៣០ វិច្ឆិកា ២០២៥

Written on 18/11/2026
Boy KANN

ថ្ងៃអាទិត្យ រដូវអបអរសាទរ អាទិត្យទី១ ឆ្នាំ«ក»
ពណ៌ស្វាយ

បុណ្យគោរពសន្តអន់ដ្រេ ជាគ្រីស្តទូត

ថ្ងៃអាទិត្យទី១ក្នុងរដូវអបអរសាទរ

ថ្ងៃអាទិត្យទី១ ក្នុងរដូវនេះហាក់ដូចជាថ្ងៃដើមដំបូងប្រចាំឆ្នាំនៃគ្រីស្តសាសនាយើង ព្រោះយើងចាប់ផ្តើមរំឮកប្រវត្តិនៃការសង្គ្រោះរបស់មនុស្សលោកតាំងពីដើមរៀងមក។ ព្រះសហគមន៍ដាស់តឿនយើងជាគ្រីស្តបរិស័ទ ឱ្យប្រុងស្មារតីទទួលព្រះគ្រីស្តដែលយាងមកជា រៀងរាល់ថ្ងៃប្រចាំជីវិតយើងនាបច្ចុប្បន្ន​កាលនេះ។ យើងសង្ឃឹមថា ព្រះគ្រីស្តនឹងយាងមកសង្គ្រោះមនុស្សលោកជាស្ថានពរ ព្រះអង្គនឹងបំបាត់ សេចក្តីអាក្រក់គ្រប់យ៉ាង ព្រមទាំងផ្តល់សុភមង្គលដ៏ពេញលេញឱ្យមនុស្សទាំងអស់ផង។ យើងជាគ្រីស្តបរិស័ទ ត្រូវតែយកចិត្តទុកដាក់កសាងពិភពលោកថ្មីប្រកបដោយយុត្តិធម៌ និងភាតរភាព។ យើងថែរក្សាពិភពលោកដែលព្រះជាម្ចាស់បានប្រគល់ឱ្យ និងបម្រើព្រះអង្គ ដោយបម្រើបងប្អូន។ ឱ! ព្រះយេស៊ូជាអម្ចាស់! សូមយាងមក!

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរព្យាការីអេសាយ (អស ២,១-៥)

ព្យាការីអេសាយទទួលព្រះបន្ទូលពីព្រះអម្ចាស់ស្តីអំពីស្រុកយូដា និងក្រុងយេរូសាឡឹមដូចតទៅ៖«នៅពេលអនាគត ព្រះអម្ចាស់នឹងលើកភ្នំដែលមានព្រះវិហាររបស់ព្រះអង្គមកដាក់នៅលើភ្នំទាំងឡាយ ដើម្បីឱ្យភ្នំនេះបានខ្ពស់ជាងគេ។ ប្រជាជាតិទាំងប៉ុន្មាននឹងនាំគ្នាឡើងទៅ លើភ្នំនោះជាហូរហែ។ ប្រជាជនជាច្រើននឹងចេញដំណើរឡើងទៅលើភ្នំនោះទាំងពោលថា៖”ចូរនាំគ្នាមក! យើងឡើងលើភ្នំរបស់ព្រះអម្ចាស់! យើងឡើងទៅព្រះដំណាក់នៃព្រះរបស់លោកយ៉ាកុប។ ព្រះអង្គនឹងបង្ហាញមាគ៌ារបស់ព្រះអង្គ ហើយយើងនឹងនាំគ្នាដើរតាមមាគ៌ានោះ។ មែន! ធម្មវិន័យចេញមកពីភ្នំស៊ីយ៉ូន ហើយព្រះបន្ទូលរបស់ព្រះអម្ចាស់ក៏ចេញពីក្រុងយេរ៉ូសាឡឹមដែរ”។ ព្រះអង្គនឹងវិនិច្ឆ័យរឿងជម្លោះរវាងប្រជាជាតិនានា ព្រះអង្គនឹងសម្រុះសម្រួលប្រជាជនជាច្រើនឱ្យឈប់ទាស់ទែងគ្នា។ ពេលនោះ ពួកគេនឹងយកដាវរបស់ខ្លួនមកដំធ្វើជាផាលនង្គ័ល ហើយយកលំពែងរំលាយធ្វើជាកណ្តៀវវិញ។ ប្រជាជាតិមួយឈប់ច្បាំងនឹងប្រជាជាតិមួយទៀតហើយ គេក៏លែងហ្វឹកហាត់ធ្វើសឹកសង្គ្រាមទៀតដែរ។ កូនចៅលោកយ៉ាកុបអើយ! ចូរនាំគ្នាមក! យើងដើរក្រោមពន្លឺរបស់ព្រះជាម្ចាស់»។

