២៨ ធ្នូ

Written on 08/01/2026
Boy KANN

២៨ ធ្នូ បុណ្យគោរព ក្មេងដ៏ស្លូតត្រង់ជាមរណសាក្សី
ពណ៌ក្រហម

ព្រះយេស៊ូយាងមកប្រទានជីវិតដ៏ពេញលេញឱ្យមនុស្សលោក។ ប៉ុន្តែ នៅ ពេលព្រះអង្គប្រសូតមក ព្រះបាទហេរ៉ូដសម្លាប់ទារកជាច្រើន! ការនេះបង្ហាញឱ្យដឹងថា ចិត្តលោភលន់របស់អ្នកបាបបណ្តាលឱ្យមានសេចក្តីស្លាប់ ដូចជនជាតិយូដាធ្វើគុតព្រះយេស៊ូនៅពេលក្រោយ។ តែទោះជាយ៉ាងណាក៏ដោយ ក៏ព្រះហឫទ័យមេត្តាករុណារបស់ព្រះជាម្ចាស់ នៅតែឈ្នះអំពើឃោរឃៅរបស់មនុស្សបាប។ ព្រះអង្គសង្គ្រោះមនុស្សទាំងអស់ ព្រមទាំងប្រទានជីវិតយ៉ាងបរិបូណ៌ឱ្យគេផង។ ព្រះយេស៊ូសង្គ្រោះមនុស្សលោកដោយមិនគិតពីបុណ្យរបស់គេទេ ដូចទ្រង់មិនបានរាប់បុណ្យទារកទាំងនោះដែរ។

ពាក្យអធិដ្ឋានពេលចូល

បពិត្រព្រះអម្ចាស់ជាព្រះបិតា! នៅថ្ងៃនេះ យើងខ្ញុំនាំគ្នាគោរពទារកទាំងប៉ុន្មានដែលព្រះបាទហេរ៉ូដពិឃាត ព្រោះតែព្រះយេស៊ូ។ ទោះបីពួកគេមិនទាន់ចេះនិយាយក្តី ក៏ពួកគេបានប្រកាសសិរីរុងរឿងរបស់ព្រះអង្គដែរ។ សូមព្រះអង្គទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យកាន់​កិរិយាមាយាទត្រឹមត្រូវបរិសុទ្ធ ដើម្បីធ្វើជាសាក្សីបញ្ជាក់អំពីជំនឿដែលមាត់យើងខ្ញុំតែងប្រកាសផង។

អត្ថបទទី១៖ សូមថ្លែងលិខិតទី១ របស់គ្រីស្តទូតយ៉ូហាន ១យហ ១,៥-២,២

ដំណឹងដែលយើងបានឮពីព្រះយេស៊ូគ្រីស្ត ហើយដែលយើងយកមកជម្រាបជូនបងប្អូននេះ មានសេចក្តីដូចតទៅ៖ «ព្រះជាម្ចាស់ជាពន្លឺ គ្មានភាពងងឹតនៅក្នុងព្រះអង្គទាល់តែសោះ ប្រសិនបើយើងពោលថា យើងរួមរស់ជាមួយព្រះអង្គ តែយើងបែរជារស់ក្នុងភាពងងឹតទៅវិញនោះ យើងនិយាយកុហកហើយ គឺយើងមិនប្រតិបត្តិតាមសេចក្តីពិតទេ។ ផ្ទុយទៅវិញ ប្រសិនបើយើងរស់ក្នុងពន្លឺដូចព្រះអង្គផ្ទាល់ដែលគង់នៅក្នុងពន្លឺនោះ យើងនឹងបានរួមរស់ជាមួយគ្នាទៅវិញទៅមក ហើយព្រះលោហិតរបស់ព្រះយេស៊ូជាព្រះបុត្រារបស់ព្រះអង្គ ជម្រះយើងឱ្យបានបរិសុទ្ធ រួចពីគ្រប់អំពើបាបទាំងអស់។
ប្រសិនបើយើងពោលថា យើងគ្មានបាបសោះនោះ យើងបញ្ឆោតខ្លួនឯង ហើយសេចក្តីពិតក៏មិនស្ថិតនៅក្នុងយើងដែរ។ ផ្ទុយទៅវិញ បើយើងទទួលសារភាពអំពើបាបរបស់យើងនោះព្រះជាម្ចាស់ដែលមានព្រះហឫទ័យស្មោះត្រង់ និងសុចរិត ទ្រង់នឹងអត់ទោសយើងឱ្យរួចពីបាប ព្រមទាំងជម្រះយើងឱ្យបានបរិសុទ្ធរួចពីគ្រប់អំពើទុច្ចរិតទាំងអស់ផង។ ប្រសិនបើយើងពោលថា យើងគ្មានបាបសោះនោះ ដូចជាយើងចោទថាព្រះជាម្ចាស់កុហកទៅវិញ ហើយព្រះបន្ទូលរបស់ព្រះអង្គមិនស្ថិតនៅក្នុងខ្លួនយើងទេ។
ម្នាលកូនចៅទាំងឡាយអើយ! ខ្ញុំសរសេរសេចក្តីទាំងនេះមកអ្នករាល់គ្នា ដើម្បីកុំឱ្យអ្នករាល់គ្នាប្រព្រឹត្តអំពើបាប។ ប៉ុន្តែ ប្រសិនបើមាននរណាម្នាក់ប្រព្រឹត្តអំពើបាប យើងមានព្រះមួយព្រះអង្គដែលគង់នៅទល់ព្រះភក្ត្រព្រះបិតា ជួយការពារ គឺព្រះយេស៊ូគ្រីស្តដ៏សុចរិត។ ព្រះអង្គបានបូជាព្រះជន្មដើម្បីលោះយើងឱ្យរួចពីបាប។ ព្រះអង្គមិនត្រឹមតែលោះយើងប៉ុណ្ណោះទេ គឺថែមទាំងលោះមនុស្សលោកទាំងមូលផងដែរ។

