២៥ ឆ្នូ អភិបូជានៅពេលព្រឹក

Written on 24/10/2026
Boy KANN

បុណ្យលើកតម្កើងព្រះយេស៊ូប្រសូត
ពណ៌ស

អភិបូជានៅពេលព្រឹក

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរព្យាការីអេសាយ (អស ៦២,១១-១២)

ព្រះអម្ចាស់ប្រកាសប្រាប់មនុស្សម្នាដែលរស់នៅទីដាច់ស្រយាលនៃផែនដី ដូចតទៅនេះ៖«ចូរប្រាប់ប្រជាជននៅក្រុងស៊ីយ៉ូនថា មើលហ្ន៎៎! ព្រះសង្គ្រោះរបស់អ្នកទ្រង់យាងមកដល់ ទាំងនាំយកអស់អ្នកដែលព្រះអង្គបានលោះមកជាមួយផង!។ ពួកគេនាំគ្នាដើរនៅមុខព្រះអង្គ។ គេនឹងហៅអ្នកទាំងនោះថា”ប្រជារាស្ត្រដ៏វិសុទ្ធ” “ប្រជារាស្ត្រដែលព្រះអម្ចាស់បានលោះមកវិញ”។ រីឯអ្នកវិញ មនុស្សម្នានឹងហៅអ្នកថា “ទីក្រុងបណ្តូលចិត្ត” “ក្រុងដែលគេមិនបោះបង់ចោលទៀតឡើយ”។

ទំនុកតម្កើងលេខ ៩៧, ១.៦.១១-១២ បទពាក្យ ៧

១. ព្រះជាអម្ចាស់ទ្រង់គ្រងរាជ្យ ពេញដោយអំណាចដ៏យូរលង់
  ចូរឱ្យផែនដីរីករាយឡើង កោះទាំងឡាយផងអសប្បាយ ។
៦. ផ្ទៃមេឃក៏បានស្រែកប្រកាស ពីក្តីសប្បុរសល្អថ្កើងថ្កាន
  ឱ្យប្រជារាស្ត្រទាំងប៉ុន្មាន នៅគ្រប់ទីស្ថានបានដឹងយល់ ។
១១. មានទាំងពន្លឺបំភ្លឺមនុស្ស មានចិត្តសប្បុរសសុចរិតថ្លា
  ជនដែលទៀងត្រង់គ្រប់អាត្មា អរឥតឧបមាសប្បាយក្រៃ ។
១២. ឱ! ពួកអ្នកសុចរិតទាំងឡាយ ចូរអ្នករីករាយកុំគិតអ្វី
  ចំពោះកិច្ចការព្រះម្ចាស់ថ្លៃ ប្រព្រឹត្តរាល់ថ្ងៃកន្លងមក ។

អត្ថបទទី២៖ សូមថ្លែងលិខិតរបស់គ្រីស្តទូតប៉ូលផ្ញើជូនលោកទីតូស (ទត ៣,៤-៧)

នៅពេលដែលព្រះជាម្ចាស់ជាព្រះសង្គ្រោះនៃយើងខ្ញុំ បានសម្តែងព្រះហឫទ័យសប្បុរស និងព្រះហឫទ័យស្រឡាញ់ចំពោះមនុស្សលោក ព្រះអង្គបានសង្គ្រោះយើង តាមព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ គឺមិនមែនមកពីយើងបានប្រព្រឹត្តអំពើសុចរិតនោះទេ។ ព្រះអង្គសង្គ្រោះយើង ដោយលាងជម្រះយើងឱ្យបានកើតជាថ្មី និងប្រទានឱ្យយើងមានជីវិតថ្មី ដោយសារព្រះវិញ្ញាណដ៏វិសុទ្ធ។ ព្រះអង្គចាក់បង្ហូរព្រះវិញ្ញាណនេះមកលើយើងយ៉ាងបរិបូណ៌ ដោយសារព្រះហឫទ័យប្រណីសន្តោសរបស់ព្រះអង្គ និងឱ្យយើងបានទទួលជីវិតអស់កល្បជានិច្ច ទុកជាមត៌កតាមសេចក្តីសង្ឃឹមរបស់យើង។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម (លក ២,១៤)

អាលេលូយ៉ា! អាលេលូយ៉ា!
ខ្ញុំនាំដំណឹងល្អមួយប្រាប់អ្នករាល់គ្នា។ ដំណឹង​​​នេះនឹងធ្វើឱ្យប្រជារាស្ត្រទាំងមូលមានអំណរដ៏លើសលប់ គឺយប់នេះព្រះសង្គ្រោះ​របស់អ្នករាល់គ្នាបានប្រសូតហើយ ទ្រង់ជាព្រះគ្រីស្ត ជាព្រះអម្ចាស់។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា (លក ២,១៥-២០)

ពួកទេវទូតត្រឡប់ទៅស្ថានបរមសុខវិញអស់ទៅ ពួកគង្វាលបបួលគ្នាថា៖«ទៅ! យើងនាំគ្នាទៅបេថ្លេហិម មើលហេតុការណ៍ដែលកើតមាន ដូចព្រះអម្ចាស់បានសម្តែងឱ្យយើងដឹងនោះមើល៍»។ ពួកគេប្រញាប់ប្រញាល់នាំគ្នាធ្វើដំណើរទៅឃើញនាងម៉ារី លោកយ៉ូសែបព្រមទាំងព្រះឱរសផ្ទំក្នុងស្នូកសត្វ។ ពេលពួកគង្វាលឃើញព្រះឱរសហើយ គេក៏រៀងរាប់អំពីសេចក្តីដែលទេវទូតបានប្រាប់អំពីព្រះឱរសនេះ។ អស់អ្នកដែលបានឮ ពួកគង្វាលនិយាយនឹកឆ្ងល់យ៉ាងខ្លាំង។ រីឯនាងម៉ារីវិញ នាងចងចាំហេតុការណ៍ទាំងនេះទុកក្នុងចិត្ត ព្រមទាំងត្រិះរិះពិចារណាថែមទៀតផង។ បន្ទាប់មក ពួកគង្វាលត្រឡប់ទៅវិញ ទាំងច្រៀងលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ព្រោះហេតុការណ៍ទាំងអស់ដែលគេបានឃើញ បានឮ ស្របតាមសេចក្តីដែលទេវទូតបានប្រាប់គេឥតមានខ្វះត្រង់ណាឡើយ។