ទំនុកតម្កើងលេខ ១២២ (១២១), ១-៤.៦-៩ បទកាកគតិ

១ គេប្រាប់ខ្ញុំថា យើងនាំគ្នីគ្នា ទៅព្រះដំណាក់
  ទីដែលព្រះជា អម្ចាស់គង់ស្នាក់ ល្អឥតមានអាក់
    ខ្ញុំសប្បាយក្រៃ ។
២ យេរូសាឡឹម ភក្រ្ដអ្នកប៉ប្រិម ឥតមានទើសទាស់
  យើងនាំគ្នាឈាន ជើងចូលដល់ដី ដល់ទ្វារបុរី
    នៃអ្នកហើយណា ។
៣ យេរូសាឡឹម ជាក្រុងមួយធំ សែនស្រស់សងា្ហ
  ដែលសង់ឡើងបាន រឹងមាំអស្ចារ្យ កំពែងពាំងការ
    ល្អព័ទ្ធជុំជិត ។
៤ គ្រប់កុលសម្ព័ន្ធ នានារួសរាន់ នាំគ្នាមកស្ថិត
  ច្រៀងលើកតម្កើង ព្រះម្ចាស់មានឫទ្ធិ តាមច្បាប់នៃជាតិ
    ជនអ៊ីស្រាអែល ។
៦ សូមព្រះអម្ចាស់ ប្រណីសន្ដោស សន្ដិភាពបវរ
  ដល់ក្រុងសាឡឹម ឱ្យអ្នកស្មោះសរ ស្រឡាញ់ក្រុងល្អ
    រស់នៅសុខសាន្ដ ។
៧ ឱ្យអ្នករស់ក្នុង កំពែងទីក្រុង បានសុខក្សេមក្សាន្ដ
  សូមឱ្យវិមាន ក្នុងក្រុងប៉ុន្មាន ជួបតែសុខសាន្ដ
    ឥតមានទុក្ខភ័យ ។
៨ យល់ដល់សន្តាន ញាតិមិត្តជុំផាន បងប្អូនប្រុសស្រី
  ខ្ញុំពោលឡើងថា សូមឱ្យសេរី បវរសួស្តី
    ដល់ក្រុងថ្កុំថ្កើង  
៩ យល់ដល់ដំណាក់ ល្អស្រស់វរលក្ខណ៍ ជាព្រះនៃយើង​
  សូមឱ្យអ្នកបាន សិរីរុងរឿង ខ្ពង់ខ្ពស់ថ្កុំថ្កើង
    សុភមង្គល ។

អត្ថបទទី២៖ សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងរ៉ូម (រម ១៣,១១-១៤ក)

បងប្អូនជាទីស្រឡាញ់!
បងប្អូនជ្រាបហើយថា យើងកំពុងតែរស់នៅក្នុងគ្រាណា គឺដល់ពេលយើងត្រូវក្រោកពីដេក ដ្បិតឥឡូវនេះ ការសង្គ្រោះខិតមកជិតយើង ជាងកាលយើងទើបនឹងជឿ។ យប់ជិតផុតហើយ ហើយថ្ងៃក៏ជិតដល់ដែរ។ ដូច្នេះ យើងត្រូវលះបង់អំពើនៃសេចក្តីងងឹតចោលទៅ ហើយប្រដាប់ខ្លួនដោយគ្រឿងសាស្ត្រាវុធនៃពន្លឺវិញ។ ត្រូវរស់នៅឱ្យបានត្រឹមត្រូវដូចរស់នៅក្នុងពេលថ្ងៃ គឺមិនស៊ីផឹកស្រវឹង មិនប្រព្រឹត្តកាមតណ្ហាក្រៅតម្រា មិនប្រាសចាកសីលធម៌ មិនឈ្លោះប្រកែក និងច្រណែនឈ្នានីសគ្នា។ ផ្ទុយទៅវិញ ត្រូវប្រដាប់ខ្លួនដោយព្រះអម្ចាស់យេស៊ូគ្រីស្ត។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស ( មក ទន ៨៥,៨)

អាលេលូយ៉ា! អាលេលូយ៉ា!
ឱ!ព្រះអម្ចាស់អើយ! សូមសម្តែងព្រះហឫទ័យមេត្តាករុណាចំពោះយើងខ្ញុំ! សូមយាងមកសង្គ្រោះយើងខ្ញុំផង!។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ (មថ ២៤,៣៧-៤៤)

ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ក្រុមសាវ័កអំពីដំណើរនិវត្តន៍របស់ព្រះអង្គដូចទៅ៖«នៅគ្រាបុត្រមនុស្សមកដល់ ក៏ដូចកាលនៅសម័យលោកណូអេដែរ គឺមុនពេលទឹកជំនន់ធំ មនុស្សម្នាតែងតែនាំគ្នាស៊ីផឹករៀបការប្តីប្រពន្ធ រហូតដល់ថ្ងៃដែលលោកណូអេចូលក្នុងសំពៅធំ។ គេមិនបានចាប់អារម្មណ៍អ្វីសោះ ទាល់តែជំនន់បំផ្លាញគេអស់។ នៅគ្រាដែលបុត្រមនុស្សមកដល់ក៏កើតមានដូច្នោះដែរ។ បើមានមនុស្សពីរនាក់ធ្វើការក្នុងចម្ការជាមួយគ្នា ព្រះជាម្ចាស់នឹងយកម្នាក់ទៅ ទុកម្នាក់ទៀតឱ្យនៅ។ បើមានស្រ្តីពីរនាក់កិនស្រូវជាមួយគ្នា ព្រះអម្ចាស់នឹងយកម្នាក់ទៅ ទុកម្នាក់ទៀតឱ្យនៅ។ ដូច្នេះ ចូរប្រុងស្មារតីឱ្យមែនទែន ដ្បិតអ្នករាល់គ្នាពុំដឹងថា ព្រះអម្ចាស់របស់អ្នករាល់គ្នានឹងមក ដល់នៅពេលណាឡើយ។ អ្នករាល់គ្នាដឹងហើយថា បើម្ចាស់ផ្ទះដឹងចោរចូលមកប្លន់ថ្មើរណា គាត់មុខជាប្រុងស្មារតីពុំខាន មិនបណ្តោយ​ឱ្យចោរចូលមកប្លន់ផ្ទះគាត់បានឡើយ។ ដូច្នេះ អ្នករាល់គ្នាត្រូវត្រៀមខ្លួនជានិច្ច ដ្បិតបុត្រមនុស្សនឹងមកដល់នៅវេលាដែលអ្នករាល់គ្នាពុំបានគិត»។