ទំនុកតម្កើងលេខ ១២៤ (១២៣), ១-៨ បទពាក្យ ៧

១. ប្រសិនបើគ្មានព្រះអម្ចាស់ មិនជួយសន្តោសគាំទ្រទេ  
  សូមអ៊ីស្រាអែលពោលហូរហែរ ពោលកុំទំនេរទាំងអស់គ្នា
២. ប្រសិនបើគ្មានព្រះអម្ចាស់ នៅខាងយើងនោះគ្រប់វេលា  
  ពេលណាសត្រូវលើកគ្នីគ្នា សម្រុកពុះពារវាយលើយើង
៣. ពេលណាគេមានកំហឹងខ្លាំង គេមកប្រឆាំងយើងនឹងប៉ើង  
  គេនឹងត្របាក់លេបដូចភ្លើង មិនឱ្យពួកយើងសុខសាន្តឡើយ
៤. យើងនឹងលេចលង់ក្នុងសមុទ្រ ភិតភ័យតក់ស្លុកឥតមានស្បើយ  
  ទឹកហូរនាំយើងគ្មានកោះត្រើយ ទៅកាន់ទីឆ្ងាយគ្មានគោលដៅ
៥. ពេលយើងកំពុងអស់កម្លាំង មានទឹកកួចខ្លាំងពន្លិចទៅ  
  ដល់បាតជលសាដ៏សែនជ្រៅ ជីវិតយើងត្រូវលង់ក្សិណក្ស័យ
៦. សូមលើកតម្កើងព្រះអម្ចាស់ ដ្បិតទ្រង់ជាព្រះមានបារមី  
  ទ្រង់ពុំប្រគល់យើងក្នុងដៃ ធ្វើរំពានៃពួកនោះឡើយ
៧. យើងរួចជីវិតដូចបក្សី គេចផុតពីដៃព្រានព្រៃហើយ  
  គឺលប់ធ្លុះធ្លាយគ្មានសល់ឡើយ យើងបានធូរស្បើយរស់ជីវ៉ា
៨. ព្រះអម្ចាស់បានសង្គ្រោះយើង ដោយព្រះនាមថ្កើងមានចេស្តា  
  គឺព្រះអង្គដែលមានមេត្តា បង្កើតវេហានិងផែនដី

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ

អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះជាម្ចាស់! យើងខ្ញុំសូមលើកតម្កើងព្រះអង្គ! ទារកដែលព្រះបាទហេរ៉ូដពិឃាតធ្វើសាក្សីថ្វាយព្រះអង្គ។ យើងខ្ញុំសូមប្រកាសថា ព្រះអង្គពិតជាព្រះអម្ចាស់!។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ២,១៣-១៨

