៅ ដរាបរៀងទៅ
    លើដីក្រោមមេឃ ។

អត្ថបទទី២៖ សូមថ្លែងលិខិតរបស់គ្រីស្តទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងរ៉ូម (រម ១៥,៤-៩)

បងប្អូនជាទីស្រឡាញ់!
អ្វីៗដែលមានចែងទុកក្នុងគម្ពីរ គឺចែងទុកសម្រាប់អប់រំយើង។ ដោយគម្ពីរជួយសម្រាលទុក្ខយើង និងឱ្យយើងចេះស៊ូទ្រាំ យើងមានសេចក្តីសង្ឃឹម។ សូមព្រះជាម្ចាស់ដែលជួយសម្រាលទុក្ខ និងជួយឱ្យចេះស៊ូទ្រាំ ទ្រង់ប្រោសបងប្អូនឱ្យរួមគ្នា មានចិត្តគំនិតតែមួយ ស្របតាមព្រះគ្រីស្តយេស៊ូ ដើម្បីឱ្យបងប្អូនមានចិត្តថ្លើមតែមួយ មានសំឡេងតែមួយ លើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់ជាព្រះបិតារបស់ព្រះយេស៊ូគ្រីស្តជាអម្ចាស់នៃយើង។ ដូច្នេះ បងប្អូនត្រូវទទួលគ្នាទៅវិញទៅមកដោយរាក់ទាក់ ឱ្យបានដូចព្រះគ្រីស្តបានទទួលបងប្អូនដែរ ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់។ ខ្ញុំសូមជម្រាបបងប្អូនថា ព្រះគ្រីស្តបានមកធ្វើជាអ្នកបម្រើរបស់ជនជាតិយូដា ដើម្បីសម្រេចតាមព្រះបន្ទូលដែលព្រះជាម្ចាស់បានសន្យាចំពោះបុព្វបុរស និងដើម្បីសម្តែងព្រះហឫទ័យសច្ចៈរបស់ព្រះអង្គ។ រីឯជនជាតិដទៃវិញ គេលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ដោយព្រះអង្គសម្តែងព្រះហឫទ័យមេត្តាករុណាដល់គេ ដូចមានចែងទុកមកថា៖«ហេតុនេះហើយបានជាទូលបង្គំនឹងកោតសរសើរព្រះអង្គក្នុងចំណោមជាតិសាសន៍នានា ទូលបង្គំក៏នឹងច្រៀងលើកតម្កើងព្រះនាមរបស់ព្រះអង្គ»។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម (លក ៣,៤-៦)

អាលេលូយ៉ា! អាលេលូយ៉ា!
ចូររៀបចំផ្លូវរបស់ព្រះជាម្ចាស់ ចូរតម្រង់ផ្លូវថ្វាយព្រះអង្គ។ នោះទាំងអស់នឹងឃើញការសង្គ្រោះរបស់ព្រះជាម្ចាស់។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្ដម៉ាថាយ (មថ​ ៣,១-១២)

នៅគ្រានោះ លោកយ៉ូហានបាទីស្តមកដល់។ លោកប្រកាសនៅវាលរហោស្ថានក្នុងស្រុកយូដាថា៖«ចូរប្រែចិត្តគំនិត ដ្បិតព្រះរាជ្យនៃស្ថានបរមសុខមកជិតដល់ហើយ!»។ ព្យាការីអេសាយបានថ្លែងទុកអំពីលោកយ៉ូហាននេះថា៖«មានសំឡេងបុរសម្នាក់ស្រែកឡើងនៅ វាលរហោស្ថានថា “ចូររៀបចំផ្លូវរបស់ព្រះអម្ចាស់! ចូរតម្រង់ផ្លូវថ្វាយព្រះអង្គ!”។ លោកយ៉ូហានមានសម្លៀកបំពាក់ធ្វើអំពីរោមអូដ្ឋ ហើយពាក់ខ្សែក្រវាត់ធ្វើអំពីស្បែក។ លោកបរិភោគកណ្តូប និងទឹកឃ្មុំ។ អ្នកក្រុងយេរូសាឡឹម អ្នកស្រុកយូដា និងអ្នកស្រុកនៅតំបន់ទន្លេយ័រដាន់ទាំងមូលនាំគ្នាចេញទៅរកលោក គេទទួលសារភាពអំពើបាបរបស់ខ្លួន ហើយលោកក៏ធ្វើពិធីជ្រមុជទឹកឱ្យគេក្នុងទន្លេយ័រដាន់»។
កាលលោកឃើញពួកគណៈផារីស៊ី និងពួកខាងគណៈសាឌូស៊ីជាច្រើនមកទទួលពិធីជ្រមុជទឹកពីលោក លោកមានប្រសាសន៍ទៅគេថា៖ «នែ៎ពូជពស់វែកអើយ! តើនរណាប្រាប់អ្នករាល់គ្នាឱ្យរត់គេចពីព្រះពិរោធរបស់ព្រះជាម្ចាស់ដែលជិតមកដល់ដូច្នេះ? ចូរប្រព្រឹត្តអំពើដែលបញ្ជាក់ថាអ្នករាល់គ្នាបានកែប្រែចិត្តគំនិតមែន។ កុំនឹកស្មានថា ខ្លួនមានលោកអប្រាហាំជាបុព្វបុរសនោះឡើយ ដ្បិតខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ព្រះជាម្ចាស់ក៏អាចធ្វើឱ្យថ្មទាំងនោះទៅជាកូនចៅលោកអប្រាហាំបានដែរ។ ពូថៅនៅជិតគល់ឈើជាស្រេច ដើមណាមិនផ្តល់ផ្លែល្អទេនឹងត្រូវកាប់រំលំ ហើយបោះទៅក្នុងភ្លើង។ ខ្ញុំធ្វើពិធីជ្រមុជអ្នករាល់គ្នាក្នុងទឹក ដើម្បីឱ្យអ្នករាល់គ្នាបានប្រែចិត្តគំនិត ប៉ុន្តែលោកដែលមកក្រោយខ្ញុំ លោកមានកម្លាំងខ្លាំងជាងខ្ញុំ។ ខ្ញុំមានឋានៈទាប សូម្បីតែដោះស្បែកជើងជូនលោកក៏មិនសមនឹងឋានៈដ៏ខ្ពង់ខ្ពស់របស់លោកផង លោកនឹងធ្វើពិធីជ្រមុជឱ្យអ្នករាល់គ្នាដោយព្រះវិញ្ញាណដ៏វិសុទ្ធ និងដោយភ្លើងវិញ។ លោកកាន់ចង្អេរ លោកសម្អាតលាន បោកស្រូវ អុំស្រូវយកគ្រាប់ល្អរបស់លោកប្រមូលដាក់ជង្រុក រីឯសម្តីវិញ លោកនឹងដុតក្នុងភ្លើងដែលឆេះពុំចេះរលត់ឡើយ»។