កាលពួកហោរាចារ្យចាកចេញពីភូមិបេថ្លេហឹមផុតទៅ ទេវទូតរបស់ព្រះអម្ចាស់មកប្រាប់លោកយ៉ូសែបក្នុងសុបិននិមិត្តថា៖ «ចូរក្រោកឡើង! នាំព្រះឱរស និងមាតារបស់ព្រះអង្គរត់ទៅស្រុកអេស៊ីប។ ចូរស្នាក់នៅស្រុកនោះ រហូតដល់ពេលយើងប្រាប់ម្តងទៀត ដ្បិតស្តេចហេរ៉ូដរកធ្វើគុតព្រះឱរស»។
លោកយ៉ូសែបក្រោកឡើងនាំព្រះឱរស និងមាតារបស់ព្រះអង្គរត់ភៀសខ្លួនទៅស្រុកអេស៊ីបទាំងយប់។ គាត់ស្នាក់នៅទីនោះ រហូតដល់ព្រះបាទហេរ៉ូដសោយទិវង្គត ដើម្បីឱ្យសេចក្តីដែលព្រះអម្ចាស់មានព្រះបន្ទូលដោយសារព្យាការីបានសម្រេចជារូបរាងថា៖ «យើងបាន​ហៅបុត្រយើងចេញពីស្រុកអេស៊ីបមក»។
ព្រះបាទហេរ៉ូដយល់ថា ពួកហោរាចារ្យបានបំបាក់មុខស្តេច។ ដូច្នេះ ទ្រង់ព្រះពិរោធ ហើយចេញបញ្ជាឱ្យគេសម្លាប់ក្មេងប្រុសៗទាំងអស់ ដែលមានអាយុពីពីរខួបចុះមក នៅភូមិបេថ្លេហិម និងភូមិខាងជើង គឺគិតចាប់តាំងពីពេលកំណត់ដែលទ្រង់បានសួរបញ្ជាក់ពួកហោរាចារ្យ​។ ហេតុការណ៍នេះកើតមានឡើង ដើម្បីឱ្យសេចក្តីដែលព្រះជាម្ចាស់មានព្រះបន្ទូលដោយសារព្យាការីយេរេមី បានសម្រេចជារូបរាងថា​៖ ​«មានសំឡេងមួយលាន់ឮពីភូមិរ៉ាម៉ាមក ជាទំនួញសោកសៅ គឺនាងរ៉ាខែលយំសោកអាណិតកូននាង មិនព្រមឱ្យនរណាសម្រាលទុក្ខនាងឡើយ ព្រោះកូននាងបាត់បង់ជីវិតអស់ទៅហើយ»។

ពាក្យថ្វាយតង្វាយ

បពិត្រព្រះអម្ចាស់ដ៏មានតេជានុភាពសព្វប្រការ! នៅថ្ងៃនេះ យើងខ្ញុំនាំគ្នាគោរពទារកទាំងប៉ុន្មានដែលបានបូជាជីវិតនៅពេលព្រះយេស៊ូប្រសូត។ ទោះបីគេមិនដែលស្គាល់ព្រះយេស៊ូក៏ដោយ ក៏គេបានទទួលការសង្គ្រោះពីព្រះអង្គដែរ។ សូមទ្រង់ព្រះមេត្តាជម្រះចិត្តគំនិតយើងខ្ញុំ ក្នុងពេលថ្វាយអភិបូជានេះ។ សូមជួយយើងខ្ញុំឱ្យលះបង់ប្រយោជន៍ផ្ទាល់ខ្លួន ដើម្បីបម្រើព្រះអង្គដោយចិត្តស្មោះផង។

ពាក្យអរព្រះគុណ

បពិត្រព្រះអម្ចាស់ជាព្រះបិតា! នៅថ្ងៃនេះ យើងខ្ញុំនាំគ្នាគោរពទារកដែលព្រះបាទហេរ៉ូដបានសម្លាប់។ ទារកទាំងនោះពុំមានសមត្ថភាពប្រកាសជំនឿរបស់ខ្លួនបានទេ តែព្រះអង្គបានសង្គ្រោះពួកគេ ឱ្យរួមរស់នៅជាមួយព្រះអង្គដែរ។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំ ដែលបានទទួលព្រះកាយព្រះគ្រីស្តក្នុងអភិបូជានេះឱ្យសុខចិត្តរួមស្លាប់រួមរស់ជាមួយព្រះយេស៊ូ ដោយមានចិត្តក្លាហានប្រកាសជំនឿរបស់យើងផង!។